
Sign up to save your podcasts
Or


ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍តវ៉ាមួយទៅកាន់ភាគីថៃ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ចំពោះសកម្មភាពរបស់យោធាថៃ ដែលបានឈ្លានពានកាន់កាប់ទឹកដីកម្ពុជាចំនួន១៤ទីតាំង និងតំបន់ ក្រោយការអនុវត្តបទឈប់បាញ់ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥។ តាមក្រសួងការបរទេសកម្ពុជា ទីតាំងចំនួន១៤ ដែលយោធាថៃកំពុងឈរជើងនេះ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តពោធិ៍សាត់ និងព្រះវិហារ។ តើកម្ពុជាត្រូវប្រើយន្តការអ្វីខ្លះដើម្បីទាមទារមកវិញនូវទីតាំងដែលថៃឈ្លានពានយកទៅកាន់កាប់?
កម្ពុជាបានដាក់ញត្តិតវ៉ាជាបន្ទាន់ទៅភាគីថៃ នៅចំពោះមុខនៃសកម្មភាពរបស់កងទ័ពថៃដែលដាក់ទូកុងទឺន័រ និងរាយបន្លាលួសព័ទ្ធហួសចូលមកបន្ទាត់ព្រំដែនរបស់កម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា។ នៅចំពោះមុខបញ្ហានេះ អ្នកតាមដាននយោបាយស្រុកខ្មែរ មើលឃើញថា កម្ពុជាត្រូវប្រើប្រាស់យន្តការការទូតឲ្យក្លៀវក្លាជាងមុន ដើម្បីឲ្យអន្តរជាតិជួយដឹងឮថា ភាគីថៃកំពុងបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ និងបានរំលោភលើដែនអធិបតេយ្យកម្ពុជាយ៉ាងធ្ងន់ធ្ងរ។
សង្គ្រាមដែលថៃឈ្លានពានមកលើប្រទេសកម្ពុជាជាលើកទី២ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ បានបណ្តាលឲ្យជនស៊ីវិលជាង៣០នាក់ស្លាប់ និងរបួសជិត១០០នាក់។ នេះមិនទាន់គិតដល់ការខូចខាតព្រទ្យសម្បត្តិ ប្រាសាទបុរាណ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផងទេ។ ការដែលយោធាថៃប្រើយន្តហោះចម្បាំង និងទម្លាក់គ្រាប់បែកមកលើទីតាំងជនស៊ីវិលរបស់កម្ពុជាក្នុងសង្គ្រាម២១ថ្ងៃ ក្នុងខែធ្នូឆ្នាំ២០២៥ ត្រូវបានគេមើលឃើញថា មានទម្រង់ប្រហាក់ប្រហែលគ្នានឹងសង្គ្រាម ដែលរុស្ស៊ីបើកការឈ្លានពានទៅលើអ៊ុយក្រែន និងមានទម្រង់ប្រហាក់ប្រហែលគ្នានឹងសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលនៅឆ្នាំ១៩៩០ ប្រទេសអ៊ីរ៉ាក់បើកការឈ្លានពានប្រទេសកូវ៉ែត។ ក្រោយសង្គ្រាមចប់ កូវ៉ែតទទួលបានសំណងជាង ៥២ពាន់លានដុល្លារពីអ៊ីរ៉ាក់។ តើកម្ពុជាអាចមានលទ្ធភាពឈ្នះក្តីដែរទេ ប្រសិនបើកម្ពុជាប្តឹងថៃឲ្យសងការខូចខាត?
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពកម្ពុជា១៨រូប ត្រូវបានថៃដោះលែង និងបញ្ជូនមកមាតុប្រទេសវិញ បន្ទាប់ពីយោធាថៃចាប់ឃុំខ្លួនដោយខុសច្បាប់ អស់រយៈពេល ១៥៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥មក។ អ្នកតាមដានសង្គមស្វាគមន៍ចំពោះការដោះលែងទាហានខ្មែរមកវិញ និងថា នេះជាការផ្តល់យុត្តិធម៌ពិតប្រាកដមួយ។ តែអ្នកតាមដានសង្គមក៏បានទាញភ្ជាប់ករណីយោធាថៃដោះលែងទាហានខ្មែរនាពេលនេះ ទៅនឹងស្ថានភាពផ្ទៃក្នុងកម្ពុជា ដោយស្នើឱ្យរដ្ឋាភិបាលកម្ពុជាគិតគូរ ផ្តល់ភាពយុត្តិធម៌ តាមរយៈការដោះលែងអ្នកទោសនយោបាយ សកម្មជនការពារបរិស្ថាន និងសកម្មជនការពារសិទ្ធិមនុស្ស ឱ្យមានសេរីភាពឡើងវិញ ដើម្បីព្រួតដៃគ្នាអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន៕
ក្រោយពីមានការអនុវត្តបទឈប់បាញ់ឡើងវិញរវាងកម្ពុជា-ថៃ ចាប់តាំងពីថ្ងៃទី២៧ខែធ្នូមក ភាគីកម្ពុជាបានស្នើទៅភាគីថៃ ឲ្យមានកិច្ចប្រជុំបន្ទាន់របស់គណៈកម្មាការចម្រុះខណ្ឌសីមាព្រំដែនគោករវាងកម្ពុជា-ថៃ (JBC) នៅក្នុងសប្តាហ៍ទី១ខែមករាឆ្នាំ២០២៦ក្នុងខេត្តសៀមរាប។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី២៩ធ្នូ ដោយបញ្ជាក់ថា កិច្ចប្រជុំពិសេសJBC គឺដើម្បីពិភាក្សានិងបន្តការងារវាស់វែងនិងខណ្ឌសីមាព្រំដែនគោកប្រទេសទាំងពីរ។ ក៏ប៉ុន្តែសំណើរបស់កម្ពុជា ត្រូវបានថៃបដិសេធ តាមរយៈលោក ស៊ីហាស័ក្តិ ភួងកេតកែវ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ នៅថ្ងៃទី៣០ខែធ្នូ។ លោកបានបញ្ជាក់ថា កិច្ចប្រជុំJBCមិនអាចធ្វើឡើងដោយតក់ក្រហល់ឡើយ។ នៅក្រោយថៃបដិសេធ តើកម្ពុជាអាចរកមធ្យោបាយ ដើម្បីជំរុញឲ្យមានកិច្ចប្រជុំ JBC ដែរឬទេ?
កិច្ចប្រជុំត្រីភាគី កម្ពុជា ថៃ និងចិន បានចាប់ផ្តើមនៅព្រឹកថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២៥នេះ នៅខេត្តយូណាន ប្រទេសចិន។ កម្មវត្ថុនៃកិច្ចប្រជុំនេះ គឺមានគោលបំណងសម្របសម្រួលការផ្លាស់ប្តូរយោបល់ប្រកបដោយការស្ថាបនា និងភាពស្មោះត្រង់ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ ដើម្បីពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក ជំរុញការកាត់បន្ថយភាពតានតឹង ក៏ដូចជាស្ដារឡើងវិញនូវសន្តិភាព សន្តិសុខ និងស្ថិរភាព នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ អ្នកជំនាញកិច្ចការអន្តរជាតិយល់ឃើញថា ចិនជាមហាអំណាចមួយក្នុងតំបន់ដែលអាចដើរតួនាទីជាអាជ្ញាកណ្តាល ក្នុងការបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ។ តាមអ្នកជំនាញ វត្តមានរបស់ចិននាពេលនេះក៏អាចជាការបង្កើនជំនឿទុកចិត្តគ្នាបន្ថែមទៀតសម្រាប់ភាគីជម្លោះទាំងពីរ។ តើកិច្ចប្រជុំដែលរៀបចំនៅប្រទេសចិននេះមានអត្ថន័យយ៉ាងដូចម្តេចសម្រាប់ភាគីជម្លោះកម្ពុជា-ថៃ?
ប្រមុខការពារជាតិនៃប្រទេសកម្ពុជា និងថៃ បានចេញសេចក្តីប្រកាសរួម នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលមាន១៦ចំណុច បន្ទាប់ពីយោធាថៃបានបើកការវាយប្រយុទ្ធជាមួយកម្ពុជាអស់រយៈពេល២០ថ្ងៃ។ ការព្រមព្រៀងលើបទឈប់បាញ់ គឺជាចំណុចទី១ ក្នុងចំណោមចំណុចផ្សេងទៀត ដែលភាគីទាំងពីរ បានប្រកាសរួមគ្នា នៅព្រំដែន ខេត្តប៉ៃលិនរបស់កម្ពុជា និងខេត្តចាន់ថាបុរីរបស់ថៃ។ ក្រុមអ្នកជំនាញថា បទឈប់បាញ់លើកទី២ កម្ពុជា ថៃមិនបានធ្វើឲ្យអ្នកណាមានប្រៀបជាងអ្នកណា។
កម្ពុជា-ថៃ បានចាប់ដៃគ្នាឯកភាពអនុវត្តបទឈប់បាញ់ឡើងវិញ ដែលចូលជាធរមានពីម៉ោង១២ថ្ងៃត្រង់ថ្ងៃសៅរ៍ទី២៧ខែធ្នូឆ្នាំ២០២៥។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃ នៅព្រឹកថ្ងៃសៅរ៍នេះ។ អ្នកជំនាញផ្នែកកិច្ចការអន្តរជាតិ នៅតែបារម្ភថា បទឈប់បាញ់ឡើងវិញនេះ មានភាពផុយស្រួយនៅឡើយ ព្រោះថា ភាគីថៃតែងតែរកលេសបង្កភាពតានតឹងជាមួយកម្ពុជាម្តងហើយម្តងទៀត។
នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ឥណ្ឌាបានថ្កោលទោសប្រទេសថៃ ដែលបានវាយកម្ទេចរូបសំណាកព្រះពិស្ណុនៅច្រកអានសេះ ក្នុងខេត្តព្រះវិហារ។ ព្រះពិស្ណុត្រូវបានគេស្គាល់ ជាតំណាងឲ្យសាសនាហិណ្ឌូរបស់ប្រទេសឥណ្ឌា។ ការកម្ទេចទេវរូបពិស្ណុ ដោយទាហានថៃ បានបង្កឲ្យមានប្រតិកម្មជាបន្តបន្ទាប់ពីសំណាក់រដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលភាគច្រើនជាអ្នកកាន់សាសនាហិណ្ឌូ។ តើការកម្ទេចរូបព្រះពិស្ណុក្នុងទឹកដីខ្មែរអាចបង្កសង្គ្រាមសាសនារវាងថៃ និងឥណ្ឌាដែរឬទេ?
កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជាបានផ្ញើលិខិតផ្លូវការមួយជូនទៅក្រសួងការពារជាតិថៃ ដើម្បីបញ្ជាក់អំពីសំណើរបស់កម្ពុជា ក្នុងការជជែកក្រោមយន្តការគណៈកម្មាធិការព្រំដែនទូទៅ(GBC)។ លិខិតផ្លូវការរបស់កម្ពុជានេះ ពុំត្រូវបានផ្សព្វផ្សាយជាសាធារណៈឡើយ ដោយទើបបង្ហោះចែកចាយជាសាធារណៈកាលពីថ្ងៃទី២៤ ខែធ្នូ តាមរយៈប្រព័ន្ធផ្សព្វផ្សាយប្រទេសថៃ។ សារព័ត៌មានថៃបានរាយការណ៍ដោយយោងលើលិខិតរបស់ក្រសួងការពារជាតិកម្ពុជាថា កម្ពុជាបានស្នើសុំជាផ្លូវការឱ្យមានការចរចាបទឈប់បាញ់។ ភ្លាមៗប្រមុខការពារជាតិកម្ពុជាបានបង្ហាញការខកចិត្ត និងចាត់ទុកការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ គឺមានចេតនាបង្កការភាន់ច្រឡំអំពីជំហររបស់កម្ពុជា។ តើលិខិតផ្លូវការរបស់ក្រសួងការពារជាតិកម្ពុជាដែលផ្ញើទៅកាន់ភាគីថៃបានឆ្លុះបញ្ចាំងពីជំហរពិតរបស់កម្ពុជាបែបណា?
From the publisher's feed

14 Listeners

1,098 Listeners

108 Listeners

3 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

13 Listeners

0 Listeners

14 Listeners

0 Listeners

5 Listeners