
Sign up to save your podcasts
Or


ប្រទេសកម្ពុជាបានសម្រេចចូលជាសមាជិក «ក្រុមប្រឹក្សាសន្តិភាព» ដែលផ្តួចផ្តើមឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។ ដំណាលគ្នានេះ កម្ពុជាក៏ទទួលរ៉ាក់ទាក់នូវដំណើរទស្សនកិច្ចរបស់កងនាវាអាមេរិកប្រចាំឥណ្ឌូប៉ាស៊ីហ្វិក ឲ្យចូលចតនៅកំពង់ផែរាម ដែលជាមូលដ្ឋានកងទ័ពជើងទឹកដ៏ចម្រូងចម្រាសរវាងចិន និងអាមេរិក។ ក្នុងដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃនៅកម្ពុជា មេទ័ពជើងទឹកអាមេរិក ក៏បានជួបជាមួយថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា និងបានរម្លឹកពីសមយុទ្ធ «ឆ្មាំអង្គរ» រួមគ្នាឡើងវិញនៅពេលខាងមុខ។ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រ និងភូមិសាស្ត្រនយោបាយ បានមើលឃើញថាទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកនាដំណាក់កាលចុងក្រោយនេះ គឺជាការព្យាយាមរបស់កម្ពុជាក្នុងការរក្សានូវតុល្យភាពឥទ្ធិពលរវាងមហាអំណាចទាំងពីរ គឺសហរដ្ឋអាមេរិក និងចិន នៅក្នុងប្រទេសកម្ពុជា ច្រើនជាងហេតុផលផ្សេង៕
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង លោក លុយ ដាវីត បានឲ្យដឹងថា បារាំងបានត្រៀមខ្លួនផ្ដល់ឯកសារចាំបាច់នានា ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ នៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៦។ អ្នកជំនាញកិច្ចការអន្តរជាតិនានាចាត់ទុកការត្រៀមផ្តល់ឯកសារដោយភាគីបារាំងពេលនេះថា ជារបត់យុទ្ធសាស្ត្រសំខាន់មួយសម្រាប់កម្ពុជា ក្នុងដំណើរការស្វែងរកយុត្តិធម៌ជាមួយប្រទេសថៃនៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។ ខណៈដែលថៃត្រៀមបោះឆ្នោតនៅដើមខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមអ្នកជំនាញក៏បានលើកឡើងដែរថា ភាពស្មុគស្មាញនៅពេលនេះ គឺមិនមែនបញ្ហាឯកសារ និងផែនទីដែលទទួលស្គាល់ជាអន្តរជាតិទេ។ តែវាជាភាពស្មោះត្រង់ និងការប្តេជ្ញាចិត្តរបស់ភាគីថៃក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ តើកម្ពុជាគួរពន្លឿនដំណោះស្រាយ ឬរង់ចាំថៃបោះឆ្នោតហើយ?
ក្នុងស្ថានភាពដែលសណ្តាប់ធ្នាប់ពិភពលោកមានភាពផុយស្រួយ អ្នកជំនាញមួយចំនួនលើកឡើងថា កម្ពុជាត្រូវមានការប្រុងប្រយ័ត្នផ្នែកការទូត ហើយគួរតែបង្កើនល្បឿនពង្រឹងសមត្ថភាពខ្លួនឯងទាំងវិស័យសេដ្ឋកិច្ច និងយោធា តាមរយៈការធ្វើកំណែទម្រង់រដ្ឋឲ្យស៊ីជម្រៅ ជាជាងបន្តធ្វើខ្លួនកម្សត់ឲ្យគេអាណិតអាសូរ។ ការលើកឡើងបែបនេះ នៅគ្រាដែលកម្ពុជាបានរងការវាយប្រហារដោយយោធាជាបន្តបន្ទាប់ពីភាគីថៃ។ ដើម្បីឲ្យកម្ពុជាអាចខ្លាំងទៅបាន តើការធ្វើកំណែទម្រង់គួរត្រូវចាប់ផ្តើមពីចំណុចណាមុនគេ?
នាវាចម្បាំងអាមេរិក USS CINCINNATI (LCS 20) បានចូលសំចតនៅមូលដ្ឋានកងទ័ពជើងទឹករាម ក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៨មករា។ ការចូលសំចតនេះ ជាការបំពេញទស្សនកិច្ច ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធាររវាងកម្ពុជានិងអាមេរិក។ បញ្ជាការដ្ឋានកងទ័ពជើងទឹកកម្ពុជា បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់នាវាចម្បាំងអាមេរិកលើកនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តគោលនយោបាយបើកចំហ តម្លាភាព និងជំរុញសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ដើម្បីរួមចំណែកថែរក្សាសន្តិភាព និងស្ថិរភាពតំបន់។ តើការចូលសំចតរបស់នាវាចម្បាំងអាមេរិកនៅមូលដ្ឋានកងទ័ពជើងទឹករាម ឆ្លុះបញ្ចាំងយ៉ាងដូចម្តេចក្នុងទំនាក់ទំនងកម្ពុជា-អាមេរិក?
អនុក្រឹត្យរបស់រដ្ឋាភិបាលស្តីពីការអនុវត្តច្បាប់សញ្ជាតិ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានចែងថា ជនបរទេសណាដែលបានធ្វើអំណោយជាសាច់ប្រាក់ ១២ពាន់លានរៀល ឬស្មើប្រមាណ ៣លានដុល្លារអាមេរិកឡើងទៅអាចស្នើសុំសញ្ជាតិខ្មែរបាន។ ចំណែកជនបរទេសណាដែលបានដាក់ទុនវិនិយោគនៅកម្ពុជាក្នុងតម្លៃ ៤ពាន់លានរៀល ឬប្រមាណ ១លានដុល្លារអាមេរិកក៏អាចស្នើសុំសញ្ជាតិខ្មែរបានដែរ។ អ្នកវិភាគ និងអ្នកតាមដានសង្គមមើលឃើញថា ការបើកឱកាសឲ្យជនបរទេសបែបនេះអាចជួយទាក់ទាញអ្នកវិនិយោគមកកម្ពុជា។ តែពួកគេក៏បារម្ភពីហានិភ័យ ប្រសិនបើជនបរទេសដែលទទួលបានសញ្ជាតិខ្មែរហើយបែរជាទៅរកស៊ីបោកប្រាស់ ឬប្រព្រឹត្តបទល្មើសទៅវិញ៕
នៅថ្ងៃទី១៦ ខែមករា រដ្ឋបាលអាមេរិកបានផ្ញើលិខិតអញ្ចើញកម្ពុជាឱ្យចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពដែលផ្តួចផ្តើមឡើងដោយលោកប្រធានាធិបតី ដូណាល់ ត្រា។ លោកត្រាំបានបញ្ជាក់នៅក្នុងលិខិតនោះថា ក្រុមប្រឹក្សាសន្តិភាពបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សន្តិភាពយូរអង្វែងនៅមជ្ឈិមបូព៌ា និងដោះស្រាយជម្លោះនៅកម្រិតពិភពលោក។ អ្នកវិភាគភូមិសាស្ត្រនយោបាយ និងកិច្ចការបរទេសខ្លះចង់ឃើញកម្ពុជារូតរះទទួលយកការអញ្ជើញរបស់លោកត្រាំ និងខ្លះទៀតផ្តល់យោបល់ឱ្យរដ្ឋាភិបាលកម្ពុជាពិនិត្យឱ្យបានល្អិតល្អន់ មុននឹងសម្រេចចិត្ត។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីគម្រោងបង្កើត «ក្រុមប្រឹក្សាសន្តិភាព» ដើម្បីដើរតួនាទីជាអ្នកដោះស្រាយបញ្ចប់សង្រ្គាមនៅលើពិភពលោក។ ប្រទេសណាដែលចង់ចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាពនេះត្រូវបង់ប្រាក់វិភាគទាន ១ពាន់លានដុល្លារ។ ថៃជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសផ្សេងទៀតដែលត្រូវបានលោកត្រាំអញ្ជើញឲ្យចូលរួម ខណៈដែលថៃកំពុងមានជម្លោះព្រំដែនជាមួយកម្ពុជា។ តើក្រុមប្រឹក្សាសន្តិភាពរបស់លោកត្រាំអាចមានឥទ្ធិពលអ្វីខ្លះនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ប្រសិនបើថៃចូលជាសមាជិកក្រុមប្រឹក្សាមួយនេះ?
បន្ទាប់ពីមានការចាប់ខ្លួនមេខ្លោងធំក្នុងឧក្រិដ្ឋកម្មអនឡាញ ចេន ហ្ស៊ី និងការរត់ចេញរបស់ជនបរទេសជាច្រើនពីប្រទេសកម្ពុជា ពលរដ្ឋខ្មែរមួយចំនួនដែលទទួលបានចំណូលពីការងារអនឡាញមួយនេះបានត្អូញត្អែរពីការបាត់បង់ប្រភពចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាព ពិសេសការសងបំណុលធនាគារ។ យុវជនខ្មែរមួយចំនួនបានបញ្ឈប់ការសិក្សានៅពាក់កណ្តាលទី និងចូលធ្វើការងារអនឡាញដោយទទួលបានប្រាក់ខែខ្ពស់។ អ្នកតាមដានសង្គមកម្ពុជាមើលឃើញថា ទោះជាការងារអនឡាញមួយនេះទទួលចំណូលច្រើន តែអ្នកទាំងនោះកំពុងរួមចំណែកប្រព្រឹត្តបទល្មើសឆបោកអនឡាញពីអ្នកដទៃទៀត។ តើរដ្ឋាភិបាលគួរដោះស្រាយយ៉ាងណាចំពោះពលរដ្ឋខ្មែរដែលធ្លាប់ធ្វើការក្នុងឧក្រិដ្ឋកម្មអនឡាញ?
ប៉ុន្មានថ្ងៃចុងក្រោយនេះ មានជនបរទេសជាច្រើន ដែលភាគច្រើនជាជនជាតិចិនបាននាំគ្នារត់ប្រសេចប្រសាចនៅតាមដងផ្លូវនានាក្នុងខេត្តមួយចំនួននៃប្រទេសកម្ពុជា ដូចជាខេត្តព្រះសីហុន ខេត្តកំពត និងខេត្តស្វាយរៀងជាដើម។ ការចាកចេញរបស់ជនបរទេសទាំងនោះកើតឡើង ក្រោយពីមានការចាប់ខ្លួន អតីតឧកញ៉ាខ្មែរដើមកំណើតចិន ចេន ហ្ស៊ី និងអតីតឧកញ៉ា លី គួង។ មេខ្លោងទាំងពីរនាក់នេះត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មឆបោកអនឡាញដែលមានមូលដ្ឋាននៅកម្ពុជា។ អ្នកតាមដានសង្គមចាត់ទុកការចាកចេញរបស់ជនបរទេសពីកន្លែងដែលពួកគេធ្វើការថាជាជោគជ័យមួយនៃការបង្ក្រាបបទល្មើសអនឡាញរបស់រដ្ឋាភិបាលកម្ពុជា។ តែទន្ទឹមគ្នានេះ ពួកគេក៏បារម្ភខ្លាចជនឆបោកទាំងអស់នោះនឹងបន្តសកម្មភាពឡើងវិញដោយស្ងាត់ស្ងៀម៕
នៅថ្ងៃសុក្រ ទី១៦ ខែមករា រដ្ឋសភាកម្ពុជាបានអនុម័តសេចក្ដីព្រាងច្បាប់ស្តីពីអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ ឆ្នាំ១៩៨២ ឬ UNCLOS។ បើតាមរដ្ឋសភា សេចក្តីព្រាងច្បាប់នេះនឹងហុចប្រយោជន៍ដល់កម្ពុជាក្នុងការការពារដែនសមុទ្ររបស់ខ្លួននៅលើឆាកអន្តរជាតិ។ ភាគីក្រៅរដ្ឋាភិបាលកម្ពុជាបានបង្ហាញជំហរគាំទ្រទាំងស្រុងលើការអនុម័តសេចក្តីព្រាងច្បាប់មួយនេះដោយពួកគេយល់ឃើញថា ច្បាប់មួយនេះនឹងជួយដោះស្រាយវិវាទព្រំដែនសមុទ្ររបស់កម្ពុជាជាមួយប្រទេសជិតខាង។
From the publisher's feed

14 Listeners

1,098 Listeners

108 Listeners

3 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

13 Listeners

0 Listeners

14 Listeners

0 Listeners

5 Listeners