
Sign up to save your podcasts
Or


នៅក្នុងប្រទេសថៃ គណបក្សភូមិចៃថៃ របស់នាយករដ្ឋមន្រ្តីចាំផ្ទះលោក អនុទីន ឆានវីរៈគូន បានប្រកាសពីជ័យជំនះនៅក្នុងការបោះឆ្នោតសភានានៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦។ តាមលទ្ធផលបឋម គណបក្សភូមិចៃថៃ ទទួលបានសំឡេងឆ្នោត ជិត២០០ អាសនៈ។ អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិមួយចំនួនយល់ថា បញ្ហាជាតិនិយម និងតម្រូវការសន្តិសុខជាតិជាប្រធានបទចម្បង ដែលប្រជាជនថៃបានបោះឆ្នោតឲ្យគណបក្សភូមិចៃថៃរបស់លោកអនុទីន។ តែគេអាចនិយាយបានថាសម្រាប់កម្ពុជា ការឈ្នះឆ្នោតរបស់លោក អនុទីនមិនមែនជាសញ្ញាល្អប៉ុន្មានទេ ពិសេសនៅក្នុងបរិបទនៃជម្លោះព្រំដែនសព្វថ្ងៃ។ ដូច្នេះ តើកម្ពុជាគួរត្រៀមខ្លួនធ្វើអ្វីខ្លះជាមួយរដ្ឋាភិបាលថៃថ្មី?។
អភិបាលរងខណ្ឌជ្រោយចង្វារម្នាក់ បានអះអាងថា បន្ទាប់ពីគាត់ដើរគ្រប់ផ្សារក្នុងរាជធានីភ្នំពេញ គាត់ហួសចិត្តដែលឃើញប្រជាជនខ្មែរមួយចំនួន នៅតែស្វែងរកទិញផលិតផលថៃមកប្រើប្រាស់ ខណៈដែលថៃនៅបន្តឈ្លានពានទឹកដីកម្ពុជាឥតឈប់ឈរ។ ចំពោះមន្ត្រីរូបនេះ ប្រសិនបើពលរដ្ឋខ្មែរស្រុះគ្នាធ្វើពហិការផលិតផលថៃ នោះសេដ្ឋកិច្ចថៃនឹងត្រូវចុះខ្សោយខ្លះ ហើយយោធាថៃក៏មិនមើលងាយខ្មែរពេកដែរ។ តែសំណួរដែលចោទឡើងនាពេលនេះគឺថា ហេតុអ្វីបានជាពលរដ្ឋខ្មែរខ្លះនៅតែត្រូវការផលិតផលថៃ?
ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មិនអាចយាងស្វាគមន៍ទទួលលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមដែលមកបំពេញទស្សនកិច្ច ផ្លូវរដ្ឋនៅកម្ពុជា នៅថ្ងៃទី៦ កុម្ភៈ។ ក្រសួងព្រះបរមរាជវាំងបានបញ្ជាក់ថា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ប្រឈួន និងផ្តល់ព្រះរាជានុសិទ្ធទៅឲ្យលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាអ្នកទទួលស្វាគមន៍លោក តូ ឡឹម ជំនួសវិញ នៅក្នុងព្រះបរមរាជវាំង។ រូបភាពនៃជំនួបរបស់លោក ហ៊ុន សែន និងលោក តូ ឡឹម ក្នុងព្រះបរមរាជវាំង បានបណ្តាលឲ្យមានការជជែកវែកញែកនៅក្នុងបណ្តាញសង្គម។ ហេតុអ្វីការទទួលស្វាគមន៍មេដឹកនាំវៀតណាមនៅក្នុងព្រះបរមរាជវាំង ដោយលោក ហ៊ុន សែន ជំនួសព្រះមហាក្សត្រ នាំឱ្យមានការវែកញែក?
នៅថ្ងៃទី៦ និងទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ មេដឹកនាំគណបក្សកាន់អំណាចនៃប្រទេសកម្ពុជា ឡាវ និងវៀតណាមបើកកិច្ចប្រជុំកំពូលនៅវិមាន ៧មករា ក្នុងរាជធានីភ្នំពេញ។ កិច្ចប្រជុំកំពូលនេះមានកម្មវត្ថុគោលដៅបន្តលើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រគ្នាសំដៅដោះស្រាយបញ្ហានានានៅក្នុងក្របខណ្ឌបក្ស និងក្របខណ្ឌរដ្ឋាភិបាល។ អ្នកតាមដានភូមិសាស្ត្រនយោបាយ និងអ្នកជំនាញកិច្ចការអន្តរជាតិខ្លះមើលឃើញថា កិច្ចប្រជុំកំពូលប្រពៃណីមួយនេះប្រហែលមិនអាចជួយរកដំណោះស្រាយឲ្យជម្លោះព្រំដែនរវាងកម្ពុជា និងថៃបានឡើយ។ តែអ្នកខ្លះទៀតហាក់មិនបានយល់ឃើញដូច្នេះទេ។ តើកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីបង្វែរកិច្ចប្រជុំកំពូលត្រីភាគី CLV ឲ្យជួយគិតគូរជម្លោះព្រំដែនខ្មែរ-ថៃ?
នៅថ្ងៃទី ៤ កុម្ភៈ រដ្ឋបាលអាមេរិក តាមរយៈក្រសួងពាណិជ្ជកម្មបានសម្រេចលុបចោលបម្រាមលក់គ្រឿងសព្វាវុធឲ្យកម្ពុជា។ ក្រសួងពាណិជ្ជកម្មអាមេរិកពន្យល់ថា ការសម្រេចលក់គ្រឿងសព្វាវុធឲ្យកម្ពុជាឡើងវិញ ព្រោះកម្ពុជាបានខិតខំស្វែងរកសន្តិភាព និងសន្តិសុខ ការខិតខំប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជា ការភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយសហរដ្ឋអាមេរិក។ អ្នកជំនាញភូមិសាស្ត្រនយោបាយយល់ថា នេះជាឱកាសល្អសម្រាប់កម្ពុជាដែលទទួលបានទីផ្សារផ្គត់ផ្គង់គ្រឿងសព្វាវុធថ្មីមួយបន្ថែមទៀតដើម្បីពង្រឹងវិស័យការពារជាតិរបស់ខ្លួន។ តែទន្ទឹមគ្នានេះ ពួកគេក៏ស្នើឲ្យកម្ពុជាប្រយ័ត្នប្រយែងដោយធ្វើយ៉ាងណាកុំផុងខ្លួនទៅក្នុងវិបត្តិភូមិសាស្ត្រនយោបាយរវាងអាមេរិក និងចិន។
កាលពីពេលថ្មីៗនេះ អភិបាលស្រុក ថាឡាបរិវ៉ាត់ ក្នុងខេត្តស្ទឹងត្រែង បានស្នើឲ្យបញ្ចប់អាជីវកម្មទូកងនៅក្នុងដែនសមត្ថកិច្ចរបស់លោក ខណៈលោកអះអាងថា អាជីវកម្មទូកង បានរួមចំណែកនាំឲ្យមានវិនាសកម្មព្រៃឈើ។ ការថ្លែងរបស់អភិបាលស្រុកនៃខេត្តភាគឥសានរូបនេះ ធ្វើឡើងនៅចំពោះមុខមន្ត្រីពាក់ព័ន្ធនានាក្នុងកិច្ចប្រជុំមួយកាលពីចុងខែមករាឆ្នាំ២០២៦។ សម្រាប់សកម្មជនការពារព្រៃឈើ ប្រសិនបើការកាប់ឈើត្រឹមតែយកទៅធ្វើទូកង នោះនឹងមិននាំឲ្យមានវិនាសកម្មព្រៃឈើទេ តែពួកគេកត់សំគាល់ថា នៅពេលបានច្បាប់កាប់ឈើធ្វើទូកងហើយ បែរជាមានអ្នកឆក់ឱកាសពង្រីកការកាប់ឈើយកទៅធ្វើអាជីវកម្មផ្សេងៗ៕
អង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ ACU នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ បានរកឃើញមានករណីស៊ីឈ្នួលប្រឡងជំនួសក្នុងពេលប្រឡងចូលរៀនសាលាពេទ្យកម្រិតបរិញ្ញាបត្ររង ឆ្នាំសិក្សា ២០២៥-២០២៦ កាលពីថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦។ អ្នកជំនាញផ្នែកសុខាភិបាល និងអ្នកតាមដានសង្គមលើកឡើងថា ករណីស៊ីឈ្នួលប្រឡងជំនួសចូលរៀនសាលាពេទ្យនេះមិនគួរកើតមាន និងថា ករណីនេះក៏ធ្វើឲ្យប៉ះពាល់ដល់អាជីព និងវិជ្ជាជីវៈគ្រូពេទ្យដែរ។ តើក្រសួងសុខាភិបាលគួរមានវិធានការអ្វីខ្លះដើម្បីបញ្ជៀសករណីស៊ីឈ្នួលប្រឡងជំនួស?
ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចែម្យ៉ុង នៅថ្ងៃសុក្រទី៣០ខែមករា បានបង្ហោះសារព្រមានធ្ងន់ៗចំពោះឧក្រិដ្ឋជនឆបោកអនឡាញ ដែលហ៊ានប៉ះពាល់ជនជាតិកូរ៉េ។ ក៏ប៉ុន្តែសាររបស់លោក លី ចែម្យ៉ុង នេះបានលុបចេញពីបណ្តាញសង្គម X វិញនៅល្ងាចនៅថ្ងៃសុក្រដដែល។ ទោះយ៉ាងណា អ្នកតាមដាននយោបាយ យល់ថា សារព្រមានរបស់លោក លី ចែម្យ៉ុង បានជះឥទ្ធិពលដល់មុខមាត់ប្រទេសកម្ពុជា ព្រោះថា សារនោះបានសរសេរជាភាសាខ្មែរ និងមានភ្ជាប់រូបវិមានឯករាជ្យដែលស្ថិតក្នុងទីក្រុងភ្នំពេញ។ តើសំណេរលោក លី ចែម្យ៉ុង ទាក់ទងនឹងឧក្រិដ្ឋកម្មឆបោកអនឡាញជះឥទ្ធិពលអ្វីខ្លះដល់កម្ពុជា?
ក្រសួងអប់រំនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានចេញសេចក្តីណែនាំស្តីពីការគ្រប់គ្រងគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ សំដៅលើកកម្ពស់គុណភាពអប់រំ និងក្រមសីលធម៌ វិជ្ជាជីវៈគ្រូបង្រៀន នៅតាមគ្រឹះស្ថានអប់រំ ក្នុងប្រទេសកម្ពុជា។ អ្នកតាមដានសង្គមសាទរចំពោះការពង្រឹងវិន័យគ្រូបង្រៀន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ តាមរយៈនិយាមថ្មីនេះ។ ក៏ប៉ុន្តែ ចំពោះទំនោររបស់គ្រូក្របខណ្ឌរដ្ឋ ដែលឆ្លៀតទៅបង្រៀនថែមម៉ោង នៅតាមសាលាឯកជន ក្នុងពេលបច្ចុប្បន្ននេះ អ្នកស្រាវជ្រាវសង្គមស្នើឱ្យក្រសួងអប់រំយកចិត្តទុកដាក់បន្ថែម តាមរយៈការដាក់ចេញចំណាត់ការបន្ទាន់មួយ ដើម្បីបង្ការផលប៉ះពាល់ដល់វិស័យអប់រំនៅកម្ពុជា។ តើវប្បធម៌ឆ្លៀតបង្រៀនបន្ថែមម៉ោងនៅតាមសាលាឯកជន គួរតែត្រូវបញ្ឈប់ជាបន្ទាន់ ឬយ៉ាងណា?
អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី កាលពីពេលថ្មីៗនេះ បានបង្ហាញក្តីបារម្ភរបស់ខ្លួន ចំពោះការរំកិលធ្លាក់ចំណាត់ថ្នាក់របស់កម្ពុជាទៅក្នុងបញ្ជីប្រផេះរបស់ក្រុមការងារហិរញ្ញវត្ថុអន្តរជាតិ ហៅកាត់ជាភាសាអង់គ្លេសថា FATF។ អគ្គទេសាភិបាលធនាគារជាតិកម្ពុជាកំពុងកើតក្តីបារម្ភ ក្នុងកាលៈទេសៈមួយដែលរូបភាពនៃឧក្រិដ្ឋកម្មអនឡាញក្នុងប្រទេសកម្ពុជាកំពុងធ្វើឲ្យសហគមន៍អន្តរជាតិចាប់អារម្មណ៍។ ចំពោះលោកស្រី ជា សិរី កម្ពុជាត្រូវជៀសវាងការធ្លាក់ទៅក្នុងបញ្ជីប្រផេះសាជាថ្មីនៅក្នុងរបាយការណ៍របស់ក្រុមការងារហិរញ្ញវត្ថុ FATF ដើម្បីការពារ ការផ្តល់ទំនុកចិត្តរបស់សាធារណជន និងទំនុកចិត្តរបស់វិនិយោគិនក្នុងស្រុក និងបរទេស។ តើកម្ពុជាត្រូវធ្វើបែបណា ដើម្បីបញ្ចៀសកុំឲ្យធ្លាក់ទៅក្នុងបញ្ជីប្រផេះរបស់ក្រុមការងារហិញ្ញវត្ថុ FATF?
From the publisher's feed

14 Listeners

1,098 Listeners

108 Listeners

3 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

13 Listeners

0 Listeners

14 Listeners

0 Listeners

5 Listeners