
Sign up to save your podcasts
Or


កិច្ចប្រជុំពិសេសគណៈកម្មាការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា-ថៃ ចំនួន២ថ្ងៃ បានបញ្ចប់ទៅនៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ដោយភាគីកម្ពុជា-ថៃ បានឯកភាពគ្នាចំនួន៧ចំណុច ទាក់ទងទៅនឹងជម្លោះព្រំដែនរវាងប្រទេសទាំងពីរ។ ក្នុងចំណោមចំណុចទាំងអស់នោះ ភូមិជោគជ័យ និងភូមិព្រៃចាន់ ត្រូវបានលើកយកមកជជែកយ៉ាងលម្អិត។ បន្ថែមពីនេះ ភាគីទាំងពីរបានឯកភាពគ្នាពិនិត្យកែសម្រួលបញ្ចប់បែបបទបច្ចេកទេសសម្រាប់វាស់វែងរួមគ្នា និងបោះបង្គោលបណ្តោះអាសន្នពីចន្លោះបង្គោលលេខ៤២-៤៧។ អ្នកតាមដានបញ្ហាព្រំដែនមួយចំនួន បង្ហាញក្តីកង្វល់ថា ការឯកភាពគ្នាអាចធ្វើឲ្យភូមិជោគជ័យ និងភូមិព្រៃចាន់របស់កម្ពុជា ធ្លាក់ទៅក្រោមការកាន់កាប់របស់ថៃ។ តើលទ្ធផលនៃកិច្ចប្រជុំJBCនឹងអាចទៅកែប្រែស្ថានភាពព្រំដែនកម្ពុជា-ថៃ?
កិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ(GBC) រវាងកម្ពុជា និងថៃ នឹងត្រូវធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ក្នុងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះត្រូវគេរំពឹងថានឹងមានការជជែកគ្នាលើរបៀបវារៈសំខាន់ៗមួយចំនួនដូចជា ការដកអាវុធធុនធ្ងន់ ការបោសសម្អាតមីនមនុស្សធម៌ ការដោះស្រាយឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងអាចជជែកគ្នាផងដែរនូវការគ្រប់គ្រងរួមនៃតំបន់ព្រំដែនកម្ពុជា-ថៃ។ រដ្ឋមន្ត្រីការពារជាតិកម្ពុជាលោក ទៀ សីហា បានបង្ហាញនូវសុទិដ្ឋិនិយមជាមុនចំពោះកិច្ចប្រជុំនេះ។ តែអ្នកតាមដាននយោបាយកម្ពុជាបានបង្ហាញពីក្តីបារម្ភចំពោះកិច្ចពិភាក្សាណាមួយ ដែលអាចចាញ់ប្រៀបថៃ។ ចាញ់ប្រៀប ក៏ព្រោះតែកម្ពុជាចង់បាននូវកិច្ចព្រមព្រៀងសន្តិភាពមួយនៅចំពោះមុខ លោក ដូណាល់ ត្រាំ អំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ីនាសប្តាហ៍ក្រោយ៕
នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការនូវព្រលានយន្តហោះអន្តរជាតិ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា នៅក្នុងជម្លោះជាមួយថៃ «រដ្ឋាភិបាលស្ងាត់តែមិនស្ងៀមឡើយ»។ ក្នុងន័យនេះ លោកនាយករដ្ឋមន្ត្រីបានបកស្រាយ ដោយលើកយកអភិក្រមចំនួន ៣ចំណុចមកពន្យល់គឺ ទី១. ទប់ស្កាត់កុំឲ្យរីករាលដាល ទី២. ដោះស្រាយបញ្ហា និងទី៣. ស្ដារសភាពការណ៍ឡើងវិញ។ អ្នកតាមដាននយោបាយកម្ពុជាមួយចំនួនបានយល់ស្របនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី និងខ្លះទៀតក៏ឆ្លៀត ស្នើឲ្យរដ្ឋាភិបាលទទួលយកយោបល់ពីគ្រប់និន្នាការ ចៀសវាងការធ្វើទុក្ខបុកម្នេញអ្នកដែលបញ្ចេញមតិនៅក្នុងរឿងជាតិ៕
កម្ពុជា និងថៃបានឯកភាពគ្នាលើសេចក្តីព្រាងឯកសារ ឈ្មោះ«កិច្ចព្រមព្រៀងសន្តិភាព» ដែល នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្រ្តីថៃគ្រោងនឹងចុះហត្ថលេខា នៅចុងខែតុលានេះ នៅប្រទេស ម៉ាឡេស៊ី។ កិច្ចព្រមព្រៀងនេះធ្វើឡើងដោយមានការសម្របសម្រួលពីខាងសហរដ្ឋអាមេរិក និងម៉ាឡេស៊ី។ បើតាមប្រមុខការទូតកម្ពុជាលោក ប្រាក់ សុខុន សេចក្តីព្រាងនៃកិច្ចព្រមព្រៀងសន្តិភាព មាននិយាយពី ការដោះមីនមនុស្សធម៌ ការដកអាវុធធុនធ្ងន់ចេញពីព្រំដែន ការបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញ និងការដោះលែងចំណាប់ខ្មាំងកម្ពុជា។ ប៉ុន្តែ ចំពោះអ្នកតាមដានបញ្ហាព្រំដែន កិច្ចព្រមព្រៀងនេះគួរតែដកចេញចំណុចខ្លះ និងបន្ថែមចំណុចថ្មីជំនួសវិញ ដូចជាករណីទាហានថៃចូលរាយលួសបន្លាព័ទ្ធយកដីខ្មែរជាដើម៕
អនុរដ្ឋមន្ត្រីការបរទេសទី២របស់កូរ៉េ លោកស្រី គីម ជីណា បានមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី១៦តុលា។ លោកស្រីបានចូលជួបពិភាក្សាដោយផ្ទាល់ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ជំនួបរវាងអ្នកពីរផ្តោតទៅលើបញ្ហាឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជា ដែលបណ្តាលឲ្យនិស្សិតកូរ៉េខាងត្បូងមួយរូបត្រូវគេសម្លាប់ កាលពីពេលថ្មីៗនេះ។ អ្នកជំនាញកិច្ចការអន្តរជាតិ យល់ឃើញថា ឃាតកម្មលើនិស្សិតដោយសារបទល្មើសឆបោកអនឡាញ កំពុងធ្វើឲ្យកូរ៉េខាងត្បូងអាក់អន់ស្រពន់ចិត្តជាមួយកម្ពុជា។ តើឧក្រិដ្ឋកម្មឆបោកអនឡាញនឹងអាចធ្វើឲ្យទំនាក់ទំនងទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូង ប្រេះឆាដែរឬទេ?
នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានចេញអធិបញ្ជាឲ្យព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញប្តឹងឧទ្ធរណ៍ជំទាស់នឹងសាលក្រមកាត់ទោស លោក ហ៊ុន ហេង អតីតមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលបានបើកបរក្នុងស្ថានភាពស្រវឹងបុកមនុស្សស្លាប់ម្នាក់ និងបង្កឲ្យរបួសជាច្រើននាក់ផ្សេងទៀត។ បទបញ្ជារបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កើតឡើង ក្រោយពីមានការរិះគន់ជាបន្តបន្ទាប់ថា ទោសទណ្ឌលើ លោក ហ៊ុន ហេង មានកម្រិតស្រាល បើធៀបនឹងទង្វើរបស់គាត់។ គួរជ្រាបថា លោក ហ៊ុន ហេង ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ៣ឆ្នាំ តែត្រូវអនុវត្តទោសជាប់ពន្ធនាគារតែ ១ឆ្នាំប៉ុណ្ណោះ។ ការណ៍នេះបានញ៉ាំងឲ្យមហាជនផ្ទុះការរិះគន់ថា មានភាពអយុត្តិធម៌។ អយុត្តិធម៌ដែលអ្នករិះគន់បានប្រៀបធៀបជាមួយករណីអ្នកនយោបាយប្រឆាំង និងសកម្មជនខ្លះដែលទទួលទោសធ្ងន់ធ្ងរ ដោយគ្រាន់តែបញ្ចេញមតិ៕
សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នៅថ្ងៃទី១៥តុលាបានដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើក្រុមហ៊ុន Prince Group របស់អ្នកឧកញ៉ា ចេន ហ្ស៊ី ដែលជាទីប្រឹក្សារបស់ប្រធានព្រឹទ្ធសភាកម្ពុជា ជុំវិញឧក្រិដ្ឋកម្មឆបោកអនឡាញ។ អាមេរិកបានដាក់ពាក្យបណ្តឹងបង្កកទ្រព្យសម្បត្តិឈ្មួញរកស៊ីជនជាតិចិន ទទួលបានសញ្ជាតិខ្មែរ និងអង់គ្លេសរូបនេះ ក្នុងទឹកប្រាក់ជាង ១៥ពាន់លានដុល្លារ។ អ្នកឃ្លាំមើលសង្គម យល់ថា វាល្មមដល់ពេលដែលរដ្ឋាភិបាលកម្ពុជាត្រូវព្យាបាលជំងឺមួយនេះឱ្យដាច់ស្រឡះ ជៀសវាងការផុងខ្លួនកាន់តែជ្រៅនៅក្នុងបទល្មើសឆបោកអនឡាញ។
ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៦,៧លាននាក់ ដោយអាចរកចំណូលបានជាង ៣,៦ពាន់លានដុល្លារ។ អ្នកពាក់ព័ន្ធវិស័យទេសចរណ៍នានាបានសម្តែងការព្រួយបារម្ភចំពោះអំពើឆបោកតាមអនឡាញនៅក្នុងប្រទេសកម្ពុជា ក្រោយយុវជនកូរ៉េខាងត្បូងម្នាក់បានស្លាប់កាលពីពេលថ្មីៗនេះនៅខេត្តកំពត។ ក្នុងន័យនេះ ប្រតិបត្តករក្នុងវិស័យទេសចរណ៍បានជំរុញឲ្យរដ្ឋាភិបាលបង្កើនការចាត់វិធានការលើអំពើឆបោកតាមអនឡាញឲ្យទាន់ពេលដើម្បីរក្សាកេរ្តិ៍ឈ្មោះកម្ពុជា ជាពិសេសរក្សាបាននូវស្ថិរភាពក្នុងវិស័យទេសចរណ៍៕
ក្រោយការស្លាប់និស្សិតកូរ៉េខាងត្បូងម្នាក់នៅកម្ពុជា ករណីឧក្រិដ្ឋកម្មអនឡាញលើជនជាតិកូរ៉េខាងត្បូងនៅកម្ពុជាមួយនេះ ត្រូវបានគេលើកយកមកជជែកយ៉ាងផុសផុលជាថ្មីតាមបណ្តាញសង្គម។ នៅថ្ងៃទី១១ តុលា ឆ្នាំ ២០២៥ លោក លី ចែម្យុង បានបញ្ជាឱ្យក្រសួងការបរទេសកូរ៉េចាត់វិធានការផ្លូវទូតដើម្បីឆ្លើយតបនឹងបញ្ហានេះ។ ចំពោះអ្នកតាមដានសង្គមកម្ពុជា ឧក្រិដ្ឋកម្មអនឡាញជាបញ្ហាដ៏ធ្ងន់ធ្ងរមួយដែលប៉ះពាល់ដល់មុខមាត់ និងសណ្តាប់ធ្នាប់សង្គមកម្ពុជា។ ក្នុងន័យនេះ ពួកគេជំរុញឲ្យរដ្ឋាភិបាលចាត់វិធានការឲ្យតឹងរ៉ឹង និងម៉ឺងម៉ាត់។ តើកម្ពុជាគួរដោះស្រាយយ៉ាងណានឹងការចោទប្រកាន់លើរឿងឧក្រិដ្ឋកម្មតាមអនឡាញនេះ?
ស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងនៅថ្ងៃទី១១ខែតុលាឆ្នាំ២០២៥ថា លោកនឹងស្នើទៅក្រសួងមហាផ្ទៃ ដើម្បីផ្តល់ភ្លើងខៀវឲ្យនគរបាលចរាចរណ៍ចាប់អនុវត្តច្បាប់ និងផាកពិន័យលើអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ឡើងវិញ។ ការលើកឡើងនេះ ដោយសារ សមត្ថកិច្ចសង្កេតឃើញថា ចំនួនមនុស្សដែលបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងគួរឲ្យបារម្ភក្នុងទីក្រុងភ្នំពេញ ក្នុងរយៈពេល៣ខែនៃការផ្អាកការផាកពិន័យចរាចរណ៍។ តែក្រោយពេលមេប៉ូលិសបង្ហាញចេតនាអនុវត្តការផាកពិន័យចរាចរណ៍ឡើងវិញនេះ មហាជនចាប់ផ្តើមមានប្រតិកម្មភ្លាមៗ ដោយបានលើកជាមតិ និងចោទសួរពីអវត្តមានរបស់នគរបាលចរាចរណ៍ប្រចាំការនៅតាមភ្លើងស្តុប គ្រាដែលមានការកកស្ទះ។
From the publisher's feed

14 Listeners

1,098 Listeners

108 Listeners

3 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

13 Listeners

0 Listeners

14 Listeners

0 Listeners

5 Listeners