
Sign up to save your podcasts
Or


នាយករដ្ឋមន្ត្រីថ្មីថៃ លោក Anutin Charnvirakul បានថ្លែងកាលពីទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ថា រដ្ឋាភិបាលរបស់លោក នឹងស្នើឲ្យមានការបោះឆ្នោតប្រជាមតិមួយ ដើម្បីលុបចោលកិច្ចព្រមព្រៀងចំនួនពីរស្តីពីការបោះបង្គោលព្រំដែនជាមួយកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយថៃនានាកាលពីសប្តាហ៍មុន។ កិច្ចព្រមព្រៀងទាំងពីរនោះ គឺអនុស្សរណៈយោគយល់គ្នារវាងកម្ពុជា និងថៃឆ្នាំ២០០០ និងឆ្នាំ២០០១ ឬ MOU ឆ្នាំ២០០០ និងឆ្នាំ២០០១។ អ្នកវិភាគ និងអ្នកតាមដាននយោបាយរបស់កម្ពុជានានាមើលឃើញថា ការប៉ុនប៉ងលុបចោលកិច្ចព្រមព្រៀងដ៏សំខាន់ទាំងពីរខាងលើ គឺជារឿងរបស់ថៃតែម្នាក់ឯង និងថា កម្ពុជានៅតែប្រកាន់ជំហរស្វែងរកដំណោះស្រាយតាមយន្តការទ្វេភាគី និងពហុភាគីដដែល។
ក្រសួងការពារជាតិកម្ពុជា បានប្រកាសថា យោធាថៃបានបើកការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា នៅតំបន់អានសេះ ក្នុងខេត្តព្រះវិហារ ចំនួន២លើក នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។ ក្រោយហេតុការណ៍ផ្ទុះអាវុធនោះ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានអះអាងថា មានការរំលោភលើបទឈប់បាញ់ដោយប្រើកាំភ្លើងត្បាល់ និងកាំភ្លើងយន្ត។ តែទោះបីមានការបាញ់ប្រហារយ៉ាងដូចនេះក្តី លោកហ៊ុន សែន បានស្នើឲ្យកងទ័ពកម្ពុជាអត់ធ្មត់មិនតបត។ ជុំវិញការវិវត្តចុងក្រោយនៅតាមបន្ទាត់ព្រំដែនខ្មែរ-ថៃនេះ ក្រុមអ្នកវិភាគ បានវាយតម្លៃថា ការបង្កហេតុរបស់យោធាថៃជាថ្មីទៀតនេះ គឺជាយុទ្ធសាស្ត្រទាញប្រជាប្រិយភាពរបស់មេទ័ពភូមិភាគ២ថៃដែលជិតចូលនិវត្តន៍ និងជាការគំរាមកម្ពុជាកុំឲ្យលើកពីបញ្ហាថៃឈ្លានពានកម្ពុជា ប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ៕
សមាជិកសភាអាមេរិកចំនួន៨រូប បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៧ខែកញ្ញា។ តាមសេចក្តីប្រកាសរបស់ស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញ ដំណើរទស្សនកិច្ចរបស់ប្រតិភូសភាអាមេរិកនេះ ជាការបង្ហាញពីការបេ្តជ្ញាចិត្តរបស់អាមេរិក ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា លើវិស័យសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ។ ក្រុមអ្នកតាមដានកិច្ចការអន្តរជាតិ មើលឃើញថា ដំណើរទស្សនកិច្ចរបស់ក្រុមប្រតិភូសភាអាមេរិកមកកម្ពុជាពេលនេះ មានលក្ខណៈពិសេស ចំពេលដែលកម្ពុជាកំពុងអនុវត្តបទបាញ់ ក្នុងជម្លោះព្រំដែនជាមួយភាគីថៃ។ តើដំណើរទស្សនកិច្ចនៃប្រតិភូសភាអាមេរិកនៅកម្ពុជាក្នុងស្ថានភាពបែបនេះ មានន័យយ៉ាងដូចម្តេចចំពោះកម្ពុជា?
អាជ្ញាធរខេត្តស្រះកែវរបស់ថៃបានប្រកាសទុកពេលចំនួន ២សប្តាហ៍រហូតដល់ថ្ងៃទី១០ ខែតុលាឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យរបស់កម្ពុជាផ្លាស់ប្តូរទីលំនៅរបស់ប្រជាជនខ្មែរក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ។ បើមិនដូច្នោះទេ ថៃនឹងអនុវត្តច្បាប់របស់ខ្លួន។ អ្នកជំនាញចាត់ទុកការដាក់ឱសានវាទរបស់ភាគីថៃបែបនេះថាជាការរំលោភច្បាប់អន្តរជាតិទាំងស្រុង។ តាមអ្នកជំនាញ មានតែច្បាប់អន្តរជាតិមួយប៉ុណ្ណោះដែលអាចឆ្លើយតបនឹងទង្វើរបស់ភាគីថៃ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Right Watch) នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ បានចេញផ្សាយរបាយការណ៍ស្រាវជ្រាវមួយ ស្តីពីកម្ចីមីក្រូហិរញ្ញវត្ថុ បង្កហានិភ័យដល់ជនជាតិដើមភាគតិចក្នុងខេត្តរតនគិរី។ បើតាមរបាយការណ៍របស់ HRW គេបានរកឃើញថា ជនជាតិដើមភាគតិចនៅខេត្តរតនគិរី កំពុងធ្លាក់ក្នុងវិបត្តិបំណុល និងរងគ្រោះដោយការបង្ខំឱ្យលក់ដីចម្ការសងបំណុលមីក្រូហិរញ្ញវត្ថុ។ តំណាងសហគមន៍ជនជាតិដើមភាគតិចទទួលស្គាល់ផលប៉ះពាល់នេះ ដោយសម្អាងថា ជនជាតិដើមភាគតិចមួយចំនួន ដែលកំពុងជាប់បំណុលមានជីវភាពក្រីក្រ ខ្វះអាហាររូបត្ថម្ភ និងគ្មានដីចម្ការបង្កបង្កើនផល។ សមាគមមីក្រូហិរញ្ញវត្ថុវិញបានប្រតិកម្មនឹងរបាយការណ៍ខាងលើថា រាល់ការផ្តល់កម្ចីដល់អតិថិជន គឺគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានវាយតម្លៃយ៉ាងហ្មត់ចត់ទៅលើសមត្ថភាពសងរបស់អ្នកខ្ចី និងព្រមានចាត់វិធានការចំពោះទង្វើណាមួយដែលគំរាមកំហែងដល់អ្នកខ្ចី។
នៅក្នុងកិច្ចប្រជុំអន្តរសភា AIPA លើកទី៤៦ នាថ្ងៃទី១៨ ខែកញ្ញា នៅប្រទេសម៉ាឡេស៊ី ប្រធានសភាកម្ពុជា បានប៉ះសំដីគ្នាជាមួយតំណាងសភាថៃ ខណៈកម្ពុជារាយការណ៍ពីករណីថៃបំពានអធិបតេយ្យភាពកម្ពុជា នៅក្រោយបទឈប់បាញ់។ បន្ទាប់ពីហេតុការណ៍ប៉ះសំដីគ្នានោះ ប្រតិភូសភាថៃបានចេញមុខប្រឆាំងដាច់ខាតមិនឲ្យ ប្រធានសភា AIPA ដែលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ ចេញសេចក្ដីថ្លែងការណ៍រួម លើរឿងជម្លោះព្រំដែនកម្ពុជា និងថៃ បានឡើយ។ ហេតុអ្វីថៃប្រឆាំងកម្ពុជា មិនឲ្យលើកករណីជម្លោះព្រំដែនដាក់ក្នុងកិច្ចប្រជុំអន្តរសភាAIPA?
វៀតណាមគ្រោងដាក់បញ្ចូលភាសាខ្មែរទៅក្នុងកម្មវិធីសិក្សាភាសាបរទេសរបស់ខ្លួនដោយអនុវត្តជំហានដំបូងនៅក្នុងសាលារៀនតាមព្រំដែនចាប់ពីឆ្នាំ ២០២៨ តទៅ។ នេះបើតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥។ អ្នកជំនាញសង្គម និងវប្បធម៌ខ្មែរមើលឃើញពីអត្ថប្រយោជន៍មួយចំនួននៃការបញ្ចូលភាសាខ្មែរទៅក្នុងកម្មវិធីសិក្សាវៀតណាម។ តែពួកគេក៏បារម្ភខ្លាចវៀតណាមឆ្លៀតឱកាសនេះដើម្បីបំពេញមហិច្ឆតាឈ្លានពានទឹកដីខ្មែរដូចដែលធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ។
ក្រសួងការពារជាតិចិនបានប្រកាសនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ថា កងទ័ពចិន និងថៃនឹងធ្វើសមយុទ្ធកងទ័ពអាកាសរួមគ្នានៅខែកញ្ញានេះដែលមានឈ្មោះថា «Falcon Strike 2025» នៅប្រទេសថៃ។ បើតាមក្រសួងការពារជាតិចិន សមយុទ្ធរួមគ្នានេះមានគោលដៅពង្រឹងសមត្ថភាពបច្ចេកទេស និងយុទ្ធសាស្ត្ររបស់កងទ័ពដែលចូលរួម ក៏ដូចជាការបង្កើនទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងទ័ពនៃប្រទេសទាំងពីរ។ អ្នកវិភាគនយោបាយនានារបស់កម្ពុជាមើលឃើញផ្សេងៗគ្នាអំពីគម្រោងសមយុទ្ធទ័ពអាកាសរវាងប្រទេសចិន និងប្រទេសថៃ។ តើសមយុទ្ធទ័ពអាកាសចិន-ថៃនឹងជះឥទ្ធិពលដល់ជម្លោះព្រំដែនខ្មែរ-ថៃដែរ ឬទេ?
ក្រោយព្រលានយន្តហោះអន្តរជាតិតេជោបើកប្រតិបត្តិការជាផ្លូវការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ គេសង្កេតឃើញមានពលរដ្ឋច្រើននាក់នាំគ្នាសម្រុកទៅទស្សនាកម្សាន្តរហូតបង្កការកកស្ទះចរាចរណ៍ណែនណាន់តាន់តាប់។ ការណ៍នេះបានធ្វើឲ្យអ្នកដំណើរមួយចំនួនខកខាន ឬយឺតយ៉ាវជើងហោះហើររបស់ខ្លួន។ អ្នកជំនាញផ្នែកទេសចរណ៍ និងអ្នកតាមដានសង្គមខ្លះយល់ឃើញថា ការអនុញ្ញាតឲ្យពលរដ្ឋចូលទស្សនាព្រលានយន្តហោះថ្មីជាការបើកឱកាសឲ្យពលរដ្ឋមើលឃើញពីសមិទ្ធិផលថ្មីរបស់រដ្ឋាភិបាល។ តែអ្នកជំនាញខ្លះទៀតយល់ថា អាជ្ញាធរគួររៀបចំឲ្យបានច្បាស់លាស់ដើម្បីធានាសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ និងសុវត្ថិភាពដល់អ្នកដំណើរ។ តើគួររៀបចំឲ្យពលរដ្ឋចូលទស្សនាព្រលានយន្តហោះថ្មីបែបណាទើបមិនបង្កផលប៉ះពាល់?
សមត្ថកិច្ចខេត្តព្រះសីហនុ បានឃាត់ខ្លួនជនជាតិចិន នេប៉ាល់ និងខ្មែរសរុប៤៧នាក់ និងដកហូតកាំភ្លើង១៣ដើម បន្ទាប់ពីមានការផ្ទុះអាវុធ ដែលបង្កដោយជនជាតិចិន២ក្រុម កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។ នេះមិនមែនជាលើកទី១ទេដែលករណីបាញ់បោះដោយជនបរទេស បានកើតឡើងនៅខេត្តទេសចរណ៍មួយនេះ។ បន្ទាប់ពីមានករណីផ្ទុះអាវុធនេះកើតឡើងជាថ្មីទៀត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានកោះប្រជុំពិសេសមួយកាលពីថ្ងៃទី១៣ ខែកញ្ញា ដើម្បីរិះរកវិធានការជាក់លាក់ណាមួយដែលអាចឆ្លើយនឹងបាតុភាពបាញ់បោះអនាធិបតេយ្យបែបនេះ។ អ្នកឃ្លាំមើលបារម្ភថា ករណីផ្ទុះអាវុធនៅខេត្តជាប់មាត់សមុទ្រនេះនឹងបន្តគំរាមកំហែងដល់ភ្ញៀវទេសចរនាពេលខាងមុខ ប្រសិនបើមិនអាចទប់ស្កាត់បានទេនោះ។
From the publisher's feed

14 Listeners

1,098 Listeners

108 Listeners

3 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

13 Listeners

0 Listeners

14 Listeners

0 Listeners

5 Listeners