
Sign up to save your podcasts
Or


ក្រុមប្រឹក្សាជាតិតស៊ូរបស់មេដឹកនាំនយោបាយជំទាស់លោក សម រង្ស៊ី កាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៥ បានសម្រេចបង្កើតរដ្ឋាភិបាលក្រៅប្រទេសមួយ ដោយមានស្ថាប័ន ឬក្រសួងចំនួន៧ ដើម្បីដំណើរការរដ្ឋាភិបាលនិរទេសខ្លួនមួយនេះ។ អ្នកវិភាគនយោបាយយល់ថា ការបង្កើតរដ្ឋាភិបាលក្រៅប្រទេសរបស់លោក សម រង្ស៊ី នឹងមិនអាចជះឥទ្ធិពលអ្វីមកលើរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នឡើយ។ ម្យ៉ាងវិញទៀត អ្នកវិភាគយល់ឃើញថា ការបង្កើតរដ្ឋាភិបាលក្រៅប្រទេសនេះ អាចជាការបិទបញ្ចប់ជីវិតនយោបាយរបស់លោក សម រង្ស៊ី និងបក្ខពួកលោកដែលបាននិរទេសខ្លួនទៅរស់នៅក្រៅប្រទេសកម្ពុជា។
លទ្ធផលនៃកិច្ចប្រជុំពិសេសរវាងភាគីកម្ពុជា និងថៃកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុងបានបង្ហាញថា ភាគីទាំង២ បានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការស្វែងរកវិធានការជាក់ស្តែងដើម្បីឲ្យស្ថានការណ៍វិលទៅរកភាពប្រក្រតីឡើងវិញ។ ក្នុងនោះ ភាគីទាំង២ ក៏បានពិនិត្យសំណូមពររបស់ជប៉ុនដែលចង់ឲ្យកម្ពុជា និងថៃបើកព្រំដែននៅច្រកខ្លះឡើងវិញសម្រាប់ដឹកជញ្ជូនទំនិញចាំបាច់។ ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានត្អូញត្អែរថា ការពន្យារពេលបើកព្រំដែនកម្ពុជា និងថៃក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះបានធ្វើឲ្យក្រុមហ៊ុនជប៉ុនដែលបាន និងកំពុងវិនិយោគនៅកម្ពុជា តាមគោលនយោបាយ «ថៃបូក១» ជួបការលំបាកយ៉ាងខ្លាំង។ តើកម្ពុជាគួរយល់ព្រមបើកព្រំដែនជាមួយថៃឡើងវិញដែរឬទេនៅពេលនេះ?
កម្ពុជា-ថៃបានឯកភាពគ្នាសាកល្បងកំណត់តំបន់សម្រាប់ការដោះមីនក្នុងរយៈពេល ១ខែខាងមុខ។ នេះបើតាមសេចក្តីសម្រេចនៅក្នុងកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នាថ្ងៃពុធទី១០ កញ្ញា។ អ្នកជំនាញផ្នែកកិច្ចការអន្តរជាតិ លើកឡើងពីភាពវិជ្ជមាន និងអវិជ្ជមាន របស់កម្ពុជា ក្នុងការសម្រេចចិត្តកំណត់តំបន់ដោះមីនរួមជាមួយភាគីថៃ។ ភាពវិជ្ជមានគឺ ការដោះមីនរួមគ្នានឹងធ្វើឲ្យថៃលែងមានលេសចោទប្រកាន់ថា កម្ពុជាជាអ្នកដាក់មីនតាមបន្ទាត់ព្រំដែន។ តែភាពអវិជ្ជមានគឺ ពួកគេបារម្ភថា ថៃនឹងងាយស្រួលចូលទន្ទ្រានទឹកដីកម្ពុជា ក្រោយការដោះមីនបានជោគជ័យ។
ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឬព្រលានយន្តហោះពោធិ៍ចិនតុង ត្រូវបានដាក់ឲ្យចូលនិវត្តន៍ចាប់ពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ទៅ បន្ទាប់ពីបានដំណើរការអស់រយៈពេលជិត ៧០ឆ្នាំ។ ប្រមុខរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់កាលពីខែឧសភា ឆ្នាំ២០២៥ថា នឹងរក្សាទុកព្រលានយន្តហោះទំហំជាង ៤០០ហិចតានេះ ជាទ្រព្យសម្បត្តិរដ្ឋ ដែលមានតម្លៃជាប្រវត្តិសាស្ត្រ។ អ្នកតាមដានសង្គមនានាយល់ឃើញថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញ គួរតែត្រូវបានរៀបចំឲ្យក្លាយទៅជាកន្លែងកម្សាន្ត ទេសចរណ៍ វប្បធម៌ កីឡា ដែលអាចទាក់ទាញថវិកាបានយ៉ាងច្រើនសម្រាប់ហិបរដ្ឋ។
កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ថៃរកបាននាយករដ្ឋមន្រ្តីទី ៣២ គឺលោក អនុធិន ឆានវីរៈគូន។ នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន ម៉ាណែត បានផ្ញើសារអបអរសាទរលោក អនុធិន ឆានវីរៈគូន តែមិនភ្លេចលើកឡើងពីការចង់បានរបស់កម្ពុជាដើម្បីស្តារទំនាក់ទំនងការទូតជាមួយថៃឲ្យមានប្រក្រតីភាពឡើងវិញ។ ចំណែកនាយករដ្ឋមន្រ្តីថៃថ្មីក៏បានបង្ហាញពីការត្រៀមវិធានការដោះស្រាយជម្លោះកម្ពុជា-ថៃ ដោយសន្តិវិធី ដើម្បីកាត់បន្ថយទុក្ខលំបាក និងការបាត់បង់ប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ តែអ្នកជំនាញកិច្ចការអន្តរជាតិមើលឃើញថា រដ្ឋាភិបាលថ្មីថៃរបស់លោក អនុធិន ឆានវីរៈគូន ក៏មិនខុសគ្នាប៉ុន្មានពីរដ្ឋាភិបាលចាស់ដែរ ព្រោះអ្នកមានអំណាចក្នុងដៃពិតប្រាកដនៅថៃ គឺក្រុមយោធាថៃដែលហាក់បង្ហាញសកម្មភាពមិនចង់ស្តារទំនាក់ទំនងជាមួយកម្ពុជាឡើងវិញ។ ចំណែកអ្នកជំនាញយល់ថា ការស្តារទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសទាំងពីរនៅមានភាពលំបាកនៅឡើយ។ តើទំនាក់ទំនងកម្ពុជា-ថៃ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តីថៃថ្មីអាចមានអ្វីប្រែប្រួលខ្លះ?
ច្បាប់ដកសញ្ជាតិពលរដ្ឋខ្មែរបានចូលជាធរមាន បន្ទាប់ពីការចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ក្រុមអ្នកនយោបាយនៅក្រៅប្រទេសបានលើកឡើងថា ច្បាប់នេះមានគោលដៅធ្វើបាបអ្នកនយោបាយប្រឆាំង ពិសេស លោក សម រង្ស៊ី និងក្រុមរបស់លោក។ អ្នកវិភាគយល់ថា ច្បាប់ដកសញ្ជាតិខ្មែរ មិនគួរចេញនៅពេលនេះទេ ដោយសារតែបារម្ភពីការបែកបាក់ផ្ទៃក្នុងជាតិកាន់តែខ្លាំង នៅគ្រាដែលកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយថៃ។ តែអ្នកនាំពាក្យព្រឹទ្ធសភា ចាត់ទុកការមានច្បាប់នេះជារឿងត្រឹមត្រូវ។
ក្រសួងមហាផ្ទៃ ធនាគារជាតិកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ នៅថ្ងៃសុក្រទី៥កញ្ញា បានចេញសេចក្តីថ្លែងការណ៍រួមមួយ ស្តីពីសកម្មភាពផ្តល់កម្ចីខុសច្បាប់ និងត្រូវតម្កល់ទុកឯកសារដូចជាអត្តសញ្ញាប័ណ្ណ និងប័ណ្ណក្រីក្រ ជាថ្នូរនឹងការផ្តល់កម្ចី។ សេចក្តីថ្លែងការណ៍បញ្ជាក់ថា នេះជាសកម្មភាពខុសច្បាប់ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ អ្នកឃ្លាំមើលសង្គម យល់ថា បញ្ហាផ្តល់កម្ចីខុសច្បាប់និងតម្កល់ទុកឯកសារផ្ទាល់ខ្លួន បានកើតឡើងស្ទើរក្លាយជាប្រពៃណីក្នុងសង្គមខ្មែរ។ តើត្រូវមានវិធានាការបែបណាចំពោះការផ្តល់កម្ចីខុសច្បាប់ តាមរយៈការបញ្ចាំឯកសារផ្ទាល់ខ្លួន?
ពលរដ្ឋខ្មែរបានបញ្ចេញប្រតិកម្មហួសចិត្តជាបន្តបន្ទាប់ តាំងពីថៃប្រកាសទិញយន្តហោះចម្បាំង ៤គ្រឿងបន្ថែមទៀតពីប្រទេសស៊ុយអែតកាលពីចុងខែសីហា ឆ្នាំ២០២៥។ ប្រតិកម្មហួសចិត្ត ព្រោះស៊ុយអែតដែលធ្លាប់ជាអ្នកផ្តល់ជំនួយផ្នែកសិទ្ធិមនុស្សមកកម្ពុជាបែរជាងាកទៅចុះកិច្ចព្រមព្រៀងលក់យន្តហោះ Gripen ទៅឲ្យថៃដើម្បីធ្វើសង្រ្គាមប្រឆាំងកម្ពុជាទៅវិញ។ គួររម្លឹកថា ថៃបានប្រើប្រាស់យន្តហោះ Gripen របស់ស៊ុយអែតនេះក្នុងការវាយប្រហារកម្ពុជាចំនួន ៥ថ្ងៃនៅតាមព្រំដែនកាលពីចុងខែកក្កដាកន្លងទៅ។ តើកម្ពុជាគួរមានយន្តការអ្វីខ្លះដើម្បីបង្អាក់ស៊ុយអែតកុំឲ្យលក់យន្តហោះចម្បាំងទៅឲ្យប្រទេសថៃ?
ហេតុការណ៍នៃការប៉ះទង្គិចគ្នារវាងយោធាថៃ និងប្រជាពលរដ្ឋខ្មែរនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យបានកើតឡើងជាថ្មីនៅព្រឹកថ្ងៃព្រហស្បតិ៍ទី៤ ខែកញ្ញានេះ។ មូលហេតុនៃការប៉ះទង្គិច គឺដោយសារតែទាហានថៃបានព្យាយាមយកបន្លាលួសមកព័ទ្ធដីចម្ការអំពៅរបស់ប្រជាពលរដ្ឋខ្មែរ ដែលអាស្រ័យផលនៅទីនោះ។ ការណ៍នេះនាំឱ្យប្រជាពលរដ្ឋខ្មែរស្រាក់ដៃគ្នាបណ្តេញទាហានថៃឲ្យត្រលប់ទៅទីតាំងរបស់ខ្លួនវិញ។ អ្នកឃ្លាំមើលយល់ថា ថៃកំពុងបញ្ឆេះភ្លើងកំហឹងជាមួយភាគីកម្ពុជាដើម្បីឲ្យទាហានកម្ពុជាធ្វើសកម្មភាពតបត រួចចោទប្រកាន់កម្ពុជាថាបានរំលោភបំពានបទឈប់បាញ់។ តើភាពចម្រូងចម្រាសនៅភូមិជោគជ័យអាចឈានទៅផ្ទុះអាវុធជាថ្មីរវាងយោធាខ្មែរ-ថៃដែរ ឬយ៉ាងណា?
កាសែតក្នុងស្រុកថៃកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ បានចុះផ្សាយអំពីករណីចាប់ឃុំខ្លួនពលរដ្ឋខ្មែរចំនួន៣៨នាក់ ដែលលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃដើម្បីស្វែងរកការងារ។ ពលរដ្ឋខ្មែរទាំងនោះបានប្រាប់សមត្ថកិច្ចថៃថា ពួកគេជួបប្រទះវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ទើបត្រូវបង្ខំចិត្តលួចឆ្លងដែនចូលទឹកដីថៃ។ អ្នកធ្វើការលើបញ្ហាពលករចំណាកស្រុកអះអាងថា ពលករខ្មែរត្រឡប់ពីប្រទេសថៃកំពុងប្រទះបញ្ហាប្រឈមសំខាន់ៗដូចជា កង្វះជំនួយមនុស្សធម៌ វិបត្តិបំណុលធនាគារ និងកង្វះការងារធ្វើជាដើម។ ក្នុងន័យនេះអ្នកពាក់ព័ន្ធក្នុងវិស័យការងារទាមទារឲ្យរដ្ឋាភិបាលចាត់វិធានការជាបន្ទាន់មួយ ដូចជាការបញ្ចេញកញ្ចប់ថវិកាជាតិនៅកម្រិតណាមួយ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមរបស់ពលករខ្មែរទាំងនោះ។
From the publisher's feed

14 Listeners

1,098 Listeners

108 Listeners

3 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

13 Listeners

0 Listeners

14 Listeners

0 Listeners

5 Listeners