
Sign up to save your podcasts
Or


ថ្ងៃសុក្រ ទី៨ ឧសភាជាថ្ងៃទី២ និងជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៨ នៅក្នុងទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជាបានផ្តល់បទសម្ភាសដល់វិទ្យុបារាំងអន្តរជាតិ RFI ពីទីក្រុងសេប៊ូនៅថ្ងៃសុក្រ ទី៨ ខែឧសភានេះថា កិច្ចប្រជុំកំពូលអាស៊ានលើកនេះរួមរឹតដោយបញ្ហាអន្តរជាតិ និងបញ្ហាតំបន់ រួមមាន វិបត្តិថាមពលដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ា ជម្លោះនៅសមុទ្រចិនខាងត្បូង វិបត្តិនយោបាយភូមា និងជម្លោះព្រំដែនកម្ពុជា-ថៃ។ ទាក់ទងនឹងវិបត្តិថាមពលដែលកើតចេញពីសង្រ្គាមនៅមជ្ឈិមបូព៌ាត្រូវបានលោក ពុយ គា បញ្ជាក់ថា មេដឹកនាំអាស៊ានកំពុងលើកសំណើភ្ជាប់ប្រព័ន្ធទំនាក់ទំនងរហ័សទៅវិញទៅមកដើម្បីពិភាក្សារកដំណោះស្រាយជុំវិញវិបត្តិថាមពលសកល។
ថ្មីៗនេះ សមត្ថកិច្ចខេត្តបាត់ដំបងបានចាប់ឃាត់ខ្លួនស្ត្រីម្នាក់ដែលបានលួចនាំចូលទុរេនពីប្រទេសថៃមកលក់ក្នុងប្រទេសកម្ពុជា។ ការនាំចូលនេះបំពានបម្រាមដែលកម្ពុជាបានហាមឃាត់ការនាំចូលទំនិញប្រភេទបន្លែផ្លែឈើពីប្រទេសថៃ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRfi នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ លោក ឃឹម ប៊ុនឡែន ស្ថាបនិក និងជាប្រធានសហគមន៍ចម្ការស្តេចទុរេនបានទទូចឱ្យមន្ត្រីនៅតាមព្រំដែនបញ្ឈប់ការគប់គិតគ្នានាំទុរេនដោយខុសច្បាប់ចូលទីផ្សារក្នុងស្រុក។ សម្រាប់លោក ឃឹម ប៊ុនឡែន ប្រសិនបើរដ្ឋាភិបាលមិនយកចិត្តទុកដាក់ចំពោះបញ្ហានេះទេ ការដាំដុះទុរេនក្នុងស្រុកនឹងរងការខាតបង់ និងរងហានិភ័យដួលរលំ៕
កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ សាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមតុលាការក្រុងភ្នំពេញទុកជាបានការចំពោះសំណុំរឿងរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ ទន្ទឹមគ្នានេះ សាលាឧទ្ធរណ៍ថែមទាំងបានបន្ថែមទោសដោយហាមមិនឲ្យលោក កឹម សុខាចេញក្រៅប្រទេសរយៈពេល ៥ឆ្នាំ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ លោក ផែង ហេង សហមេធាវីការពារក្តីលោក កឹម សុខា បានថ្លែងថា លោក កឹម សុខា និងសហមេធាវីមិនទាន់អាចបញ្ជាក់បាននៅឡើយទេថាតើត្រូវបន្ត ឬមិនបន្តប្តឹងសាទុក្ខទៅតុលាការកំពូល។ តែសម្រាប់លោកមេធាវី ផែង ហេង ករណីលោក កឹម សុខា នឹងអាចឆាប់ចប់ បើសិនជាសំណុំរឿងនេះត្រូវបានដោះស្រាយតាមផ្លូវនយោបាយ៕
អ្នកឧកញ៉ា កុក អាន ដែលគេស្គាល់ជាអ្នកជំនួញដ៏មានឥទ្ធិពល និងជាសមាជិកព្រឹទ្ធសភាកម្ពុជាម្នាក់បានផ្តល់បទសម្ភាសផ្តាច់មុខឲ្យវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃអង្គារ ទី២៨ ខែមេសានេះ។ ឆ្លើយនឹងសំណួររបស់ ជួប នរក្សា អ្នកឧកញ៉ា កុក អាន បានបញ្ជាក់ច្បាស់ៗថា លោកមិនចេះរកស៊ីឆបោកអនឡាញទេ។ ចម្លើយរបស់អ្នកឧកញ៉ា កុក អាន ដូចនេះជាការតបទៅនឹងក្រសួងសេដ្ឋកិច្ចអាមេរិកដែលបានដាក់ទណ្ឌកម្មលោកកាលពីថ្ងៃទី២៣ មេសា ដោយចោទលោកថាជាស្តេចមជ្ឈមណ្ឌលឆបោកអនឡាញនៅក្នុងប្រទេសកម្ពុជា។ សមាជិកព្រឹទ្ធសភាកម្ពុជារូបនេះដដែលថែមទាំងអះអាងថា លោករកស៊ីតែខាងបើកកាស៊ីណូប៉ុណ្ណោះ និងមិនចេះរកស៊ីឆបោកអនឡាញអ្វីទេ។
គិតចាប់តាំងពីឆ្នាំ ១៩៩១ មក លោក អូលីវីយេ រីឆា(Olivier Richard) គឺជាឯកអគ្គរដ្ឋទូតបារាំងទី១១ ប្រចាំកម្ពុជា។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នេះ លោក អូលីវីយេ រីឆា បានបញ្ជាក់ថា ការងារអាទិភាពរបស់លោក ក្នុងនាមជាឯកអគ្គរដ្ឋទូតបារាំងពេលនេះ គឺគិតគូរអំពីកិច្ចសហប្រតិបត្តិការរវាងបារាំង និងកម្ពុជា។ ទន្ទឹមគ្នានេះ លោក រីឆា ក៏បានលើកឡើងពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុងនៅកម្ពុជានាឱកាសដែលកម្ពុជាត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅចុងឆ្នាំ២០២៦ នេះ។ ទាក់ទងនឹងជម្លោះព្រំដែនខ្មែរ-ថៃត្រូវបានលោក អូលីវីយេ រីឆា បញ្ជាក់ថា បារាំងកំពុងតាមដានយ៉ាងដិតដល់ និងត្រៀមផ្តល់រាល់ឯកសារប្រវត្តិសាស្ត្រឲ្យភាគីជម្លោះទាំងពីរដែលត្រូវការ៕
ដើម្បីអបអរថ្ងៃបុណ្យចូលឆ្នាំថ្មី រដ្ឋបាលខេត្តបន្ទាយមានជ័យបានរៀបចំពិធីកម្សាន្តសប្បាយរយៈពេល ៣ថ្ងៃសម្រាប់ជនភៀសសឹកជិត ៣ ០០០គ្រួសារនៅជម្រកបណ្តោះអាសន្នស្ថិតក្នុងភូមិ និងឃុំស្លក្រាម នៃស្រុកស្វាយចេក។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦នេះ លោក លី សុវណ្ណារិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យបានកត់សម្គាល់ថា ភាគច្រើននៃជនភៀសសឹកសប្បាយចិត្ត ដែលបានចូលរួមលេងល្បែងប្រជាប្រិយផ្សេងៗ។ តែអ្នកនាំពាក្យរូបនេះដដែលក៏បានមើលឃើញថា អាចមានអ្នកខ្លះ ដែលមិនបានចូលរួម មិនសូវសប្បាយចិត្តដែរ ដោយសារតែមានអារម្មណ៍ដិតដាមដោយការបាត់បង់ផ្ទះសម្បែង៕
សង្រ្គាមនៅមជ្ឈិមបូព៌ាបាន និងកំពុងជះផលវិបាកលើវិស័យជាច្រើននៅសឹងគ្រប់ប្រទេសក្នុងលោក។ ក្រៅពីវិស័យប្រេងឥន្ធនៈ និងឧស្ម័ន វិស័យទេសចរណ៍ក៏កំពុងរងផលប៉ះពាល់ខ្លាំងមួយដែរ។ នៅកម្ពុជា សេវាកម្មផ្សេងៗដែលបំរើឲ្យវិស័យទេសចរណ៍នៅមិនទាន់មានការតម្លើងថ្លៃនៅឡើយទេ។ ផ្ទុយទៅវិញ សេវាកម្មស្នាក់នៅមួយចំនួនក្នុងខេត្តសៀមរាបនៅតែបន្តបញ្ចុះតម្លៃ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាកត់សម្គាល់ថា ការរក្សាតម្លៃសេវាក្នុងវិស័យទេសចរណ៍ឲ្យនៅដដែល ពិសេសក្នុងខេត្ត សៀមរាបដោយសារតែចំនួនភ្ញៀវទេសចរបានធ្លាក់ចុះ៕
ក្រសួងពាណិជ្ជកម្មបានចេញផ្សាយតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍ចាប់ពីថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២៦។ ប្រេងសាំងធម្មតាតម្លៃ ៥៤០០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតតម្លៃ ៦ ៧០០រៀលក្នុងមួយលីត្រ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានពន្យល់ថា រដ្ឋាភិបាលបានដាក់ចេញនូវវិធានការទម្លាក់ពន្ធគយ និងអាករបន្ថែមមក សូន្យដុល្លារ រួមទាំងទទួលបន្ទុកបង់ជំនួសពន្ធអាករលើតម្លៃបន្ថែមចំនួន ៦%។ បើតាមលោក ប៉ែន សុវិជាតិ អន្តរាគមន៍របស់រដ្ឋាភិបាលពេលនេះបានជួយទប់តម្លៃប្រេងនៅលើទីផ្សារក្នុងគោលដៅជួយសម្រាលជីវភាពរបសើពលរដ្ឋ។
នៅថ្ងៃទី១៩ ខែមីនានេះ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំពិធីសែនប្រុងពលីដើម្បីត្រៀមបើកដំណើរការតុបតែងលំអតាមដងផ្លូវ និងតំបន់សម្រាប់ត្រៀមព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញដែលនឹងឈានចូលមកដល់នៅជាង ២០ថ្ងៃទៀត។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នារសៀលថ្ងៃទី១៩ ខែមីនានេះ លោក សោម រតនា ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាបានអះអាងថា ក្រុមការងាររៀបចំព្រឹត្តិការណ៍បានបែងចែកក្រុមការងារតាមផ្នែកនីមួយៗរួចហើយ តែដំណើរការរៀបចំតុបតែងលម្អនៅតាមតំបន់ដែលត្រូវរៀបចំព្រឹត្តិការណ៍នៅពុំទាន់មានលទ្ធផលធំដុំអ្វីនៅឡើយទេ។
គិតត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នេះ តម្លៃប្រេងឥន្ធនៈនៅកម្ពុជាបានហក់ឡើងកាន់តែខ្ពស់ ដោយសាំងធម្មតាមានតម្លៃ ៥ ២០០រៀល និងម៉ាស៊ូត ៦ ០៥០រៀលក្នុង ១លីត្រ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នេះ លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានឲ្យដឹងថា ប្រេងម៉ាស៊ូតឡើងថ្លៃខ្ពស់នឹងប៉ះពាល់វិស័យដឹកជញ្ជូនធុនធ្ងន់ពី ២០ ទៅ ២៥ភាគរយ។ តែលោកឧកញ៉ាមិនភ្លេចបញ្ជាក់ថា ទោះតម្លៃប្រេងឡើងខ្លាំងកម្រិតនេះក៏នៅមិនទាន់អាចធ្វើឲ្យអាក់ខានដល់ការដឹងជញ្ជូនរបស់រថយន្តធុនធំបាននៅឡើយដែរ៕
From the publisher's feed
បទសម្ភាសជាមួយអ្នកនយោបាយ តំណាងសង្គមស៊ីវិល ឬអ្នកឯកទេសផ្សេងៗ ដើម្បីនិយាយពីព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។

14 Listeners

108 Listeners

0 Listeners

0 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

0 Listeners

3 Listeners

1 Listeners

0 Listeners

13 Listeners

6 Listeners

14 Listeners