
Sign up to save your podcasts
Or


ក្រសួងធនធានទឹក និងឧត្តុនិយមឲ្យដឹងថា ព្យុះទី១៤ ឈ្មោះ ណងហ្វា នឹងមានឥទ្ធិពលលើសមុទ្រអានដាម៉ាន ឈូងសមុទ្រថៃ អាងទន្លេមេគង្គលើរបបមូសុងនិរតី និងនៅលើប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣១ ដល់ថ្ងៃទី២ ខែកញ្ញាឆ្នាំ២០២៥។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយមបានថ្លែងថាកម្ពុជានៅទទួលរងឥទ្ធិពលពីព្យុះជាង១០ទៀត ក្នុងចំណោមព្យុះសរុបប្រចាំឆ្នាំ២០២៥ ប្រមាណ ២៥ព្យុះ។ តាមលោក អឿង ចន្ថា ព្យុះខ្លះមិនមានឥទ្ធិពលធំដុំដល់កម្ពុជាទេ និងព្យុះខ្លះទៀតក៏អាចនាំមកនូវទឹកភ្លៀងច្រើន និងបង្កជាទឹកជំនន់ដែរចំពោះតំបន់ខ្លះ។
ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនបានសម្រេចលុបចោលបំណុលទាំងស្រុង និងបំណុលតាមការកំណត់ទឹកប្រាក់ណាមួយ ដល់យុទ្ធជន ដែលបានពលី ពិការ និងរងរបួសក្នុងការប្រយុទ្ធគ្នាជាមួយថៃនៅតាមព្រំដែនកាលពីពេលថ្មីៗកន្លងទៅ។ ដោយឡែក ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា បានបញ្ជាក់ថា ការសម្រេចលុបចោលបំណុលទាំងស្រុងដល់យុទ្ធជនពលី ដែលជាកូនបំណុលរបស់អេស៊ីលីដា និងអ្នករួមកម្ចី គឺជាការដឹងគុណដ៏ធំធេងដល់យុទ្ធជន ដែលបានតស៊ូច្បាំងនឹងថៃ។ ជាការច្បាំងដ៏ប្តូរផ្តាច់ និងលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីការពារបូរណភាពទឹកដី សេចក្តីសុខសាន្តរបស់ពលរដ្ឋ ព្រមទាំងផ្តល់នូវបរិយាកាសល្អដល់ការធ្វើអាជីវកម្មនៃវិស័យធនាគារផងដែរ។
កងទ័ពកម្ពុជា និងកងទ័ពថៃ បានបើកការវាយប្រយុទ្ធគ្នានៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ នៅតាមព្រំដែននៃប្រទេសទាំងពីរ។ ការផ្ទុះអាវុធនេះ ផ្តើមចេញពីកងទ័ពថៃ ដែលបានបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុននៅចំណុចប្រាសាទតាមាន់ធំ។ ពលរដ្ឋមួយចំនួន ដែលកំពុងរស់នៅជុំវិញតំបន់ដែលមានហានិភ័យខ្ពស់នៃការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃនេះ ត្រូវបានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាព។ នៅក្នុងកិច្ចសម្ភាសខ្លីជាមួយវិទ្យុបារាំងRFI នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ លោក ម៉េត មាសភក្តី អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យបានថ្លែងថា ពលរដ្ឋនៅជុំវិញតំបន់ហានិភ័យនៃការផ្ទុះអាវុធ ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព ដែលអាជ្ញាធរខេត្តបានត្រៀមលក្ខណៈមុន ជាយូរមកហើយ។
នៅថ្ងៃទី២០ ខែកក្កដា សមាគមស្វាយចន្ទីកម្ពុជាបានសម្តែងការព្រួយបារម្ភចំពោះតម្លៃគ្រាប់ស្វាយចន្ទីកម្ពុជា ដែលអាចជួបហានិភ័យ ដោយសារតែការប្រមូលផលដំណាលគ្នាជាមួយចន្ទីអាហ្រ្វិកខាងលិច។ ការព្រមានយ៉ាងដូច្នេះ ធ្វើឡើងក្រោយសមាគមស្វាយចន្ទីកម្ពុជាសង្កេតឃើញគ្រាប់ស្វាយចន្ទីនៅតំបន់អាហ្វ្រិកខាងលិចមានតម្លៃថោក ខណៈបរិមាណ និងគុណភាពផលិតរបស់គេខ្ពស់។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំង RFI នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ លោក អួន ស៊ីឡុតប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា ក្នុងរដូវប្រមូលផលកន្លងទៅ គ្រាប់ស្វាយចន្ទីកម្ពុជាហាក់ធ្លាក់ថ្លៃបន្តិច តែធ្លាក់ក្នុងរយៈពេលខ្លី។ តែជាយន្តការដើម្បីធានាថា ស្វាយចន្ទីកម្ពុជាមិនប៉ះពាល់ផ្នែកតម្លៃ លោក អួន ស៊ីឡុត ជំរុញឱ្យរដ្ឋាភិបាលពន្លឿនការបង្កើតសួនកសិ-ឧស្សាហកម្មស្វាយចន្ទី ខណៈមានក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីមួយចំនួនកំពុងមានចំណាប់អារម្មណ៍។
ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា លោក ហ្សាក់ ប៉ឺឡេ នឹងត្រូវបញ្ចប់អាណត្តិរបស់លោកនៅដំណាច់ខែកក្កដា ឆ្នាំ២០២៥នេះ បន្ទាប់ពីលោកបានបំពេញបេសកកម្មការទូតនៅកម្ពុជាអស់រយៈពេល៤ឆ្នាំ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោក ហ្សាក់ ប៉ឺឡេ បានវាយតម្លៃថាបេសកកម្មការទូតរបស់លោកនៅកម្ពុជាប្រព្រឹត្តទៅបានល្អ។ ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតបានលើកឡើងដែរ ពីសមិទ្ធផលការងាររបស់លោកនៅកម្ពុជាលើផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ អប់រំ វេជ្ជសាស្ត្រ នីតិសាស្ត្រ យោធា និងកិច្ចសហប្រតិបត្តិការជាច្រើនទៀត។ លើសពីនេះ លោក ហ្សាក់ ប៉ឺឡេ ក៏បានបញ្ជាក់ជំហររបស់ប្រទេសបារាំងជាថ្មីទាក់ទងទៅនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ថាបារាំងផ្តល់លទ្ធភាពដល់ប្រទេសទាំងពីរ ដែលចង់បានផែនទី និងឯកសារដែលពាក់ព័ន្ធនឹងព្រំដែន។
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា (ក.ប.ប) បានចុះអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា នៅតាមសាលារៀនទូទាំងប្រទេសចំនួន ២ឬ ៣ដងក្នុងមួយខែ ដើម្បីពង្រឹងការយល់ដឹងអំពីសុវត្ថិភាពម្ហូបអាហាររបស់សិស្សសាលា។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ លោក គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប បានលើកឡើងថា ក្រៅពីអប់រំផ្សព្វផ្សាយ ក.ប.ប ក៏បានចុះត្រួតពិនិត្យឆែកឆេរចំណីអាហារដែលដាក់លក់នៅតាមសាលារៀនផងដែរ។ បើតាម លោក គឹម មាសសុខសីហា ការទទួលទានភេសជ្ជៈប៉ូវកម្លាំងរបស់កុមារនៅតាមសាលារៀនជាបញ្ហាដែល ក.ប.ប ត្រូវដោះស្រាយអាទិភាពមួយ។
រាជបណ្ឌិតសភាកម្ពុជា នៅថ្ងៃពុធទី៩ ខែកក្កដាឆ្នាំ ២០២៥ បានប្រកាសដំណើរការគម្រោងស្តីពី «ការស្រាវជ្រាវ និងបកប្រែសិលាចារឹកជាភាសាសំស្ក្រឹត និងភាសាបាលីមកជាភាសាខ្មែរសម័យទំនើប»។ ជាគម្រោងដែលជីកគាស់សិលាចារឹកជាង៥០០ផ្ទាំង ដែលជាភាសាសំស្រឹ្កត និងភាសាបាលី យកមកបកប្រែជាភាសាខ្មែរសម័យទំនើប។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជា និងជាប្រធានគម្រោងបកប្រែនេះ បានឲ្យដឹងថា សិលាចារឹកជាង៥០០ផ្ទាំង សុទ្ធសឹងជាទស្សនៈដឹកនាំរដ្ឋ ទស្សនៈច្បាប់ និងទស្សនៈអប់រំល្អៗ សម្រាប់បម្រើជាប្រយោជន៍ដល់ពលរដ្ឋខ្មែរក្នុងសម័យទំនើប។
ការប្រកួតកីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម)លើកទី៣៣ នឹងត្រូវរៀបចំធ្វើឡើងនៅអំឡុងខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសថៃ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងថាកម្ពុជាកំពុងប្រមូលផ្តុំអត្តពលិករបស់ខ្លួនដើម្បីហ្វឹកហាត់ និងរក្សាការចូលរួមការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសថៃដដែល។ មន្ត្រីកីឡាជាន់ខ្ពស់រូបនេះឲ្យដឹងថាម្ចាស់ផ្ទះថៃ កាលពីពេលថ្មីៗនេះ បានធានាអះអាងចំពោះសុវត្ថិភាពរបស់កីឡាករ កីឡាការិនី និងប្រតិភូរបស់កម្ពុជាស្របតាមធម្មនុញ្ញកីឡាអូឡាំពិក និងគោលការណ៍កីឡាតំបន់ ដោយថាកីឡាមិនពាក់ព័ន្ធនឹងរឿងនយោបាយឡើយ។
រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam)រាជធានីភ្នំពេញ ដើម្បីបង្កើនសកម្មភាពបង្ក្រាបបទល្មើសឆបោកអនឡាញក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFIនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥នេះ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា តាមរយៈការបង្កើតគណៈកម្មការមួយច្បាស់លាស់បែបនេះ នឹងជួយជំរុញឱ្យការអនុវត្តវិធានការបង្ក្រាបបទល្មើសឆបោកតាមអនឡាញក្នុងរាជធានីភ្នំពេញកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ តែលោកស្រី ដោ សម្ផស្ស ក៏មិនភ្លេចបញ្ជាក់ថា ការបង្កើតគណៈកម្មការមួយនេះពុំមែនមានន័យថា ភូមិសាស្ត្ររាជធានីភ្នំពេញសម្បូរទៅដោយបទល្មើសឆបោកអនឡាញនោះទេ។
លោក Lawrence Wong នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរីកំពុងបំពេញទស្សនកិច្ច រយៈពេលមួយថ្ងៃ គឺនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ នៅកម្ពុជា។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី០២ ខែកក្កដានេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកឧទ្យាននវានុវត្តន៍សង្គមអង្គរ(ASIP) បានមើលឃើញថាដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីសិង្ហបុរីនៅកម្ពុជាអំឡុងពេលខួប៦០ឆ្នាំនេះ គឺជាការបង្កើនទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរីកាន់តែជ្រាលជ្រៅបន្ថែមទៀត។ ទាក់ទងទៅនឹងជម្លោះព្រំដែនកម្ពុជា-ថៃ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បញ្ជាក់ថាសិង្ហបុរីក៏មានជំហរដូចកម្ពុជាដែរ គឺការដោះស្រាយគ្នាដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ។
From the publisher's feed
បទសម្ភាសជាមួយអ្នកនយោបាយ តំណាងសង្គមស៊ីវិល ឬអ្នកឯកទេសផ្សេងៗ ដើម្បីនិយាយពីព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។

14 Listeners

108 Listeners

0 Listeners

0 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

0 Listeners

3 Listeners

1 Listeners

0 Listeners

13 Listeners

6 Listeners

14 Listeners