
Sign up to save your podcasts
Or


របាយការណ៍ស្ទង់មតិមួយ បានរកឃើញថា ៩១ភាគរយនៃអ្នកសារព័ត៌មានដែលបានចូលរួមស្ទង់មតិ បានឆ្លើយថាពួកគេព្រួយបារម្ភអំពីសុវត្ថិភាពអាយុជីវិត នៅពេលបំពេញវិជ្ជាជីវៈជាអ្នកសារព័ត៌មានឯករាជ្យនៅកម្ពុជា ហើយ៤៤ភាគរយបានអះអាងថា ធ្លាប់ជួបបញ្ហាសុវត្ថិភាព ក្នុងឆ្នាំ២០២៤។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១ខែកក្កដានេះ លោកស្រី ឆន សុគន្ធា នាយិកានៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) បានថ្លែងថា ការស្ទង់មតិនេះ ដើម្បីចង់ដឹងថា តើអ្នកសារព័ត៌មានដែលរាយការណ៍ពីរឿងរសើបៗ មានបញ្ហាប្រឈមអ្វីខ្លះ ក្នុងន័យឲ្យភាគីពាក់ព័ន្ធជួយរកដំណោះស្រាយ។
ជម្លោះព្រំដែនកម្ពុជា-ថៃ បានឈានទៅដល់ការជំរុញឲ្យឈប់ទិញ និងប្រើប្រាស់ទំនិញថៃនៅក្នុងទីផ្សារកម្ពុជា។ បញ្ហានេះក៏ព្រោះតែភាគីថៃបានប្រកាសបិទបើកច្រកទ្វារព្រំដែនមិនប្រក្រតីជាឯកតោភាគី។ កម្ពុជាក៏បានឆ្លើយតបវិញតាមរយៈការបិទមិនឲ្យទំនិញថៃរួមមានបន្លែ និងផ្លែឈើនាំចូល និងឆ្លងកាត់កម្ពុជាដែរ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) បានមើលឃើញថាអវត្តមានទំនិញថៃនៅកម្ពុជា គឺជាឱកាសដ៏ល្អសម្រាប់វិស័យសហគ្រាសធុនតូច និងមធ្យមខ្មែរ។ តាមលោកឧកញ៉ា តែ តាំងប៉ ទំនិញSME កម្ពុជា អាចរ៉ាប់រងតម្រូវការក្នុងប្រទេសបាន ប្រសិនបើពុំមានទំនិញថៃ៕
បើទោះជាស្ថានភាពនៅព្រំដែនកម្ពុជា និងថៃ ក្នុងខេត្តព្រះវិហារ មានសភាពធម្មតាតែពលរដ្ឋជាង១ពាន់គ្រួសារហើយដែលភាគច្រើនជាស្ត្រី និងកូនក្មេង បានចាកចេញពីផ្ទះ ទៅរកទីកន្លែងមានសុវត្ថិភាពក្នុងចំងាយជាង១០០គីឡូម៉ែត្រពីតំបន់ប្រឈមមុខគ្នាដោយអាវុធ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី១៧ ខែមិថុនា លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ ថ្លែងថា អាជ្ញាធរមិនបានជម្លៀសពលរដ្ឋទាំងនោះទេ តែដោយសារការភ័យខ្លាច ពលរដ្ឋបានភៀសខ្លួន ទៅកាន់មណ្ឌលសុវត្ថិភាពបណ្ដោះអាសន្ន នៅវត្តពោធិ៍៥០០០ដើម ក្នុងស្រុកគូលែន។ លោកថា ចំនួនពលរដ្ឋភៀសខ្លួនដោយសារការភ័យខ្លាចអាចបន្តកើនឡើង៕
អាជ្ញាធរខេត្តបន្ទាយមានជ័យបានអះអាងពីការត្រៀមខ្លួនជម្លៀសពលរដ្ឋខ្មែរទៅកាន់តំបន់ដែលមានសុវត្ថិភាព ក្នុងករណីផ្ទុះអាវុធ ឬបិទច្រកព្រំដែនជាមួយថៃ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យបានអះអាងថា អាជ្ញាធរខេត្តបន្ទាយមានជ័យបានកំណត់តំបន់មួយចំនួនរួចហើយ ដែលមានចម្ងាយឆ្ងាយពីព្រំដែនកម្ពុជា-ថៃ ធ្វើជាទីតាំងមានសុវត្ថិភាព។ តាមលោក លី សុវណ្ណារិទ្ធ ទីតាំងមានសុវត្ថិភាពទាំងនោះនឹងត្រៀមទទួលពលរដ្ឋពីស្រុកចំនួន៤ និងក្រុងចំនួន១ ដែលជាតំបន់ប្រឈមនឹងហានិភ័យក្នុងពេលផ្ទុះអាវុធជាមួយថៃ។
ចាប់តាំងពីរដ្ឋការលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ តម្លើងពន្ធលើមុខទំនិញពីប្រទេសផ្សេងៗនាំចូលអាមេរិកកាលពីខែមេសា ឆ្នាំ២០២៥មក វិស័យអចលនទ្រព្យកម្ពុជាបានទទួលរងផលប៉ះពាល់លើផ្នែកមួយចំនួន។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ លោកឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានគូសបញ្ជាក់ថា អ្នកវិនិយោគលើវិស័យអចលនទ្រព្យកំពុងស្ថិតក្នុងស្ថានភាពរង់ចាំមើលនៅឡើយ ក្រោយការដាក់ពន្ធរបស់លោក ដូណាល់ ត្រាំ។ តាមលោក សន សៀប វិស័យអចលនទ្រព្យកម្ពុជាបានរងផលប៉ះពាល់ជាពិសេសលើប្រភេទអចលនទ្រព្យបែបឧស្សាហកម្ម។
កងទ័ពកម្ពុជា និងកងទ័ពថៃបានប៉ះទង្គិចគ្នាដោយអាវុធមួយប្រាវកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចព្រំដែនមុំ៣ ក្នុងខេត្តព្រះវិហារ ដែលបណ្តាលឲ្យទាហានកម្ពុជាម្នាក់បាត់បង់ជីវិត។ ហេតុការណ៍នេះបានរុញឲ្យស្ថានការណ៍ព្រំដែនរវាងកម្ពុជា និងថៃ មានភាពតានតឹង ដោយកម្ពុជាបានចោទប្រកាន់ទាហានថៃថាបានលួចវាយឆ្មក់មកលើទាហានកម្ពុជា។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥នេះ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជាបានសម្តែងនូវការព្រួយបារម្ភចំពោះហេតុការណ៍ដែលបានកើតឡើង និងថាហេតុការណ៍នេះនឹងប៉ះពាល់ធំធេង ដល់វិស័យទេសចរណ៍នៃប្រទេសទាំងពីរ ប្រសិនបើមិនមានដំណោះស្រាយ៕
ពលរដ្ឋខ្មែរកម្ពុជាក្រោមនៅលើពិភពលោក រួមទាំងកម្ពុជានឹងប្រារព្ធខួប៧៦ឆ្នាំនៃថ្ងៃដែលបារាំងផ្ទេរដែនដីកម្ពុជាក្រោមទៅឲ្យវៀតណាមត្រួតត្រា កាលពីថ្ងៃទី៤ មិថុនា ឆ្នាំ១៩៤៩។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ លោក សឺន ជុំជួន អគ្គលេខាធិការ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ថ្លែងថា បើទោះជាអង្គការសហប្រជាជាតិផ្តល់អនុសាសន៍ជាង៣០០ចំណុចឲ្យវៀតណាមគោរពសិទ្ធិជនជាតិដើមក៏ដោយ ក៏វៀតណាមនៅតែបន្តគាបសង្កត់កាន់តែខ្លាំងឡើងទៅលើពលរដ្ឋខ្មែរក្រោម។ បើតាម លោក សឺន ជុំជួន មានពលរដ្ឋខ្មែរក្រោម និងព្រះសង្ឃជិត២០អង្គ/នាក់ត្រូវបានចាប់ឃុំខ្លួនក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដោយសារតែការបញ្ចេញមតិ៕
ក្រោយហេតុការណ៍ប៉ះទង្គិចដោយអាវុធរវាងកងទ័ពកម្ពុជានិងកងទ័ពថៃ នៅតំបន់មុំបី កាលពីថ្ងៃទី២៨ឧសភា មានពលរដ្ឋជាង១០០គ្រួសារបានជម្លៀសខ្លួនចេញពីលំនៅឋាន ដើម្បីរកកន្លែងមានសុវត្ថិភាព។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ នៅថ្ងៃទី១ ខែមិថុនា លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ បានឲ្យដឹងថា មានពលរដ្ឋ១១៩គ្រួសារ ត្រូវបានអាជ្ញាធរឲ្យស្នាក់អាស្រ័យនៅកន្លែងសុវត្ថិភាព ដែលមានចម្ងាយឆ្ងាយពីតំបន់ប៉ះទង្គិចប្រមាណ ១១៥គីឡូម៉ែត្រ។ ក៏ប៉ុន្តែមកដល់ថ្ងៃទី៣១ឧសភា អាជ្ញាធរបានសម្រេចចិត្តបញ្ជូនពលរដ្ឋទាំងនោះ ទៅលំនៅឋានរៀងៗខ្លួន ដោយសារស្ថានភាពបានស្ងប់ស្ងាត់។ យ៉ាងនេះក្តី លោកថា អាជ្ញាធរនៅបម្រុងវិធានការសុវត្ថិភាពបន្ថែមទៀតចំពោះពលរដ្ឋដែលរស់នៅកៀកនឹងតំបន់មុំបី។
មន្ទីរពេទ្យជាតិតេជោសន្តិភាពបានត្រៀមគ្រែពេទ្យជាង១ពាន់កន្លែងសម្រាប់ទទួលអ្នកជំងឺឆ្លង គ្រាដែលកូវីដ១៩ប្រភេទJN.1បានកម្រើកឡើងវិញនាប៉ុន្មានសប្តាហ៍កន្លងមកនេះ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី៣១ ខែឧសភានេះ លោកវេជ្ជបណ្ឌិត ណូ សុភា នាយករងមន្ទីរពេទ្យជាតិតេជោសន្តិភាព ថ្លែងថា ត្បិតនៅប្រទេសជិតខាងមានការផ្ទុះខ្លាំងជំងឺកូវីដ១៩ប្រភេទJN.1 សម្រប់កម្ពុជា លោកថា មិនគួរភ័យព្រួយបារម្ភខ្លាំងពេកនោះទេ។ តែលោកបានពន្យល់ថា ការទៅចាក់វ៉ាក់សាំងនៅតែជារឿងសំខាន់៕
កង្វះធនធានទឹកជាឧបសគ្គចម្បងសម្រាប់ការអភិវឌ្ឍន៍ជនបទកម្ពុជាដែលប្រជាពលរដ្ឋភាគច្រើនជាកសិករ។ ដើម្បីធានាឱ្យមានទឹកខួបប្រាំង ខួបវស្សាប្រើប្រាស់នៅតំបន់ជនបទ រដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធចំនួន៣ គឺក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទបានជួបប្រជុំគ្នាលើកទី៤ ស្តីពី «កសិកម្ម-ទឹក-ជនបទ»។ កម្មវត្ថុ គឺលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចវិស័យកសិកម្មកម្ពុជា តាមរយៈការកសាងអាងស្តុកទឹក ប្រព័ន្ធធារាសាស្ត្រ និងការប្រើប្រាស់កម្មវិធីទាញយកព័តមានឧតុនិយម។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៣០ ឧសភា លោក ពិត ករុណា អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទលើកឡើងថា ជំនួបត្រីវិស័យនេះនឹងពន្លឿនការដោះស្រាយកង្វះធនធានទឹកនៅកម្ពុជា។
From the publisher's feed
បទសម្ភាសជាមួយអ្នកនយោបាយ តំណាងសង្គមស៊ីវិល ឬអ្នកឯកទេសផ្សេងៗ ដើម្បីនិយាយពីព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។

14 Listeners

108 Listeners

0 Listeners

0 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

0 Listeners

3 Listeners

1 Listeners

0 Listeners

13 Listeners

6 Listeners

14 Listeners