
Sign up to save your podcasts
Or


នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចប់តំណែងឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី។ ការដកតំណែងពីមន្ត្រីនគរបាល និងមន្ត្រីកងរាជអាវុធហត្ថខាងលើ មិនបានបញ្ជាក់ពីមូលហេតុទេ។ តែប្រព័ន្ធផ្សព្វផ្សាយស្និទ្ធនឹងគណបក្សកាន់អំណាចបានដកស្រង់ប្រភពនានាមកផ្សាយថាអាចពាក់ព័ន្ធនឹងការមិនបង្ក្រាបបទល្មើសឆបោកអនឡាញ។ ការបញ្ចប់តំណែងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធខេត្តភូមិភាគឥសានដំណាលគ្នានេះ ស្របពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានរម្លឹកនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រម្សិលមិញ ឲ្យអាជ្ញាធរបន្តបោសសម្អាតអំពើឆបោកអនឡាញឲ្យបានម៉ឺងម៉ាត់។
នៅថ្ងៃទី២១ ឧសភា អគ្គនាយកដ្ឋានពន្ធនាគារបានសម្រេចផ្ទេរអ្នកទោសជាក្មេងទំនើងជិត ៨០០នាក់ពីបណ្តាមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្តមួយចំនួនទៅអនុវត្តទោសបន្តនៅមណ្ឌលអប់រំ កែប្រែខេត្តពោធិ៍សាត់ និងឧត្តរមានជ័យ។ ការផ្ទេរលើកដំបូងនេះមានគោលបំណងបង្កើនការអប់រំកែប្រែស្តារនីតិសម្បទារបស់អ្នកទោសជាក្មេងទំនើង តាមរយៈការបណ្តុះបណ្តាលជំនាញកសិកម្ម និងជំនាញសំណង់ដែលជួយគាំទ្រដល់កងកម្លាំងជួរមុខ។ អ្នកតាមដានសង្គមរំពឹងថា វិធានការមួយនេះនឹងជួយកែប្រែក្មេងទំនើងឱ្យក្លាយជាធនធានដ៏ល្អសម្រាប់សង្គមជាតិ តែក៏បានស្នើឱ្យមន្ត្រីតាមពន្ធនាគារជៀសវាងការអនុវត្តទោសដែលរំលោភពលកម្មកុមារ និងសិទ្ធិរបស់ជនជាប់ទោស។ តើការប្រើទណ្ឌិតក្មេងទំនើងឱ្យជួយការងារកងទ័ពផ្តល់ប្រយោជន៍អ្វីខ្លះដល់ជាតិ?
អស់រយៈពេលជាង ២ឆ្នាំដែលអាមេរិកមិនបានបញ្ជូនតំណាងឯកអគ្គរដ្ឋទូតរបស់ខ្លួនឲ្យមកប្រចាំការនៅក្នុងប្រទេសកម្ពុជាទេ។ លោក Patrick Murphy គឺជាឯកអគ្គរដ្ឋទូតអាមេរិកចុងក្រោយប្រចាំនៅកម្ពុជា។ តែតាំងពីលោក Patrick Murphy ចប់អាណត្តិទៅ អាមេរិកបានសម្រេចដាក់ត្រឹមភារធារីគឺលោកស្រី Bridgette L.Walker ឲ្យទទួលខុសត្រូវក្នុងទំនាក់ទំនងការទូតជាមួយកម្ពុជា ហើយអាណត្តិរបស់លោកស្រី Bridgette L.Walker ក៏បានបញ្ចប់ដែរ។ អ្នកជំនាញផ្នែកកិច្ចការអន្តរជាតិយល់ថា អវត្តមានឯកអគ្គរដ្ឋទូតអាមេរិកនៅកម្ពុជាជាង ២ឆ្នាំកន្លងទៅនេះជាការមិនឲ្យតម្លៃស្មើមុខ ស្មើមាត់នៅក្នុងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ តែមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជាច្រានចោលការលើកឡើងបែបនេះ និងថា អាមេរិកមិនដែលរើសអើងលើទំនាក់ទំនងការទូតជាមួយកម្ពុជាទេ។
អ្នកប្រើប្រាស់បណ្តាញសង្គម និងមហាជនជាច្រើនបាននាំគ្នាបញ្ចេញប្រតិកម្មចំពោះភាពអនាធិបតេយ្យតាមដងផ្លូវដែលបង្កឡើងដោយក្រុមម៉ូតូធំ តាមរយៈការជិះបង្ហោះ និងវ៉ាជែងមិនគោរពច្បាប់ចរាចរណ៍។ ទន្ទឹមគ្នានេះ ពលរដ្ឋថែមទាំងបានរិះគន់អាជ្ញាធរដែលមិនព្រមចាត់វិធានការលើក្រុមម៉ូតូធំទាំងនោះ ដូចដែលបានអនុវត្តទៅលើក្រុមក្មេងទំនើង។ អ្នកសិក្សាស្រាវជ្រាវសង្គមក៏យល់ឃើញដូច្នេះដែរ និងទទូចឱ្យសមត្ថកិច្ចចាត់វិធានការឱ្យបានម៉ឺងម៉ាត់ និងតម្លាភាព។ តើអាជ្ញាធរគួរមានវិធានការអ្វីខ្លះលើបុគ្គល ឬក្រុមជិះម៉ូតូគ្មានសណ្តាប់ធ្នាប់លើដងផ្លូវ?
បារាំងបានយល់ព្រមផ្តល់សិទ្ធិឱ្យភាគីកម្ពុជា និងថៃចូលពិនិត្យ និងស្នើសុំប្រើប្រាស់រាល់ឯកសារទាំងអស់ពាក់ព័ន្ធនឹងព្រំដែនរវាងប្រទេសទាំងពីរ។ នេះជាលទ្ធផលនៃជំនួបទ្វេភាគីរវាងលោក អូលីវីយេ រីស្ហា ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា និងលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកាលពីថ្ងៃទី១៣ ឧសភាកន្លងទៅ។ អ្នកជំនាញកិច្ចការអន្តរជាតិយល់ថា នេះជាសញ្ញាវិជ្ជមានមួយសម្រាប់ជួយដោះស្រាយព្រំដែនកម្ពុជា-ថៃ ព្រោះវាជាការផ្តល់មូលដ្ឋានគ្រឹះគតិយុត្តិច្បាស់លាស់ និងតម្លាភាពពីរដ្ឋាភិបាលបារាំង។ តើកម្ពុជាអាចពឹង និងសង្ឃឹមអ្វីខ្លះពីឯកសារបារាំងសម្រាប់ការដោះស្រាយជម្លោះព្រំដែនជាមួយថៃ?
ក្នុងពិធីអបអរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានណែនាំឲ្យមានការរៀបចំមេដាយពិសេស សម្រាប់កងកម្លាំងដែលបានចូលរួមប្រយុទ្ធការពារបូរណភាពទឹកដីនៅក្នុងសង្គ្រាមព្រំដែនជាមួយថៃក្នុងឆ្នាំ២០២៥។ ចំណែក យុទ្ធជនដែលពលី រដ្ឋាភិបាលនឹងពិចារណាសង់ស្តូប ដែលមានឆ្លាក់ឈ្មោះយុទ្ធជនទាំងនោះ ដើម្បីទទួលស្គាល់ពីការលះបង់ និងជាដឹងគុណដល់ពួកគេ។ លើសពីការផ្តល់មេដាយ និងសង់ស្តូបជូនយុទ្ធជន តើរដ្ឋគួរលើកទឹកអ្វីទៀតដល់កងទ័ពជួរមុខ?
នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានប្រកាសនៅក្នុងពិធីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជានាព្រឹកថ្ងៃទី១៥ ឧសភានេះថា រដ្ឋាភិបាលនឹងធ្វើកំណែទម្រង់ក្រសួងការពារជាតិដោយគ្រោងលុបចោលនាយកដ្ឋាន និងកាត់ការិយាល័យខ្លះដើម្បីពង្រឹងសមត្ថភាពកងកម្លាំងនៅថ្នាក់ក្រោម។ អ្វីដែលលោក ហ៊ុន ម៉ាណែតចង់បាន គឺធ្វើយ៉ាងណាឱ្យវិស័យការពារជាតិមានក្បាលតូច ខ្លួនធំ។ អ្នកឃ្លាំមើលការវិវត្តសង្គមសាទរចំពោះកំណែទម្រង់នេះ តែក៏បានទទូចឱ្យរដ្ឋាភិបាលវះកាត់មន្ត្រីគ្រាប់ល្ពៅ និងអំពើពុករលួយជាប្រព័ន្ធ រួមទាំងត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះកងទ័ពជួរមុខ។ តើកំណែទម្រង់ក្នុងរូបភាព « ក្បាលតូច ខ្លួនធំ » អាចបង្កើនប្រសិទ្ធភាពក្នុងវិស័យការពារជាតិបានកម្រិតណា?
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន តាមរយៈអ្នកនាំពាក្យលោក ជា ធីរិទ្ធ បានឲ្យដឹងនៅថ្ងៃទី១៤ ឧសភានេះថា លោក ហ៊ុន សែន បានស្នើឲ្យពិនិត្យដកមន្រ្តីកាំកុងត្រូល(ក.ប.ប.) ដែលកុហករឿងទុរេននាំចូល ដើម្បីជាសារព្រមានដល់មន្រ្តីទាំងអស់ កុំឲ្យពូកែកុហកថ្នាក់លើ និងប្រជាជន។ អ្នកតាមដានសង្គម និងអ្នកនយោបាយនានាមើលឃើញថា ការព្រមានរបស់លោក ហ៊ុន សែន របៀបនេះមិនមែនធ្វើឡើងជាលើកទី១ទេ តែមន្ត្រី ដែលបានរាយការណ៍កុហកថ្នាក់លើខ្លះភ័យខ្លាច និងខ្លះទៀតក៏នៅតែឆ្លៀតឱកាសដដែល។ តើសារព្រមានរបស់លោក ហ៊ុន សែន លើមន្ត្រី ក.ប.ប. ពេលនេះ អាចកែប្រែឥរិយាបទមន្ត្រីខិលខូចបានកម្រិតណាដែរ?
នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ថៃបានបង្ហាញចេតនាទាត់ចោលយន្តការ UNCLOS ខណៈកម្ពុជាបានបញ្ជាក់ជំហរម្តងហើយម្តងទៀតពីការសម្រេចជ្រើសរើសយកយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំដែលស្ថិតក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រត្រួតគ្នាជាមួយថៃ។ អ្នកនាំពាក្យរដ្ឋាភិបាលថៃបានអះអាងថា ភាគីថៃគ្រាន់តែទទួលស្គាល់ពីចេតនារបស់កម្ពុជាដែលសម្រេចប្រើយន្តការ UNCLOS ដើម្បីដោះស្រាយបញ្ហាព្រំដែនទឹក តែថៃមិនបានទទួលយកសំណើណាមួយទេ។ តើកម្ពុជាត្រូវដោះស្រាយបញ្ហាដែនសមុទ្រតាមផ្លូវណាទៀត បើថៃទាត់ចោលយន្តការ UNCLOS?
នៅប្រទេសថៃ អតីតនាយករដ្ឋមន្រ្តី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញនាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីលោកបានជាប់ក្នុងពន្ធនាគារអស់រយៈពេល ២៤៣ថ្ងៃ។ ចំណែកនៅប្រទេសភូមា លោកស្រី អ៊ុង សានស៊ូជីត្រូវបានផ្ទេរពីពន្ធនាគារទៅឃុំក្នុងផ្ទះវិញ។ អ្នកនយោបាយប្រឆាំង និងអ្នកវិភាគខ្លះយល់ថា រដ្ឋាភិបាលកម្ពុជាគួរដោះស្រាយវិបត្តិនយោបាយផ្ទៃក្នុង ដើម្បីជំរុញឲ្យមានការផ្សះផ្សា និងពង្រឹងឯកភាពជាតិ។ តែអ្នកនាំពាក្យគណបក្សកាន់អំណាច លោក ជា ធីរិទ្ធបានចាត់ទុកការលើកឡើងបែបនេះថាជាការប្រៀបធៀបខុសរបៀប។ តើមានមេរៀនផ្សះផ្សាវិបត្តិនយោបាយផ្ទៃក្នុងអ្វីខ្លះដែលកម្ពុជាអាចរៀនពីប្រទេសជិតខាង?
From the publisher's feed

14 Listeners

1,098 Listeners

108 Listeners

3 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

13 Listeners

0 Listeners

14 Listeners

0 Listeners

5 Listeners