
Sign up to save your podcasts
Or


ជម្លោះព្រំដែនកម្ពុជា និងថៃ ចាប់ផ្តើមកើនកម្តៅខ្លាំងឡើង នៅក្រោយថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២៥ បន្ទាប់ពីទាហានថៃបានចូលមកបាញ់សម្លាប់ទាហានកម្ពុជាម្នាក់នៅតំបន់មុំបីក្នុងខេត្តព្រះវិហារ។ ក្រោយហេតុការណ៍នេះ ភាគីជាគូជម្លោះទាំងសងខាងបានបង្កើនកម្លាំងទ័ពរៀងៗខ្លួនទៅកាន់ព្រំដែនជួរមុខ។ ជាបន្តបន្ទាប់មក ភាគីថៃបានបិទព្រំដែនជាឯកតោភាគី។ ជាការឆ្លើយតបវិញ កម្ពុជាក៏បានបិទការនាំចូលបន្លែ ផ្លែឈើ ប្រេង និងឧស្ម័នពីប្រទេសថៃ។ អ្នកតាមដានស្ថានការណ៍នយោបាយ កត់សំគាល់ថា ការកើនកម្តៅជម្លោះព្រំដែននៃប្រទេសទាំងពីរនេះ ជាផ្នែកមួយ កើតចេញពីជម្លោះគ្រួសាររបស់មេដឹកនាំ និងដោយសារតែយោធាថៃមិនព្រមទទួលស្គាល់ផែនទីអន្តរជាតិ។
គិតចាប់តាំងពីជម្លោះព្រំដែនកម្ពុជា-ថៃ បានកើតឡើងមក ភាគីកម្ពុជាបានសម្រេចបិទការនាំចូលទំនិញមួយចំនួនពីប្រទេសថៃ មានដូចជា បន្លែ ផ្លែឈើ ប្រេងនិងឧស្ម័ន។ ការសម្រេចរបស់កម្ពុជា ក៏ដោយសារតែភាគីថៃបានគំរាមជាញឹកញយក្នុងការផ្អាកការនាំចេញប្រេងចូលមកកម្ពុជា។ អ្នកសេដ្ឋកិច្ចយល់ថា បញ្ហានេះមិនមែនជាសញ្ញានៃសង្រ្គាមពាណិជ្ជកម្មរវាងកម្ពុជា-ថៃឡើយ។ តែអ្នកតាមដានភូមិសាស្ត្រនយោបាយវិញ គិតថា នេះជាសញ្ញាដែលឈានទៅរកសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងពេលខាងមុខ។
ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន នៅព្រឹកថ្ងៃសុក្រទី២៧មិថុនានេះ បានចេញមកបកអាក្រាតនយោបាយផ្ទៃក្នុងថៃ ជាពិសេសសំណុំរឿងអាស្រូវពាក់ព័ន្ធនឹងគ្រួសារនាយករដ្ឋមន្ត្រីថៃ។ ពីខេត្តព្រះវិហារ លោក ហ៊ុន សែន ថាការសម្រេចចិត្តបកអាក្រាតនយោបាយផ្ទៃក្នុងថៃ ក៏ដោយសារតែនាយករដ្ឋមន្ត្រីថៃបានប្រមាថចំពោះលោកថាជាមនុស្សគ្មានវិជ្ជាជីវៈ។ អ្នកតាមដានកិច្ចការអន្តរជាតិយល់ថា លោក ហ៊ុន សែន កំពុងប្រើប្រាស់យុទ្ធសាស្ត្របោះអុសទៅក្នុងភ្នក់ភ្លើង ដើម្បីបង្កើតភាពមិនទុកចិត្តគ្នានៅក្នុងនយោបាយផ្ទៃក្នុងថៃ។
ក្រសួងការបរទេសកម្ពុជាបានកោះហៅតំណាងទូតបរទេសទាំងអស់នៅកម្ពុជាដើម្បីប្រាប់ពីស្ថានភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្រៅពីនេះ ក្នុងថ្ងៃទី២៥មិថុនាម្សិលមិញ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ក៏បានស្នើឱ្យជប៉ុនជំរុញឱ្យថៃ យល់ព្រមដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។ បន្ថែមពីការដាក់ពាក្យបណ្តឹងទៅ ICJ កម្ពុជាក៏បានគំរាមប្តឹងទៅអង្គការសហប្រជាជាតិទៀត ប្រសិនបើជម្លោះព្រំដែនជាមួយថៃកាន់តែធ្ងន់ធ្ងរជាងនេះ។ អ្នកវិភាគនយោបាយ និងកិច្ចការបរទេសចាត់ទុកការពឹងសហគមន៍អន្តរជាតិឱ្យជួយសម្របសម្រួលក្នុងជម្លោះព្រំដែនជាជំហរការទូតចាស់ទុំ និងមានប្រសិទ្ធភាព។ តែអ្នកជំនាញដដែលផ្តល់ជាយោបល់ថា កម្ពុជាមិនត្រូវសុំឱ្យបរទេសជួយក្នុងក្របខណ្ឌទ្វេភាគីឡើយ តែកម្ពុជាត្រូវពឹងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឱ្យជួយជាមុនសិន។
ក្នុងជម្លោះព្រំដែនគោករវាងកម្ពុជា-ថៃ បាននិងកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការធ្វើពាណិជ្ជកម្ម ការចេញចូលរបស់ពលរដ្ឋនៃប្រទេសទាំងពីរ ពិសេសភ្ញៀវទេសចរ។ អ្នកជំនាញវិស័យទេសចរណ៍មើលឃើញថា វិធានការបិទច្រកព្រំដែនរវាងប្រទេសកម្ពុជា និងថៃ បានបង្កការរាំងស្ទៈខ្លាំងដល់ការធ្វើដំណើរចេញចូលរបស់ភ្ញៀវទេសចរបរទេស ខណៈទេសចរបរទេសភាគច្រើនតែងនិយមធ្វើដំណើរមកប្រទេសថៃ រួចបន្តដំណើរតាមផ្លូវគោកតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតមកកម្ពុជា។ តែយ៉ាងណា អ្នកជំនាញយល់ថា ផលប៉ះពាល់អាចមានរយៈពេលខ្លី ខណៈភ្ញៀវទេសចរបរទេសអាចធ្វើដំណើរតាមផ្លូវអាកាសជំនួសវិញ។
ចាប់ពីថ្ងៃទី២៣ មិថុនា ឆ្នាំ២០២៥តទៅ ភាគីថៃបានសម្រេចជាឯកតោភាគីបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជាក្រោមហេតុផលការពារសន្តិសុខជាតិ និងចោទថាកម្ពុជាជាមជ្ឈមណ្ឌលឆបោកអនឡាញ។ ភាគីថៃអះអាងថា ខ្លួននឹងលើកលែងការចេញចូលច្រកព្រំដែនសម្រាប់អ្នកជំងឺ និងសិស្សសាលាតែប៉ុណ្ណោះ។ អ្នកជំនាញកិច្ចការអន្តរជាតិ យល់ឃើញថា ការសម្រេចបិទច្រកព្រំដែនទាំងស្រុងនាពេលនេះបាននិងកំពុងទាញទម្លាក់ទំនាក់ទំនងការទូតរបស់ប្រទេសទាំង២ឲ្យធ្លាក់ចុះ ខណៈស្ថានការណ៍ជម្លោះព្រំដែនកំពុងមានភាពក្តៅគគុក និងតានតឹងខ្លាំង។ តើហេតុអ្វីបានជាទំនាក់ទំនងកម្ពុជា-ថៃ កាន់តែធ្លាក់ចុះទៅនៅពេលនេះ?
ភាពតានតឹងរវាងកម្ពុជា និងថៃបានបន្តកើនឡើង នៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរដែលនៅជាប់ភ្នំដងរែក និងតំបន់ប្រាសាទបុរាណខ្មែរមួយចំនួននៅ ប៉ែកឧត្តរនៃប្រទេសកម្ពុជា។ ភាគីថៃបានបង្ហាញជំហររួបរួមផ្ទៃក្នុង ក្រោយការបែកធ្លាយសំឡេងសន្ទនារវាងប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ។ ចំណែក ក្រុមប្រឹក្សាជាតិតស៊ូ ដែលបង្កើតឡើងដោយ លោក សម រង្ស៊ី បានអំពាវនាវឲ្យអ្នកនយោបាយខ្មែរបង្រួបបង្រួមជាតិ ក្នុងកាលៈទេសៈដ៏តានតឹង ដែលកម្ពុជា កំពុងមានជម្លោះជាមួយប្រទេសថៃ។ តើក្នុងស្ថានភាពនេះ អ្នកនយោបាយខ្មែរអាចស្វែងរកការឯកភាពជាតិយ៉ាងណា ដើម្បីទប់ទល់នឹងការឈ្លានពានរបស់បរទេស?
ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានអះអាងកាលពីថ្ងៃទី២០មិថុនា ថាកម្ពុជាមិនស្លាប់ដោយសារការបិទការនាំចូលប្រេងពីប្រទេសថៃឡើយ តែថាក្រុមហ៊ុនថៃ ដូចជា PTT ទៅវិញដែលស្លាប់ខ្លួនឯង។ ការចេញអះអាងរបស់ប្រមុខគណបក្សកាន់អំណាច ជាការឆ្លើយតបនឹងក្រុមប្រឆាំងថៃ ដែលចង់ឲ្យរដ្ឋាភិបាលថៃឈប់លក់ប្រេងឲ្យកម្ពុជា ក្នុងស្ថានភាពប្រឈមនៃបញ្ហាព្រំដែន។ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅកម្ពុជា យល់ស្របនឹងការលើកឡើងរបស់ លោក ហ៊ុន សែន ដែលថា កម្ពុជាមិនបារម្ភចំពោះករណីខ្វះប្រេង ព្រោះកម្ពុជាមានទីផ្សារដទៃសម្រាប់នាំចូលប្រេងមកជំនួស។ តែអ្វីដែលអ្នកសេដ្ឋកិច្ច លើកជាយោបល់ គឺកម្ពុជាត្រូវធ្វើពិពិធកម្មទីផ្សារនាំចូលប្រេងបន្ថែមទៀត ដើម្បីទប់ទល់ក្នុងគ្រាអាសន្នណាមួយកើតឡើង។
ក្រោយព្យុះភ្លៀងក្នុងចំណោមផ្ទៃក្នុងថៃ ដែលបណ្តាលមកពីការបែកធ្លាយសំឡេងសន្ទនារវាងនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ និងអតីតនាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន សែន ថៃហាក់បង្ហាញនូវរូបភាពស្ងប់ស្ងាត់បន្តិច។ ថៃតាមរយៈលោកស្រី ផែថងថាន បានអះអាងពីសាមគ្គីភាពផ្ទៃក្នុងនៃប្រជាជាតិខ្លួន និងថា ថៃគ្មានពេលបង្កើតជម្លោះផ្ទៃក្នុងឡើយ។ ជាក់ស្តែងនៅថ្ងៃទី២០ ខែមិថុនានេះ នាយករដ្ឋមន្ត្រីថៃ និងមេទ័ពថៃបានធ្វើទស្សនកិច្ចរួមគ្នានៅតំបន់ព្រំដែនជាប់កម្ពុជា។ អ្នកតាមដានកិច្ចការអន្តរជាតិនានានៅក្នុងប្រទេសកម្ពុជា បានកត់សម្គាល់ថា ក្នុងពេលដែលថៃកំពុងបង្ហាញពីសាមគ្គីភាពផ្ទៃក្នុងបែបនេះ កម្ពុជាត្រូវត្រៀមយុទ្ធសាស្ត្រយ៉ាងសកម្មបំផុត ទាំងផ្នែកការទូត ផ្នែកច្បាប់ និងផ្នែកការពារជាតិ។
ក្រសួងការបរទេសថៃនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានដាក់លិខិតតវ៉ាជាផ្លូវការទៅកាន់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ពាក់ព័ន្ធនឹងការបែកធ្លាយសារសំឡេងសន្ទនាជាលក្ខណៈឯកជនរវាងលោកស្រី ផែថងថាន ស៊ីណាវ៉ាត នាយករដ្ឋមន្រ្តីថៃ និងលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ ក្រសួងការបរទេសថៃអះអាងថា ការបញ្ចេញសារសន្ទនានេះ គឺមិនអាចទទួលយកបាន ដោយសារការបែកធ្លាយសំឡេងសន្ទនានេះប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី និងទំនុកចិត្តជាអន្តរជាតិ។ អ្នកជំនាញកិច្ចការទំនាក់ទំនងអន្តរជាតិយល់ឃើញថា ការបែកធ្លាយ ឬបញ្ចេញសន្ទនាឯកជនរបស់ថ្នាក់ដឹកនាំកម្ពុជា-ថៃនេះ មិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរក្នុងទំនាក់ទំនងការទូតឡើយ។ តើការបែកធ្លាយសំឡេងសន្ទនាឯកជនរវាងមេដឹកនាំរដ្ឋនិងរដ្ឋ ឆ្លុះបញ្ចាំងយ៉ាងណាក្នុងទំនាក់ទំនងអន្តរជាតិ?
From the publisher's feed

14 Listeners

1,104 Listeners

108 Listeners

3 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

13 Listeners

0 Listeners

14 Listeners

0 Listeners

5 Listeners