
Sign up to save your podcasts
Or


តើនៅឆ្នាំ២០២៤ នៅកម្ពុជាមានព្រឹត្តិការណ៍សំខាន់ៗអ្វីខ្លះបានកើតឡើង? នៅថ្ងៃទី៣១ ខែធ្នូនេះ អ៊ឹង ប៊ុនថន សូមធ្វើការដកស្រង់អត្ថបទព័ត៌មានចំនួន១០ ដែលជាអត្ថបទដែលមានអ្នកចាប់អារម្មណ៍ច្រើនជាងគេបំផុតប្រចាំឆ្នាំ២០២៤។
កាលពីថ្ងៃទី២៦ ធ្នូ ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោស លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិឲ្យជាប់ពន្ធនាគារ ២ឆ្នាំ ពិន័យប្រាក់ ៤លានរៀល និងដកសិទ្ធបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតជាអចិន្ត្រៃយ៍។ នេះជាករណីកម្រមួយទៀតដូចគ្នានឹងករណី លោក កឹម សុខា ដែរ។ អ្នកនយោបាយខ្លះយល់ថា ទម្ងន់ទោសនេះមានលក្ខណៈធ្ងន់ធ្ងរខ្លាំង និងជាការរំលោភលើរដ្ឋធម្មនុញ្ញដែលចែងថា ពលរដ្ឋខ្មែរមានសិទ្ធិបោះឆ្នោត និងមានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យ៕
នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២៤ រដ្ឋាភិបាលកម្ពុជា បានប្រារព្ធខួបលើកទី១ «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាឈ្មោះផ្លូវការ ខណៈដែលកន្លងមកព្រឹត្តិការណ៍ក្នុងន័យដូចគ្នា នេះត្រូវបានរំឭកទៅដល់នយោបាយឈ្នះឈ្នះនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា កាលពីឆ្នាំ១៩៩៨។ ការកំណត់យកថ្ងៃទី២៩ ធ្នូ ជា«ទិវាសន្តិភាពនៅកម្ពុជា» និងត្រូវបានដាក់ជាថ្ងៃឈប់សម្រាក ជំនួសថ្ងៃឈប់សម្រាក ដើម្បីរំឭកកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ បានញ៉ាំងឲ្យមានទស្សនៈផ្ទុយគ្នារវាងអ្នកនយោបាយខ្មែរ នៅតែបន្តកើតឡើង។
រដ្ឋបាលខេត្តពោធិ៍សាត់បានអំពាវនាវឱ្យពលរដ្ឋ ផ្អាកធ្វើស្រែប្រាំងលើកទី២ បន្ទាប់ពីប្រមូលផលរួចនៅដើមឆ្នាំ ២០២៥ខាងមុខ។ ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី២៤ធ្នូ ២០២៤ រដ្ឋបាលខេត្តពោធិ៍សាត់ គូសបញ្ជាក់ថា ការបន្តធ្វើស្រែប្រាំង លើកទី២ នៅឆ្នាំ២០២៥ អាចនឹងធ្វើឲ្យពលរដ្ឋខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ និងទឹកស្រោចស្រពដំណាំ នៅរដូវប្រាំង។ សូមបញ្ជាក់ថា កាលពីដើមឆ្នាំ២០២៤ រដ្ឋបាលខេត្តពោធិ៍សាត់ក៏ធ្លាប់បានប្រាប់ឲ្យកសិករផ្អាកធ្វើស្រែប្រាំងលើកទី២ដែរ ដោយបារម្ភខ្លាចខ្វះទឹក ខណៈនៅឆ្នាំ២០២៤ មានបាតុភូតរាំងស្ងួត។ អ្នកតាមដានសង្គម យល់ថា ការអំពាវនាវឲ្យកសិករផ្អាកធ្វើស្រែប្រាំងជាថ្មីទៀតនេះ បង្ហាញថា ការអនុវត្តគោលនយោបាយទឹករបស់រដ្ឋាភិបាលនៅមានកម្រិត។
នៅក្នុងច្បាប់ថវិកាឆ្នាំ២០២៥ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសកាលពីថ្ងៃទី២៦ធ្នូ កម្ពុជាគ្រោងខ្ចីថវិកាពីដៃគូអភិវឌ្ឍន៍ចំនួន ជាង២,៧ពាន់លានដុល្លា និងគ្រោងបោះពុម្ពមូលបត្ររដ្ឋចំនួន១២៣លានដុល្លា ដើម្បីដោះស្រាយតម្រូវការវិនិយោគសាធារណៈ ក្នុងប្រទេស។ បើតាមច្បាប់ថវិកានេះ ទាំងគម្រោងកម្ចី និងគម្រោងបោះពុម្ពមូលប័ត្ររដ្ឋនឹងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដែលកំពុងមាននិន្នាការធ្លាក់ថមថយ ពិសេសចំណូលបានមកពីសារពើពន្ធ។ អ្នកវិភាគសេដ្ឋកិច្ចបានសម្លឹងឃើញថា នេះជារឿងទូទៅដែលប្រទេសកំពុងអភិវឌ្ឍន៍អនុវត្តសកម្មភាពសេដ្ឋកិច្ចបែបនេះ ដើម្បីជួយជំរុញសេដ្ឋកិច្ច និងដោះស្រាយបញ្ហាវិនិយោគសាធារណៈ។ តើច្បាប់ថវិកាឆ្នាំ២០២៥របស់រដ្ឋាភិបាលនេះ នឹងអាចជួយកំណើនសេដ្ឋកិច្ចកម្ពុជាបានកម្រិតណា?
ករណីក្មេងទំនើងហាក់កក្រើកឡើងវិញខ្លះ នៅមួយរយៈចុងក្រោយនេះ បើទោះបីរដ្ឋាភិបាលថ្មីយកចិត្តទុកដាក់ និងបញ្ជាឲ្យសមត្ថកិច្ចទូទាំងប្រទេសបង្ក្រាបយ៉ាងម៉ឺងម៉ាត់ អស់រយៈពេលជាង៧ខែកន្លងទៅនេះ។ ក្រសួងយុត្តិធម៌វិញបានសម្តែងមោទនភាពចំពោះការងាររបស់ខ្លួន ក្នុងការនាំយកក្មេងទំនើងឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់។ ទោះយ៉ាងណា ប្រមុខរដ្ឋាភិបាលកម្ពុជានៅតែស្នើឲ្យក្រសួងយុត្តិធម៌ពិចារណាពីលទ្ធភាពធ្វើវិសោធនកម្មច្បាប់ សំដៅធ្វើយ៉ាងណាដាក់ទោសទណ្ឌឲ្យកាន់តែធ្ងន់ធ្ងរបន្ថែមទៀតទៅលើក្មេងទំនើង។ ប៉ុន្តែ អ្នកតាមដានសង្គម និងយុត្តិធម៌នៅកម្ពុជាបានមើលឃើញមធ្យោបាយផ្សេង ក្រៅពីការកែប្រែច្បាប់ឲ្យមានស្ថានទម្ងន់ទោសកាន់តែធ្ងន់ធ្ងរជាងបច្ចុប្បន្ន។
កាសែតបរទេសមួយចំនួនបាន និងកំពុងចុះផ្សាយអំពីភាពអវិជ្ជមាននៃការដឹកនាំរបស់នាយករដ្ឋមន្ត្រីបន្តវេន គឺលោកហ៊ុន ម៉ាណែត។ ជាក់ស្តែងក្នុងថ្ងៃទី២៤ ធ្នូ សារព័ត៌មានអាមេរិក The New York Times បានសរសេរថា ក្រោមការដឹកនាំប្រទេសកម្ពុជាជាង១ឆ្នាំកន្លងទៅនេះ លោកហ៊ុន ម៉ាណែតដែលមានការអប់រំនៅប្រទេសលោកខាងលិចមិនបានជួយលើកកម្ពស់ស្ថានភាពសិទ្ធិមនុស្ស សេរីភាពស៊ីវិល និងនយោបាយនៅកម្ពុជាសោះឡើយ។ ការសរសេរចោទប្រកាន់យ៉ាងដូចនេះដោយសារព័ត៌មានអាមេរិកលើកឡើងពីករណីចាប់ខ្លួនសកម្មជនបរិស្ថាន សកម្មជននយោបាយ រួមទាំងការគំរាមកំហែងបំបិទមាត់ក្រុមប្រឆាំង។ តើលំហប្រជាធិបតេយ្យនៅកម្ពុជាពិតជាកាន់តែធ្លាក់ចុះមែន ឬយ៉ាងណា?
បន្ទាប់ពីបើកសវនាការកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសអតីតឧកញ៉ា ស្រី ស៊ីណា ឲ្យជាប់ពន្ធនាគារសរុបរយៈពេល ៣១ឆ្នាំ តាមរយៈការបំបែកសំណុំរឿងជា៣។ ក្រៅពីនេះ តុលាការក៏បង្គាប់ឲ្យជនជាប់ចោទអាយុ៥១ឆ្នាំ ស្រី ស៊ីណា ដែលបានបាញ់សម្លាប់មនុស្ស២នាក់យ៉ាងព្រៃផ្សៃកាលពីខែមិថុនា ឆ្នាំ២០២៤ នៅបុរីប៉េងហួតបឹងស្នោរ សងជំងឺចិត្តដល់ក្រុមគ្រួសារជនរងគ្រោះសរុបចំនួន ២,៥លានដុល្លារដែរ។ សាលក្រមសាលាដំបូងនេះត្រូវបានអ្នកតាមដានសង្គម និងយុត្តិធម៌យល់ឃើញថា មានការប៉ះប៉ូវសមល្មមនឹងការឈឺចាប់របស់គ្រួសារជនរងគ្រោះ តែនៅមិនទាន់អាចកាត់ថ្លៃបានសម្រាប់តម្លៃជីវិតមនុស្សទេ៕
ក្នុងពេលជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA នៅព្រឹកថ្ងៃទី២៣ ខែធ្នូនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានចាត់ទុកទស្សនៈដែលលើកឡើងថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុទិដ្ឋិនិយម ឬជាទស្សនៈបែប «ចង្អៀតចង្អល់»។ តាម លោក ហ៊ុន ម៉ាណែត គ្មានអ្នកណាម្នាក់ដែលជោគជ័យដោយគ្មានការតស៊ូ និងខំប្រឹងប្រែងនោះទេ។ តែអ្នកវិភាគបញ្ហាសង្គមវិញយល់ថាទស្សនៈ «មានខ្សែទើបបានធ្វើធំ» នៅតែឆ្លុះបញ្ចាំងមួយផ្នែកពីតថភាពសង្គមកម្ពុជានាពេលបច្ចុប្បន្ន៕
ពលរដ្ឋ និងអាជីវករលក់ដូរក្នុងខេត្តព្រះសីហនុមួយចំនួន រអ៊ូររទាំថា វិបត្តិអគារជាប់គាំងរាប់រយកន្លែងក្នុងក្រុងព្រះសីហនុបានលុបសោភ័ណ្ឌភាពទីក្រុង និងធ្វើឱ្យភ្ញៀវទេសចរជាច្រើនគ្មានចំណាប់អារម្មណ៍ចង់មកលេងកម្សាន្តឡើយ។ ពលរដ្ឋទាំងនោះបានស្នើឱ្យអាជ្ញាធរខេត្តពន្លឿននីតិវិធីដោះស្រាយអគារជាប់គាំងឱ្យបានឆាប់ ដើម្បីស្តារមុខមាត់ខេត្តឡើងវិញ ពិសេសដើម្បីទាក់ទាញវិនិយោគិនបរទេស និងភ្ញៀវទេសចរឱ្យធ្វើដំណើរកម្សាន្តមកកាន់ខេត្តព្រះសីហនុ។
From the publisher's feed

14 Listeners

1,104 Listeners

108 Listeners

3 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

13 Listeners

0 Listeners

14 Listeners

0 Listeners

5 Listeners