
Sign up to save your podcasts
Or


នៅថ្ងៃទី២ សីហា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានស្នើឲ្យអភិបាលរាជធានី ខេត្ត ចាត់វិធានការផ្លូវច្បាប់លើការនាំចូលសំណល់អាគុយ សំណល់បរិក្ខារអគ្គិសនី និងគ្រឿងអេឡិចត្រូនិក។ សំណល់ទាំងនេះអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងបរិស្ថាន។ អ្នកជំនាញផ្នែកបរិស្ថាន និងសុខភាពសាធារណៈបានសម្តែងការគាំទ្រចំពោះចំណាត់ការរបស់ក្រសួងបរិស្ថាន។ តែទន្ទឹមគ្នានេះ ពួកគេក៏ជំរុញឱ្យក្រសួងបរិស្ថានពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ថែមទៀតដើម្បីគ្រប់គ្រងសំណល់អាគុយ ថ្មពិល និងគ្រឿងអេឡិចត្រូនិកនៅក្នុងប្រទេស និងសំណល់នាំចូល។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក ថម អែនឌ្រូស បានបិទបញ្ចប់ទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងពេលបំពេញទស្សនកិច្ចរយៈពេល១២ថ្ងៃនៅកម្ពុជា លោក ថម អែនឌ្រូស បានបង្ហាញក្តីបារម្ភទាក់ទងនឹងសិទ្ធិមនុស្សនៅកម្ពុជា ពិសេសសេរីភាពបញ្ចេញមតិ និងសេរីភាពសមាគម បញ្ហាជម្លោះព្រំដែនខ្មែរ-ថៃ និងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។ តើរបាយការណ៍របស់លោក ថម អែនឌ្រូស មានទម្ងន់យ៉ាងណាចំពោះបញ្ហាដែលកើតឡើងនៅកម្ពុជា ដើម្បីប្រាប់ទៅពិភពលោក?
គ្រោះថ្នាក់ចរាចរណ៍បុកស្លាប់អ្នកដទៃ និងគេសវេសមិនទទួលខុសត្រូវដែលបង្កឡើងដោយបុគ្គលអ្នកមានទ្រព្យសម្បត្តិ និងអ្នកមានអំណាចនៅបន្តកើតឡើងជាបន្តបន្ទាប់។ សោកនាដកម្មនេះបានបញ្ឆេះកំហឹងរបស់ពលរដ្ឋ និងបានទាមទារឱ្យមានការដាក់ទោសជនបង្កឱ្យបានធ្ងន់ធ្ងរដោយគ្មានការលើកលែង។ តែពលរដ្ឋមួយចំនួននៅតែមើលឃើញពីការអនុវត្តច្បាប់ដែលមានស្តង់ដារពីររវាងពលរដ្ឋសាមញ្ញ និងអ្នកមានទ្រព្យសម្បតិច្រើន ឬអ្នកមានអំណាច។ អ្នកវិភាគសង្គមកត់សម្គាល់ថា ការអនុវត្តច្បាប់ស្តង់ដារពីរធ្វើឲ្យពលរដ្ឋបាត់បង់ជំនឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌។ ក្នុងន័យនេះ អ្នកវិភាគសង្គមចង់ឃើញរដ្ឋាភិបាលរៀបចំធ្វើកំណែទម្រង់ប្រព័ន្ធច្បាប់ឡើងវិញ។ តើរដ្ឋាភិបាលត្រូវធ្វើកំណែទម្រង់ប្រព័ន្ធច្បាប់ ឬគ្រាន់តែត្រូវពង្រឹងការអនុវត្តច្បាប់?
ថ្មីៗនេះ លោក ហង់ ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំបានប្រកាសឲ្យដឹងពីគម្រោងអនុវត្តវិធានការចាប់បង្ខំសិស្សឱ្យរៀនថ្នាក់វិទ្យាសាស្រ្ត។ គម្រោងធ្វើដូចនេះក្រោយលោកបានសង្កេតឃើញថា ចំនួនសិស្សដែលជ្រើសរើសមុខវិជ្ជាមួយនេះសម្រាប់ការប្រឡងបាក់ឌុបបានធ្លាក់ចុះយ៉ាងគំហុក។ ជាក់ស្តែងក្នុងឆ្នាំ២០២៦នេះ បេក្ខជនប្រឡងបាក់ឌុបដែលមានសរុបជាង ១៥ម៉ឺននាក់នៅទូទាំងប្រទេស មានសិស្សជ្រើសថ្នាក់វិទ្យាសាស្ត្រតែជាង ៣ម៉ឺននាក់ប៉ុណ្ណោះ ខណៈសិស្សដែលជ្រើសថ្នាក់វិទ្យសាស្រ្តសង្គមបន្តកើនឡើងជារៀងរាល់ឆ្នាំ។ អ្នកជំនាញផ្នែកអប់រំ និងអ្នកតាមដានសង្គមខ្លះយល់ថា ក្រសួងគួរបង្កើនគុណភាពបង្រៀនដោយផ្តោតលើវិទ្យាសាស្ត្រ (STEM) បង្កើតមន្ទីរពិសោធន៍ និងបន្ថែមម៉ោងសិក្សាគោល។ តែសម្រាប់អ្នកខ្លះទៀត ក្រសួងអប់រំគួរឈប់បែងចែកមុខវិជ្ជាវិទ្យាសាស្រ្ត និងវិទ្យាសាស្ត្រសង្គមក្នុងការប្រឡងបាក់ឌុបទៀតទៅ។
នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋនៅខេត្តកណ្តាលនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រដ្ឋាភិបាលមិនមានការបង្រួមក្រសួង ស្ថាប័នទេ។ ការបញ្ជាក់ដូចនេះរបស់លោក ហ៊ុន ម៉ាណែតជាការឆ្លើយតបទៅនឹងការផ្សព្វផ្សាយលើបណ្តាញសង្គមនាប៉ុន្មានថ្ងៃចុងក្រោយដែលថាមានការបង្រួមក្រសួងមួយចំនួនបញ្ចូលគ្នា។ អ្នកជំនាញផ្នែកអភិបាលកិច្ច និងសង្គមនានាមើលឃើញថា ការបញ្ជាក់ជំហររបស់ប្រមុខរដ្ឋាភិបាលដូចនេះហាក់ផ្ទុយពីចរន្តមហាជនមួយចំនួននៅលើបណ្តាញសង្គម។
ក្នុងរយៈពេលចុងក្រោយនេះ ពលរដ្ឋមួយចំនួនដែលទទួលរងអំពើអយុត្តិធម៌ ឬជួបបញ្ហាផ្លូវច្បាប់បាននាំគ្នាងាកទៅរកអ្នកកាសែតក្នុងបណ្តាញសង្គមឲ្យជួយផ្សព្វផ្សាយរឿងរ៉ាវរបស់ខ្លួន។ អ្នកតាមដានសង្គមនានាយល់ថា និន្នាការនេះឆ្លុះបញ្ចាំងពីការបាត់បង់ទំនុកចិត្តរបស់ពលរដ្ឋលើប្រព័ន្ធយុត្តិធម៌។ ចំណែកអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយកត់សម្គាល់ឃើញថា ក្រោយការផ្សព្វផ្សាយក្នុងបណ្តាញសង្គម បញ្ហារបស់ពលរដ្ឋជាច្រើនក៏ត្រូវបានដោះស្រាយ។ តែចំពោះក្រសួងយុត្តិធម៌ ការប្តឹងទៅអ្នកកាសែត គឺគ្មានបានការ និងថា មានតែប្រព័ន្ធយុត្តិធម៌ទេទើបអាចដោះស្រាយបញ្ហារបស់ពលរដ្ឋបាន។ តើក្រសួងយុត្តិធម៌គួរធ្វើអ្វីទៀតដើម្បីកុំឲ្យពលរដ្ឋខ្លះពឹងអ្នកកាសែតក្នុងបណ្តាញសង្គមជួយរកយុត្តិធម៌?។
នាពេលថ្មីៗនេះ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក(USTR) បានប្រកាសពីការដាក់ពន្ធគយថ្មីលើកម្ពុជាក្នុងអត្រាត្រឹម ១០%។ បើធៀបនឹងប្រទេសជិតខាង ដូចជាថៃ និងវៀតណាម កម្ពុជាទទួលបានអត្រាពន្ធគយទាបជាងគេ។ ទោះយ៉ាងណា អ្នកជំនាញនានាក្នុងវិស័យសេដ្ឋកិច្ច បានលើកឡើងពីបញ្ហានៃការប្រកួតប្រជែង និងបញ្ហាប្រឈមជាពិសេសក្នុងវិស័យកាត់ដេរ។ តាមអ្នកជំនាញ អត្រាពន្ធ ១០% របស់អាមេរិក អាចជះឥទ្ធិពលដល់ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក ក្នុងពេលខាងមុខ។ តើអត្រាពន្ធថ្មី១០% របស់អាមេរិកមកលើកម្ពុជា ជាការសាទរ ឬជាការប្រឈម?
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ព្រះមហាក្សត្រកម្ពុជា បានសម្រេចចេញព្រះរាជក្រឹត្យលើកលែងទោសបន្ថែមមួយកម្រិតទៀតដល់ លោក កឹម សុខា នៅត្រង់ចំណុច «ការហាមមិនឲ្យចេញពីប្រទេសកម្ពុជារយៈពេល៥ឆ្នាំ»។ នេះជាការលើកលែងទោសជំហានទី២ បន្ទាប់ពី លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានលើកលែងទោសជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ កាលពីថ្ងៃ២៥ ខែឧសភា ឆ្នាំ២០២៦។ ប៉ុន្តែមកដល់ពេលនេះ អតីតប្រមុខគណបក្សជំទាស់រូបនេះ នៅជាប់បម្រាមធ្វើនយោបាយអស់មួយជីវិតនៅឡើយ។ តើមានសេណារីយ៉ូអ្វីខ្លះ នៅពីក្រោយការបន្តលើកលែងទោស លោក កឹម សុខា ជំហានទី២?
ថ្ងៃទី២៤ ខែកក្កដា ២០២៦ នេះ ជាខួបគម្រប់ ១ឆ្នាំគត់នៃការផ្ទុះអាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅតាមបណ្តាយព្រំដែនដែលបានបណ្តាលឱ្យស្លាប់ទាហាន និងការភៀសខ្លួនរបស់ជនស៊ីវិលរាប់ម៉ឺននាក់។ រដ្ឋាភិបាលកម្ពុជាមិនបានរៀបចំកម្មវិធីអ្វីទេនៅក្នុងឱកាសនេះ។ តែលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានផ្តល់បទសម្ភាសពិសេសជាមួយសារព័ត៌មានអាមេរិក Bloomberg ស្តីពីជំហររបស់កម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ។ កម្ពុជាបានអះអាងថា ក្នុងរយៈពេល១ឆ្នាំកន្លងទៅនេះ រដ្ឋាភិបាលបានប្រឹងប្រែងទាំងផ្នែកនយោបាយ និងការទូត រួមទាំងធ្វើការផ្សព្វផ្សាយនានាដើម្បីរកដំណោះស្រាយបញ្ចប់ជម្លោះមួយនេះដោយសន្តិវិធី។ ចំណែកអ្នកវិភាគនយោបាយនានានៅតែជំរុញឱ្យរដ្ឋាភិបាលពន្លឿននីតិវិធីប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ។
លោក ថូម៉ាស អេនឌ្រូ(Thomas Andrews) អ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានចាប់ផ្តើមបំពេញការងារពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។ លោកមានកម្មវិធីជាមួយភាគីពាក់ព័ន្ធនានា ដូចជាតំណាងសង្គមស៊ីវិល សហជីព មេដឹកនាំគណបក្សប្រឆាំង មេដឹកនាំគណបក្សកាន់អំណាច គណៈកម្មការសិទ្ធិមនុស្សកម្ពុជា និងគ្រោងធ្វើដំណើរទៅកាន់តំបន់ជនភៀសសឹកកម្ពុជានៅតាមព្រំដែនកម្ពុជា-ថៃ។ ក្រុមអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយនានាបានដាក់ក្តីសង្ឃឹមថា អ្នករាយការណ៍ពិសេសស្ដីពីសិទ្ធិមនុស្សនៅកម្ពុជាលោក ថូម៉ាស អេនឌ្រូ នឹងមានរបាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាប្រកបដោយការថ្លឹងថ្លែងដែលអាចទទួលយកបានពីគ្រប់ភាគី។
From the publisher's feed

14 Listeners

1,098 Listeners

108 Listeners

3 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

13 Listeners

0 Listeners

14 Listeners

0 Listeners

5 Listeners