ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

By RFI ខេមរភាសា / Khmer
Download on the App Store

ទស្សនៈព្រឹត្តិការណ៍ខ្មែរ episodes

  • តើយុវជនគួរធ្វើបែបណាដើម្បីកុំឲ្យក្លាយខ្លួនជាឧបករណ៍របស់អ្នកនយោបាយ?

    នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ដែល​ទើប​តែ​កន្លង​ទៅ​នេះ គេ​សង្កេត​ឃើញ​យុវជន​ជា​ច្រើន នាំ​គ្នា​ចូល​រួម​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​គេ​យល់​ដឹង​ពី​សិទ្ធិ​នយោបាយ​របស់​ខ្លួន ហើយ​មាន​សេចក្ដី​ក្លាហាន​បង្ហាញ​ពី​ជំហរ​នយោបាយ​របស់​ខ្លួន​យ៉ាង​បើក​ចំហ ទាំង​នៅ​តាម​ទី​សាធារណៈ និង​នៅ​លើ​បណ្ដាញ​សង្គម​។ ជា​ការ​ពិត ការ​ចូល​រួម​របស់​យុវជន​នេះ មិន​ត្រឹម​តែ​ផ្ដល់​ឲ្យ​យុវជន​នូវ​បទ​ពិសោធ​ការងារ​ជាក់​ស្ដែង​ទេ តែ​វា​ថែម​ទាំង​អាច​​រួម​ចំណែក​អភិវឌ្ឍ​ប្រទេស​ជាតិ​ទៀត​ផង​​។ ប៉ុន្តែគួរ​ឲ្យ​សោក​ស្ដាយ​ដែរ ដែល​នៅកម្ពុជា នៅ​តែ​មាន​អ្នក​នយោបាយ​ដែល​និយម​យក​យុវជន​ជា​ឈ្នាន់ ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ខ្លួន​។ ក្នុង​បរិបទ​នេះ ​តើយុវជនប្រយ័ត្ន​ខ្លួន​យ៉ាង​ដូច​ម្ដេច ដើម្បីកុំឲ្យក្លាយខ្លួនជាឧបករណ៍របស់អ្នកនយោបាយ? 

    6 min
  • ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ ក្នុងបរិបទដែលពលរដ្ឋកាន់តែយល់ដឹងពីអំណាចនៃសន្លឹកឆ្នោតរបស់ខ្លួន

    ការ​បោះឆ្នោត​​ជ្រើស​រើស​​ក្រុម​ប្រឹក្សា​ឃុំ​​សង្កាត់​​អាណត្តិ​​ទី​៥​ នឹ​ងឈានចូល​​មក​ដល់​​នៅ​​ថ្ងៃ​អាទិត្យ​​ ទី០៥​មិថុនា ចុងសប្ដាហ៍នេះហើយ។ ​ការិយាល័យ​​បោះឆ្នោត​​ នឹង​​បើក​ទ្វារ​​ចាប់ពី​​ម៉ោង​៧​ព្រឹក ​​ដល់​​ម៉ោង​៣​រសៀល ​ដើម្បី​​ទទួល​​អ្នក​បោះឆ្នោត​​ប្រមាណ​​ជាង​៩​លាន​​នាក់នៅទូទាំងប្រទេស។​ គណ​បក្ស​នយោបាយ​​ចំនួន​១៧​នឹង​​ប្រកួត​ប្រជែង​​យក​​តំណែង​​ក្រុម​ប្រឹក្សា​​ឃុំ​​សង្កាត់​​ចំនួន ​១ ៦៥២​ នៅ​​ទូទាំង​ប្រទេស។​ តើ​​អ្វី​​ទៅ​ជា​​ការ​បោះឆ្នោត​​ក្រុមប្រឹក្សា​​ឃុំ​​សង្កាត់?​ ហើយ​​ថា​តើ​​ការ​បោះឆ្នោត​​នេះ​​មាន​​សារៈ​សំខាន់​​អ្វី​ខ្លះ​​សម្រាប់​​ប្រទេស​​កម្ពុជា?​ 

    ថ្ងៃអាទិត្យ​ ទី០៥មិថុនា ចុងសប្ដាហ៍នេះ ​គឺជា​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់អាណត្តិទី៥ ​នៅ​កម្ពុជា។ ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាជាង៩លាន២សែន​នាក់ ​ដែល​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​រួចហើយ ​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ទៅ​បោះឆ្នោត ​ជ្រើសរើស​មេដឹកនាំ​ថ្នាក់មូលដ្ឋាន​របស់ខ្លួន។ ការិយាល័យ​បោះឆ្នោត​ចំនួន​ ២៣ ៦០២កន្លែង ​នឹង​ចាប់ផ្តើម​បើកទ្វារ ​នៅ​ម៉ោង៧ព្រឹក​ហូត​ដល់​ម៉ោង​៣​រសៀល។

     នេះ​ជាការ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​លើក​ទី៥ហើយ ​សម្រាប់​ប្រទេស​កម្ពុជា។ ការបោះ​ឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​លើក​ទី១ ត្រូវរៀបចំធ្វើឡើង​កាលពី​ឆ្នាំ២០០២។ ក្រុ​មប្រឹក្សា​ឃុំ​សង្កាត់​មាន​អាណត្តិ៥ឆ្នាំ​ដូច​តំណាងរាស្ត្រ​ដែរ។ ការបោះឆ្នោត​លើក​នេះ​ មាន​គណបក្សនយោបាយ​ចំនួន១៧ បានចុះឈ្មោះ​ចូលរួម​ប្រកួតប្រជែង​យក​តំណែង​ក្នុង​ក្រុមប្រឹក្សាឃុំ​សង្កាត់​ចំនួន ១ ៦៥២ នៅ​ទូទាំងប្រទេស។ បេក្ខជន​ជាង៨ម៉ឺន​នាក់ ក្នុងនោះមានជាង២ម៉ឺននាក់ជាស្ដ្រី បាន​ឈរឈ្មោះ​ ឲ្យ​ប្រជាពលរដ្ឋ​ជ្រើសរើស​ធ្វើជា​តំណាង​របស់​ពួកគេ។

    បើយោងតាមរបាយការណ៍របស់គ.ជ.ប ក្នុងចំណោមគណបក្សនយោបាយទាំង១៧ មានគណបក្សនយោបាយចំនួន៤ ដែល មានបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៥ គ្រប់ចំនួន២៥ខេត្តក្រុង។ គណបក្សទាំង៤នោះរួមមាន៖​  គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច គណបក្សភ្លើងទៀន គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។

    ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​ គឺជា​ការបោះឆ្នោត​សំខាន់​ទី២ បន្ទាប់ពី​ការបោះឆ្នោត​ជ្រើស​រើស​​តំណាងរាស្ត្រ។ ក្រុមប្រឹក្សាឃុំ​សង្កាត់ ​គឺជា​អ្នកដឹកនាំ​ថ្នាក់មូលដ្ឋាន ​ដែល​ទទួល​អំណាច​ពី​រដ្ឋាភិបាល​ តាមរយៈ​ការអនុវត្តគោលនយោបាយ​វិមជ្ឈការ​អំណាច​ថ្នាក់ជាតិ។

    ក្រុមប្រឹក្សាឃុំ​សង្កាត់​នីមួយៗមាន​សមាជិក​ពី៥ដល់១១នាក់ ​ដែល​សមាមាត្រ​ទៅនឹង​ចំនួន​ប្រជាជន​នៅក្នុង​ដែន​រដ្ឋបាល​របស់ខ្លួន។ ក្រុមប្រឹក្សាឃុំ​សង្កាត់​ ដឹកនាំ​ដោយ​ប្រធាន​មួយរូប​ដែល​ត្រូវបាន​ជ្រើសរើស​ចេញពី​គណបក្ស​ដែល​ទទួលបាន​សំឡេងគាំទ្រ​ពី​ប្រជាជន​ច្រើន​ជាងគេ។

    ការបង្កើត​ឲ្យ​មាន​ក្រុមប្រឹក្សាឃុំ​សង្កាត់​តាមរយៈ​ការបោះឆ្នោត​ជា​សកល​ គឺជា​របត់​នយោបាយ​ដ៏​សំខាន់​មួយ​នៅ​កម្ពុជា។ សំខាន់​នៅត្រង់ថា អាជ្ញាធរ​មូលដ្ឋាន​ដែលជា​អ្នកដឹកនាំ​ផ្ទាល់​នៅ​កៀក​នឹង​ប្រជាពលរដ្ឋ​នោះ​ ធ្លាប់តែ​ទទួល​ការតែងតាំង​ពី​ថ្នាក់លើ។ ប៉ុន្តែ បច្ចុប្បន្ននេះ គឺ​ប្រជា​ពលរដ្ឋ​ជា​អ្នកបោះឆ្នោត​ជ្រើសរើស​តំណាង​របស់ខ្លួន​ដោយ​ខ្លួនឯង។ រយៈពេល២០ឆ្នាំ​កន្លង​ទៅ​​នេះ នយោបាយ​វិមជ្ឈការ​ បានបន្ត​ចាក់ឫស​កាន់តែ​ជ្រៅ​នៅ​ថ្នាក់មូលដ្ឋាន។

    តាមរយៈ​ការបោះឆ្នោត មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ត្រូវតែ​បង្ហាញ​ការទទួលខុសត្រូវ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ច្រើនជាង​មុន​ពីព្រោះ ប្រសិនបើ​មិន​ដូច្នោះ​ទេ ពួកគេ​នឹងត្រូវ​ប្រជាពលរដ្ឋ​ទម្លាក់​ចេញពី​អំណាច​តាមរយៈ​សន្លឹកឆ្នោត​រប​ស់​ខ្លួន។ ខុសពី​ពេលមុន​ដែល​ពួកគេ​មិនសូវ​ខ្វល់ខ្វាយ​អំពី​បញ្ហា​របស់​ប្រជាពលរដ្ឋ។

    មិន​ត្រឹមតែ​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ការបម្រើ​ប្រជាពលរដ្ឋ​បានល្អ ឬ​មិន​បានល្អ​របស់​ក្រុមប្រឹក្សាឃុំ​សង្កាត់​ក៏មាន​ផលប៉ះពាល់​ដល់​ប្រជាប្រិយភាព​របស់​គណបក្ស​នយោបាយ​ផងដែរ។ និយាយ​ដោយ​ខ្លី យន្តការ​ដឹកនាំ​ថ្នាក់មូលដ្ឋាន​នេះហើយ ​ដែលជា​ទីលាន​ប្រកួត​ប្រជែង​​បម្រើ​ប្រជាពលរដ្ឋ​របស់​គណបក្សនីមួយ។

    ទោះបីជា​កន្លងទៅនេះ នៅមាន​បញ្ហា​ជា​ច្រើន​​ក្នុង​រដ្ឋបាល​ក្រុមប្រឹក្សាឃុំ​សង្កាត់​ក៏ដោយ ក៏ប៉ុន្តែ ការបោះឆ្នោត​ពីមួយ​អាណត្តិ​ទៅមួយ​អាណត្តិ​ ជាពិសេស​ចាប់ពីពេលនេះ​តទៅ គេ​ជឿជាក់ថា គ្មាន​គណបក្ស​នា​មួយ​ហ៊ាន​ជិះសេះ​លែងដៃ​ទៀត​បានឡើយ។ ព្រោះ​សូម​កុំភ្លេចថា ខណៈដែល​ពលរដ្ឋ​កាន់​តែ​យល់ច្បាស់​អំពី​សិទ្ធិ​របស់ខ្លួន ពួកគេ​នឹង​ប្រើប្រាស់​សន្លឹកឆ្នោត​ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព​ជាង​មុន៕

    5 min
  • យុវជនគួរប្រុងប្រយ័ត្ន នៅពេលចូលរួមក្នុងវិស័យនយោបាយ

    នៅ​សល់​មិន​ដល់​​មួយ​ខែ​ទៀតទេ ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នឹង​ឈាន​ចូល​មក​ដល់​។ ​ក្នុង​ឱកាស​នេះ អ្នក​ជំនាញ​បាន​​​រំឭក​យុវជន​​ឲ្យ​ប្រុង​​ប្រយ័ត្ន​ នៅ​ពេល​ចូល​រួម​នៅ​ក្នុង​វិស័យ​នយោបាយ​។ សម្រាប់​អ្នក​ជំនាញ ការ​ចូល​រួម​របស់​យុវជន​​នៅ​ក្នុង​វិស័យ​នយោបាយ គឺ​ជា​សកម្មភាព​ដ៏​សំខាន់​និង​ចាំ​បាច់ ដើម្បី​រួម​ចំណែក​អភិវឌ្ឍ​ប្រទេស​ជាតិ​។ ប៉ុន្តែយុវជន​ត្រូវ​ពិចារណា​ឲ្យ​ច្បាស់​លាស់​ដែរ ​មុន​នឹង​សម្រេច​ចិត្ត​ចូល​រួម ដើម្បី​ចៀសវាង​​ធ្លាក់​ខ្លួន​ទៅ​ជា​ឈ្នាន់​របស់​​អ្នក​នយោបាយ​ទុច្ចរិត​។

    6 min
  • តើហេតុអ្វីទើបខ្មែរគួរនាំគ្នាចាយប្រាក់ «រៀល»?

    ថ្មី​ៗ​នេះ នៅ​តាម​បណ្ដាញ​សង្គម មាន​ការ​ជជែក​វែក​ញែក​យ៉ាង​ផុលផុស​អំពី​ការ​ប្រើ​ប្រាស់​រូបិយបណ្ណជាតិ​ខ្មែរ ដែល​យើង​ស្គាល់​គ្រប់​គ្នា​ថា ប្រាក់ «រៀល​»។ គិត​ត្រឹម​ឆ្នាំ​២០២២​នេះ វា​មាន​រយៈ​ពេល​៤២​​ឆ្នាំ​ហើយ ​ដែល​ប្រទេស​កម្ពុជា​បាន​ដាក់​ឲ្យ​ចរាចរ​ប្រាក់​រៀល​ឡើង​វិញ ក្រោយ​របប​ខ្មែរ​ក្រហម​បាន​ដួល​រលំ​ទៅ។ ៤២​​ឆ្នាំ​មក​នេះ គេ​សង្កេត​ឃើញ​ថា ​ការ​ចរាចរ​ប្រាក់​រៀល​​នៅ​មាន​កម្រិត​នៅ​ឡើយ បើ​ធៀប​ទៅ​នឹង​ការ​ចាយ​​​ប្រាក់​ដុល្លារ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន បើ​ទោះ​បី​ជា​ធនាគារ​ជាតិ​នៃ​កម្ពុជា តែង​តែ​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ងាក​មក​ប្រើ​ប្រាស់​ប្រាក់​រៀល​យ៉ាង​ណា​ក៏​ដោយ​។ តើ​ហេតុ​អ្វី​ទើប​គេ​គួរ​នាំ​គ្នា​ចាយ​លុយ​រៀល​នៅ​លើ​ទីផ្សារ?

    រូបិយប័ណ្ណ​ជាតិ ជា​និមិត្ត​រូប​ដ៏​សំខាន់​មួយ​នៃ​អធិបតេយ្យ​ជាតិ​។ ដូច្នេះ​ហើយ​បាន​ជា​គេ​សង្កេត​ឃើញ​ថា នៅ​តាម​បណ្ដា​ប្រទេស​ភាគ​ច្រើន​លើ​សកល​លោក គឺ​មាន​តែ​រូបិយប័ណ្ណ​ជាតិ​របស់​ប្រទេស​នោះ​ប៉ុណ្ណោះ ដែល​អាច​ធ្វើ​ចរាចរ​នៅ​លើ​ទី​ផ្សារ​បាន​។ ប៉ុន្តែ​នៅ​ប្រទេស​កម្ពុជា ការ​ប្រើ​ប្រាស់​រូបិយប័ណ្ណ​មាន​លក្ខណៈ​ដាច់​ដោយ​ឡែក​។ ពោល​គឺ កម្ពុជា​ប្រើ​ប្រាស់​ក្រដាស​ប្រាក់​ច្រើន​ប្រភេទ​ មិន​មែន​ប្រើ​ប្រាស់​តែ​ប្រាក់​រៀល ដែល​ជា​រូបិយប័ណ្ណ​ជាតិ​នោះ​ទេ​។

    នៅ​ភាគ​ខាង​កើត ខេត្ត​ខ្មែរ​ដែល​ជាប់​ព្រំ​ដែនប្រទេស​វៀតណាម ​និយម​ចាយ​លុយ​ដុង​ រូបិយវត្ថុ​របស់​វៀតណាម​​។ ចំណែក​នៅ​ខាង​លិច ខេត្ត​ខ្មែរដែល​​ជាប់​ព្រំដែន​ប្រទេស​ថៃ និយម​ចាយ​លុយ​បាត រូបិយវត្ថុ​របស់​ថៃ​។ ដោយ​ឡែក ខេត្តនិង​រាជធានី​​ខ្មែរ​ដែល​មិន​ជាប់​ព្រំដែន​ប្រទេស​ដទៃ និយម​ចាយ​លុយ​ដុល្លារ​របស់​អាមេរិក​​។ លុយ​ដុល្លារ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូលាយ​បំផុត​ នៅ​កម្ពុជា​។ បើ​និយាយ​ឲ្យ​ស្រួល​ស្ដាប់ ប្រជាពលរដ្ឋ​ខ្មែរបាត់​បង់​ទំនុក​ចិត្ត​លើ​ប្រាក់​រៀល លែង​សូវ​ប្រើ​ប្រាក់​ប្រាក់​រៀល​ដែល​ជា​រូបិយប័ណ្ណ​ជាតិ ហើយ​ងាក​មក​​ប្រើ​ប្រាស់​ប្រាក់​ដុល្លារ​ទៅ​វិញ​។

    បច្ចុប្បន្ន លុយ​រៀល​ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​ក្នុង​ក្រប​ខណ្ឌមាន​ដែន​​កំណត់​មួយ​ចំនួន ដូច​ជា​ការ​បង់​ពន្ធ​គ្រប់​ប្រភេទ​ជូន​រដ្ឋ ការបើក​​ប្រាក់​បៀរវត្ស​មន្ដ្រី​រាជការ ការ​ទូទាត់​ប្រាក់​សេវាកម្ម​របស់​រដ្ឋ និង​ការ​ទិញ​ដូរ​ក្នុង​ទំហំ​ទឹក​ប្រាក់​តូច នៅ​តាម​ទី​ផ្សារ​មួយចំនួន​។ ប៉ុន្តែ​សម្រាប់​ការ​កំណត់​តម្លៃ ការ​ទូទាត់ និង​សន្សំ ភាគ​ច្រើន​លើស​លុប គឺ​ប្រើ​ប្រាស់​​ជា​លុយ​ដុល្លារ​អាមេរិក​។ ជា​ការ​ពិត​ហើយ​ថា គេ​អាច​ទូទាត់ជា​​ប្រាក់​រៀល​បាន​ដែរ បើ​ទោះ​បី​ជា​មាន​ការ​កំណត់​តម្លៃ​ជា​ប្រាក់​ដុល្លារ​អាមេរិក​ក៏​ដោយ​។ ប៉ុន្តែ​សេវា​ទូទាត់​ជា​ប្រាក់​រៀល អាច​នឹង​តម្រូវ​ឲ្យ​គិត​ថ្លៃ​ខ្ពស់ជាង​​បន្តិច​។

    នៅ​ក្នុង​របាយការណ៍ប្រចាំ​ឆ្នាំ​២០២១ ធនាគារ​ជាតិ​នៃ​កម្ពុជា ​បាន​ប្រកាស​អំពី​ការ​រីកចម្រើន​ផ្នែក​​សេដ្ឋកិច្ច ​និង​វិស័យ​ធនាគារថា សេដ្ឋកិច្ច​ស្រុកខ្មែរ​ ឆ្នាំ២០២១ មាន​កំណើន​វិជ្ជមាន​ឡើងវិញ បន្ទាប់​ពី​ធ្លាក់​ចុះ​កាលពី​ឆ្នាំ២០២០។ យ៉ាង​ណា​ក៏​ដោយ បើ​តាម​ធនាគារជាតិនៃកម្ពុជា ​កម្រិត​ខ្ពស់​នៃ​ដុល្លារូបនីយកម្ម បាន​ដាក់​សម្ពាធ​លើ​ការ​អនុវត្ត​នយោបាយ​រូបិយវត្ថុ​ខ្មែរ។ ការណ៍​នេះ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា ​​និន្នាការ​នៃ​ការប្រើ​លុយដុល្លារ​នៅ​កម្ពុជា ​​មិនមាន​ការ​ថយចុះ​ទាល់តែ​សោះ បើទោះបីជា​កម្ពុជា​មាន​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ហើយ​​​មាន​អត្រា​អតិផរណា​មិន​ខ្ពស់​ហួសហេតុ​​ក៏ដោយ។

    ជា​ការ​ពិត​ហើយ​ថា ការអនុញ្ញាត​ឲ្យ​ចាយលុយដុល្លារ​យ៉ាង​ទូលំទូលាយ​​បែបនេះ​អាច​បញ្ចៀស​​មិន​ឲ្យ​កម្ពុជា​ត្រូវ​ប្រឈម​នឹង​ចលនា​ហូរ​ចេញ​មូលធន​ទៅ​ក្រៅ​ប្រទេស និង​​ជួយ​សម្រួលកម្ពុជា​​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​ក្នុង​ពាណិជ្ជកម្ម​អន្ដរជាតិ​។ ប៉ុន្តែ​ក្រៅ​ពី​គុណ​ប្រយោជន៍​ទាំង​នេះ ការ​ចាយ​លុយ​ដុល្លារ ក៏​អាច​បង្ក​នូវ​ផល​វិបាក​អវិជ្ជមាន​ច្រើន​ផង​ដែរ​ដល់​សេដ្ឋកិច្ច​ខ្មែរ​។

    ដំបូង​បង្អស់ ការ​ប្រើ​ប្រាស់​ប្រាក់​ដុល្លារ ឬ​ដុល្លារូបនីយកម្ម នាំ​មក​នូវ​ការ​ខាត​បង់​ចំណូល ដែល​ទទួល​បាន​ពី​ការ​បោះ​ពុម្ព​រូបិយវត្ថុ​ជាតិ​។ មាន​ន័យ​ថា កម្ពុជា​ត្រូវ​បាត់​បង់​សិទ្ធិ​លើ​ការ​បោះ​ពុម្ព​ក្រដាស​ប្រាក់​។ ហើយ​ការ​បាត់​បង់​សិទ្ធិ​លើ​ការ​បោះ​ពុម្ព​ក្រដាស​ប្រាក់​នេះ មាន​ន័យ​ថា រដ្ឋ​បាត់​បង់​ចំណូល ដែល​បាន​មក​ពី​ការ​បោះ​ពុម្ព​រូបិយវត្ថុ​។ លើស​ពី​នេះ ការ​ប្រើ​ប្រាស់​ប្រាក់​ដុល្លារ បាន​ធ្វើ​ឲ្យ​មាន​ការ​រាំង​ស្ទះ​ដល់​ការ​អនុវត្ត​គោលនយោបាយ​​រូបិយវត្ថុ និង​អាច​បង្ក​ជា​ហានិភ័យ​ខ្ពស់ ចំពោះ​ស្ថិរភាព​ហិរញ្ញវត្ថុ​របស់​កម្ពុជា​។ ដោយ​ឡែក ទាក់ទង​នឹង​បញ្ហា​សង្គម​វិញ ដុល្លាររូបនីយកម្ម ​បាន​រួម​ចំណែក​បង្កើត​ឲ្យ​មាន​គម្លាតរវាង​អ្នក​មាន​និង​អ្នក​ក្រ​។ ដូច​បាន​លើក​ឡើង​ខាង​ដើម​ហើយ​ថា ការ​ទិញ​ដូរ​នៅ​កម្ពុជា ភាគ​ច្រើន​ត្រូវ​បាន​កំណត់​ជា​ប្រាក់​ដុល្លារ​។ ហើយ​មាន​តែ​បុគ្គល​ដែល​មាន​ធនធាន​ហិរញ្ញវត្ថុ​ជា​ដុល្លារ ឬ​ជន​បរទេស​ប៉ុណ្ណោះ ដែល​អាច​ទិញ​ទំនិញ​ទាំង​នោះ​បាន​។ ចំណែក​ពលរដ្ឋ​ដែល​មាន​ប្រាក់​ខែ​ជា​ប្រាក់​រៀល ត្រូវ​ប្រឈម​មុខ​នឹង​ការ​ខាត​បង់​យ៉ាង​ច្រើន នៅ​ពេល​ពួក​គេ​ដូរ​ប្រាក់​ជា​ដុល្លារ​។

    ក្នុង​បរិបទ​នេះ ការ​បង្កើន​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល ដែល​ជារូបិយប័ណ្ណ​ជាតិ គឺ​ជា​រឿង​ចាំ​បាច់ ដែល​គួរ​ពិចារណា​ ព្រោះ​ថា វា​​ជា​​ការ​គ្រប់គ្រង​នយោបាយ​រូបិយវត្ថុ​យ៉ាងពេញលេញ​ដោយ​ខ្លួនឯង។ ការ​ចាយ​ប្រាក់​រៀល ​មិនត្រឹមតែ​ផ្តល់​ផលប្រយោជន៍​ដល់​សេដ្ឋកិច្ច​ជាតិ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​​មោទកភាព​របស់​ជាតិ​ខ្មែរ​ទាំងមូល​ផងដែរ ព្រោះ​រូបិយប័ណ្ណ​ជាតិ ជា​និមិត្ត​រូប​ដ៏​សំខាន់​មួយ​នៃ​អធិបតេយ្យ​ជាតិ​។ ដូច្នេះ ​ដើម្បី​ឲ្យ​លុយរៀល​ត្រូវ​បាន​គេ​ប្រើប្រាស់​ច្រើន និង​ជា​មោទកភាព​របស់​ជាតិ​ខ្មែរ​បាន រដ្ឋាភិបាល​កម្ពុជា​ចាំបាច់​ត្រូវ​តែ​ដាក់ចេញ​នូវ​នយោបាយ ដើម្បី​ស្តារ​ទំនុកចិត្ត​លើ​លុយរៀល​ឡើងវិញ​។

    នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​ពង្រឹង​ទំនុក​ចិត្ត​លើ​ប្រាក់​រៀល​ក្នុង​ចំណោម​ប្រជាពលរដ្ឋបាន នៅ​ពេល​នោះ ឥទ្ធិពល​របស់​ប្រាក់​ដុល្លារ​នឹង​ថយ​ចុះ​ជា​បណ្ដើរ​ៗ និង​ជា​ស្វ័យ​ប្រវត្តិ​។ ការ​លើក​ដម្កើង​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល​នៅ​តាម​ធនាគារ​ក្នុង​ស្រុក ក៏​ដូច​ជា​ការ​កំណត់​ការ​ទូទាត់​ជា​ប្រាក់​រៀល ក៏​ជា​មធ្យោបាយ​ក្នុង​ការ​ធ្វើ​បដិ​ដុល្លារ​រូបនីយកម្ម​ប្រកប​ដោយ​ប្រសិទ្ធភាព​ដែរ​។ ការ​ប្រើ​ប្រាស់​ប្រាក់​រៀល ប្រសិន​បើអាច​​ធ្វើ​បាន​យ៉ាង​ទូលំទូលាយ នោះ​វា​នឹង​ជួយ​ពង្រឹង​ប្រសិទ្ធភាព​ អធិបតេយ្យ​ភាព និង​ឯក​រាជភាពនៃ​នយោបាយរូបិយវត្ថុ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​ថែម​ទាំង​ផ្ដល់​ការ​​គាំទ្រដល់​ការ​ស្តារ និង​ពង្រឹងភាពធន់​នៃ​សេដ្ឋកិច្ចខ្មែរ​នៅ​ថ្ងៃ​ខាង​មុខ​ទៀត​ផង​​​៕

    6 min
  • ទិវាសេរីភាពសារព័ត៌មាន៖ បញ្ហារើសអើងនិងគម្រាមកំហែងអ្នកកាសែត ទាមទារឲ្យមានការដោះស្រាយជាបន្ទាន់

    ថ្ងៃ​ទី​០៣​ខែ​ឧសភា​​ស្អែកនេះ គឺ​ជា​ទិវា​សេរីភា​ពសារព័ត៌មាន​។ សារព័ត៌មាន​នៅ​កម្ពុជា ត្រូវ​គេកត់​សម្គាល់​​ថា មាន​បរិមាណ​ច្រើន រីក​ដុះ​ដាល​ដូច​ផ្សិត​ត្រូវ​ទឹក​ភ្លៀង​។ ចំណែក​អ្នក​កាសែត​ក៏​មាន​ចំនួន​កើន​ឡើង​ជា​លំដាប់​ដែរ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។ នេះ​គឺ​ជា​សញ្ញា​វិជ្ជមាន​មួយ​។ យ៉ាង​ណា​ក៏​ដោយ គេ​សង្កេត​ឃើញ​ថា ​ក្នុង​ពេល​ចុះ​បំពេញ​ភារកិច្ច អ្នក​កាសែត​មួយ​ចំនួន​នៅ​ស្រុក​ខ្មែរ នៅ​តែ​រង​ការ​រើស​អើង ​ការ​គម្រាម​កំហែង និង​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ។ ជា​បញ្ហា​ដែល​ទាមទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​ជា​បន្ទាន់​។ 

    នៅ​កម្ពុជា ចំនួន​អង្គភាព​សារព័ត៌មាន និង​បរិមាណ​អ្នក​កាសែត បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់​។ គិត​ត្រឹម​ឆ្នាំ​២០២១ អង្គភាព​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ព័ត៌មាន​មាន​ចំនួន​សរុប​ជាង​២​ពាន់​អង្គភាព ក្នុង​នោះ​មាន​តាំង​ពី​វិទ្យុ ទូរទស្សន៍ ទីភ្នាក់ងារ​ព័ត៌មាន កាសែត​ជាតិ​និង​អន្ដរជាតិ ព្រម​ទាំង​សារព័ត៌មាន​និង​ទូរទស្សន៍​អនឡាញ​ផង​។

    ស្ថាប័ន​សារព័ត៌មាន​មាន​ច្រើន អ្នក​កាសែត​ក៏​មាន​ច្រើន​ដែរ។ នេះ​គឺ​ជា​រឿង​ដ៏​គួរ​ត្រេក​អរ​ចំពោះ​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា​។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា នៅ​មាន​បញ្ហា​ច្រើន​ទៀត​ដែល​ទាមទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច ដោយ​ចំពោះ​​​បញ្ហា​ប្រឈម​របស់​​អ្នក​កាសែត នៅ​ពេល​ពួក​គេ​ចុះ​ទៅ​​បំពេញ​ការងារ​។ បញ្ហា​ទាំង​នោះ​គឺ៖ ការ​រើស​អើង ការ​គម្រាម​កំហែង និង​អំពើ​ហិង្សាលើ​អ្នក​កាសែត ពី​សំណាក់​ភាគី​ពាក់ព័ន្ធ​ផ្សេង​ៗ​​។

    និយាយ​ពី​ការ​រើស​អើង​។ ជា​រឿយ​ៗ គេ​តែង​តែ​ឮ​ព័ត៌មាន​ថា អ្នក​កាសែត​នៅ​ស្រុក​ខ្មែរ ដោយ​ចំពោះ​ស្ថាប័ន​កាសែត​ដែល​និយម​រិះគន់​រដ្ឋាភិបាល ត្រូវ​អាជ្ញាធរ​​បដិសេធ​មិន​ផ្ដល់​សម្ភាស ឬ​មិន​អនុញ្ញាត​ឲ្យ​ចូល​រួម​នៅ​ក្នុង​កម្មវិធី​មួយ​ចំនួន​របស់​រដ្ឋាភិបាល​។ ប៉ុន្តែ​មែន​ទែន​ទៅ ហេតុការណ៍​ដូច​គ្នា​នេះ​ក៏​កើត​ឡើង​ផង​ដែរ លើ​អ្នក​កាសែត​ពី​ស្ថាប័ន​ដែល​មាន​និន្នាការ​ស្និទ្ធ​នឹង​រដ្ឋាភិបាល ពី​សំណាក់​អតីត​គណបក្ស​ប្រឆាំង​​​​និង​អ្នក​គាំទ្រ​របស់​ពួក​គេ​​។

    ចំពោះ​ការ​គម្រាម​កំហែង​​វិញ អ្នក​កាសែត​ជួប​តាំង​ពី​ការ​គម្រាម​ប្ដឹង​ផ្ដល់ រហូត​ដល់​គម្រាម​បាញ់​សម្លាប់​។ ដែល​នេះ វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេរីភាព​សារព័ត៌មាន។ សេរីភាព​សារព័ត៌មាន ដែល​ត្រូវ​បាន​ធានា​ដោយ​ច្បាប់​កម្ពុជា​និង​ច្បាប់​សកល​​។ អ្នក​កាសែត​ខ្លះ មិន​គ្រាន់​តែ​ត្រូវ​បាន​រើស​អើង និង គម្រាម​កំហែង​​ប៉ុនណោះ​ទេ ពួក​គេ​ថែម​ទាំង​ត្រូវបាន​​ដក​ហូត​សម្ភារៈ​ផលិតព័ត៌មាន និង​រង​ការ​វាយ​ដំ​ថែម​ទៀត​។

    ជា​ការ​ពិត​ហើយ​ថា រហូត​មក​ទល់​ពេល​នេះ សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា បាន​រីក​ចម្រើន​លូលលាស់​ទៅ​មុខ​គួរ​ឲ្យ​កត់​សម្គាល់ បើ​ប្រៀបធៀប​ទៅ​នឹង២៩​ឆ្នាំ​​មុន ដែល​កម្ពុជា​ចាប់​ផ្ដើម​បើក​ចំហ​ទៅ​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​។ បើ​ទោះ​បី​ជា​យ៉ាង​ណា​ក្ដី សុវត្ថិភាព​របស់​អ្នក​កាសែត​នៅ​តែ​ជា​បញ្ហា​ដ៏​ធំធេង​មួយ​ដែល​ត្រូវ​ដោះ​ស្រាយ​។ អ្នក​កាសែត​ជាប់ពន្ធនាគារ អ្នក​កាសែត​ត្រូវ​គេ​ប្ដឹង​ឡើង​តុលាការ អ្នក​កាសែត​រង​ការ​គម្រាម​កំហែង ឬ​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ នៅ​តែ​កើត​ឡើង​ដដែល​ៗ និង​ជាប់​ជា​ប្រចាំ​។ បញ្ហា​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នៅ​លើ​ឆាក​អន្ដរជាតិ ស្ថិត​នៅ​ក្នុង​លំដាប់​មិន​សូវ​ល្អ​ប៉ុន្មានឡើយ​។

    ក្នុង​ន័យ​នេះ មន្ដ្រី​រដ្ឋាភិបាល​ អាជ្ញាធរ និង​ស្ថាប័ន​​ពាក់ព័ន្ធ គួរ​តែ​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​ឥរិយាបថ​ចំពោះ​អ្នក​កាសែត ដោយ​គួរ​ចាត់​ទុក​អ្នក​កាសែត​ជា​ដៃ​គូ​សហការ​ក្នុង​ការ​អភិវឌ្ឍ​សង្គម មិន​មែន​ជា​បន្លា​នៅ​ក្នុង​កែវ​ភ្នែក​ឡើយ​។ ការ​បើក​ចិត្ត​ឲ្យ​ទូលាយ​ទទួលយ​ក​វប្បធម៌​ពហុ​គំនិត ដែល​ជា​​មូលដ្ឋាន​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ ក៏​ជា​កត្តា​សំខាន់​ផងដែរ ក្នុង​ការ​ធានា​សុវត្ថិភាព​អ្នក​កាសែត ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​គេ​អាច​បំពេញ​តួនាទី​បាន​ពេញ​លេញ​​។

    ចំណែក​អ្នក​កាសែត​ខ្លួន​ឯង ដែល​អះអាង​ថា ជា​អ្នក​សារព័ត៌មាន​អាជីព ត្រូវ​តែ​ចាប់​ផ្ដើម​ពង្រឹង​ខ្លួន​ឯង​ឲ្យ​បាន​រឹង​មាំ តាម​រយៈ​ការ​គោរព​ក្រម​សីលធម៌​វិជ្ជាជីវៈ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​។ នៅ​ក្នុង​ទិស​ដៅ​នេះ ម្ចាស់​ស្ថាប័ន​សារព័ត៌មាន​ទាំង​ឡាយ គួរ​តែ​គិត​គូរ​ដល់​ជីវភាព​អ្នក​កាសែត និង​ពង្រឹង​ឯករាជភាព​នៃ​ស្ថាប័ន​របស់​ខ្លួនជា​ចាំ​បាច់។

    ​ព្រោះ​សូម​កុំភ្លេច​ថា សារព័ត៌មាន​ដែល​ជា​អំណាច​ទី​៤ ឥឡូវ​នេះ​ដើរ​តួ​កាន់​តែ​សំខាន់​ឡើង​ៗ​នៅ​ក្នុង​សង្គម​ខ្មែរ​។ ទាំង​នៅ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ដល់​ម្ចាស់​ឆ្នោត​អំពី​ការ​ប្រព្រឹត្ត​របស់​អ្នក​នយោបាយ និង​ទាំង​ការ​ផ្សាយ​ការពិត ធ្វើ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​សេចក្ដី​ត្រូវ​ការ​របស់​ពលរដ្ឋ​ដល់​អ្នក​នយោបាយ​និង​អ្នក​ដឹកនាំ ដើម្បី​ឈាន​ទៅ​រក​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​។ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​បញ្ចើច​បញ្ចើ ប្រជាភិថុតិ ដើម្បី​តែ​ប្រយោជន៍​បុគ្គល គឺ​ជា​រឿង​ហួស​សម័យ​ហើយ​នៅ​ក្នុង​បរិបថ​ដែល​ពលរដ្ឋ​ខ្មែរ​កាន់​តែ​ច្រើន​ឡើង ចាប់​ផ្ដើម​យល់​ពី​សច្ចភាព​នៃ​ព័ត៌មាន​៕

    5 min
  • បោះឆ្នោតឃុំសង្កាត់៖ ការឃោសនាប្រជាភិថុតិលែងមានន័យ តើគេត្រូវយកអ្វីទាក់ចិត្តម្ចាស់ឆ្នោត?

    ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាត់តែខិតជិតចូលមកដល់ ការឃោសនាទាក់ទាញចិត្តម្ចាស់ឆ្នោតរបស់គណបក្សនយោបាយ ក៏ចាប់ផ្ដើមចេញដំណើរដូចគ្នាដែរ។ ប៉ុន្តែខុសពីការបោះឆ្នោតមុនៗ អ្នកតាមដានស្ថានការណ៍នយោបាយមើលឃើញថា ការឃោសនាប្រជាភិថុតិ លែងមានឥទ្ធិពលទៅលើការសម្រេចចិត្តរបស់ម្ចាស់ឆ្នោតទៀតហើយ។ មានតែគោលនយោបាយដែលឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋទេ ទើបអាចយកឈ្នះចិត្តម្ចាស់ឆ្នោតបាន។

    6 min
  • «ប្រវត្តិសាស្ត្រខ្មែរក្រហម» កាន់តែសាបរលាបពីចំណាប់អារម្មណ៍របស់យុវជនជំនាន់ក្រោយ?

    ១៧​មេសា​១៩៧៥-១៧​មេសា​២០២០២២។ ថ្ងៃ​ទី​១៧​មេសា​ម្សិលមិញនេះ គឺ​ជា​ខួប​លើក​ទី​​៤៧​នៃ​ការ​ឡើង​កាន់​អំណាច​របស់​ពួក​ខ្មែរ​ក្រហម​។ អ្នក​ប្រវត្តិសាស្ត្រ​និង​អ្នក​នយោបាយ​បាន​ចាត់​ទុក​ថ្ងៃ​ទី​១៧​មេសា​នេះ​ថា ជា​ថ្ងៃដ៏​សំខាន់ ដែល​ខ្មែរ​ត្រូវ​​រៀនសូត្រ​និង​ចង​ចាំ​ទុក​។ ប៉ុន្តែ​ជា​ការ​កត់​សម្គាល់ យុវជន​ខ្មែរ​ជំនាន់​ថ្មី ហាក់​មិន​បាន​ចាប់​អារម្មណ៍ និង ​ផ្ដល់​តម្លៃ​អ្វី​ខ្លាំង ​ចំពោះ​ថ្ងៃ​ជា​ប្រវត្តិសាស្ត្រ​នេះ​ទេ​។

    ​នៅ​ថ្ងៃ​ទី១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ​ពួក​ទាហាន​ខ្មែរ​ក្រហម​បានចូល​កាន់​កាប់​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ទទួល​ជ័យ​ជំនះ​លើ​រដ្ឋាភិបាល​របស់​លោក​​សេនាប្រមុខ​លន់ នល់​។ ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ​មួយ​ចំនួន​បាន​សម្ដែង​ការ​អបអរ​សាទរ​ចំពោះ​ការ​ផ្ដួល​រំលំ​នេះ​ដោយ​គិត​ថា សង្គ្រាម​បាន​ចប់​សព្វ​គ្រប់ ហើយ​មេ​ដឹក​នាំ​ថ្មី​នឹង​នាំ​មក​នូវ​សន្តិភាព សុវត្ថិភាព និង​ការ​កសាង​ប្រទេស​។ ប៉ុន្តែ​ផ្ទុយ​ស្រឡះ កង​ទ័ព​ខ្មែរ​ក្រហម​បាន​ជម្លៀស​ប្រជាជន​ចេញ​ពី​ទីក្រុងភ្នំពេញ​​និង​ទីប្រជុំជន​ទាំង​អស់ដោយ​បង្ខំ ទៅ​តំបន់ជនបទ​ដាច់​ស្រយាល​។

    នៅ​ក្នុង​រយៈ​ពេល​៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ កម្ពុជា​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​នៃ​របប​ថ្មី​មួយ​ទៀត ជា​របប​កុម្មុយនីស្ត សម្លាប់​រង្គាល ដឹកនាំ​ដោយ​ពួក​ខ្មែរ​ក្រហម​។ ចំណង​គ្រួសារ របៀប​របប​រស់​នៅ ប្រពៃណី និង​ទំនៀមទម្លាប់​របស់​ប្រជាជន​ត្រូវ​បាន​បំផ្លាញចោល​​ទាំង​ស្រុង​។ ក្រោមមនោគម​វិជ្ជា​របស់​ពួក​ខ្មែរ​ក្រហម​​ ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​​៧​លាន​នាក់​​ត្រូវ​រស់​នៅ​រង​ទុក្ខ​វេទនា​ដូច​ធ្លាក់​នរក​ទាំង​រស់ ហើយ​ក្នុង​ចំណោម​នោះ មាន​ជិត​២​លាន​នាក់​ត្រូវ​ស្លាប់បាត់​បង់​ជីវិត។

    សម្រាប់​អ្នក​ប្រវត្តិសាស្ត្រ របប​ខ្មែរ​ក្រហម គឺ​ជា​របត់​ដ៏​សំខាន់​មួយ ដែល​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ទាំង​អស់​ក្លាយ​ទៅ​ជា​ជន​រង​គ្រោះ។ ប្រជាជន​ខ្មែរ​ត្រូវ​កាន់​ទុក្ខ ចងចាំ និង​រៀនសូត្រ​អំពី​ឫសគល់ ព្រម​ទាំង​ដំណើរ​រឿង​ទាំង​ឡាយ​ណា​ដែល​ពាក់ព័ន្ធ​នឹង​របប​នេះ​។

    ប៉ុន្តែ​ជា​ការ​កត់​សម្គាល់ បើ​ទោះ​បី​ជា​អ្នក​ប្រវត្តិសាស្ត្រ​និង​អ្នក​នយោបាយ ចាត់​ទុករបប​កម្ពុជា​ប្រជាធិបតេយ្យ​ថា ជា​មេរៀន​ដ៏​សំខាន់ ដែល​ខ្មែរ​​ត្រូវ​រៀនសូត្រ​ក៏​ដោយ ក៏​គេ​សង្កេត​ឃើញ​ថា យុវជន​​ខ្មែរ​ជំនាន់​ក្រោយ ហាក់​មិន​បាន​ដឹង ឬ​មិន​បាន​ចាប់​អារម្មណ៍ និង​សិក្សា​ឲ្យ​បាន​ស៊ី​ជម្រៅ​ទាល់​តែ​សោះ ចំពោះរបត់​​ប្រវត្តិសាស្ត្រ​នេះ​។

    មាន​មូលហេតុ​សំខាន់​យ៉ាង​ហោច​ណាស់​ពីរ ដែល​អាច​ពន្យល់​ពី​ការណ៍​នេះ​បាន​។ ទី១៖ ការ​អប់រំ​អំពី​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា​ក្នុង​កម្មវិធី​សិក្សា​នៅមាន​កម្រិត ខណៈ​យុវជន​ខ្លួន​ឯង​ផ្ទាល់ ភាគ​ច្រើន​មិន​ទាន់​បាន​ស្វែង​យល់​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ឲ្យ​បាន​ស៊ី​ជម្រៅ​នៅ​ឡើយ​។ ទី​២៖ យុវជន​មួយ​ចំនួន​យល់​ឃើញ​ថា របប​ខ្មែរ​ក្រហម​គឺ​ជា​រឿង​ឈឺ​ចាប់ ដែល​មិន​គួរ​ឲ្យ​រំឭក​ឡើង​វិញ​​។ ម្យ៉ាង យុវជន​សម័យ​ថ្មី​នេះ ផ្ដល់​ភាព​សំខាន់​ដល់​​អនាគត​ច្រើន​ជាង​អតីតកាល។ នេះ​ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មិន​សូវ​ចាប់​អារម្មណ៍ ឬ​យក​ចិត្ត​ទុក​ដាក់​ស្វែង​យល់​ពី​ប្រវត្តិសាស្ត្រ​របប​ខ្មែរ​ក្រហម​ប៉ុន្មាន​ទេ​។

    ប៉ុន្តែ​សម្រាប់​អ្នក​ស្រាវ​ជ្រាវ​ប្រវត្តិសាស្ត្រ ការ​មិន​ស្វែង​យល់​ពីអតីតកាល​ឲ្យ​បាន​ស៊ី​ជម្រៅ មិន​អាច​ឲ្យ​យុវជន​ដើរ​ទៅ​រក​អនាគត​ដ៏​ប្រសើរ​ទេ​។ ក្នុង​ន័យ​នេះ អ្នក​ជំនាញ​ណែនាំ​ឲ្យ​យុវជន ងាក​មក​យក​ចិត្ត​ទុក​ដាក់​សិក្សា​ស្វែង​យល់​ពី​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ ជា​ពិសេស​អំពី​កំណើត​របប​ខ្មែរ​ក្រហម​​និង​របប​ខ្មែរ​ក្រហម​នេះ​ទាំង​មូល​។

    គឺ​ការ​សិក្សា​នេះ​ហើយ ដែល​នឹង​ឈាន​ទៅ​បញ្ជៀស​កុំ​ឲ្យ​ប្រវត្តិសាស្ត្រ​នេះ កើត​ឡើង​ច្រំដែល​លើ​ដែនដី​កម្ពុជា​ទៀត។ គឺ​ការ​សិក្សា​ដដែល​នេះ​ហើយ ដែល​នឹង​ជួយ​ផ្សះផ្សារ​ស្មារតី​របស់​ប្រជាជន​ខ្មែរ ទាំង​អ្នក​ដែល​ធ្លាប់​ឆ្លង​កាត់​របប​ខ្មៅ​ងងឹត​នេះ​ក៏​ដោយ និង​មិន​បាន​ឆ្លង​កាត់​ក៏​ដោយ ឲ្យ​យល់​ពី​សច្ចភាពពិត​ប្រាកដ​​នៃ​របប​នេះ។

    ជា​ការ​ពិត​ហើយ​ថា ការ​សិក្សា​ពី​របប​ខ្មែរ​ក្រហម​គឺ​ជា​ការងារ​ដ៏​ទូលំទូលាយ និង​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ​។ តើ​ហេតុ​អ្វី​បាន​ជា​មាន​របប​ខ្មែរ​ក្រហម? តើ​ការ​ដួល​រលំ​នៃ​របប​សេនា​ប្រមុខ​លន់នល់ គឺ​ជា​កំណើត​នៃ​របប​ខ្មែរ​ក្រហម ឬ​មែន​ទែន​ទៅ ចលនា​ខ្មែរ​ក្រហម​មាន​កំណើត​យូរ​លង់​មុន​នេះមក​ហើយ? តើ​ហេតុអ្វី​បាន​ជា​របប​នេះ​កាប់​សម្លាប់​ប្រជាពលរដ្ឋ​ខ្លួន​ឯង?  តើ​ការ​កាប់​សម្លាប់​ខ្មែរ​គ្នា​ឯង ផ្អែក​លើ​គំនិត​ជាតិ​និយមដែរ​ឬ​ទេ? នេះ​គឺ​ជា​សំណួរ​ចាំ​បាច់​ទាំង​ឡាយ​ដែល​យុវជន​គួរ​ស្វែង​រក​ចម្លើយ​ឲ្យ​បាន បើ​មិន​បាន​ទាំង​ស្រុង ក៏​គួរ​តែ​បាន​មួយ​ផ្នែក​ដែរ​៕

    5 min
  • ទម្លាប់បោះចោលសំរាមរបស់ពលរដ្ឋខ្មែរខ្លះ ធ្វើឲ្យប៉ះពាល់ដល់មុខមាត់ជាតិ

    បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​កំពុង​តែ​ខិត​ជិត​ចូល​មក​ដល់​។ ព្រឹត្តិការណ៍​កម្សាន្ត​​ជា​ច្រើន​ត្រូវ​អាជ្ញាធរ​ខេត្ត​ទូទាំង​ប្រទេស​​រៀបចំ​ឡើង ត្រៀម​ទទួល​ប្រជាពលរដ្ឋ ដើម្បី​អបអរនៅ​ក្នុង​ឱកាស​​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​​​។ នៅ​ក្នុង​ព្រឹត្តិការណ៍​កម្សាន្ត​តាម​ទី​សាធារណៈ​ទាំង​នោះ គេ​នៅ​តែ​សង្កេត​ឃើញ​មាន​ការ​បោះ​ចោល​សំរាម​ពាស​វាល​ពាស​កាល​ពី​សំណាក់​ពលរដ្ឋមួយ​ចំនួន​​​។ ទម្លាប់​អាក្រក់​បែប​នេះ បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​កិត្តិយស ភាព​ថ្លៃថ្នូរ និង​សោភ័ណ​ភាព​របស់​ប្រទេស ព្រម​ទាំង​អាច​ជាន់​ពន្លិច​​វិស័យ​ទេសចរណ៍ ដែល​ជា​ប្រភព​ប្រាក់​ចំណូល​របស់​ជាតិ​ទៀត​ផង។

    ការ​បោះ​ចោលសំរាមនៅ​តាម​ទីសាធារណៈ ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន មិន​មែន​ជា​រឿងថ្មី​ឬ​​ប្លែក​ទេ។ ប្រជាពលរដ្ឋ​មួយ​ចំនួន មាន​ទម្លាប់​​​​បោះ​ចោល​សំរាម​យ៉ាង​អនាធិបតេយ្យ​យ៉ាង​ដូច្នេះ នៅ​គ្រប់​ទី​កន្លែង រាប់​តាំង​ពី​នៅ​មុខ​ផ្ទះ តាម​ចិញ្ចើម​ផ្លូវ និង​នៅ​តាមទី​សាធារណៈ​នានា​។

    នៅ​​តំបន់​ទេសចរណ៍​សំខាន់​ៗមួយ​ចំនួន ដូច​ជា​នៅ​តាម​ឆ្នេរ​សមុទ្រ រួម​ទាំង​ប្រាសាទ​អង្គរវត្ត​ផង ក៏​មានការ​ចោល​សំរាម​ដូច​គ្នា​ដែរ ជា​ពិសេស​នៅ​ពេល​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​នានា ដែល​មាន​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​ច្រើន​។ ជាទូទៅ នៅ​តាម​តំបន់​ទេសចរណ៍ សំរាម​ដែល​គេ​តែង​តែប្រទះ​​ឃើញ​មាន​ជា​អាថិ៍​ ដប​ទឹក​សុទ្ធ កំប៉ុង​ទឹក​ក្រូច កំប៉ុង​ស្រាបៀរ ប្រអប់​ស្នោរ​ដាក់​អាហារ ថង់ប្លាស្ទិក និង​កាក​សំណល់​ចំណី​អាហារ​ជា​ដើម។

    ក្រៅ​តែ​ពី​ការ​បោះ​ចោល​សំរាម​នៅ​នឹង​កន្លែង ក៏​មាន​ដែរ​ការ​បោះ​ចោល​សំរាម​ចេញ​ពី​យាន​នៅ​តាម​ផ្លូវ។ អ្នក​បោះ​ចោល​សំរាម​ខ្លះ គឺ​ជា​ម្ចាស់​រថយន្ត​ដ៏​ប្រណីត ឯ​អ្នក​ខ្លះ​ទៀត គឺ​ជា​អ្នក​ធ្វើ​ដំណើរ​តាម​រថយន្ត​ឈ្នួល។ ការ​បោះចោល​សំរាម​ខ្លះ បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​អ្នក​ដំណើរ​នៅ​លើ​ដង​ផ្លូវ​ជាមួយ​គ្នា និង ពេល​ខ្លះ​ទៀត បាន​បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍ ផង​ក៏​មាន។

    តើ​មាន​មូល​ហេតុ​អ្វី​ខ្លះ ដែល​នាំ​អោយ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​មាន​ទម្លាប់​មិន​ល្អ​បែប​នេះ? ហើយ​តើ​ត្រូវ​ដោះ​ស្រាយ​ទម្លាប់​អាក្រក់​បែប​នេះ​យ៉ាង​ដូចម្តេច?

    កំណាព្យ​មួយ​ឃ្លា​នៅ​ក្នុង​ច្បាប់​បណ្តាំ​បិតា បាន​សរសេរ​ថា “ដឹង​ឆ្ងើយ​ត្បិត​ដង កូន​សោត​រែង​ឆ្គង ត្បិត​តែ​ឪពុក”។ កំណាព្យ​នេះ បាន​បង្ហាញ​ថា ការ​អប់រំ​នៅ​ក្នុង​គ្រួសារ​គឺ​ជា​រឿង​សំខាន់។ ដូច្នេះ​ទម្លាប់​អាក្រក់​ទាក់​ទង​នឹង​ការ​ចោល​សំរាម​របស់​កុមារ យុវជន និង​ពលរដ្ឋ​មួយ​ចំនួន គឺ​បណ្តាល​មក​ពី​ការ​មិន​ទទួល​បាន​ការ​ អប់រំ​ពី​ឪពុក​ម្តាយ អាណាព្យាបាល ឬ​មនុស្ស​ចាស់​ក្នុង​គ្រួសារ។ បើ​ពុំ​ដូច្នេះ​ទេ គឺ​មនុស្ស​ចាស់​ក្នុង​គ្រួសារ តែម្តង ដែល​បាន​ធ្វើ​ជា​គំរូ​អាក្រក់​សម្រាប់​កូន​ៗ។ ការ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ចោល​សំរាម​នេះ​ បាន​ក្លាយ​ជា​ទម្លាប់​អាក្រក់​មួយ ដែល​តែងតែ​ប្រព្រឹត្ត​ឡើង​ដោយ​មិន​ខ្វល់​ពី​អ្នក​ជុំវិញ​ទាល់​តែ​សោះ។

    ក្រៅ​តែ​ពី​គ្រួសារ​ដែល​ជា​សង្គម​តូច នៅ​ក្នុង​សង្គម​ធំ ពលរដ្ឋ​ក៏​ត្រូវ​ទទួល​បាន​ការ​អប់រំ​ផង​ដែរ។ សាលារៀន គឺ​ជា​កន្លែង​ទី​២ ដែល​ត្រូវ​អប់រំ កុមារ យុវជន និង​ពលរដ្ឋ អោយ​បាន​យល់​ដឹង​អំពី​សំរាម​នេះ ។ កង្វះ​ការ​យល់​ដឹង​អំពី​បរិស្ថាន ធ្វើ​អោយ​ប្រជាពលរដ្ឋ​មួយ​ចំនួន មិន​យក​ចិត្ត​ទុក​ដាក់​អំពី​ការ​បោះ​ចោល​សំរាម​ និង​ការ​គ្រប់​គ្រង​សំរាម។ ពេល​ខ្លះ​ពួក​គេ​ត្អូញត្អែរ​អំពី​ផល​ប៉ះ​ពាល់​ដែល​បណ្តាល​មក​ពី​សំរាម ប៉ុន្តែ​ពួកគេ​មិន​ចូល​រួម​សំអាត ឬ​គ្រប់​គ្រង​សំរាម​អោយ​មាន​របៀប​រៀប​រយ​នោះ​ទេ។

    ការ​ចោល​សំរាម មើល​ទៅ​ដូច​ជា​រឿង​តូចតាច ប៉ុន្តែ​ទម្លាប់​នេះ គឺ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង ពី​ចំណេះ​ដឹង មារយាទ និង​ការ​ទទួល​​ខុស​ត្រូវ របស់​ពលរដ្ឋ​ខ្មែរ​ម្នាក់​ៗ ដែល​នៅ​ក្នុង​នោះ​មាន​ទាំង ពលរដ្ឋ​ធម្មតា និង​អាជ្ញាធរ។ ទម្លាប់​អាក្រក់​បែប​នេះ បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​កិត្តិយស ភាព​ថ្លៃថ្នូរ និង​សោភ័ណ​ភាព​របស់​ប្រទេស ព្រម​ទាំង​អាច​ជាន់​ពន្លិច​​វិស័យ​ទេសចរណ៍ ដែល​ជា​ប្រភព​ប្រាក់​ចំណូល​របស់​ជាតិ​ទៀត​ផង។

    បញ្ហា​សំរាម មិន​មែន​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​នរណា​ម្នាក់ ឬ​ក្រុម​ណាមួយ​តែ​ឯង​ឡើយ​។ ដូច្នេះ បន្ថែម​ពី​លើ​ការងារ​របស់​អាជ្ញាធរ​រដ្ឋាភិបាល ពលរដ្ឋ​ម្នាក់​ៗក៏​ត្រូវ​រួម​ចំណែក​ក្នុង​ការងារ​នេះ​ដែរ ដោយ​ចាប់​ផ្ដើមពី​ការលះបង់​ទម្លាប់​ចាស់ ឈប់​បោះ​ចោល​សំរាម​ពាសវាល​ពាស​កាល ​ហើយ​បង្កើត​ទម្លាប់​ថ្មី។ ទម្លាប់​ថ្មី​គឺ​ការ​ចេះ​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹម​ត្រូវ និង​ចៀស​វាង​ការ​បោះ​ចោល​សំរាម​ពាស​វាល​ពាស​កាល​។

    វា​ល្មម​ដល់​ពេល​ហើយ ដែល​ប្រជាពលរដ្ឋខ្មែរ​ទាំង​អស់​គ្នា ចាប់ផ្តើម​គិត​គូរ និង​អនុវត្ត​រឿង​តូច​តាច​មួយ​នេះ ដើម្បី​សង្គម​យើង។ អ្នក​ដែល​ត្រូវ អនុវត្ត​មុន​គេ​គឺ ឪពុក​ម្តាយ អាណា​ព្យាបាល ឬ​មនុស្ស​ចាស់ គ្រូ​បង្រៀន និង​អាជ្ញាធរ។ ប្រសិន​បើ​យើង​អាច​អនុវត្ត​បាន​ទាំង​អស់​គ្នា នោះ​យើង​នឹង​អាច​លើក​កំពស់​បរិស្ថាន ហើយ​អាច​រួម​ចំណែក​កសាង​សោភ័ណភាព​របស់​ប្រទេស​យើង​បាន​ទៀត​ផង៕

    6 min
  • ហេតុអ្វីត្រូវចាំបទបញ្ជារបស់នាយករដ្ឋមន្ដ្រី ទើបដោះស្រាយបញ្ហាបាន?

    បទ​បញ្ជា​របស់​លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន ត្រូវ​បាន​សាធារណៈ​មតិ​ទទួល​ស្គាល់​ថា មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ក្លា​នៅ​ក្នុង​ការ​អនុវត្ត​ការងារ​របស់​មន្ដ្រី​រដ្ឋាភិបាល ក៏​ដូច​ជា​ស្ថាប័ន​នីតិបញ្ញត្តិ និង​ស្ថាប័ន​តុលាការ​។ ការ​ចុះ​បង្ក្រាប​បទ​ល្មើស​ជលផល​នៅ​បឹង​ទន្លេ​សាប​ដែល​កំពុង​តែ​អនុវត្ត​នា​ពេល​នេះ ក៏​បាន​កើត​ឡើង​ក្រោយ​បទ​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​ដែរ​។ ជា​ការ​ពិត បទ​បញ្ជា​របស់​បុគ្គល​ដែល​មនុស្ស​មួយ​ចំនួន​ហៅ​ថា បុរស​ខ្លាំង​កម្ពុជា នោះ គ្មាន​អ្វី​ដែល​ថា​មិន​អាច​ធ្វើ​បាន​ឡើយ​។ ប៉ុន្តែ ហេតុ​អ្វី​​បាន​ជា​គេ​ត្រូវ​ចាំ​​​បទ​បញ្ជា​របស់​នាយក​រដ្ឋ​មន្ដ្រី ទើប​ដោះ​ស្រាយបញ្ហា​បាន​? 

    បទល្មើស​នេសាទ​នៅ​បឹង​ទន្លេ​សាប កំពុង​តែ​រង​ការ​បង្ក្រាប​យ៉ាង​សស្រាក់សស្រាំ ពី​សំណាក់​អាជ្ញាធរ​និង​ក្រសួង​ពាក់ព័ន្ធ​ទាំង​អស់ ក្រោយ​ពី​មាន​បញ្ជា​ដាច់​ណាត់​របស់​លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន​។ លោក​នាយករដ្ឋ​​មន្ដ្រី ហ៊ុន សែន កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ទី​២៣​មីនា បាន​ចេញ​បញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ នៅ​តាម​បណ្ដា​ខេត្ត​ជុំ​វិញ​បឹង​ទន្លេ​សាប​ទាំងអស់ កម្ចាត់​ឈ្មួញ​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ​នៅ​បឹង​ទន្លេ​សាប​​ឱ្យ​អស់​ បើ​ទោះ​បី​ជា​ត្រូវ​ប្រើ​មធ្យោបាយ​ណា​ក៏​ដោយ​។ និង​ថា ប្រសិន​បើ​មន្ត្រី​ពាក់ព័ន្ធ រាប់​ចាប់​តាំង​ពី​ចៅហ្វាយ​ខេត្ត រដ្ឋមន្ដ្រី​និង​មេ​​ទាហាន មេ​ប៉ូលីស​ទាំង​ឡាយ មិន​អាច​បង្ក្រាប​បទ​ល្មើស​​នេសាទ​ត្រី​ខុស​ច្បាប់ ជា​ពិសេស​បទ​ល្មើស​ទ្រង់ទ្រាយ​ធំ​បាន​ទេ នោះពួក​គេ​មិន​គួរ​បន្ត​ការងារ​របស់​ខ្លួន​ត​ទៅ​ទៀត​ឡើយ​។

    ភ្លាម​ៗ​ក្រោយ​ការ​ចេញ​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល ស្ថាប័ន​ពាក់ព័ន្ធ រួមមានក្រសួងកសិកម្ម ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តនៅជុំវិញបឹងទន្លេសាប បានជួបប្រជុំជាបន្ទាន់មួយ ដើម្បីដោះស្រាយបញ្ហាបទល្មើសនេសាទ​នៅ​បឹងទន្លេសាប ដែលកើតមានជារៀង​រាល់​ថ្ងៃ​។ ក្រោយការប្រជុំ ភាគីពាក់ព័ន្ធបានសម្រេចឲ្យអភិបាលខេត្តទាំង៦ជុំ​វិញ​បឹងទន្លេសាប ត្រូវស្រាវជ្រាវរកជនល្មើស មកចាត់ការទៅតាមផ្លូវច្បាប់ដោយម៉ឺងម៉ាត់ និងកំណត់ឧបករណ៍ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានជលផល។ ក្រៅពីនេះ អាជ្ញាខេត្តទាំង៦ រួមមាន កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ធំ សៀមរាប និងបន្ទាយមានជ័យ ត្រូវបង្កើតទីតាំងយាមការជាប្រចាំ ដើម្បបង្រ្កាបបទល្មើសនេសាទជាក់ស្តែងដែលកើតមានក្នុងភូមិសាស្រ្តខេត្តរៀងៗខ្លួន។ បើតាមក្រសួងកសិកម្ម បទល្មើសនិងជនល្មើសទាំងអស់ មិនត្រូវមានការយល់យោគជាដាច់ខាត។

    គួរ​កត់​សម្គាល់​ថា ការ​ចុះ​បង្ក្រាប​បទ​ល្មើស​ជលផល​នៅ​បឹង​ទន្លេ​សាប​ដែល​កំពុង​តែ​អនុវត្ត​នា​ពេល​នេះ ​បាន​កើត​ឡើង​ក្រោយ​បទ​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន ដែល​មនុស្ស​មួយ​ចំនួន​ហៅ​ថា បុរស​ខ្លាំង​កម្ពុជា។ បទ​បញ្ជា​របស់​បុរស​ខ្លាំង​កម្ពុជា គ្មាន​អ្វី​ដែល​ថា​មិន​អាច​ធ្វើ​បាន​ឡើយ​។ ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​បញ្ហា​នៅ​ក្នុង​សង្គម ត្រូវ​ចាំ​ទាល់​តែ​មាន​បទ​បញ្ជា​របស់​នាយក​រដ្ឋ​មន្ដ្រី ទើប​ដោះ​ស្រាយ​បាន​? ហេតុ​អ្វី​បាន​ជា​មន្ដ្រី​ថ្នាក់​ក្រោម មិន​អាច​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​បាន​ដោយ​គ្មាន​បញ្ជា​ពី​ថ្នាក់​លើ​?

    ដើម្បី​ឆ្លើយ​នឹង​សំនួរ​នេះ គេ​ចាំ​បាច់​ត្រូវ​យល់​ពី​បញ្ហា​មួយ​ចំនួន​ជា​មុន​សិន​។ បញ្ហា​ដំបូង​បង្អស់​នោះ​គឺ ការ​ឃុប​ឃិត​គ្នា​ជា​ប្រព័ន្ធ ​នៃមន្ដ្រី​ថ្នាក់​ក្រោម​ឱវាទ​របស់​នាយក​រដ្ឋ​មន្ដ្រី​។ បញ្ហា​ប្រឈម​នានា​នៅ​តែ​កើត​ឡើង​ដោយ​គ្មាន​ដំណោះ​ស្រាយ នៅ​ពេល​មន្ដ្រី​ក្រោម​ឱវាទ​ឃុប​ឃិត​គ្នា​ដើម្បី​ផល​ប្រយោជន៍ ដោយ​បិទ​បាំង​ពី​ភ្នែក​នាយក​រដ្ឋ​មន្ដ្រី​។ មួយ​វិញ​ទៀត រដ្ឋបាល​​ថ្នាក់​ក្រោម និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ដែល​ជា​ភ្នែក​ច្រមុះ​របស់​រដ្ឋាភិបាល ហាក់​ដូច​ជា​មិន​បាន​អនុវត្ត​ការងារ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវនៅ​​ឡើយ​។

    មាន​មូលហេតុ​៣​យ៉ាង​ដែល​អាច​ពន្យល់​បញ្ហា​នេះ​បាន​។ ទី​១ គឺ​អសមត្ថភាព​របស់​អាជ្ញាធរ​ក្នុង​ការ​គ្រប់​គ្រង​អំពើ​​ល្មើស​។ ទី​២ គឺ​បញ្ហា​ផល​ប្រយោជន៍​ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ចិញ្ចឹម បទ​ល្មើស​។ និង​ទី​៣ គឺ​អ្នក​ប្រព្រឹត្ត​ល្មើស ឬ​ធ្វើ​ជា​ខ្នង​បង្អែក​ឲ្យ​ជន​ល្មើស គឺ​ជា​មន្ដ្រី​មាន​អំណាច ដែល​ធ្វើ​ឲ្យ​កម្លាំង​សមត្ថកិច្ច​បង្ខំ​ចិត្ត​បិទ​ភ្នែក បិទ​ត្រចៀក​នៅ​ចំពោះ​មុខ​អំពើ​ល្មើស​។

    នៅ​ក្នុង​បរិបទ​ដូច្នេះ ​នាយក​រដ្ឋ​មន្ដ្រី ដែល​ជា​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល ត្រូវ​បង្ខំ​ចិត្ត​ចេញ​មុខ​ដាក់​បញ្ជា​ទៅ​ដល់​មន្ដ្រី​ក្រោមបង្គាប់ ដើម្បី​កម្ចាត់​​ភាព​អសកម្ម ឬ​បទ​ល្មើស​ផ្សេង​ៗ​។ បទបញ្ជា​ទាំងឡាយ​របស់​នាយករ​ដ្ឋ​មន្ត្រី​បាន​ឆ្លុះ​ឲ្យ​ឃើញថា រដ្ឋាភិបាល​ពិតជា​ចង់​លុបបំបាត់​បាតុភាព​អសកម្ម​នៅក្នុង​សង្គម ពីព្រោះថា នៅលើ​លោក​នេះ​ប្រហែលជា​គ្មាន​មេដឹកនាំ​ប្រទេស​ណាមួយ​ ដែល​មិន​ប្រាថ្នា​ចង់ឃើញ​វឌ្ឍនភាព ​ប្រកបដោយ​ភាពសុខដុមរមនា​ក្នុងសង្គម ​នៅក្រោម​ការដឹកនាំ​របស់​ខ្លួន​នោះឡើយ។ ប៉ុន្តែ នាយករដ្ឋមន្ត្រី​ម្នាក់ឯង​មិនអាច​ចេញ​បញ្ជា​គ្រប់​បញ្ហា​បានទេ។

    អាជ្ញាធរ​មាន​សមត្ថកិច្ច ត្រូវ​ទទួល​ខុស​ត្រូវ​លើ​ការងារ​របស់​ខ្លួន ដោយ​អនុវត្ត​ច្បាប់​ប្រកប​ដោយ​ភាព​​ម៉ឺងម៉ាត់ និង​ស្មើ​ភាព​។  ប្រសិទ្ធភាព​ពិតប្រាកដ​ក្នុងការ​បំបាត់​បទល្មើស​ទាំងឡាយ ​គឺ​ស្ថិតនៅលើ​សមត្ថភាព និង​មនសិការ​របស់​អាជ្ញាធ​រ​មាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ​ដែលជា​សេនាធិការ​របស់​រដ្ឋាភិបាល។ បទ​បញ្ជា​របស់​នាយក​រដ្ឋ​មន្ដ្រី មែន​ទែន​ទៅ មាន​ភាព​ចាំ​បាច់​សម្រាប់​កិច្ច​ការ​ធំ​ៗ​មួយ​ចំនួន​។ ដោយ​ឡែក ​ចំពោះ​រឿង​កំប៉ិកកំប៉ុក​អង្ករ​កំប៉ុង គេ​មិន​គួរ​រង់​ចាំ​បញ្ជា​របស់​នាយក​រដ្ឋ​មន្ដ្រី​ដើម្បី​ដោះ​ស្រាយ​ទេ​​។ ប្រសិនបើ​ក្រសួង​ជំនាញ​ទាំងឡាយ ​រង់ចាំតែ​បទបញ្ជា​នាយករដ្ឋមន្ត្រី​គ្រប់​តែ​រឿង​ គេ​ប្រហែលជា​មិនចាំបាច់​បង្កើត​ក្រសួង​ទាំងនោះ ​នាំ​ឲ្យ​ខាតបង់​ថវិកាជាតិ​នោះឡើយ៕

    6 min
  • កម្ពុជាត្រូវធ្វើអ្វីដើម្បីទាញប្រយោជន៍ឲ្យបានជាអតិបរមាពីកិច្ចព្រមព្រៀង RCEP?

    កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី ហៅកាត់​ថា RCEP បាន​ចូល​ជា​ធរមាន​រួច​រាល់​ហើយ នៅ​ដើម​ឆ្នាំ​២០២២​នេះ​។ RCEP គឺជា​កិច្ច​ព្រម​ព្រៀង​ដ៏​ធំ​និង​សំខាន់​​បំផុត​នៅ​លើ​ពិភពលោក ដោយ​ហេតុ​ថា ផលិតផល​សរុប​របស់​ប្រទេស​ហត្ថលេខី​ទាំង​អស់ មាន​ទំហំ​ដល់​ទៅ​៣០​ភាគ​រយ​នៃ​ផលិតផល​ក្នុង​ពិភពលោក​។ កាល​ពី​សប្ដាហ៍​មុន រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ប៉ាន សូរស័ក្ត បាន​គូស​បញ្ជាក់​ឲ្យ​ដឹង​ថា តាម​រយៈ​កិច្ច​ព្រម​ព្រៀង​នេះ ការ​នាំ​ចេញ​របស់​កម្ពុជា អាច​នឹង​មាន​កំណើន​ជាង​៧​ភាគរយ ខណៈ​ការ​វិនិយោគ អាច​កើន​ឡើង​ប្រមាណ​២៣​ភាគរយ ខណៈ​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប នឹង​មាន​កំណើន​ក្នុងអត្រា ២ភាគរយ​។ តើ​ដើម្បី​ទទួលបាន​ប្រយោជន៍ពី​កិច្ច​ព្រមព្រៀង RCEP ​ដូច​ដែល​បាន​លើក​ឡើង​នេះ តើ​កម្ពុជា​ត្រូវ​ធ្វើ​ការ​ងារ​អ្វី​ខ្លះ?

    មុន​នឹង​ទៅដល់​ការ​ទាញ​ប្រយោជន៍​ពី​កិច្ច​ព្រម​ព្រៀង​នេះ គេ​ត្រូវ​ស្វែង​យល់​ពី​សវតា​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​បន្តិច​សិន​។ កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​តំបន់​គ្រប់​ជ្រុងជ្រោយ ហៅ​កាត់​ថា RCEP ត្រូវ​បាន​ស្នើ​ឡើង​ដំបូង​នៅ​ឆ្នាំ​២០១២ នា​ទីក្រុង​ភ្នំពេញ ដោយ​មានប្រទេស​ជា​សមាជិក​ចំនួន​១៦ រួម​មាន​​ប្រទេស​អាស៊ាន​ទាំង​១០ និង​ដៃគូ​សន្ទនា​ចំនួន​៦​ផ្សេង​ទៀត​ គឺ ចិន ជប៉ុន កូរ៉េ​ខាង​ត្បូង ឥណ្ឌា អូស្ត្រាលី និង​ណូវែលសេឡង់​។ ប៉ុន្តែ​កាល​ពី​ឆ្នាំ​២០១២​នោះ កិច្ច​ព្រម​ព្រៀង RCEP នេះ មិន​សូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ឡើយ ដោយ​សារ​តែ​អាមេរិក​បាន​ដឹក​នាំ​ធ្វើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​អន្ដរប៉ាស៊ីហ្វិក ដែល​ធំ​ជាង​នេះ​។

    យ៉ាង​ណា​ក៏​ដោយ បន្ទាប់​ពី​អាមេរិក​សម្រេច​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រ​ម​ព្រៀង​អន្ដរប៉ាស៊ីហ្វិក ចិន​បាន​ឆក់​ឱកាស​ប្រមូល​បណ្ដា​ប្រទេស​អាស៊ាននិង​ប្រទេស​ក្នុង​តំបន់​ផ្សេង​ទៀត​ឲ្យ​ចូល​រួម​ជាមួយ​ខ្លួន នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង RCEP។ ចិន​រំពឹង​ថា កិច្ច​ព្រម​ព្រៀង​ RCEP នឹង​លេច​ចេញ​ជា​រូបរាង​នៅ​ចុង​ឆ្នាំ​២០១៩​​។

    ប៉ុន្តែ​នៅចុង​ឆ្នាំ​២០១៩​នោះ ឥណ្ឌា​​បាន​សម្រេច​ចិត្ត​ដក​ខ្លួន​ចេញ​ពី​មហា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី RCEP។ ដូច្នេះ​ទើប​ពេល​នេះ មហា​កិច្ច​ព្រម​ព្រៀង​សេរី RCEP ​មាន​សមាជិក​តែ១៥ប្រទេស។

    វត្តមាន​នៃ​កិច្ច​ព្រម​ព្រៀង RCEP និង​ក្នុង​ពេល​ដែល​ចិន​និង​អាមេរិក​កំពុង​មាន​​​សង្គ្រាម​ពាណិជ្ជកម្ម គេ​ប្រមើល​ឃើញ​ថា ក្រុម​ប្រទេស​អាស៊ាន​អាច​ទទួល​បាន​ផល​ប្រយោជន៍ច្រើន ពេល​​មាន​កិច្ច​ព្រមព្រៀង RCEP។ មាន​ប្រយោជន៍​ព្រោះ​ថា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក អាច​បង្ខំ​ឲ្យ​ក្រុមហ៊ុន​អន្ដរជាតិ ងាក​មក​បង្កើត​រោងចក្រ​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេង​ទៀត ក្រៅ​ពី​ចិន ដើម្បី​ចៀស​ផុត​ពី​ទណ្ឌកម្មអាមេរិក​។ ដូច្នេះ ប្រទេស​អាស៊ាន អាច​ក្លាយ​ទៅ​ជា​គោលដៅ​ថ្មី​សម្រាប់​ប្រទេស​ទាំង​នោះ​។ កម្ពុជា​ក៏ដូច្នោះ​ដែរ​។

    យ៉ាង​ណា​ក៏​ដោយ ដើម្បី​ឲ្យ​វិនិយោគិន​ចូល​មក​ដាក់​ទុន​វិនិយោគ​ក្នុង​តំបន់​ខ្លួន អាស៊ាន​ ជា​ពិសេស​កម្ពុជាត្រូវ​ត្រៀម​ខ្លួន ត្រៀម​ហេដ្ឋារចនាសម្ព័ន្ធ វត្ថុធាតុដើម ហើយ​ត្រូវ​មាននីតិវិធី​ច្បាប់​គ្រប់​គ្រាន់​និង​ត្រឹម​ត្រូវ ដើម្បី​ធានា​ដល់​អ្នក​វិនិយោគ​ដែរ​។ នេះ​ជា​ការ​ប្រឈម​មួយ​សម្រាប់​អាស៊ាន​ និយាយ​ជា​រួម និង​សម្រាប់​កម្ពុជា និយាយ​ដោយ​ឡែក​។

    សម្រាប់​កម្ពុជា ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​មហា​កិច្ច​ព្រម​ព្រៀង​ RCEP នេះ អ្នក​ជំនាញ​សេដ្ឋកិច្ច​មួយ​ចំនួន​បាន​ជំរុញ​ឲ្យ​កម្ពុជា​ពន្លឿន​ការ​ធ្វើ​ពិពិធកម្ម​មូលដ្ឋាន​គ្រឹះ​នៃ​សេដ្ឋកិច្ច​របស់​ខ្លួន ​ឲ្យ​បាន​លឿន​រហ័ស​។ ក្នុង​នោះ មាន​វិស័យ​មួយ​ចំនួន ដែល​កម្ពុជា​អាច​យក​ចិត្ត​ទុកដាក់ ដើម្បី​ពង្រីក​​សសរ​ទ្រទ្រង់​សេដ្ឋកិច្ច​របស់ខ្លួន​។ ទីមួយ គឺ​ការ​ជំរុញ​វិស័យ​កសិឧស្សាហកម្ម​ ដែល​ជា​សសរ​គ្រឹះ​គាំទ្រ​កំណើន​​វិស័យ​កសិកម្ម​ កាត់ដេរ​ និង​ទេសចរណ៍។ ទីពីរ ​ពង្រីក​សិប្បកម្ម​និង​ឧស្សាហកម្ម​ ដើម្បី​ជំរុញ​ការ​នាំចេញ​ និង​បំពេញ​តម្រូវការ​ក្នុង​ស្រុក​។ ​ទីបី​ស្វែងរក​ឧស្សាហកម្ម​​ថ្មី​ៗ និង​អភិវឌ្ឍ​ធនធាន​មនុស្ស​ស្រប​ទៅ​តាម​ទីផ្សារ​ការងារ​អន្ដរជាតិ​។

    កម្ពុជា​ដែលត្រូវបាន​គេ​វាយ​តម្លៃ​ថា ជាប្រទេស​ដែលមាន​​ប្រជាជន​វ័យក្មេង​និង​សកម្មច្រើន គួរ​តែ​អាច​ទាញ​យក​ផល​ប្រយោជន៍​កម្លាំង​​ទាំងនេះ តាម​រយៈការ​បង្កើត​ការងារ​តាមជំនាញ​សម្រាប់​ពួកគេ។ ប្រសិន​បើកម្ពុជា​អាចបង្កើត​ទម្រ​មូលដ្ឋា​នគ្រឹះ​សេដ្ឋកិច្ច​បានច្រើន​មែននោះ អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​ជឿ​ថា កម្ពុជា​នឹងអាច​ទាញ​យក​ផល​ចំណេញ​យ៉ាង​មហិមា​ ពីកិច្ច​ព្រម​ព្រៀង RCEP ​ជាក់​ជា​ពុំ​ខាន​​៕

    4 min

About ទស្សនៈព្រឹត្តិការណ៍ខ្មែរ

From the publisher's feed

នៅរៀងរាល់​ថ្ងៃ ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​ៗ នៅ​ក្នុង​ប្រទេស​កម្ពុជា ទាំង​ក្នុង​រឿង​នយោបាយ ​សេដ្ឋកិច្ច ​សង្គម ​និង​វប្បធម៌…

More shows like ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners