ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

By RFI ខេមរភាសា / Khmer
Download on the App Store

ទស្សនៈព្រឹត្តិការណ៍ខ្មែរ episodes

  • ជំនឿអរូបិយនៅក្នុងសង្គមខ្មែរ ជាឱកាសអាជីវកម្មរបស់ជនទុច្ចរិត

    ជំនឿ​អរូបិយ​​នៅតែ​មាន​ឥទ្ធិពល​​ក្នុង​សង្គម​ខ្មែរ រាប់​ចាប់​តាំង​ពី​ជំនឿ​លើ​ការ​បន់​ស្រន់ សែន​ព្រេន​ចំពោះ​អ្នក​តា រហូត​ដល់​អារុក្ខ​អារក្ស​ទេពតា​នានា​។ នេះ​ជា​ទំនៀម​ទម្លាប់​ដែលដូន​តា​ខ្មែរ​បន្សល់​ទុក​តាំង​ពី​យូរ​ណាស់​មក​ហើយ​។ ជំនឿ​អរូបិយ មែន​ទែន​ទៅ គឺ​ជាសិទ្ធិ​សេរីភាព​ផ្នែក​សាសនា​របស់​ពលរដ្ឋ​។ ប៉ុន្តែពលរដ្ឋ​គួរ​តែ​ប្រើ​ប្រាស់​សិទ្ធិ​នេះ​ដោយ​ប្រុង​ប្រយ័ត្នជា​ទី​បំផុត។ ត្រូវ​ប្រយ័ត្ន​ព្រោះ​ជំនឿ​អរូបិយ​គឺ​ជា​ឱកាស​អាជីវកម្ម​របស់​ជន​ទុច្ចរិត ប្រសិន​បើពលរដ្ឋ​មិន​បាន​​គិត​ពិចារណា​ឲ្យ​បាន​វែង​ឆ្ងាយ​មុន​នឹង​ដាក់​ចិត្ត​ជឿ​​ទេនោះ​​​។

    ជំនឿ​អរូបិយ​មាន​វត្តមាន​នៅ​លើ​ទឹក​ដី​កម្ពុជា​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ ពោល​គឺ​យូរ​ជាងការ​ចូល​មក​ដល់​នៃ​ព្រហ្មញ្ញ​សាសនា និង ព្រះ​ពុទ្ធ​សាសនា​ទៅ​ទៀត​។ ជន​ជាតិ​ខ្មែរ​ដើម មាន​ជំនឿ​លើ​កម្លាំង​ក្រៅ​ធម្មជាតិ និង កម្លាំង​ក្រៅ​ខ្លួន ​ដែល​ជាទូទៅ​គោរព​បូជា​វត្ថុ​អរូប​ដូច​ជា អាទិទេព ទេវតា អារុក្ខ​អារក្ស និង​អ្នក​តា​នានា​។

    អស់​រយៈ​ពេល​រាប់​រយ​ឆ្នាំ​កន្លង​ទៅ​នេះ ជំនឿ​អរូបិយ​នៅ​ក្នុង​សង្គម​ខ្មែរ​មិន​ធ្លាប់​ឃ្លាត​ចាក​ទៅ​ណា​ទេ​។ ពលរដ្ឋ​ខ្មែរ ជា​ពិសេស​អ្នក​នៅ​តាម​ជនបទ ​នៅ​តែ​មាន​ជំនឿ​លើ​រឿង​អរូបិយ​ដដែល​។ សត្វ​ជ្រូក​ជើង​ប្រាំ សត្វ​គោ​ក្បាល​ពីរ និង​ភាព​មិន​ប្រក្រតី​ខុស​ធម្មជាតិ​ផ្សេង​ៗ អាច​ធ្វើ​ឲ្យ​មនុស្ស​ម្នា​ផ្អើល​អុជ​ទៀន​ធូប​គោរព​បូជា​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី។ ករណី​ខ្លះ​ថែម​ទាំង​ត្រូវ​បាន​យក​ទៅ​ចុះ​នៅ​លើ​ទំព័រ​សារព័ត៌មាន​​និង​បណ្ដាញ​សង្គម​ទៀត​ផង​។ សម្រាប់​អ្នក​ដែល​មាន​ជំនឿ​លើ​រឿង​អរូបិយ ករណី​ចម្លែក​ទាំង​នេះ កើត​ឡើង​ដោយ​សារ​តែ​បារមី​​​សក្តិសិទ្ធ​ខ្លាំង​ពូកែ​ចូល​សន្ធិត។ ហើយ​ការ​អុជទៀន​ធូប​គោរព​បូជា​នានា នឹង​នាំ​មក​នូវ​លាភ​សំណាង​ដល់​ពួក​គេ​។ នេះ​ជា​រឿង​មួយ។

    ក្រៅ​ពី​ជំនឿ​លើ​ភាព​មិន​ប្រក្រតី​នៃ​ធម្មជាតិ គេ​សង្កេត​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ថែម​ទាំង​មាន​ជំនឿ​លើ​​​អាគម​អរូបិយ និង​សិល្ប៍​សាស្ត្រវិទ្យាការ​ផ្សេង​ៗ​​ទៀត​ផង​។ ជំនឿ​នេះ​ស្ដែង​ឲ្យ​ឃើញ​តាម​រយៈ​ការ​ទៅ​រក​គ្រូបារមី​៖ ខ្លះ​ដើម្បី​ជោគ​សំណាងក្នុង​ការងារ​មុខ​របរ ខ្លះ​ដើម្បី​រំដោះ​គ្រោះ​អាក្រក់ ហើយ​ខ្លះ​ទៀត​ទៅ​រក​គ្រូ​បារមី ដើម្បី​ភាព​សម​បំណង​ក្នុង​រឿង​ស្នេហា​ជា​ដើម​។

    ជា​ការ​កត់​សម្គាល់ ជំនឿ​លើ​រឿង​អរូបិយ បារមី​សក្តិសិទ្ធ​អស់​ទាំង​នេះ មិន​មែន​មាន​តែនៅ​ក្នុង​ចំណោម​ពលរដ្ឋ​នៅ​តាម​ជនបទ ដែល​មាន​ចំណេះដឹង​ទាប ខ្វះទី​ពឹង​ពំនាក់​ទាំង​ផ្លូវ​ចិត្ត​និង​ផ្លូវ​កាយនោះ​ទេ ពលរដ្ឋ​ខ្មែរ​ខ្លះ​ដែល​ជា​អ្នក​មាន​ទ្រព្យ​ធន ជាពិសេស​អ្នក​ដែល​ប្រកប​មុខ​របរ​រក​ស៊ី អ្នក​នយោបាយ និង​មន្ដ្រី​អ្នក​មុខ​អ្នក​ការ​ដែល​មាន​តំណែង​ខ្ពស់​មួយ​ចំនួន ក៏​ជឿ​លើ​រឿង​ទាំង​នេះ​ដែរ​។

    ជំនឿ​អរូបិយ មែន​ទែន​ទៅ គឺ​ជាសិទ្ធិ​សេរីភាព​ផ្នែក​សាសនា​របស់​ពលរដ្ឋ​។ ការ​​​ជឿជាក់​ទៅ​​​​លើ​អារុក្ខ​អារក្ស​អ្នក​តា ឬ​ដាក់​ចិត្ត​ដាក់​ថ្លើម​ជឿ​ទៅ​លើ​គ្រូ​បារ្យ​អាចារ្យ​ណា​មួយ គឺ​ជា​ជំនឿ​ដូច​គ្នា​នឹង​ការ​បូជា​ចំពោះ​ព្រះ​ព្រហ្ម ព្រះ​សិវៈ និង​ព្រះ​វិស្ណុ​នៅ​ក្នុង​ព្រហ្មញ្ញ​សាសនា ឬ​ការ​គោរព​បូជា​ព្រះ​ពុទ្ធសាសនា​ដូច្នោះ​ដែរ​។ ការ​មិន​ជឿ​លើ​សាសនា ឬ លទ្ធិ​ណា​មួយ​សោះ ក៏​ជា​សិទ្ធិ និង​ជា​ជំនឿ​មួយ​ប្រភេទ​ដែរ​។

    បើ​ទោះ​បី​ជា​វា​ជា​សិទ្ធិ​សេរីភាពរៀង​​ៗខ្លួន​​ក៏​ដោយ ក៏​ពលរដ្ឋ​​ម្នាក់​ៗ​គួរ​តែ​ប្រើ​ប្រាស់​សិទ្ធិ​នេះ​ដោយ​ប្រុង​ប្រយ័ត្នជា​ទី​បំផុត។ ត្រូវ​ប្រយ័ត្ន​ដោយ​ចំពោះ​ជំនឿ​អរូបិយ​តែ​ម្ដង ព្រោះ​ខុស​ពី​សាសនា​ផ្សេង​ៗ ជំនឿ​អរូបិយ​ជា​ទូទៅ​ត្រូវ​បាន​ផ្ទេរ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ទៀត​តាម​រយៈ​បុគ្គល​ប៉ុណ្ណោះ​ ដោយ​មិន​មាន​ក្បួន​ខ្នាត​ច្បាស់​លាស់ ដើម្បី​​វាស់ស្ទង់​​ពី​ភាព​ត្រឹម​ត្រូវ​នៃ​ការ​អនុវត្ត​ឡើយ​។ ភាព​មិន​ច្បាស់​លាស់​ និង​ជំនឿ​ងប់​ងល់​របស់​ពលរដ្ឋ ផ្ដល់​ឱកាស​យ៉ាង​ខ្លាំង​ដល់​ការ​ធ្វើ​អាជីវកម្ម​បោក​បញ្ឆោត​របស់​ជន​ទុច្ចរិត​។

    នៅ​ក្នុង​សង្គម​ខ្មែរ គេ​ធ្លាប់​ឃើញ​មាន​ឧទាហរណ៍​ជា​ច្រើន​មក​ហើយ​ជុំ​វិញ​ករណី​ជន​ទុច្ចរិត ដែលឆ្លៀត​ឱកាស​យក​ជំនឿ​អរូបិយ​របស់​ពលរដ្ឋ មក​ធ្វើ​អាជីវកម្ម​ស្វែង​រក​ផល​ប្រយោជន៍​បំពេញ​កិលេស​ផ្ទាល់​ខ្លួន។ ជាក់​ស្ដែង​ដូច​ជា​ករណី​អតីត​​ចៅ​អធិការ​វត្ត​ស្រះ​ចក នេត ខៃ ដែល​បាន​លួច​ថត​រូប​អាស​អាភាស​របស់​ស្ដ្រី​មិន​តិច​ជាង​៦០០​នាក់​ឡើយ នៅ​ពេល​ពួក​គេ​មក​​ស្រោច​ទឹក​មន្ត​នៅ​វត្ត​ស្រះ​ចក។ និង​ករណី បុរស​ឈ្មោះ​ធាន វុទ្ធី ដែល​តាំង​ខ្លួន​ឯង​ជា​ព្រះ​សិអារ្យ​មេត្រិយ៍ ស្លៀក​ស ពាក់​ស នៅ​វត្ត​ទួល​ព្រះ​រាជា ហើយ​បង្គាប់​ឲ្យ​ព្រះ​សង្ឃ​ថ្វាយ​បង្គំ​ខ្លួន​ជា​ដើម​។

    ​បើ​ទោះ​បី​ជា​​​ករណី​ទាំង​ពីរ​ខាង​ដើមត្រូវ​បាន​សមត្ថកិច្ច​បើក​កកាយ​និង​កាត់​ទោស​រួច​ហើយ​ក្ដី ក៏​ប៉ុន្តែ​ទង្វើ​បោក​បញ្ឆោត​ដោយ​ឈរ​លើ​ជំនឿ​អរូបិយ​របៀប​នេះ នៅ​តែ​មាន​ជាប់​ជា​និច្ច​នៅ​ក្នុង​សង្គម​ខ្មែរ​។ យ៉ាង​ណា​ក៏​ដោយ គេ​ពិបាក​នឹង​លុប​បំបាត់ ឬ​គាស់​រំលើង​ក្រុមជន​ទុច្ចរិត​ទាំង​នោះ​ណាស់ ខណៈពលរដ្ឋ​ខ្មែរ​នៅ​តែ​មាន​ជំនឿ​ទៅ​លើ​រឿង​ទាំង​នោះ ដែល​ជា​លទ្ធផល គឺ​គ្មាន​អ្វី​ក្រៅ​តែ​ពី​ការ​ខាត​បង់​ពេល​វេលា​និង​ប្រាក់​កាស​នោះ​ឡើយ​។

    សរុប​មក​វិញ បើ​ទោះ​បី​ជា​ជំនឿ គឺ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ម្នាក់​ៗ​ក៏​ដោយ ក៏​ពលរដ្ឋ​គួរ​តែ​ត្រិះ​រិះ​ពិចារណា​ឲ្យ​បាន​វែង​ឆ្ងាយ មុន​នឹង​ដាក់​ចិត្ត​ជឿ​ទៅ​លើ​អ្វី​មួយ ឬ​បុគ្គល​ណា​ម្នាក់​។ ការជឿជាក់​លើ​ជំនឿ​មិន​សម​ហេតុផល គ្មាន​ឫស​គ្មាន​គល់ និង គ្មាន​មូលដ្ឋាន​រឹង​មាំ គ្មាន​នាំ​ប្រយោជន៍​អ្វី​ដល់​ខ្លួន​ឡើយ ក្រៅ​តែ​ពី​ការ​ខាត​បង់ពេលវេលា​និង​ប្រាក់​កាស ហើយ​ពេល​ខ្លះ វិនាស​ខូច​ខាត​ដល់​ខ្លួន​ឯង​និង​គ្រួសារ​ថែម​ទៀត៕

    6 min
  • កម្ពុជានិងចិន៖ ទំនាក់ទំនងចាស់វស្សាដែលផ្ដល់ប្រយោជន៍ទាំងសងខាង
    កម្ពុជា តាំង​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ បាន​ក្រាល​កម្រាល​ព្រំ​ក្រហម​ទទួល​ប្រមុខ​ការ​ទូត​ចិន លោក វ៉ាង យី សម្រាប់​ដំណើរ​​ទស្សនកិច្ច​រយៈ​ពេល​២​ថ្ងៃ។ អ៊ឹម រចនា សូម​ឆ្លៀត​ឱកាស​នេះ រំឭក​ជូន​លោក​អ្នក​អំពី​ប្រវត្តិ​ទំនាក់​ទំនង​ការទូត​រវាង​​​ចិននិង​កម្ពុជា​។ ជា​ទំនាក់​ទំនង​ចាស់​វស្សា ដែល​គេ​មើល​ឃើញ​ថា ផ្ដល់​​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក ជា​ពិសេស​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច និង​ភូមិសាស្ត្រ​នយោបាយ​​។
    0 min
  • កម្ពុជាត្រូវអភិវឌ្ឍសមត្ថភាពអ្នកនិពន្ធ ដើម្បីថែរក្សាអ្នកអាន

    ថ្ងៃសុក្រ​​ទី​១១​មីនា​ខាង​មុខ​នេះ គឺ​ជា​ទិវា​ជាតិ​អំណាន​។ ចាប់​តាំង​ពី​មាន​ការ​បង្កើត​ទិវា​ជាតិ​អំណាន​នៅ​ឆ្នាំ២០១៦​មក គេ​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ បាន​ងាក​មក​អាន​សៀវភៅ​កាន់​តែ​ច្រើន​ឡើង​​​។ កំណើន​និង​សេចក្ដី​ត្រូវការ​របស់​អ្នក​អានដូច្នេះ កើត​ឡើង​ស្រប​ពេល​ដែល​ចំនួន​និង​សមត្ថភាព​របស់​អ្នក​និពន្ធ​ខ្មែរ​​ហាក់​នៅ​មាន​កម្រិត​នៅ​ឡើយ​។  ដើម្បី​ថែ​រក្សា​កំណើន​នៃ​អ្នក​អាន​សៀវភៅ​នៅ​កម្ពុជា អ្នក​ជំនាញ​ស្នើ​ឲ្យ​អ្នក​និពន្ធ​ខ្មែរ​ជំនាន់​ថ្មី ​រួស​រាន់​អភិវឌ្ឍ​សមត្ថភាព​ខ្លួន​​បន្ថែម​ទៀត​។

    ជា​ច្រើន​ឆ្នាំ​​ចុង​ក្រោយ​នេះ និង​បើ​ទោះ​បី​ជា​មាន​ការ​គំរាម​កំហែង​ពី​វិបត្តិ​កូវីដ​១៩ ការ​អាន​សៀវភៅ​នៅ​កម្ពុជានៅ​តែ​មាន​សន្ទុះ​កើន​ឡើង​គួរ​ឲ្យ​កត់​ស្គាល់​។ សន្ទុះ​អ្នក​អាន​សៀវភៅ​ខ្មែរ​ដែល​កើន​ឡើង​នេះ មិន​មែន​ជា​រឿង​ចៃដន្យ​ទេ​។ មាន​កត្តា​សំខាន់​ៗ​ចំនួន​៣ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ងាក​មក​អាន​សៀវភៅ​កាន់​តែ​ច្រើន​ឡើង​។ ទី​១ គឺ​ការ​អប់រំ​ផ្សព្វផ្សាយ​ទូលំទូលាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​បណ្ដាញ​សង្គម ដែល​ចាប់​ផ្ដើម​ផ្ដល់​តម្លៃ​ និង​លើក​កម្ពស់​​ការ​អាន​សៀវភៅ​។ ទី​២ គឺ​ការ​បង្កើត​ឲ្យ​មាន​ពិព័រណ៍​សៀវភៅ​។ និង​ទី​៣ ការ​បង្កើត​ទិវា​ជាតិ​អំនាន ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​។

    រហូត​មក​ទល់​ពេល​នេះ គេ​នៅ​មិន​មាន​ទិន្នន័យ​ច្បាស់​លាស់​អំពី​ចំនួន​អ្នក​អាន​សៀវភៅ​នៅ​កម្ពុជា​ដែល​កើន​ឡើង​សព្វ​ថ្ងៃ​នេះ​ទេ​។ ប៉ុន្តែ​សន្ទុះ​នៃ​កំណើន​អ្នក​អាន​សៀវភៅ​នៅ​កម្ពុជា បាន​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ឡើង តាម​រយៈ​ចំណង​ជើង​សៀវភៅ ​ដែល​បោះ​ពុម្ព​ដាក់​លក់​កាន់​តែ​ច្រើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ នៅ​តាម​បណ្ណាគារ និងតូប​​លក់​សៀវភៅ​នានា​។ ​ការ​បោះពុម្ព​សៀវភៅ​កាន់​តែ​ច្រើន មាន​ន័យ​ថា អ្នក​អាន​ក៏​មាន​ចំនួន​ច្រើន​ឡើង​។

    ទន្ទឹម​នឹង​សន្ទុះ​កើន​ឡើង​នៃ​អ្នក​អាន​សៀវភៅ​នៅ​កម្ពុជា​នេះ គេ​សង្កេត​ឃើញ​ថា នៅ​តាម​តូប​លក់​សៀវភៅ និង​បណ្ណាគារ​នានា សៀវភៅ​ថ្មី​ៗ​ដែល​បោះ​ពុម្ព​ផ្សាយ​ជា​ខេមរភាសា ភាគ​ច្រើន​លើស​លុប គឺ​ជា​សៀវភៅ​ដែល​បក​ប្រែ​ពី​ភាសា​បរទេស​។ សៀវភៅ​​របស់​អ្នក​និពន្ធ​ខ្មែរ​ជំនាន់​ថ្មី ដែល​ដាក់​លក់​នៅ​លើ​ទី​ផ្សារ​សព្វ​ថ្ងៃ​ មាន​ចំនួន​តិច​តួច​នៅ​ឡើយ​។ នេះ​ក៏​ព្រោះ​តែ​អ្នក​និពន្ធ​ខ្មែរ​នៅ​មាន​ចំនួន​តិច​។ ហើយ​​ក្នុង​ចំណោម​ចំនួន​​ដ៏​តិច​នោះ​ទៀត​សោត  អ្នក​និពន្ធ​ខ្មែរ​ជំនាន់​ថ្មី​ដែល​មាន​សមត្ថភាព ក៏​មាន​ចំនួន​កាន់​តែ​តិច​ទៅ​ទៀត​។

    អ្នក​និពន្ធ​ ជា​មនុស្ស​សេរី និង​ជា​អ្នក​ច្នៃ​ប្រឌិត​បង្កើត​ថ្មី ដែល​ត្រូវ​ការ​ដឹង​រឿង​រ៉ាវ​ ក្នុង​ធម្មជាតិ​​ និង​សង្គម​ជា​ច្រើន ដើម្បី​យក​មក​ប្រឌិត​ប្រៀប​ធៀប​ ទៅ​តាម​ទំនោរ​នៃ​ឆន្ទៈរបស់​ខ្លួន ទុក​ជា​ការ​កំសាន្ត និង​ពិចារណា សំដៅ​ទៅ​រក​ការ​បង្កើត​គំនិត​ថ្មី។ អ្នក​និពន្ធ​អាច​តាក់​តែង​ព្រឹត្តិការណ៍​មួយ​ ទៅ​ជា​កំណាព្យ​ ជា​រឿងប្រឌិត ជា​ចម្រៀង ភាព​យន្ត និង​រូប​ត្លុកកំប្លុក​កំប្លែង​ក៏​មាន​ដែរ ទៅ​តាម​ជំនាញ​ ឬ​ទេពកោសល្យ​របស់​ខ្លួន ដោយ​រើស​យក​​ស្ថានការណ៍​​សង្គម​ណាមួយ​​ ទុក​ឲ្យ​អ្នក​អាន​ពិចារណា។​

    ក្នុង​ទសវត្សរ៍ទី​៥០ ៦០ និង​៧០ អ្នក​និពន្ធ​ខ្មែរ​មួយ​ចំនួន ប្រឹង​ប្រែង​ត្រួស​ត្រាយ​កសាង​ស្នា​ដៃ​របស់​ខ្លួន​ រហូត​ទទួល​បាន​ការ​គាំទ្រ​​ពី​សាធារណជន ពិសេស​ក្នុង​របប​សាធារណរដ្ឋ ដែល​មាន​ការ​បោះ​ពុម្ព​ផ្សាយ​ច្រើន។ ឯ​​បច្ចុប្បន្ន អ្នក​និពន្ធ​ហាក់​ត្រូវ​បាន​ចាត់​ទុក​ជា​ក្រុម​មនុស្ស​ ដែល​មិន​មាន​សារៈសំខាន់ និង​ពុំ​មាន​អ្នក​គ្រប់​គ្រង​ត្រឹម​ត្រូវ​។ ទោះ​បី​មាន​ក្រុម​ សមាគម​អ្នក​និពន្ធ​ពីរ ឬ​បី ប្រឹង​ប្រែង​ឈរ​ដោយ​​ខ្លួន​ឯង ទាំង​ត្រដាប​ត្រដួស​ក៏​ដោយ​ ក៏​គេ​មិន​អាច​រក​ឃើញ​ភាព​​ច្បាស់​លាស់​មួយ​​ ដើម្បី​អភិវឌ្ឍ​​ន៍​វិស័យ​សំណេរ​ និង​ជា​ទី​សង្ឃឹម​ សម្រាប់​អ្នក​និពន្ធ​ខ្មែរ​ស្រករ​ថ្មី​ឡើយ។​​

    នៅ​ប្រទេស​កម្ពុជា វិជ្ជា​និពន្ធ មិន​ទាន់​ជា​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​មួយ ដូច​មុខ​វិជ្ជា​ឯទៀត​ទេ។ ការណ៍​ដែល​ប្រជា​ជន​ខ្មែរ​មួយ​ចំនួនបច្ចុប្បន្ន អាច​តាក់​តែង​និពន្ធ​បាន ការ​ដែល​គេ​ហៅ​អ្នក​និពន្ធ​ ជា​អ្នក​និពន្ធ​ មាន​តិច​ណាស់​ ដែល​បាន​ឆ្លង​កាត់​វគ្គ​បណ្តុះ​បណ្តាល​វិជ្ជា​និពន្ធ។ ឯ​ការ​បណ្តុះ​បណ្តាល​ទៀត​សោត​ មាន​រយៈ​ពេល​ខ្លី​ ហើយ​មិន​មាន​មេរៀន​ច្បាស់​លាស់​តាម​បែប​វិជ្ជា​ជីវៈ សម្រាប់​អ្នក​សិក្សា​ឡើយ។ គ្រូ​បង្រៀន​មួយ​ចំនួន​ ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​ទៅ​ក្នុង​ថ្នាក់​ គ្រាន់​តែ​ជា​អ្នក​ឧទ្ទេស​នាម រំលែក​បទ​ពិសោធន៍​ ដែល​ពួកគាត់​មាន​ទៅ​ឲ្យ​អ្នក​ជំនាន់​ថ្មី​តែ​ប៉ុណ្ណោះ។

    គ្រូ​បង្រៀន​មុខ​វិជ្ជា​តែង​និពន្ធ​នោះ​ទៀត​សោត ច្រើន​តែ​​បង្ហាញ​សើ​ៗទៅ​សិក្ខាកាម​ ពី​របៀប​សរសេរ​កំណាព្យ​ ឬ​ប្រលោមលោក​តាម​បែប​បុរាណ ​ជាជាង​វែក​ញែក​បង្ហាញ​ពី​គំនិត​ដែល​មាន​នៅ​ក្នុង​អត្ថបទ​អក្សរ​សិល្ប៍​ទាំង​នោះ​ ឬ​បង្កើត​គំនិត​ថ្មី សម្រាប់​បម្រើ​សេចក្តី​ត្រូវ​ការ​របស់​អ្នក​អាន​ក្នុង​សង្គម​សព្វថ្ងៃ។ ពេល​ខ្លះ វាគ្មិន​មិន​ហ៊ាន​បក​ស្រាយ​នូវ​ទស្សនៈ​របស់​រឿង​ ដែល​ឆ្លុះ​បញ្ចាំង​មក​សង្គម​ ឬឆ្លើយ​សំណួរ​របស់​សិក្ខាកាម​ ព្រោះ​គាត់​បារម្ភ​ គឺ​បារម្ភ​ថា អាច​នឹង​ប៉ះ​ពាល់​ដល់​ផ្នែក​នយោបាយ​ ឬ​ការ​ដឹកនាំ​របស់​ស្ថាប័ន​ខ្លះ​ក្នុង​រដ្ឋាភិបាល​ក៏​មាន​ដែរ។​ នេះ​គឺ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​សមត្ថភាព​របស់​អ្នក​និពន្ធ​ខ្មែរ​ជំនាន់​ថ្មី មិន​បាន​ឈាន​ឲ្យ​ដល់​ស្តង់ដារ​នៃ​អត្ថន័យ​និង​តម្លៃ​នៃ​អ្នក​និពន្ធ​ដ៏​ពិត​ប្រាកដ​។

    អ្នក​និពន្ធ គឺ​ជា​មូលដ្ឋាន​គ្រឹះ​បង្កើត​ស្នាដៃ​សម្រាប់​អ្នក​អាន​។ ហើយ​សន្ទុះ​កើន​ឡើង​នៃ​អ្នក​អាន​សៀវភៅ គឺ​ជា​សាក្សី​ដ៏​សំខាន់ ​ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា គ្រាប់​ពូជ​នៃ​ទម្លាប់​អាន​សៀវភៅ​នៅ​កម្ពុជា ចាប់​ផ្ដើម​រីក​ដុះ​ដាល​​ឡើង​វិញ​ហើយ​​។ គឺ​ទម្លាប់​អាន​សៀវភៅ​នេះ​ហើយ ដែល​ជា​កត្តា​រួម​ចំណែក​ដ៏​សំខាន់ ក្នុង​ការ​​អភិវឌ្ឍ​ប្រាជ្ញា​ស្មារតី​របស់​ប្រជាពលរដ្ឋ ដើម្បី​ឈាន​ទៅ​អភិវឌ្ឍ​ប្រទេស​។ ប៉ុន្តែ​ប្រសិន​បើ​ខ្មែរ នៅ​តែ​ខ្វះ​អ្នក​និពន្ធ​ប្រកប​ដោយ​សមត្ថភាព​និង​គុណភាព ហើយ​បណ្ដែត​បណ្ដោយ​ឲ្យ​ទីផ្សារ​សៀវភៅ​ខ្មែរ ​លុកលុយ​ដោយ​សៀវភៅ​បក​ប្រែ​គ្មាន​គុណភាព​ពី​ភាសា​បរទេស នោះ​ចំណាប់​អារម្មណ៍​របស់​អ្នក​អាន​អាច​នឹង​ថយ​ចុះ​នៅ​ថ្ងៃ​ណា​មួយ​ជាក់​ជា​ពុំ​ខាន​។ ការ​បណ្ដុះទម្លាប់​អាន​សៀវភៅ​ជា​រឿង​ដ៏​ល្អ​ ដែល​ត្រូវ​តែ​បន្ត​លើក​ទឹក​ចិត្ត ប៉ុន្តែ​ការ​អភិវឌ្ឍ​សមត្ថភាព​អ្នក​និពន្ធ ក៏​ជា​រឿង​ចាំ​បាច់ ដែល​មិន​អាច​មើល​រំលង​បាន​ដែរ​៕

    7 min
  • អូមីក្រុងស្លូត តែជាផ្នែកមួយបន្ថែមបន្ទុកក្រីក្រដល់ប្រជាពលរដ្ឋ

    វីរុសបំប្លែងថ្មី​ប្រភេទអូមីក្រុង​ បាន​មកដល់​ប្រទេសកម្ពុជា​ និង​ឆ្លងចូលសហគមន៍​ កាលពីដើម​ខែមករា​ ឆ្នាំ២០២២​នេះ។​ តាមលក្ខណៈ​ជីវសាស្ត្រ ​មេរោគកូវីដអូមីក្រុង​នេះ ​មានការ​ចម្លងលឿន​ពីមនុស្ស​ម្នាក់ទៅមនុស្ស​ច្រើននាក់​ តែមិនមាន​សភាពកាច​ដូចជាវីរុសកូវីដ​ពពួកវ៉ារីយ៉ង់​ដែលតា ​ឬអាល់ហ្វាទេ។ ​ ទោះយ៉ាងណា​វត្តមាន​របស់វីរុស​កូវីដបំប្លែងថ្មី​អូមីក្រុងនេះ ​បានជះឥទ្ធិពល​ដល់សេដ្ឋកិច្ច​និងភាពក្រីក្រ​ផងដែរ។​

    ក្រោយប្រទេសកម្ពុជាបានប្រកាសបើកឲ្យដំណើរការសេដ្ឋកិច្ចសង្គម ឡើងវិញកាលពីដើមខែមករា ក្រោយរងវិបត្តិធ្ងន់ធ្ងរដោយសារការឆ្លងរាតត្បាតពីជំងឺកូវីដ-១៩ វ៉ារីយ៉ង់ដែលតា និងអាល់ហ្វាមក វីរុសកូវីដ-១៩បំប្លែងថ្មីប្រភេទអូមីក្រុង ក៏បានមកដល់ដែរ ហើយក៏បានឆ្លងចូលសហគមន៍យ៉ាងឆាប់រហ័ស។ 

    តាមការឲ្យដឹងពីក្រសួងសុខាភិបាល ការស្លាប់ដោយវីរុសបំប្លែងថ្មីអូមីក្រុងនេះ គឺមិនមានទេអស់រយៈពេលជាង១ខែ។ ទើបតែប៉ុន្មានថ្ងៃចុងក្រោយនេះ ការស្លាប់ដោយសារអូមីក្រុងចាប់ផ្តើមមានជាប់ៗគ្នា តែក្នុងចំនួនមួយតិចតួច។ ទិដ្ឋភាពនេះ អាចរាប់បានថា មិនមានភាពគ្រោះថ្នាក់ធ្ងន់ធ្ងរដូចជំងឺកូវីដ-១៩ ប្រភេទដែលតា និងអាល់ហ្វាទេ ដែលពលរដ្ឋកម្ពុជាបានស្លាប់ដោយសារជំងឺនេះ ដល់ទៅជាង៣ពាន់នាក់ អំឡុងពេលនៃរាតត្បាតរយៈពេលជិត២ឆ្នាំ។

    ទោះយ៉ាងណាការមកដល់នៃវីរុសអូមីក្រុង អស់រយៈពេលជិត២ខែមកនេះ មិនអាចជាឧបសគ្គក្នុងដំណើរការបើកប្រទេសឡើងវិញ ដើម្បីសង្គ្រោះសេដ្ឋកិច្ចនោះទេ។ ពិធីបុណ្យធំៗជាលក្ខណៈប្រមូលផ្តុំមនុស្សដូចជាពិធីឆ្លងឆ្នាំសកល បុណ្យចូលឆ្នាំចិន វៀតណាម ថ្ងៃឈប់សម្រាកសាធារណៈ ដែលមានមនុស្សដើរកម្សាន្តច្រើន នៅតែអាចធ្វើទៅបាន ដោយមិនមានការហាមឃាត់។

    ទាំងអស់នេះ គឺដើម្បីឲ្យសកម្មភាពសេដ្ឋកិច្ច មានដំណើរការទូទាំងប្រទេស ចាប់ពីសេដ្ឋកិច្ចកញ្រ្ចែងល្អី រហូតដល់សេដ្ឋកិច្ចធំៗរបស់ជាតិ ដោយមានការបន្ធូរបន្ថយលក្ខខណ្ឌជាច្រើនពាក់ព័ន្ធនឹងការរឹតបន្តឹង នៅពេលដែលមានមនុស្សម្នាឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង។ មានន័យថាអ្នកឈឺត្រូវសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យ ឬនៅតាមផ្ទះ ហើយអ្នកមិនទាន់ឈឺនៅតែបន្តធ្វើការងារ និងប្រកបអាជីវកម្មដំណាលគ្នា។

    តាមតួលេខផ្លូវការពីក្រសួងសុខាភិបាល មានអ្នកជំងឺថ្មីក្នុងរង្វង់ពី៤០០ ទៅជាង៥០០នាក់ ក្នុងមួយថ្ងៃនាប៉ុន្មានថ្ងៃចុងក្រោយនេះ បានឆ្លងវីរុសកូវីដ-១៩ អូមីក្រុង។ ក៏ប៉ុន្តែតួលេខមិនផ្លូវការត្រូវគេមើលឃើញថា មានច្រើនលើសពីនេះ ដោយសារអ្នកជំងឺមិនបានរាយការណ៍ ហើយសម្រាកព្យាបាលដោយស្ងៀមស្ងាត់នៅឯផ្ទះ។

    ដូច្នេះ ត្បិតជំងឺកូវីដអូមីក្រុង មិនមានចរិកកាចមែន ក៏ប៉ុន្តែមេរោគបំប្លែងថ្មីនេះ បានរំខានយ៉ាងខ្លាំងដល់ការចេញទៅក្រៅដើម្បីប្រកបមុខរបរចិញ្ចឹមជីវិត និងបំរើការងារផ្សេងៗ ដោយសារតែជំងឺនេះឆ្លងលឿន។

    ការខកខានមិនបានប្រកបអាជីវកម្ម និងមិនបានបំពេញការងារជាពិសេសសម្រាប់បុគ្គលិកសហគ្រាសឯកជន គឺជាហេតុផលមួយដែលនាំទៅរកការបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃ ខណៈពលរដ្ឋក្រីក្រជាច្រើនរកចំណូលត្រឹមតែមួយថ្ងៃដើម្បីតែមួយថ្ងៃ។ ប្រសិនបើមានការខកខានមួយថ្ងៃ ពីរថ្ងៃ ឬដល់ទៅរាប់សប្តាហ៍ ដោយសារវិជ្ជមានជំងឺកូវីដ-១៩ នោះនៅក្នុងគ្រួសារមួយដែលពឹងផ្អែកតែលើមេគ្រួសារតែម្នាក់ នឹងមានការលំបាក។

    លំបាកដោយសារអ្នកជំងឺ និងក្រុមគ្រួសារត្រូវការអាហារប្រចាំថ្ងៃ និងជាពិសេសថ្នាំព្យាបាល រួមនឹងឧបករណ៍ធ្វើតេស្តរហ័សរកជំងឺកូវីដ អាល់កុលសម្រាប់សម្លាប់មេរោគ និងម៉ាស់ការពារផងដែរ។ នៅក្នុងដំណាក់កាលមួយ ដែលមានការផ្ទុះការរាតត្បាតខ្លាំងដោយជំងឺកូវីដអូមីក្រុង វត្ថុសំខាន់ ចាំបាច់ទាំងអស់នេះត្រូវបានលក់ក្នុងតម្លៃមួយថ្លៃជាងមុន ដោយសារតែតម្រូវការខ្ពស់ជាងការផ្គត់ផ្គង់។ ចំណុចនេះ មានសំណួរជាច្រើនបានចោទសួរដូចៗគ្នាថា តើពលរដ្ឋក្រីក្រអាចមានលទ្ធភាពប្រជែង ទិញរបស់ទាំងអស់នេះមកប្រើប្រាស់និងព្យាបាលបានឬទេ?

    បញ្ហានេះ បានបង្កើតភាពទាល់ច្រកសម្រាប់អ្នកក្រ ជាហេតុនាំទៅរកការខ្ចីបុល ដោយក្នុងនោះមានទាំងបំណុលក្នុងសហគមន៍ និងបំណុលធនាគារ ឬមីក្រូហិរញ្ញវត្ថុកន្លងមក។ «អាចាស់មិនទាន់អស់ អាស្រស់មកដល់»។ នៅក្នុងបរិការណ៍នេះ ចង់មិនចង់ជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ពិតជាឧបសគ្គក្នុងការលូតលាស់សេដ្ឋកិច្ចជាពិសេសសេដ្ឋកិច្ចគ្រួសារ ហើយជាពិសេសមួយទៀតគឺបន្ទុកនេះ បានធ្លាក់ទៅលើពលរដ្ឋក្រីក្រច្រើនជាង។

    ទាំងអស់នេះជាបញ្ហាសង្គម និងសុខមាលភាពប្រជាពលរដ្ឋដែលមិនអាចមើលរំលងបានឡើងជាពិសេសសម្រាប់អ្នកដឹកនាំរដ្ឋ។ ជាការពិតរដ្ឋាភិបាលបានប្រឹងប្រែងធ្វើច្រើនហើយ ក្នុងការរារាំងការដកហូតជីវិតពលរដ្ឋពីជំងឺកូវីដ ដូចជាការផ្តល់វ៉ាក់សាំងសន្ធឹកសន្ធាប់ និងទាន់ពេលវេលា ការផ្តល់ការព្យាបាលដោយឥតគិតថ្លៃ ការឧបត្ថម្ភសាច់ប្រាក់ខ្លះៗសម្រាប់ពលរដ្ឋទីទាល់ក្រ និងបុគ្គលិក កម្មករ ដែលបាត់បង់ការងារដោយសារគាំងច្រវ៉ាក់ផលិតកម្មជាដើម។

    ក៏ប៉ុន្តែនៅមិនគ្រប់គ្រាន់ទេ រដ្ឋគួរតាមដានប្រកបដោយតម្លាភាពនូវរាល់សកម្មភាពបង្កឲ្យមានការហើមប៉ោងតម្លៃទីផ្សារលើវត្ថុចាំបាច់មួយចំនួន ដូចជាថ្នាំព្យាបាលកូវីដ ឧបករណ៍ធ្វើតេស្តរហ័ស ទប់ស្កាត់ចរាចរថ្នាំព្យាបាលកូវីដក្លែងក្លាយ ឬបញ្ហាផ្សេងៗទៀត ដែលធានាដល់ការជួយទ្រទ្រង់ជាពិសេសដល់អ្នកក្រីក្រ ដើម្បីស្របតាមការតាំងចិត្ត និងគោលនយោបាយកាត់បន្ថយភាពក្រីក្រពីក្នុងរង្វង់ពលរដ្ឋខ្មែរឲ្យនៅទាបបំផុត៕

    6 min
  • ល្បែងរវាងអ្នកនយោបាយធ្វើឲ្យពលរដ្ឋធុញទ្រាន់
    បរិយាកាស​នយោបាយ​នៅ​កម្ពុជា មិន​ដែល​មាន​ភាព​សុខដុម​រមនា​ទេ បើ​ទោះ​បី​ជា​អតីត​គណបក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ​ចោល​ជាង​៣​ឆ្នាំ​មក​ហើយ​ក៏​ដោយ​។ ល្បែង​នយោបាយ​រវាង​គណបក្ស​កាន់​អំណាច​និង​អតីត​គណបក្ស​ប្រឆាំង​នៅ​តែ​បន្ត​អូស​បន្លាយ​ ជា​ហេតុ​បណ្ដាល​ឲ្យ​អ្នក​គាំទ្រអតីត​បក្ស​ប្រឆាំង​ជា​ច្រើន​សិប​នាក់​ត្រូវ​រង​គ្រោះ​។ ការណ៍​នេះ​មិន​ត្រឹម​តែធ្វើ​ឲ្យ​ឆាក​នយោបាយ​នៅ​កម្ពុជា​​ខ្វះ​ភាព​សុខដុម​រមនា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ធ្វើ​ឲ្យ​ពលរដ្ឋ​ធុញ​ទ្រាន់ និង​លែង​មាន​កម្លាំង​ចិត្ត​ចូល​រួម​នយោបាយ​ផង​ដែរ​។
    0 min
  • ប្រជាជាតិខ្មែរត្រូវយកចិត្តទុកដាក់ថែរក្សានិងផ្ដល់តម្លៃប្រាសាទបុរាណខ្មែរទាំងអស់

    ព័ត៌មាន​អំពី​ការ​ចម្លង​ប្រាសាទ​អង្គរ​វត្ត នៅ​ប្រទេស​វៀតណាម បាន​បង្ក​ជា​សង្គ្រាម​ប៉ាកា​ជា​ថ្មី​ម្ដង​ទៀត នៅ​លើ​បណ្ដាញ​សង្គម​។ ជា​ការ​ពិត​ហើយ​ថា ប្រាសាទ​អង្គរ​វត្ត​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ដ៏​ល្បី​ល្បាញ​របស់​ខ្មែរ នៅ​តែ​ជា​គោលដៅ​នៃ​ការ​ទាញ​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ពី​បណ្ដា​ប្រទេស​ជិត​ខាង​មួយ​ចំនួន​។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ ប្រជាជន​កម្ពុជា​មិន​ត្រូវ​ភ្លេច​ទេ​ថា ក្រៅ​ពី​ប្រាសាទ​អង្គរ​វត្ត ខ្មែរ​យើង​នៅ​មាន​ប្រាសាទ​បុរាណ​រាប់​រយ​កន្លែង​ទៀត ដែល​កំពុង​តែ​រង​គ្រោះ​ ដោយ​សារ​ពេល​វេលា ទង្វើ​មនុស្ស ​និង​បាតុភូត​ធម្មជាតិនានា​​។ ប្រឈម​នឹង​ស្ថានការណ៍​នេះ ​ប្រាសាទ​ខ្លះ​ត្រូវ​រៀបចំ​ឲ្យ​មាន​ការ​ជួស​ជុល​ឡើង​វិញ​ជា​បន្ត​បន្ទាប់​។ ទន្ទឹម​នឹង​ការងារ​របស់​ស្ថាប័ន​ពាក់ព័ន្ធ ប្រាសាទ​បុរាណ​ខ្មែរ​ទាំង​អស់​ក៏​ត្រូវ​ការ​ការ​យកចិត្ត​ទុក​ដាក់ ចូល​រួម​ថែ​រក្សា និង​ផ្ដល់​តម្លៃ ពី​សំណាក់​ប្រជាជាតិ​ខ្មែរទាំង​មូល​​ឲ្យ​បាន​​ជាប់​លាប់​ផង​ដែរ​​។

    កម្ពុជា គឺ​ជា​ប្រទេស​តែ​មួយ​គត់​លើ​លោកដែល​មាន​រូប​​សំណង់​ប្រាសាទ​នៅ​ក្នុង​ទង់​ជាតិ​។ នេះ​គឺ​ជា​សក្ខីភាព​ដែល​បង្ហាញ​ថា ប្រាសាទ​បុរាណ មាន​ទំនាក់ទំនង​​យ៉ាង​ជិត​ស្និត​ទៅ​នឹង​ជីវិត​មនុស្សខ្មែរ​តាំង​ពី​បុរាណកាល​មក​ម្ល៉េះ​។

    ដោយ​មាន​ឥទ្ធិពល​ពី​ឥណ្ឌា ព្រះ​រាជា​ខ្មែរ​ចាប់​ផ្ដើម​សាងសង់​ប្រាសាទ ដើម្បី​ឧទ្ទិស​ដល់​ទេវ​​និង​សាសនា​ផ្សេង​ៗ​។ ឬ​បើ​ពុំ​ដូច្នោះ​ទេ គេ​ស្ថាបនា​ប្រាសាទ​ឡើង​ដើម្បី​តំណាង​ឲ្យ​កំពូល​ភ្នំ​ហិមាល័យ ដែល​ជា​ទី​លំនៅ​របស់​ទេវតា​។ ក៏​មាន​ផង​ដែរ ប្រាសាទ​ដែល​ត្រូវ​បាន​សាងសង់​ឡើង​ដើម្បី​​ថ្វាយ​ព្រះ​ភ្លើង ឬ​ឧទ្ទិស​ដល់​បុគ្គល​សំខាន់​ណា​មួយ​។ ប្រាសាទ​នៅ​ក្នុង​ទឹក​ដី​ខ្មែរ ចាប់​ផ្ដើម​មាន​វត្តមាន​ដំបូង​នៅសម័យ​ចេនឡា ពោល​គឺ​ក្នុង​អំឡុង​​សតវត្ស​ទី​៦​នៃ​គ្រឹស្តសករាជ​។

    ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពេល​វេលា ទង្វើ​មនុស្ស ​និង​បាតុភូត​ធម្មជាតិ​កំពុង​តែ​ធ្វើ​ឲ្យ​ប្រាសាទ​បុរាណ​ខ្មែរ​ចាស់​ទ្រុឌ​ទ្រោម​​ជា​បន្ត​បន្ទាប់​។ ក្នុង​ចំណោម​ប្រាសាទ​បុរាណ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ប្រមាណ​​១​ពាន់​ប្រាសាទ មាន​ប្រាសាទ​ជិត​៤០០​ហើយ ដែល​ត្រូវ​ដួល​រលំ​បាក់​បែក​បាត់​រូប​រាង​​​។ របាយការណ៍​របស់​ក្រសួង​វប្បធម៌​នៅ​ឆ្នាំ​២០១០​បង្ហាញ​ថា ប្រាសាទ​ដែល​នៅ​មាន​រូបរាង មាន​ប្រមាណ​តែ​ជាង​៥០០​ប្រាសាទ​ប៉ុណ្ណោះ​។

    ក្នុង​គោលដៅ​ថែ​រក្សា​ប្រាសាទ​បុរាណ​ខ្មែរ​ទាំង​អស់​ឲ្យ​ឋិតឋេរ​គង់​វង្ស គេ​សង្កេត​ឃើញ​ថា ក្រសួង​វប្បធម៌ និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ធ្វើ​ការងារ​ច្រើន​ណាស់​។ ប្រាសាទ​ខ្លះ​ត្រូវ​រៀបចំ​ឲ្យ​មាន​ការ​ជួស​ជុល​ឡើង​វិញ និង​ខ្លះ​ទៀត​បាន​ត្រឹម​ធ្វើ​ការងារ​អភិរក្ស​។ យ៉ាង​ណា​ក៏​ដោយ ការងារ​របស់​ស្ថាប័ន​ពាក់ព័ន្ធ​តែ​ប៉ុន​នេះ នៅ​មិន​ទាន់​គ្រប់​គ្រាន់​ទេ​។ ប្រាសាទ​បុរាណ​ខ្មែរ​ទាំង​អស់ ត្រូវ​ការ​ការ​យកចិត្ត​ទុក​ដាក់ ចូល​រួម​ថែ​រក្សា និង​ផ្ដល់​តម្លៃ ពី​សំណាក់​ប្រជាជាតិ​ខ្មែរទាំង​មូល​​ឲ្យ​បាន​​ជាប់​លាប់​។

    សព្វ​ថ្ងៃ​នេះ ត្បិត​តែ​ពលរដ្ឋ​ខ្មែរ​ជា​ពិសេស​យុវជន ​បាន​បង្ហាញ​ទឹក​ចិត្ត​ស្រឡាញ់ និង​ផ្ដល់​តម្លៃ​ដល់​បេតិកភណ្ឌ​ប្រាសាទ​បុរាណ​ក៏​ដោយ ក៏​គេ​កត់​សម្គាល់​ឃើញ​ថា ទឹក​ចិត្ត​ស្រឡាញ់​​ចំពោះ​ប្រាសាទ​បុរាណ​ទាំង​អស់​នោះ មិន​បាន​បង្ហាញ​ចេញ​ជា​សកម្មភាព​ជាក់​ស្ដែង​ឡើយ​។

    ពលរដ្ឋ​ខ្លះ​បាន​ប្រៀប​ធៀបប្រាសាទ​បុរាណ​ទៅ​នឹង​ដុំ​ថ្ម ដូច​ជា​៖ ទៅ​មើល​ប្រាសាទ ដូច​ទៅ​មើល​ថ្ម។ ចំណែក​អ្នក​ខ្លះ​ទៀត​ពិសេស​យុវជន​តែ​ម្ដង បាន​យក​ថ្ម​ទៅ​គូស​វាស​នៅ​លើ​ជញ្ជាំង​ប្រាសាទ​បុរាណ​ជា​ឈ្មោះ​របស់​ខ្លួន ឬ​ជា​អក្សរ​ផ្សេង​ៗ​ថែម​ទៀត​។ សូម្បី​តែ​ការ​ចោល​សម្រាម​ពាស​វាល​ពាស​កាល​នៅ​ក្នុង​តំបន់​ប្រាសាទ​ជា​បេតិកភណ្ឌ ក៏​ជា​ទង្វើ​ដ៏​ពេញ​និយម​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែរ​។

    បើ​តាម​អ្នក​ជំនាញ ពលរដ្ឋ​ខ្មែរ​ស្រឡាញ់​សម្បត្តិ​បេតិកភណ្ឌ ពិសេស​ប្រាសាទ​បុរាណ​ដែល​មាន​នៅ​រាយប៉ាយ​ទូទាំង​ប្រទេស​។ ប៉ុន្តែ សកម្មភាព​មិន​សម​ទំនង​ទាំង​ឡាយ​ដែល​បាន​លើក​ឡើង​ខាង​ដើម​នេះ កើត​ឡើង​ដោយ​សារ​តែ​​ការ​យល់​ដឹង​​នៅ​មាន​កម្រិត មិន​ទាន់​យល់​ពី​តម្លៃ​នៃ​សម្បត្តិ​បេតិកភណ្ឌ ថា​មាន​សារៈសំខាន់​សម្រាប់​ប្រជាជាតិ​មួយ​យ៉ាង​ណា​។

    បើ​ទោះ​បី​​ជា​ស្ថាបនា​ពី​ដី ពី​ឥដ្ឋ ឬ​ពី​ថ្ម​ក៏​ដោយ​ ​ប្រាសាទ​បុរាណ គឺ​ជា​កេរ​ដំណែល​របស់​បុព្វបុរស​ខ្មែរ ដែល​បាន​កសាង​ទុក​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​។ ប្រាសាទ​បុរាណ​ដែល​ប្រឹង​ឈរ​ទប់​ខ្លួន​រាប់​រយ​ឆ្នាំ ក្រោម​ព្យុះ​ភ្លៀងនិង​ភ្លើង​សង្គ្រាម គឺ​ជា​ភស្តុតាង​នៃ​ប្រវត្តិសាស្ត្រ​ដ៏​យូរ​លង់ ព្រម​ទាំង​អត្តសញ្ញាណ​របស់​ខ្មែរ។ ប្រាសាទ​បុរាណ​ប្រៀប​បាន​ទៅ​នឹង​ដួង​ព្រលឹង​ជាតិ​។

    ក្នុង​ន័យ​នេះ ពលរដ្ឋ​ពិសេស​យុវជន​ដែល​អះអាង​ថា​ស្រឡាញ់​ជាតិ គួរ​តែ​ប្រុង​ប្រយ័ត្ន​ចំពោះ​ឥរិយាបទ​របស់​ខ្លួន​ចំពោះ​ប្រាសាទ​បុរាណ​។ ទង្វើ​មិន​គួរ​គប្បី​នានា ដូច​ជា​ការ​គូស​វាស​លើ​ប្រាសាទ ឬ​ចោល​សម្រាម​ពាស​វាល​ពាស​កាល​នៅ​ក្នុង​បរិវេណប្រាសាទ ល្មម​ដល់​ពេល​ផ្លាស់​ប្ដូរ​ហើយ៕

    4 min
  • បោះឆ្នោត៖ ការឃោសនាប្រជាភិថុតិលែងសូវមានឥទ្ធិពលលើពលរដ្ឋខ្មែរទៀតហើយ
    ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៥ នឹង​ឈាន​ចូល​មក​ដល់​នៅ​ខែ​មិថុនា​ខាង​មុខ​នេះ​។ គណបក្ស​នយោបាយ​ទាំង​តូច​ទាំង​ធំ​ដែល​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​នេះ ចាប់​ផ្ដើម​កម្រើក​ឡើង​វិញ ដោយ​ធ្វើ​សកម្មភាព​ពង្រឹង​កម្លាំង​ផ្ទៃ​ក្នុង​របស់​ខ្លួន និង​ស្វែង​រក​ការ​គាំទ្រ​ពី​ពលរដ្ឋ​ម្ចាស់​ឆ្នោត​។ ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត គណបក្ស​នយោបាយ​មួយ​ចំនួន បន្ត​ប្រើ​ប្រាស់​​ការ​ឃោសនា​នយោបាយ​ប្រជាភិថុតិ​​។ ប៉ុន្តែ​របៀប​ឃោសនា​ដូច្នេះ ទំនង​ជា​លែង​សូវ​មាន​ឥទ្ធិពល​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ឆ្នោត​ទៀត​ហើយ ខណៈ​ដែល​ការ​យល់​ដឹង​របស់​ពួក​គាត់​កាន់​តែ​រីក​ចម្រើន​ឡើង​។
    6 min
  • អនាធិបតេយ្យនៃអ្នកកាសែតពលរដ្ឋ ជាចំណោទសម្រាប់វិស័យសារព័ត៌មាននៅកម្ពុជា
    រូប​ភាព​អ្នក​កាសែត​ពលរដ្ឋ​ តម្រង់​ទូរស័ព្ទ​ផ្សាយ​ផ្ទាល់​ពីករណី​នារី​ម្នាក់ ​ប៉ុនប៉ង​បញ្ចប់​ជីវិត ​លើ​ស្ពាន​ជ្រោយ​ចង្វារ ​កាល​ពី​ពេល​ថ្មី​ៗ​នេះ បាន​បង្ក​ឱ្យ​មាន​ការ​ជជែក​វែក​ញែក​ជា​ច្រើន អំពី​វិជ្ជា​ជីវៈ​សារព័ត៌មាន​របស់​ពួក​គេ​។ ជា​ការ​ពិត​ហើយ​ថា វត្តមាន​នៃ​អ្នក​កាសែត​ពលរដ្ឋ ​ចុះ​ទៅ​ផ្សាយ​ផ្ទាល់​អំពី​​ហេតុការណ៍​នានា​ដែល​កើត​ឡើង​នៅ​ទូទាំង​ប្រទេស បាន​ផ្ដល់​ជា​ដំណឹង​ដល់​ទស្សនិកជន​បាន​ភ្លាម​ៗ​​។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ អ្នក​កាសែត​ពលរដ្ឋ​មិន​ត្រូវ​ភ្លេច​ទេ​ថា តួនាទី​ជា​អ្នក​កាសែត​​នេះ ​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ការ​ទទួល​ខុស​ត្រូវ​ដ៏​ធំ​សម្បើម​​ចំពោះ​មុខ​សង្គម​។ ចំណែក​​អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​សារព័ត៌មាន ចាំ​បាច់​ត្រូវ​ពង្រឹង​វិជ្ជាជីវៈ​របស់​អ្នក​កាសែត​ពលរដ្ឋ​ឱ្យ​បាន មុន​ពេល​អ្នក​កាសែត​ពលរដ្ឋ​ដែល​ចេះ​តែ​កើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ ក្លាយ​ជា​ក្រុម​មនុស្ស​អនាធិបតេយ្យ​គ្រប់​គ្រង​លែង​កើត​។
    5 min
  • ចប់បាក់ឌុប យុវជនគួរសម្រុកធ្វើការងារស្ម័គ្រចិត្ត
    ការ​ប្រឡង​បាក់ឌុប​ គឺ​ជា​សមរភូមិ​ចុង​ប៊ិច​ចុង​ក្រោយ ​របស់​សិស្សានុសិស្ស​នៅ​វិទ្យាល័យ មុន​នឹង​ឈាន​ជើង​បន្ត​ការ​សិក្សា​ថែម​ទៀត​ នៅ​ថ្នាក់​ឧត្តម​សិក្សា​។ ក្នុង​ឱកាស​ដែល​ការ​ប្រឡង​បាក់ឌុប​បិទ​បញ្ចប់ ​និង​ប្រកាស​លទ្ធផល​រួច​រាល់ អ្នក​ជំនាញបាន​ណែនាំ​ថា ​យុវជន​ដែល​ទើប​ប្រឡង​ចប់ ​គួរ​សម្រុក​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត ព្រោះ​​វា​​អាច​ផ្ដល់​ផល​ប្រយោជន៍​យ៉ាង​មហាសាល​ដល់​យុវជន​។
    6 min
  • វិបត្តិនយោបាយភូមាជាវិញ្ញាសារដ៏លំបាកសម្រាប់កម្ពុជា និងអាចជាការដូរដ៏មានតម្លៃប្រសិនបើកម្ពុជាដោះបាន
    ដំណើរ​ទស្សនកិច្ច​របស់​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ កាល​ពីថ្ងៃទី​ ៧​ និង​ទី៨​ ខែមករា​ ឆ្នាំ​២០២២​ នៅប្រទេស​ភូមា​ គ្រាន់​ជាវិញ្ញាសារ​ដំបូង​ប៉ុណ្ណោះ​ ខណៈ​ដែល​លោកមាន​តួនាទី​ជាប្រធាន​អាស៊ាន​ប្តូរវេន​នៅឆ្នាំ២០២២​នេះ។​ ចំពោះ​ការចាប់​ផ្តើម​បំពេញ​ការងារ​របស់​ប្រធាន​អាស៊ានថ្មី​ពេលនេះ​ បាន​លាយឡំ​ទៅដោយ​ការរិះគន់​ ការរារាំង​ និង​ការគាំទ្រ​ផងដែរ។​ ទោះ​យ៉ាងនេះក្តី​ ទាំង​អស់​គ្នាកំពុង​ទល់ភ្នែក​ចាំមើល​ថា​តើនៅ​ទីបំផុត​កម្ពុជា​នឹង​អាច​ជួយ​បំបែក​សំណុំ​រឿង​នយោបាយ​ភូមា​នេះ​ បាន​ឬយ៉ាងណា។​
    7 min

About ទស្សនៈព្រឹត្តិការណ៍ខ្មែរ

From the publisher's feed

នៅរៀងរាល់​ថ្ងៃ ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​ៗ នៅ​ក្នុង​ប្រទេស​កម្ពុជា ទាំង​ក្នុង​រឿង​នយោបាយ ​សេដ្ឋកិច្ច ​សង្គម ​និង​វប្បធម៌…

More shows like ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners