
Sign up to save your podcasts
Or


លោកលិម គិមយ៉ា អតីតអ្នកតំណាងរាស្រ្តបក្សប្រឆាំងត្រូវបានខ្មាន់កំាំភ្លើងជាជនជាតិថៃឈ្មោះអេកាឡាក់ ភាណយបាញ់សម្លាប់កាលពីថ្ងៃទី៧ មករាក្នុងក្រុងបាងកក ប្រទេសថៃ។ កាលពីថ្ងៃទី១៦ មករា សហគមន៍ខ្មែរនៅប្រទេសបារាំងបានរៀបចំពិធីបុណ្យសពរំលឹកវិញ្ញាណក្ខន្ធលោកលិម គិមយ៉ានៅក្នុងវត្តពោធិវង្សស្ថិតជាយក្រុងប៉ារីស។ នៅក្នុងឱកាសនោះ លោកស្រីលិម អានម៉ារីហៅអានីដែលជាភរិយាលោកលិម គិមយ៉ាបានផ្តល់សម្ភាសឲ្យវិទ្យុបារាំងអន្តរជាតិដែលបានចុះទៅយកការណ៍ផ្ទាល់នៅក្នុងពិធីបុណ្យនោះ។ លោកស្រីអានម៉ារីបានរៀបរាប់ពីហេតុការណ៍ដែលខ្មាន់កាំភ្លើងធ្វើឃាតស្វាមី និងថា លោកស្រីមានជំនឿ និងទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌បារាំង និងថៃជាងប្រព័ន្ធយុត្តិធម៌កម្ពុជា ដើម្បីស្វែងរកយុត្តិធម៌ឲ្យលោកលិម គិមយ៉ា។
មន្ត្រីជំនាញរបស់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(CMAC) ចំនួន២រូប បានបាត់បង់ជីវិតដោយការផ្ទុះគ្រាប់មីនតោនកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ក្នុងពេលបំពេញការងារនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នេះ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃមជ្ឈមណ្ឌល CMAC បានសម្តែងការសោកស្តាយចំពោះការបាត់បងជីវិតយុទ្ធជនរបស់លោក ដែលជាធនធានមនុស្សជំនាញ។ តាមលោក ហេង រតនា កម្ពុជានៅតែប្រឈមនឹងគ្រោះថ្នាក់ដោយសារគ្រាប់មីន ដែលបានសម្លាប់មន្ត្រីជំនាញរបស់ CMAC ចំនួន១៨នាក់ រងរបួសជាង៨០នាក់ និងពលរដ្ឋប្រមាណ ៦ម៉ឺននាក់បានរងគ្រោះគិតចាប់តាំងពីជាង៣០ឆ្នាំកន្លងទៅនេះ៕
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានប្រកាសនៅថ្ងៃទី១៣ មករាថា ក្នុងឆ្នាំ២០២៤ កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤គម្រោងដែលជាចំនួនបំបែកកំណត់ត្រាប្រចាំឆ្នាំ។ ចិននៅតែជាវិនិយោគិនបរទេសឈរលេខរៀងទី១ នៅកម្ពុជា ពោលមានចំនួន ៤៩.៨២% ក្នុងចំនួនវិនិយោគិនបរទេសសរុប។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៦ មករានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាកត់សម្គាល់ថា វិនិយោគិនចិនកាន់តែច្រើនមកវិនិយោគនៅកម្ពុជាក៏ព្រោះតែពួកគេមើលឃើញឱកាស និងបូកផ្សំជាមួយទំនាក់ទំនងស្អិតរមួតរវាងកម្ពុជា និងចិន។
នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នេះ សាលាខណ្ឌមានជ័យ និងសាលាខណ្ឌដង្កោបាននិមន្តព្រះសង្ឃជាច្រើនអង្គធ្វើពិធីសូត្រមន្តរំដោះគ្រោះនៅលើផ្លូវ៦០ម៉ែត្រ។ ពិធីសាសនានេះធ្វើឡើង ក្រោយមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ ដែលភាគច្រើនបណ្តាលមកពីការបើកបរលើសល្បឿនកំណត់។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៥ ខែមករានេះ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានថ្លែងថា ពិធីសាសនានេះធ្វើឡើងដើម្បីរំងាប់អារម្មណ៍ពលរដ្ឋ និងក៏ជាជំនឿក្នុងការជំរះគ្រោះចង្រៃតាមប្រពៃណីផងដែរ។ តាមលោកស្រី ដោ សម្ផស្ស សមត្ថកិច្ចនឹងពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍បន្ថែមទៀត ក្រោយដាក់កាម៉េរាចាប់ល្បឿនរួចរាល់៕
ថ្មីៗនេះ ប្រជាកសិករនៅស្រុកមោងឬស្សី ខេត្តបាត់ដំបងបាននាំគ្នាតវ៉ាដោយបិទកំណាត់ផ្លូវជាតិ៥ ដើម្បីស្នើឲ្យរដ្ឋាភិបាលជួយរកទីផ្សារលក់ស្រូវដែលពួកគេទើបប្រមូលបាននៅដើមឆ្នាំ២០២៥ នេះ។ រដ្ឋមន្ត្រីក្រសួងកសិកម្មអះអាងថា កង្វះទីផ្សារលក់ស្រូវពេលនេះដោយសារតែកសិករសម្រុកដាំស្រូវ OM ដែលជាពូជនាំចូលពីបរទេស (វៀតណាម)។ តាមអ្នកជំនាញ ពូជស្រូវ OM នេះគឺសម្រាប់តែនាំចេញទៅវៀតណាម។ តែដោយវៀតណាមមិនចូលទិញ ឆ្នាំនេះក៏ធ្វើឲ្យស្រូវរបស់កសិករខ្មែរត្រូវកកស្ទះ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៤ ខែមករា លោក ប្រាក់ សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា(CIRD) បញ្ជាក់ថា ការដាំពូជស្រូវ OM ពិតជាទទួលបានទិន្នផលខ្ពស់ តែត្រូវពឹងលើឈ្មួញបរទេសដើម្បីលក់ចេញ៕
លទ្ធផលជំរឿនឆ្នាំ២០២៣ ដែលចេញផ្សាយដោយអង្គការជីវិតធម្មជាតិនៅកម្ពុជាបង្ហាញថា សត្វក្រៀលនៅសល់តែ ១៨០ក្បាលប៉ុណ្ណោះ។ តែដើម្បីជួយបង្កើនសត្វក្រៀលឡើងវិញ អង្គការជីវិតធម្មជាតិនៅកម្ពុជាបានសហការជាមួយកសិករនៅក្នុងតំបន់អន្លង់ព្រីង ស្រុកកំពង់ត្រាច ខេត្តកំពតដោយបង្កើត«គម្រោងស្រូវមិត្តក្រៀល»ក្នុងឆ្នាំ២០១៩។ ជាគម្រោងដែលជំរុញឲ្យមានការដាំដុះពូជស្រូវដែលសត្វក្រៀលចូលចិត្តស៊ីដោយមិនប្រើថ្នាំគីមីកសិកម្ម ឬជីគីមីកសិកម្ម។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ លោក ឆេង មករា អគ្គនាយកក្រុមហ៊ុនដាវ៉ាន់បានឲ្យដឹងថា បើមានការគាំទ្រពីមហាជនដល់«អង្ករមិត្តក្រៀល» នោះសត្វក្រៀលនៅកម្ពុជានឹងស្ថិតនៅគង់វង្សយូរអង្វែង៕
ក្នុងឆ្នាំ២០២៤ កម្ពុជាប្រមូលទិន្នផលគ្រាប់ស្វាយចន្ទីឆៅបានចំនួន ៨៥០ ០០០ តោនដែលភាគច្រើននាំចេញទៅបរទេស ក្នុងនោះមាន ៧៩៥ ០០០តោននាំទៅវៀតណាម។ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១០ មករា លោក អួន ស៊ីឡុតប្រធានសមាគមស្វាយចន្ទីកម្ពុជាលើកឡើងថា គ្រាប់ស្វាយចន្ទីខ្មែរមានគុណភាព និងគ្រាប់មានទំហំធំ តែបញ្ហានៅត្រង់ថា កម្ពុជានៅមិនទាន់មានលទ្ធភាពកែច្នៃគ្រាប់ស្វាយចន្ទីស្រស់ទៅជាផលិតផលសម្រេចដើម្បីនាំចេញបាននៅឡើយ។ ត្រង់ចំណុចនេះត្រូវបានលោក អួន ស៊ីឡុតបញ្ជាក់ថា គឺមកពីសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីគ្មានទុនបង្វិល ខណៈថ្លៃដើមផលិតវិញមានតម្លៃខ្ពស់កប់ពពក។
ឃាតកម្មលើ លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិនៅក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ បានក្លាយជាករណីព្រហ្មទណ្ឌឆ្លងដែនដ៏កម្រមួយ និងជាប្រធានបទសំខាន់ ដែលមានការចាប់អារម្មណ៍ច្រើនពីមហាជន និងអ្នកសិក្សាផ្នែកច្បាប់នៅកម្ពុជា។ ចាប់អារម្មណ៍ ព្រោះជនរងគ្រោះមានសញ្ជាតិខ្មែរ និងបារាំង ទីតាំងកើតហេតុស្ថិតក្នុងប្រទេសថៃ ជនសង្ស័យខ្មាន់កាំភ្លើង ដែលជាជនជាតិថៃបានរត់គេចចូលទឹកដីខ្មែរ និងត្រូវបានចាប់ខ្លួនក្នុងទឹកដីខ្មែរ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ លោក សុក សំអឿន ទីប្រឹក្សាច្បាប់មេធាវីអមរិន្ទបញ្ជាក់ថា តុលាការកម្ពុជា តុលាការថៃ និងតុលាការបារាំងមានសមត្ថកិច្ចកាត់ក្តីដូចគ្នាលើឃាតកម្មលោក លិម គិមយ៉ា៕
ចាប់ពីថ្ងៃទី១ មករា ២០២៥ ប្រាក់ឈ្នួលអប្បបរមាកម្មករក្នុងវិស័យកាត់ដេរនឹងទទួលបានចំនួន ២០៨ដុល្លារក្នុងមួយខែ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃព្រហស្បតិ៍ ទី៩ មករានេះ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបញ្ជាក់ថា ប្រាក់ឈ្នួល ២០៨ដុល្លារជាកម្រិតប្រាក់ឈ្នួលមួយខ្ពស់សម្រាប់ការចាយវាយរបស់កម្មករ បើប្រៀបធៀបជាមួយបណ្តាប្រទេសក្នុងតំបន់។ តែលោកមិនភ្លេចបញ្ជាក់ថា ក្រសួងពិតជាយល់ច្បាស់ថាកម្មករចង់បានប្រាក់ខែច្រើនជាងនេះ ហើយក្រសួងក៏ត្រូវការថ្លឹងថ្លែងពីកត្តាសេដ្ឋកិច្ចជាតិ និងអន្តរជាតិដែរ។
ក្រសួងបរិស្ថានបានចាប់ផ្តើមបើកយុទ្ធនាការកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ដើម្បីសម្អាតផ្លវជាតិក្រោមប្រធានបទ«ផ្លូវជាតិគ្មានសំរាមប្លាស្ទិក»។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ នេះ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានប្រាប់ឲ្យដឹងថា យុទ្ធនាការនេះនឹងប្រែក្លាយផ្លូវជាតិនៅទូទាំងប្រទេសកម្ពុជាពីកន្លែងបោះសំរាមចោលយ៉ាងអាណាធិបតេយ្យទៅជាផ្លូវជាតិដែលមានបរិស្ថាន និងអនាម័យល្អប្រកបដោយសោភណភាព។
From the publisher's feed
បទសម្ភាសជាមួយអ្នកនយោបាយ តំណាងសង្គមស៊ីវិល ឬអ្នកឯកទេសផ្សេងៗ ដើម្បីនិយាយពីព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។

14 Listeners

108 Listeners

0 Listeners

0 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

0 Listeners

3 Listeners

1 Listeners

0 Listeners

13 Listeners

6 Listeners

14 Listeners