
Sign up to save your podcasts
Or


កងទ័ពកម្ពុជា និងកងទ័ពថៃដែលឈរជើងនៅលើប្រាសាទតាមាន់ធំបានប្រឈមមុខដាក់គ្នាដោយសំដីកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោយទាហានថៃបានហាមឃាត់ពលរដ្ឋខ្មែរមួយក្រុមដែលឡើងទៅច្រៀងចម្រៀងជាតិខ្មែរនៅទីនោះ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFI នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យបានថ្លែងថាហេតុការណ៍យល់ច្រលំគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅលើប្រាសាទតាមាន់កាលពីថ្ងៃទី១៣ កុម្ភៈ ត្រូវបានដោះស្រាយគ្នាភ្លាមៗ តាមយន្តការទំនាក់ទំនងនៃគណៈកម្មការព្រំដែនប្រទេសទាំងពីរ។ ដោយអំពាវនាវឲ្យពលរដ្ឋខ្មែរទៅធ្វើទេសចរណ៍នៅទីនោះ លោកអភិបាលខេត្តបញ្ជាក់ថាប្រាសាទតាមាន់បានវិលមករកស្ថានភាពដើមវិញហើយ។
កាលពីពេលថ្មីៗនេះ មានការកម្រើកឡើងវិញនូវការមិនយល់គ្នារវាងទាហានថៃ និងទាហានកម្ពុជា ដែលកំពុងឈរជើងប្រចាំការនៅប្រាសាទតាមាន់ធំ ក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ការមិនយល់គ្នានេះដោយសារតែទាហានថៃបានហាមឃាត់មិនឲ្យពលរដ្ឋខ្មែរដែលទៅលេងប្រាសាទតាមាន់ច្រៀងចម្រៀងជាតិនៅលើប្រាសាទនោះ។ ឆ្លើយតបនឹងទង្វើរបស់ទាហានថៃ ភាគីកម្ពុជាដែលឈរជើងនៅទីនោះបានបញ្ជាក់ថា កម្ពុជាក៏នឹងមិនអនុញ្ញាតឲ្យភាគីថៃធ្វើសកម្មភាពដូចគ្នានេះដែរ តទៅថ្ងៃមុខ។ អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ បញ្ចេញទស្សនៈថា ទាក់ទងនឹងបញ្ហាប្រាសាទតាមាន់ធំ កម្ពុជាត្រូវខិតខំចរចាជាមួយថៃដោយផ្អែកលើផែនទីបារាំង-សៀម ដើម្បីអាចបញ្ចប់ការមិនយល់គ្នា៕
កិច្ចពិភាក្សាស្តីពីការផ្លាស់ប្តូររថយន្តប្រភេទដឹកទំនិញ ដែលដឹកកម្មករឈរ មកជារថយន្តប្រភេទដឹកអ្នកដំណើរ ឬកែច្នៃឱ្យមានកៅអីអង្គុយត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ក៏ប៉ុន្តែមិនទាន់ចេញជាលទ្ធផលយ៉ាងណានៅឡើយ។ តាមគម្រោង យន្តការផ្លាស់ប្តូរការធ្វើដំណើររបស់កម្មករ និយោជិតពីរថយន្តដឹកទំនិញ ទៅជារថយន្តមានសុវត្ថិភាព ត្រូវធ្វើឲ្យចេញជាលទ្ធផលនៅឆ្នាំ២០២៧ខាងមុខ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិបានឲ្យដឹងថាគម្រោងផ្លាស់ប្តូររថយន្តធ្វើដំណើររបស់កម្មករនិយោជិតប្រកបដោយសុវត្ថិភាពគួរតែត្រូវបានបញ្ចប់មុនកាលកំណត់ ព្រោះថា កម្មករនិយោជិតនៅតែបន្តជួបគ្រោះថ្នាក់ជាបន្តបន្ទាប់ ដោយសារការធ្វើដំណើរដោយឈរនៅលើរថយន្តដឹកទំនិញ។
ត្រឹមរយៈពេលតែ ១ខែ១០ថ្ងៃ នៃដើមឆ្នាំ២០២៥នេះ អគ្គិភ័យបានកើតឡើងច្រើនធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលបានធ្វើឲ្យបាត់បង់ជីវិតមនុស្ស ៩នាក់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋអស់ជាច្រើន។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោកឧត្តមសេនីយ៍ទោ សឿ រិទ្ធី អនុប្រធាន និងជាអ្នកនាំពាក្យនៃនាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃបានថ្លែងថា អង្គភាពរបស់លោក ក៏ដូចជាថ្នាក់ដឹកនាំអគ្គស្នងការ និងក្រសួងមហាផ្ទៃមានការព្រួយបារម្ភចំពោះកំណើនអគ្គិភ័យនៅដើមឆ្នាំ ២០២៥ នេះ។
នៅថ្ងៃអង្គារ ទី១១ កុម្ភៈ អង្គការតម្លាភាពកម្ពុជាបានចេញផ្សាយរបាយការណ៍ស្តីពីការយល់ឃើញអំពើពុករលួយប្រចាំឆ្នាំ២០២៤។ តាមរបាយការណ៍ កម្ពុជាបន្តស្ថិតដូចឆ្នាំ ២០២៣ នៅលេខរៀងទី១៥៣ក្នុងចំណោម១៨០ប្រទេសក្នុងនាមជារដ្ឋដែលមានអំពើពុករលួយគួរឲ្យកត់សម្គាល់។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃព្រហស្បតិ៍ទី១៣ កុម្ភៈ នេះ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ACU បញ្ជាក់ថា ACU គ្មានអ្វីត្រូវធ្វើអត្ថាធិប្បាយលើរបាយការណ៍របស់អង្គការតម្លាភាពកម្ពុជា តែទទួលយកត្រឹមជាព័ត៌មានដើម្បីសិក្សាបន្ថែម។
មួយរយៈចុងក្រោយនេះ សត្វស្វានៅក្នុងបរិវេណប្រាសាទអង្គរវត្តបានបង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរជារៀងរាល់ថ្ងៃ រួមទាំងមានចរិកបំផ្លិចបំផ្លាញសម្ភារៈផ្សេងៗនៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា កំណើនសត្វស្វានៅក្នុងតំបន់អង្គរ គឺជាការព្រួយបារម្ភមួយ ដែលអាជ្ញាធរជាតិអប្សរាត្រូវមានដំណោះស្រាយបន្ទាន់ តាមរយៈវិធានការសមរម្យ និងមិនហួសហេតុពេក។
លោក Elon Musk រដ្ឋមន្ត្រីក្រសួងប្រសិទ្ធិភាពនៃរដ្ឋបាល លោក ដូណាល់ ត្រាំ បានប្រកាសពីផែនការកាត់ផ្តាច់ជំនួយរបស់សហរដ្ឋអាមេរិកពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសាកលហៅកាត់ USAGM។ ទីភ្នាក់ងារមួយនេះជាអ្នកផ្តល់ជំនួយទៅឲ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) វិទ្យុអឺរ៉ុបសេរី (RFE) និងវិទ្យុអាស៊ីសេរី(RFA)។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១១ ខែកុម្ភៈ លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខាមបូចារ) លើកឡើងថា បើផែនការនេះក្លាយជាការពិតមែន នោះវានឹងធ្វើឲ្យប៉ះពាល់ខ្លាំងដល់សិទ្ធិទទួលបានព័ត៌មានរបស់ពលរដ្ឋខ្មែរ៕
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានផ្តើមទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសហ្វីលីពីនរយៈពេល២ថ្ងៃពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកនៃឧទ្យាននវានុវត្តន៍សង្គមអង្គរ ហៅកាត់ថា ASIP បានឲ្យដឹងថា កម្ពុជា និងហ្វីលីពីនមានផលប្រយោជន៍រួមច្រើន ទាំងនៅក្នុងតំបន់អាស៊ាន និងទំនាក់ទំនងទ្វេភាគី។ តាមបណ្ឌិត ឈាង វណ្ណារិទ្ធ ជំនួបរបស់មេដឹកនាំកម្ពុជាជាមួយអ្នកវិនិយោគិនហ្វីលីពីន គឺជាឱកាសដែលកម្ពុជាអាចពង្រីកទីផ្សារកសិកម្មរបស់ខ្លួន បង្កើនទំនាក់ទំនងលើវិស័យវិនិយោគ ទេសចរណ៍ និងផ្សារភ្ជាប់វិស័យឯកជនរវាងប្រទេសទាំងពីរ។
នៅថ្ងៃទី៧ កុម្ភៈ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យដំណើរការរៀបចំបង្កើតសួនឧស្សាហកម្មស្វាយចន្ទីដើម្បីជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជា។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៧ កុម្ភៈ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបញ្ជាក់ថា ការបង្កើតសួនឧស្សាហកម្មស្វាយចន្ទីនឹងអាចជំរុញលទ្ធភាពកែច្នៃស្វាយចន្ទីស្រស់ក្នុងស្រុក។ តាមលោកលោក អួន ស៊ីឡូត ការដែលកម្ពុជានៅមិនទាន់មានលទ្ធភាពកែច្នៃគ្រាប់ស្វាយចន្ទីស្រស់ទៅជាផលិតផលសម្រេចដើម្បីនាំចេញបានធ្វើឱ្យកម្ពុជាខាតប្រយោជន៍ច្រើនណាស់។
វិស័យភាពយន្តខ្មែរទើបបានទទួលដំណឹងដ៏ល្អមួយ។ កាលពីថ្ងៃអង្គារទី ២៨មករា សប្តាហ៍មុន ខ្សែភាពយន្តខ្មែរ រឿងចៅសំណព្វចិត្តដែលមានចំណងជើងដើមជាភាសាអង់គ្លេសថា Grandma Nai who played favorites ដឹកនាំដោយយុវជនខ្មែរអាមេរិកាំង ឈាង គាទទួលបានរង្វាន់ធំរបស់មហោស្រពភាពយន្តអន្តរជាតិ Sundance ដែលជាមហោស្រពឯករាជ្យធំជាងគេនៅទឹកដីអាមេរិក។ ចៅសំណព្វចិត្តជាខ្សែភាពយន្តខ្នាតខ្លីកម្ពុជាទី៣ ដែលទទួលបានរង្វាន់គណៈមេប្រយោគរបស់មហោស្រពភាពយន្តដែលរៀបចំឡើងដោយវិទ្យាស្ថានSundance នៅរដ្ឋUtah សហរដ្ឋអាមេរិក។ បន្ទាប់ពីទទួលបានរង្វាន់ទទួលស្គាល់ស្នាដៃផលិតខ្សែភាពយន្តពីមហោស្រព សមិទ្ធិករវ័យក្មេង ឈាង គា នៅសប្តាហ៍នេះបាននាំយករឿងចៅសំណព្វចិត្តនេះទៅចាក់បញ្ចាំងនៅក្នុងមហោស្រពភាពយន្តRotterdam ប្រទេសហូឡង់។ ឈាង បុប្ផាបានជួបសម្ភាសន៍ ឈាង គានៅក្នុងឱកាសដែលលោកធ្វើដំណើរស្វែងរកជំនួយឧបត្ថម្ភសម្រាប់ថតខ្សែភាពយន្តថ្មីមួយទៀតរបស់លោក។ សូមអញ្ជើញស្តាប់។
From the publisher's feed
បទសម្ភាសជាមួយអ្នកនយោបាយ តំណាងសង្គមស៊ីវិល ឬអ្នកឯកទេសផ្សេងៗ ដើម្បីនិយាយពីព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។

14 Listeners

108 Listeners

0 Listeners

0 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

0 Listeners

3 Listeners

1 Listeners

0 Listeners

13 Listeners

6 Listeners

14 Listeners