
Sign up to save your podcasts
Or


ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥នេះ គឺជាទិវាវប្បធម៌ជាតិលើកទី២៧ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។ តែពិធីអបអរទិវាវប្បធម៌ជាតិនេះត្រូវបានលើកទៅធ្វើនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ វិញ ដោយភ្ជាប់ជាមួយនឹងកម្មវិធីជួបជុំសំណេះសំណាលប្រចាំឆ្នាំរវាងនាយករដ្ឋមន្ត្រី និងអ្នកសិល្បៈ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥នេះ លោក ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានកត់សម្គាល់ឃើញថា ក្នុងរយៈពេលចុងក្រោយនេះ យុវជនខ្មែរបានចូលរួមគាំទ្រ និងលើកស្ទួយយ៉ាងផុលផុសដល់វិស័យសិល្បៈវប្បធម៌ខ្មែរ ពិសេសតាមបណ្តាញសង្គម។
ក្រសួងព័ត៌មានបានកត់ត្រាឃើញមានព័ត៌មានក្លែងក្លាយក្នុងឆ្នាំ ២០២៤ សរុបជាង ៣៦០០ករណី ពោលកើនឡើងជិត ១៤ភាគរយបើធៀបនឹងឆ្នាំ ២០២៣។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៨ កុម្ភៈ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបានលើកឡើងពីក្តីបារម្ភ និងពីហានិភ័យនៃព័ត៌មានក្លែងក្លាយ ពិសេសក្នុងបរិបទសម័យឌីជីថលសព្វថ្ងៃ។ ការណ៍នេះជំរុញឱ្យក្រសួងព័ត៌មានត្រៀមដាក់ចេញយុទ្ធនាការថ្មីមួយឈ្មោះថា «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ដើម្បីបង្កើនការយល់ដឹងពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយចំពោះពលរដ្ឋខ្មែរ។ តាមលោក ទេព អស្នារិទ្ធ កម្ពុជាជ្រើសរើសការអប់រំ និងផ្សព្វផ្សាយ ជាជាងការប្រើវិធានការដាក់ទោសទណ្ឌក្នុងការងារប្រឆាំងព័ត៌មានក្លែងក្លាយនៅកម្ពុជា។
ស្ថានភាពនៃវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ត្រូវបានអ្នកជំនាញវិស័យអចលនទ្រព្យមើលឃើញថាកំពុងមានភាពវិជ្ជមានជាងឆ្នាំកន្លងទៅ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកឧកញ៉ា គីម ហ៊ាង ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Khmer Real Estate បានមើលឃើញថាសកម្មភាពទិញ លក់ អចលនវត្ថុនៅកម្ពុជាប៉ុន្មានខែដើមឆ្នាំ២០២៥នេះ មានភាពល្អប្រសើរច្រើនជាងដើមឆ្នាំ២០២៤។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានប្រកាសនៅថ្ងៃពុធទី២៦ កុម្ភៈពីការលុបចោលមជ្ឈមណ្ឌលសិក្សាទំនើប។ ការសម្រេចនេះដោយលោកមិនចង់ឃើញសាលារៀនមានស្តង់ដាពីរ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃព្រហស្បតិ៍ទី២៧ កុម្ភៈនេះ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបញ្ជាក់ថា ការបិទមជ្ឈមណ្ឌលសិក្សាទំនើបនេះមិនមានអ្វីពាក់ព័ន្ធជាមួយនឹងកម្មវិធីសិក្សារបស់សាលាជំនាន់ថ្មីទេ។ តាមលោកស្រី ឃួន វិច្ឆិកា កម្មវិធីមជ្ឈមណ្ឌលសិក្សាទំនើបជាកម្មវិធីសិក្សាពេញមួយថ្ងៃរបស់សិស្សថ្នាក់បឋមសិក្សា។
ក្រសួងបរិស្ថាន រួមជាមួយរដ្ឋបាលខេត្តកោះកុង និងអង្គការមេត្តាធម្មជាតិនឹងរៀបចំពិធី «បុណ្យកោងកាង»ជាលើកដំបូងដែលមានរយៈពេល៣ថ្ងៃ ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ នៅខេត្តកោះកុង។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុងបានឲ្យដឹងថា កម្មវត្ថុនៃការធ្វើបុណ្យកោងកាងនៅខេត្តកោះកុង គឺចង់ឲ្យពលរដ្ឋខ្មែរមានការយល់ដឹងពីការអភិរក្សធនធានធម្មជាតិដើមកោងកាងដែលពលរដ្ឋសហគមន៍ជាច្រើនទទួលបានអត្ថប្រយោជន៍ដ៏ធំធេងពីធនធានធម្មជាតិព្រៃកោងកាង។
នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ សហជីពសេរីកម្មករបានដាក់លិខិតជូនអគ្គស្នងការនគរបាលជាតិ ដោយជំរុញការស៊ើបអង្កេតករណីឃាតកម្ម លោក ហ៊ី វុទ្ធី អតីតប្រធានសហជីពសេរីកម្មករប្រចាំរោងចក្រសាន់តិច។ គឺជាឃាតកម្មដែលបានកើតឡើងអស់រយៈពេល១៨ឆ្នាំកន្លងមកហើយ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២៥ ខែកុម្ភៈ លោកស្រី សាយ សុខនី អនុប្រធានសហព័ន្ធសហជីពសេរីកម្មករថ្លែងថា មកទល់ពេលនេះ ករណីឃាតកម្ម លោក ហ៊ី វុទ្ធី នៅមិនទាន់មានការចាប់ជនល្មើសណាម្នាក់មកកាត់ទោសនៅឡើយទេ ទោះបីជាខាងសហជីពជាតិ និងអន្តរជាតិតែងតែជំរុញជារៀងរាល់ឆ្នាំក៏ដោយ។
កាលពីពេលថ្មីៗនេះ រាជធានី ខេត្តនៅទូទាំងប្រទេសបានបង្កើតគណៈកម្មការមួយដឹកនាំដោយអភិបាលខេត្តដើម្បីគ្រប់គ្រងស្ទឹង ព្រែក អូ ប្រឡាយ បឹងបួរ និងអាងទឹកនៅក្នុងរាជធានី-ខេត្តទាំងអស់។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក អឿង ចន្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយមបានឲ្យដឹងថា កម្មវត្ថុនៃការបង្កើតគណៈកម្មការមួយនេះគឺសំដៅគ្រប់គ្រងធនធានទឹកឲ្យកាន់តែប្រសើរឡើង និងមានប្រសិទ្ធភាពនៅក្នុងរដូវប្រាំងខាងមុខ។
ព្រះតេជគុណ សុខ សឹង ព្រះចៅអធិការវត្តគិរីរុក្ខារាមដងរែក (ហៅវត្តគ្រែផុស) ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យត្រូវបានបណ្តេញចេញពីវត្តកាលពីថ្ងៃទី១៤ កុម្ភៈ ក្រោមហេតុផលថា ព្រះចៅអធិការវត្តអង្គនេះមានពាក់ព័ន្ធនឹងរឿងស្រីញី ការចំណាយលុយវត្តខុសខ្ទង់ និងរឿងនយោបាយជាដើម។ ក្នុងបទសម្ភាសខ្លីជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២១កុម្ភៈ ព្រះតេជគុណ សុខ សឹង បដិសេធមិនទទួលយកចំណុចចោទប្រកាន់ទាំងនេះទេ ក៏ប៉ុន្តែព្រះតេជគុណអង្គនេះមានសង្ឃដីកាថា ត្រូវតែបង្ខំចិត្តចាកចេញពីវត្ត ព្រោះខ្លាចត្រូវគេចាប់ផ្សឹក។
គួរជម្រាបជូនថា លិខិតរបស់សាលាគណខេត្តបន្ទាយមានជ័យចុះថ្ងៃទី១៥កុម្ភៈ ដែលវិទ្យុបារាំងអន្តរជាតិទើបទទួលបាន នៅថ្ងៃសុក្រនេះបានបញ្ជាក់ថា ព្រះតេជគុណ សុខ ស៊ឹង ពិតជាបានប្រព្រឹត្តខុសវិន័យសង្ឃ និង ពុទ្ធបរិស័ទចំណុះជើងវត្តអស់ទំនុកចិត្តច្រើនលើកច្រើនសា ក្នុងរយៈពេលជាង ៣ឆ្នាំមកនេះ។ សាលាគណខេត្តបន្ទាយមានជ័យបញ្ជាក់ថា មន្ត្រីសង្ឃសាលាអនុគណបានសម្រេចដកសិទ្ធជាព្រះចៅអធិការវត្ត និងនិមន្តលោកឱ្យចាកចេញពីវត្ត ក្រោមការព្រមព្រៀងពីភិក្ខុ សុខ ស៊ឹងផ្ទាល់៕
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលការបញ្ជាក់ជាផ្លូវការពីក្រសួងការបរទេសអាមេរិក ដែលសម្រេចអនុញ្ញាតឲ្យគម្រោងសកម្មភាពបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ដែលស្ថិតក្រោមជំនួយអាមេរិកដំណើរការឡើងវិញ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានសម្តែងនូវការសាទរចំពោះការសម្រេចរបស់រដ្ឋាភិបាលអាមេរិក។ បើតាមលោក ហេង រតនា CMACនឹងបន្តស្នើសុំជំនួយពីអាមេរិករយៈពេល៣ឆ្នាំទៀត ខណៈគម្រោងបោសសម្អាតមីនគាំទ្រដោយជំនួយអាមេរិកបច្ចុប្បន្ននឹងត្រូវបញ្ចប់នៅខែតុលា ឆ្នាំ២០២៥នេះ។
ថ្ងៃទី២០កុម្ភៈ ជាទិវាយុត្តិធម៌សង្គម ដែលរៀបចំឡើង នៅទូទាំងពិភពលោក។ ទិវានេះត្រូវបានបង្កើតឡើង នៅឆ្នាំ២០០៧ នៅមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងគោលដៅបង្ហាញពីសារៈសំខាន់នៃការដោះស្រាយបញ្ហាសកល ដូចជា ភាពក្រីក្រ អបរិយាបន្នសង្គម ភាពអត់ការងារធ្វើ វិសមភាពយេនឌ័រ និងការរំលោភសិទ្ធិមនុស្ស។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ នៅថ្ងៃព្រហស្បតិ៍ទី២០កុម្ភៈ លោកបណ្ឌិត ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា កត់សម្គាល់ថា រដ្ឋនិងអង្គការក្រៅរដ្ឋាភិបាលមិនសូវអើពើពីទិវាអន្តរជាតិមួយនេះទេ។ ម៉េ្លះហើយទើបយុត្តិធម៌សង្គមក្នុងប្រទេសកម្ពុជាតែងស្ថិតក្នុងស្ថានភាពដ៏គួរឲ្យបារម្ភ។ ក្នុងនាមជាអ្នកធ្វើការសង្គម លោកយល់ថា ការពង្រឹងយុត្តិធម៌សង្គមកម្ពុជាអាចល្អប្រសើរទៅបាន លុះត្រាតែរដ្ឋាភិបាលហ៊ានអនុវត្តនូវអភិបាលក្រមទាំង៥ របស់លោកហ៊ុន សែន គឺការ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល វះកាត់»។
From the publisher's feed
បទសម្ភាសជាមួយអ្នកនយោបាយ តំណាងសង្គមស៊ីវិល ឬអ្នកឯកទេសផ្សេងៗ ដើម្បីនិយាយពីព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។

14 Listeners

108 Listeners

0 Listeners

0 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

0 Listeners

3 Listeners

1 Listeners

0 Listeners

13 Listeners

6 Listeners

14 Listeners