
Sign up to save your podcasts
Or


ក្នុងឱកាសចូលឆ្នាំខ្មែរចាប់ពីថ្ងៃទី ១៤-១៦ មេសាខាងមុខ សហភាពសហព័ន្ធយុវជនកម្ពុជានឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ២០២៥ ក្នុងខេត្តសៀមរាប ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៨ មីនានេះ លោក សោម រតនា ប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឲ្យដឹងថា ដំណើររៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ២០២៥ សម្រេចបានប្រមាណ ៦០ភាគរយ ខណៈការរៀបចំល្បែងប្រជាប្រិយនានានឹងត្រូវបង្កើនឲ្យច្រើនជាងលើកមុនៗ។ ទន្ទឹមគ្នានេះ និងបើតាមលោក សោម រតនា «ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ២០២៥» នឹងត្រូវការពារសន្តិសុខសណ្តាប់ធ្នាប់ខ្ពស់ដើម្បីបញ្ចៀសហេតុការណ៍អាក្រក់ណាមួយដែលអាចកើតមានជាយថាហេតុ។
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានបើកកិច្ចប្រជុំស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២៤ និងលើកទិសដៅសម្រាប់ឆ្នាំ ២០២៥។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នេះ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានថ្លែងថា អំពើជួញដូរមនុស្សនៅក្នុងឆ្នាំ២០២៤ កន្លងទៅមានការកើនឡើងដល់ទៅ ២០% ធៀបនឹងឆ្នាំ២០២៣។ កំណើននេះត្រូវបានលោកស្រី ជូ ប៊ុនអេង បញ្ជាក់ថាគឺជាបញ្ហាប្រឈមសម្រាប់ពិភពលោក ពោលមិនចំពោះតែប្រទេសណាមួយទេ៕
គណៈបញ្ជាការបង្រ្កាបបទល្មើសនេសាទរបស់កងទ័ពជើងគោកបានឃាត់ខ្លួនជនសង្ស័យចំនួន ៤៧៨នាក់ ក្នុងនោះមានជនជាតិវៀតណាម៤៧នាក់ដែលបានប្រព្រឹត្តបទល្មើសនេសាទនៅបឹងទន្លេសាប។ នេះបើតាមរបាយការណ៍ដែលផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ដោយបានបន្ថែមថា មានពលរដ្ឋ ១,១៨៧នាក់ទៀតត្រូវបានហៅមកអប់រំដោយសារតែការប្រើឧបករណ៍នេសាទខុសច្បាប់ ក្នុងនោះមាន ៤៤១នាក់ត្រូវបានធ្វើកិច្ចសន្យាព្រមាន។ លោក យុក សេង ឡុង នាយកអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផលបានសាទរលើចំណាត់ការនេះ តែលោកចង់ឃើញយុទ្ធនាការបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាបធ្វើឡើងជាប្រចាំនៅរៀងរាល់៦ខែម្តង។
ករណីបង្ហៀរសំណល់រាវពីសំណាក់រោងចក្រកែច្នៃផ្លែឈើចូលក្នុងប្រភពទឹកសាធារណៈកំពុងកើតឡើងជាបន្តបន្ទាប់។ នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបងនាដើមសប្តាហ៍នេះ រោងចក្រកែច្នៃផ្លែឈើមួយបានបង្ហៀរសំណល់រាវចូលទៅអូរត្រែងដែលធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋចំនួន២ភូមិ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនាថ្ងៃអង្គារទី២៥ មីនា លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបានឲ្យដឹងថា ក្នុងរយៈពេល ២ខែចុងក្រោយនេះ ក្រសួងបានរកឃើញរោងចក្រចំនួន៩ ដែលបង្ហៀរសំណល់រាវចូលទៅប្រភពទឹកសាធារណៈ។
លោក តូច ថឹង លោក ខឿន វីរ៉ាត់ និងលោកស្រី នូ សិទ្ធារី ដែលជាមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរត្រូវបានដោះលែងឲ្យមានសេរីភាពវិញនៅថ្ងៃចន្ទ ទី២៤ មីនា។ ពួកគេត្រូវបានតុលាការកាត់ទោសឲ្យជាប់ក្នុងពន្ធនាគាររយៈពេល២ឆ្នាំ និងទើបបញ្ចប់ការអនុវត្តទោស។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀនបានបញ្ជាក់ថា គណបក្សសម្តែងការស្វាគមន៍ដល់មន្ត្រីបក្សដែលទទួលបានសេរីភាពឡើងវិញ និងថាគណបក្សនឹងបន្តស្នើសុំឲ្យរដ្ឋាភិបាលដោះលែងមន្ត្រីរបស់ខ្លួនទាំងអស់ចំនួនជិត២០នាក់នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ។
ព្រឹត្តិការណ៍សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានទាក់ទាញភ្ញៀវទេសចរប្រមាណជាង ២ម៉ឺននាក់។ ក្នុងបទសម្ភាសន៍ខ្លីជាមួយវិទ្យុបារាំងអន្តរជាតិ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សារាអះអាងថាព្រឹត្តិការណ៍សមរាត្រីឆ្នាំនេះនឹងអាចទាក់ទាញភ្ញៀវទេសចរណ៍ច្រើនជាងឆ្នាំមុនៗ ខណៈសមរាត្រីនៅអង្គររដូវប្រាំងត្រូវបានរំពឹងកើតឡើង៣ថ្ងៃ ពីថ្ងៃទី ២១ រហូតដល់ថ្ងៃទី២៣មីនា។ បើតាមលោក ឡុង កុសល ការតម្លើងសេវាអ៊ីនធឺនែតនៅតំបន់អង្គរ ដោយឥតគិតថ្លៃ នៅក្នុងព្រឹត្តិការណ៍នេះជាការកត្តាមួយដែលបង្កើនការផ្សព្វផ្សាយពីភាពអស្ចារ្យនៃអង្គរវត្តខ្មែរ។
ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នេះ តុលាការបារាំងបានបើកសវនាការលើសំណុំរឿងគប់គ្រាប់បែកចូលហ្វូងបាតុករអហិង្សាកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់នៅខាងមុខរដ្ឋសភាចាស់ក្នុងប្រទេសកម្ពុជា។ ជាសវនាការដែលធ្វើឡើងតាមបណ្តឹងមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី និងបានដាក់ការសង្ស័យទៅលើមន្ត្រីយោធាជាន់ខ្ពស់២រូប ដែលគ្រប់គ្រងកងអង្គរក្សរបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនបានថ្លែងថា តុលាការបារាំងពុំមានយុត្តាធិការកាត់សេចក្តីពលរដ្ឋកម្ពុជា និងក៏គ្មានឥទ្ធិពលលាតសន្ធឹងលើប្រទេសកម្ពុជាដែរ៕
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអះអាងថា នៅរដូវក្តៅឆ្នាំ ២០២៥ នេះ កម្ពុជានឹងមិនខ្វះអគ្គិសនីប្រើប្រាស់ទៀតទេ និងថាក្រុមហ៊ុន ឬសហគ្រាស ឯកជនក៏មិនចាំបាច់ទិញម៉ាស៊ីនភ្លើងមកត្រៀមទុកដែរ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក កែវ រតនៈ បញ្ជាក់ថា កម្ពុជាមានសមត្ថភាពផលិតអគ្គិសនីបានជាង ៤ពាន់មេហ្គាវ៉ាត់ និងដែលតម្រូវជាក់ស្តែង គឺប្រើអស់តែជាង ៣ពាន់មេហ្គាវ៉ាត់ប៉ុណ្ណោះ។ ទោះជាយ៉ាងណា លោកថាកម្ពុជានៅតែត្រូវការទិញអគ្គិសនីពីប្រទេសជិតខាង ព្រោះការទិញអគ្គិសនីពីក្រៅគឺចំណេញដល់ជាតិ។
នៅថ្ងៃទី២១ មីនាខាងមុខ បណ្តាអង្គការសង្គមស៊ីវិលមួយចំនួនគ្រោងរៀបចំទិវាព្រៃឈើអន្តរជាតិឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអភិរក្សព្រៃឈើដើម្បីនិរន្តរភាពសហគមន៍»។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនាថ្ងៃអង្គារទី១៨ មីនា លោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍន៍កត់សម្គាល់ថា សហគមន៍ព្រៃឈើនៅតែរងការទន្ទ្រានពីឈ្មួញខិលខូច។ ឆ្លៀតក្នុងទិវាព្រៃឈើអន្តរជាតិក្នុងឆ្នាំ ២០២៥ នេះ លោក សាន់ ម៉ាឡា ស្នើឲ្យភាគីរដ្ឋ និងអ្នកពាក់ព័ន្ធត្រូវសហការគ្នាក្នុងភាពជាមិត្តទើបការងារអភិរក្សព្រៃឈើសហគមន៍អាចមាននិរន្តរភាព។
ក្រុមអ្នកអភិរក្សអន្តរជាតិមួយក្រុមបានប្តេជ្ញាហែលទឹកតាមដងទន្លេមេគង្គចម្ងាយ១២០គីឡូម៉ែត្រ ដោយចាប់ផ្តើមហែលចេញពីទីតាំងក្បែរស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គស្ទឹងត្រែង និងត្រូវបញ្ចប់នៅទីរួមខេត្តក្រចេះ។ ក្រុមអ្នកហែលទឹកបរទេសចំនួន ៥នាក់ដែលអមដំណើរដោយឆ្មាំទន្លេកម្ពុជានឹងចំណាយពេលហែលចំនួន ៤ថ្ងៃពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFIនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ លោក ម៉ែន គុង នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងបញ្ជាក់ថា ព្រឹត្តិការណ៍នេះនឹងធ្វើឲ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធយល់កាន់តែច្បាស់ពីការ ការពារសត្វផ្សោត ធនធានធម្មជាតិ និងជីវៈចម្រុះនៅតាមដងទន្លេមេគង្គ។
From the publisher's feed
បទសម្ភាសជាមួយអ្នកនយោបាយ តំណាងសង្គមស៊ីវិល ឬអ្នកឯកទេសផ្សេងៗ ដើម្បីនិយាយពីព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។

14 Listeners

108 Listeners

0 Listeners

0 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

0 Listeners

3 Listeners

1 Listeners

0 Listeners

13 Listeners

6 Listeners

14 Listeners