
Sign up to save your podcasts
Or


សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា (ខេមបូចា) បានប្រកាស នៅថ្ងៃសុក្រទី១៣ធ្នូថា សមាគមនឹងដាក់ឲ្យដំណើរការ ក្របខណ្ឌតាមដាននិងឃ្លាំមើលសុវត្ថិភាពអ្នកសារព័ត៌មាន។ លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានផ្តល់បទសម្ភាសន៍ដល់វិទ្យុបារាំងអន្តរជាតិ ដោយបញ្ជាក់ថា ក្របខណ្ឌតាមដាននិងឃ្លាំមើលនេះ ផ្អែកទៅលើផែនការសកម្មភាពរបស់អង្គការសហប្រជាជាតិស្តីពីសុវត្ថិភាពអ្នកសារព័ត៌មាននិងបញ្ហានិទណ្ឌភាព និងសូចនាករសុវត្ថិភាពអ្នកសារព័ត៌មានរបស់អង្គការយូណេស្កូ។ បើតាមលោកណុប វី ក្របខណ្ឌតាមដាននិងឃ្លាំមើលនេះ នឹងជួយដោះស្រាយបញ្ហាសុវត្ថិភាពអ្នកសារព័ត៌មាន ជាពិសេសលើសេចក្តីរាយការណ៍លើប្រធានបទរសើប។
កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ប្រទេសកម្ពុជាបានរៀបចំពិធីប្រកាសផ្សព្វផ្សាយមួយទាក់ទងនឹង«របាយការណ៍ស្តីពីស្ថានភាពប្រជាសាស្រ្ត និងសង្គម-សេដ្ឋកិច្ចរបស់ជនជាតិដើមភាគតិចនៅកម្ពុជា៖ បច្ចុប្បន្នភាពឆ្នាំ២០២៤»។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ លោក នុន សុគន្ធា ប្រធានសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជាឲ្យដឹងថា ចំនួនជនជាតិដើមភាគតិចថយចុះ៣៥% ធៀបទៅនឹងទិន្នន័យឆ្នាំ២០០៨ ខណៈដែលឆ្នាំ២០១៩ មានជនជាតិដើមភាគតិចសរុបជាង១៧ម៉ឺននាក់ ឬ១,១១% នៃប្រជាជនកម្ពុជាសរុប។ បើតាមលោក នុន សុគន្ធា ការថយចុះចំនួនជនជាតិដើមភាគតិចនៅក្នុងរបាយការណ៍ បណ្តាលមកពីមូលហេតុមួយចំនួន ដូចជាការប្រើប្រាស់កំរងសំណួរដែលអាចនាំឲ្យមានការភ័ន្តច្រឡំ ការប្រមូលព័ត៌មាន និងជនជាតិដើមភាគតិចខ្លួនឯងមានការខ្មាស់អៀនចំពោះការរើសអើងក្នុងសង្គមជាដើម។
ពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ នឹងត្រូវធ្វើឡើងរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី១៣ ដល់ទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពត។ ពីខេត្តកំពត លោក វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានអនុគណៈកម្មការកីឡានៃពិធីបុណ្យសមុទ្រលើកទី១១ បានផ្តល់កិច្ចសម្ភាសឲ្យវិទ្យុបារាំងអន្តរជាតិ RFI តាមទូរស័ព្ទនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នេះថា មានកីឡាចំនួន ១០ប្រភេទ ត្រូវបានដាក់ឲ្យមានការប្រកួតនៅក្នុងព្រឹត្តិការណ៍នេះ។ តាមលោក វ៉ាហេង ដាវុធ ការរៀបចំប្រកួតកីឡានៅក្នុងឱកាសបុណ្យសមុទ្រឆ្នាំនេះមានលក្ខណៈប្លែកជាងមុនៗ ដោយធ្វើយ៉ាងណាឲ្យមហាជនចូលរួមលេង និងកម្សាន្តសប្បាយឲ្យបានច្រើន។
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រោងរៀបចំទិវាជាតិប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ ២០២៤ នៅថ្ងៃព្រហស្បតិ៍ ទី១២ ធ្នូ ក្រោមប្រធានបទ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល»។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនៅថ្ងៃពុធ ទី១១ធ្នូ លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានឲ្យដឹងថា ក្នុងឆ្នាំ២០២៤ សមត្ថកិច្ចបង្ក្រាបបានបទល្មើសជាក់ស្តែងប្រមាណ ២០% ក្នុងចំណោមបទល្មើសជាង ៤០០ករណី។ តាមលោកស្រី ជូ ប៊ុនអេង នេះជាផ្លែផ្ការបស់រដ្ឋាភិបាលកម្ពុជាដែលតែងព្យាយាមប្តេជ្ញាកំចាត់បទល្មើសជួញដូរមនុស្ស និងថា ការកំចាត់បទល្មើសជួញដូរមនុស្សនឹងមានប្រសិទ្ធិភាពកាន់តែខ្ពស់ បើប្រទេសទាំងអស់ចូលរួមជួយសហការជាមួយកម្ពុជា។
ក្រសួងទេសចរណ៍ និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា(PATA) នឹងរៀបចំកម្មវិធីជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជា(CAMBODIA TRAVEL MATCH-CTM) នៅថ្ងៃទី១៤ និង១៥ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពត។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាបានឲ្យដឹងថា ជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជា គឺជាឱកាសដ៏មានសារសំខាន់សម្រាប់ភ្ជាប់អ្នកលក់ និងអ្នកទិញនៃទីផ្សារទេសចរណ៍រវាងកម្ពុជា និងបណ្តាប្រទេសមកពីតំបន់អាស៊ាន និងអាស៊ីប៉ាស៊ីហ្វិក។
នៅថ្ងៃទី៤ ធ្នូ ឆ្នាំ ២០២៤ អង្គការយូណេស្កូបានយល់ព្រមដាក់ក្រមាខ្មែរទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ។ គិតត្រឹមឆ្នាំ ២០២៤ ក្រមាជាមរតកវប្បធម៌អរូបីទី៧ របស់កម្ពុជាដែលបានដាក់បញ្ជូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ។ លោក ស៊ីយ៉ុន សុភារិទ្ធ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលចូលរួមនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការបេតិភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូក្នុងប្រទេសប៉ារ៉ាហ្កាយបានផ្តល់បទសម្ភាសតាមទូរស័ព្ទឲ្យវិទ្យុបារាំងអន្តរជាតិនាថ្ងៃព្រហស្បតិ៍ ទី៤ ធ្នូ។ ឆ្លើយនឹងសំណួររបស់ គួច គន្ធារ៉ា លោកបានលើកឡើងពីមោទនភាពជាតិដែលក្រមាខ្មែរត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។
នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រុមអង្គការសង្គមស៊ីវិល អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហជីព យុវជន និងប្រជាពលរដ្ឋប្រមាណ៣០នាក់ បាននាំគ្នាធ្វើធម្មយាត្រាដើម្បីអបអរសាទរទិវាសិទ្ធិមនុស្ស១០ធ្នូ លើកទី៧៦។ ធម្មយាត្រា បានចេញដំណើរពីទីរួមខេត្តកំពត ឆ្ពោះទៅកាន់ទីក្រុងភ្នំពេញ ដោយត្រូវចំណាយពេលវេលាចំនួន៣ថ្ងៃ ក្នុងគោលបំណងផ្តល់សារចងចាំដល់មហាជនស្តីពីទិវាសិទ្ធិមនុស្សអន្តរជាតិថ្ងៃទី១០ ធ្នូ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤នេះ លោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍន៍ បានកត់សម្គាល់ថាអាជ្ញាធរគ្រប់ជាន់ថ្នាក់បានជួយសម្រួលឲ្យធម្មយាត្រារបស់ក្រុមលោកធ្វើដំណើរដោយរលូន។
សៀវភៅ «មគ្គុទេ្ទសន៍ទស្សនវិជ្ជា មគ្គុទេសន៍ជីវិត» របស់លោកបណ្ឌិតឈត ប៊ុនថងនឹងចេញជាផ្លូវការនៅថ្ងៃទី០៦ ធ្នូ។ សៀវភៅនេះជាការចងក្រងនូវទស្សនៈរបស់ទស្សនវិទូល្បីៗលើពិភពលោកសម្រាប់ឲ្យអ្នកអានអាចស្រង់យកជាគំនិតទាក់ទងនឹងការគិតបែបវិជ្ជមាន សីលធម៌ តម្លៃ ទំនួលខុសត្រូវ ជំនឿ និងសាសនា។ល។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៤ ធ្នូនេះ លោកបណ្ឌិតឈត ប៊ុនថនដែលជាសាស្ត្រាចារ្យផ្នែកទស្សនវិជ្ជាបានបញ្ជាក់ថា សៀវភៅ «មគ្គុទេសន៍ទស្សនវិជ្ជា មគ្គុទេសន៍ជីវិត» នឹងអាចជួយអ្នកអានក្នុងការដោះស្រាយបញ្ហាដែលជួបប្រទះនៅក្នុងជីវិត។
រយៈពេល១១ខែ ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គររកចំណូលបានសរុបចំនួន ៤២លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកេរ និងកំពង់ផែចុងឃ្នៀស។ ចំនួននេះបានកើនជាង២៨% ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤នេះ លោក លី សែ អគ្គនាយកគ្រឹះស្ថានអង្គរបានថ្លែងឲ្យដឹងថាទេសចរដែលមកពីអាមេរិក អឺរ៉ុប និងអូស្ត្រាលីមានចំនួនសឹងតែប្រហាក់ប្រហែលមុនការរាតត្បាតជំងឺកូវីដ-១៩។ ដោយឡែក ចំពោះទេសចរមកពីតំបន់អាស៊ីវិញ គឺនៅទាបនៅឡើយ ដោយហេតុថាប្រទេសមួយចំនួននៅរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរ។ តាមលោក លី សែ ទេសចរ អាមេរិកស្ថិតនៅលំដាប់លេខ១ អង់គ្លេសលេខ២ បារាំងលេខ៣ ខណៈចិន និងកូរ៉េខាងត្បូងបានឈរនៅលំដាប់លេខ៤ និងលេខ៥៕
អ្នកស្រី ហុក ស្រីមុំ ទើបទទួលបានពានរង្វាន់ស្ត្រីនៃអនាគតអាស៊ីអាគ្នេយ៍ រៀបចំឡើងនៅប្រទេសសិង្ហបុរី កាលពីខែវិច្ឆិកាឆ្នាំ២០២៤។ សហគ្រិនស្ត្រីរូបនេះ គឺជាអ្នកបង្កើតមាតិកាសង្គមមួយរូប ដែលផ្តោតទៅលើការផ្តល់អំណាចដល់ស្ត្រីនៅជនបទ ដើម្បីពង្រីកអាជីវកម្មតាមផ្ទះ។ មានស្ត្រីខ្មែរនៅតំបន់ដាច់ស្រយាលប្រមាណ៣០០នាក់ បានផ្លាស់ប្តូរ និងមានខ្សែជីវិតល្អប្រសើរជាងមុន ដោយសារការបង្ហាត់បង្ហាញរបស់អ្នកស្រី ហុក ស្រីមុំ។ ស្រីមុំ ចាត់ទុកការងារសង្គមមួយនេះ ជាចំណង់ចំណូលចិត្តរបស់ខ្លួន ក្នុងការរួមចំណែកពង្រឹងអំណាចរបស់ស្ត្រីនៅក្នុងសហគមន៍។
From the publisher's feed
បទសម្ភាសជាមួយអ្នកនយោបាយ តំណាងសង្គមស៊ីវិល ឬអ្នកឯកទេសផ្សេងៗ ដើម្បីនិយាយពីព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។

14 Listeners

108 Listeners

0 Listeners

0 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

0 Listeners

3 Listeners

1 Listeners

0 Listeners

13 Listeners

6 Listeners

14 Listeners