
Sign up to save your podcasts
Or


កងទ័ពជួរមុខកម្ពុជា-ថៃ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានណាត់ជួបពិភាក្សាគ្នានៅក្នុងភូមិចំប៉ីរួត ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ការជួបជជែកគ្នានេះ ធ្វើឡើងបន្ទាប់ពីកងទ័ពឈុតខ្មៅថៃប្រមាណ២០០នាក់ បានចូលមកស្នើឲ្យពលរដ្ឋខ្មែរដែលដាំដំណាំកសិកម្មនៅតំបន់ព្រំដែននោះបញ្ឈប់ការដាំដុះ ដោយថៃយល់ថា ជាតំបន់ស មិនទាន់ច្បាស់លាស់។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ លោកវរសេនីយ៍ឯក ឃួន ភិរុណ មេបញ្ជាការកងការពារព្រំដែនគោកលេខ៤០២ បានឲ្យដឹងថា កងទ័ពប្រទេសទាំងពីរបានព្រមព្រៀងគ្នាបញ្ចប់បញ្ហាហើយ។ បើតាមលោក ឃួន ភិរុណ ភាគីកម្ពុជាមិនអនុញ្ញាតឲ្យកងទ័ពថៃដកបំផ្លាញដំណាំកសិកម្មរបស់កសិករខ្មែរនៅពេលនេះទេ ដោយរង់ចាំទទួលផលនៅដើមឆ្នាំក្រោយ។
ក្នុងរយៈពេល ១ឆ្នាំនៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានជើងហោះហើរជាង ១ម៉ឺនជើង និងទទួលបានអ្នកដំណើរជាង ១លាន៣សែននាក់ ខណៈការដឹកទំនិញតាមផ្លូវអាកាសមានត្រឹមតែជាង ៨២តោន។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៦ តុលានេះ លោកស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអាចគ្មានផលចំណេញនៅក្នុងពេលយ៉ាងហោច ៥ឆ្នាំទៀត។ ទោះយ៉ាងណា លោករំពឹងនឹងអាចទាញបានផលចំណេញនៅក្រោយដំណើរការបាន ៥ឆ្នាំ និងថា អ្វីៗវាអាស្រ័យលើបរិបទសេដ្ឋកិច្ច រួមទាំងវិបត្តិនៅក្នុងតំបន់ និងសកលលោក៕
អ្នកសារព័ត៌មានឯករាជ្យ លោក ម៉ិច ដារ៉ា ត្រូវបានមេធាវីការពារក្តីបញ្ជាក់នៅថ្ងៃទី១៥ ខែតុលានេះថា កូនក្តីរបស់ខ្លួនកំពុងមានជំងឺថប់អារម្មណ៍ដោយសារមិនបានទទួលដំណេកគ្រប់គ្រាន់ និងថា លោក ម៉ិច ដារ៉ា ក៏កំពុងបារម្ភពីម្តាយដែលមានវ័យចំណាស់ដែរ។ តាមមេធាវីការពារក្តីរូបនេះដដែល លោក ម៉ិច ដារ៉ា បានស្នើសុំនៅក្រៅឃុំបណ្តោះអាសន្ន ខណៈអ្នករួមអាជីពស្នើឲ្យដោះលែង លោក ម៉ិច ដារ៉ា។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនាថ្ងៃទី១៥ តុលានេះ លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខាមបូចារ) ស្នើឲ្យអ្នកសម្រេចចិត្តលើករណីនេះមានការថ្លឹងថ្លែងរវាងកំហុសរបស់លោក ម៉ិច ដារ៉ា និងស្នាដៃរបស់លោកដែលបានចូលរួមដោះស្រាយបញ្ហាសង្គមតាមរយៈអត្ថបទស៊ើបអង្កេតពាក់ព័ន្ធនឹងការជួញដូរមនុស្សនៅកម្ពុជា៕
១៣ តុលា ២០០៤-១៣ តុលា ២០២៤ គឺជាខួប២០ឆ្នាំ ដែលប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(WTO)។ តែរដ្ឋាភិបាលទើបតែប្រារព្ធពិធីអបអរនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃចន្ទនេះដែរ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថាកម្ពុជាទទួលបានអត្ថប្រយោជន៍ពាណិជ្ជកម្មជាច្រើនបន្ទាប់ពីប្រទេសនេះបានក្លាយជាសមាជិកអង្គការ WTO។ តាមអ្នកឧកញ៉ា លឹម ហេង កម្ពុជាមានដៃគូពាណិជ្ជកម្មកាន់តែច្រើន រួមនឹងការអនុគ្រោះពាណិជ្ជកម្មមួយចំនួនផងដែរ។ ទោះយ៉ាងណាប្រទេសកម្ពុជាក៏នៅតែអាចប្រកួតប្រជែងការនាំចេញបានជាមួយប្រទេសជិតខាងនៅពេលគ្មានភាពអនុគ្រោះ ក្រោយកម្ពុជាចាកចេញពីប្រទេសដែលមានឋានៈក្រីក្រនៅក្រោយឆ្នាំ២០២៧។
លោក គួង សំណាង គឺជាសាស្ត្រាចារ្យវិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិច នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកបានចូលរៀនមុខជំនាញនេះតាំងប្រមាណ២០ឆ្នាំមុន ខណៈនិស្សិតភាគច្រើនមិនសូវចាប់អារម្មណ៍។ តែសាស្ត្រចារ្យ គួង សំណាង បានបញ្ជាក់ថា មុខជំនាញបច្ចេកទេសមួយនេះកំពុងតែមានតម្រូវការទីផ្សារការងារច្រើន ខណៈប្រទេសជាតិចេះតែវិវត្តន៍ទៅមុខតាមសម័យបច្ចេកវិទ្យាទំនើប។ លោកចង់ឲ្យសិស្សដែលទើបប្រឡងបាក់ឌុប ពិចារណាចូលរៀនមុខជំនាញ វិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិច(TEED) ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រទេសជាតិ។
ក្រោយត្រឡប់ពីប្រទេសបារាំងកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ជាទីដែលលោកបានបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចុះទៅកាន់តំបន់មួយចំនួនក្នុងខណ្ឌចំនួន៤ ដែលរងការលិចលង់ដោយជំនន់ទឹកភ្លៀង។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ លោក ឃួង ស្រេង បានបញ្ជាក់ថាជំនន់ទឹកភ្លៀងនៅទីក្រុងភ្នំពេញគឺជាមូលហេតុដែលលោកសុខចិត្តប្តូរសំបុត្រយន្តហោះត្រឡប់មកកម្ពុជាមុនកំណត់។ តាមអភិបាលរាជធានីរូបនេះ ការលិចលង់តំបន់មួយចំនួននៅភ្នំពេញ គឺបណ្តាលមកពីបាតុភូតអាកាសធាតុសកល និងថាក្នុងនាមអាជ្ញាធរ លោកត្រូវតែមានដំណោះស្រាយចំពោះមុខភ្លាមៗជូនពលរដ្ឋ។ លោកថានៅឆ្នាំ២០២៥ ខាងមុខ ការរំដោះទឹកភ្លៀងចេញពីទីក្រុងនឹងមានភាពល្អប្រសើរមួយកំរិតធំ៕
ពលករទេសន្តរប្រវេសន៍ខ្មែរខុសច្បាប់នៅក្នុងប្រទេសថៃត្រូវបានកត់សម្គាល់ថាបានរងការចាប់ខ្លួនពីអាជ្ញាធរថៃកាន់តែច្រើន។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះ លោក ឌី ថេហូយ៉ា ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់មើលឃើញថា ពលករខ្មែរដែលរងការចាប់ខ្លួនពីសំណាក់អាជ្ញាធរថៃ គឺដោយសារពួកគេបន្តស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃជាមួយនឹងឯកសារហួសសុពលភាព។ តាមមន្ត្រីអង្គការសង់ត្រាល់រូបនេះដដែល ការស្នើសុំឯកសារសំខាន់ៗមួយចំនួន ដើម្បីបន្តធ្វើការងារនៅក្នុងប្រទេសថៃមានភាពស្មុគ្រស្មាញដែលជាមូលហេតុធ្វើឲ្យមានពលករខ្មែរកាន់តែច្រើនក្លាយជាពលករមិនស្របច្បាប់៕
នៅថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៤ តុលាការខេត្តរតនគិរីបានសម្រេចដាក់លក្ខខណ្ឌចំនួន ៤ចំណុចលើ លោក មាជ សុវណ្ណរ៉ា ប្រធានគណបក្សជំនាន់ថ្មីដោយហាមការធ្វើសកម្មភាពណាដែលតុលាការចាត់ទុកជាការ«ញុះញង់» និងតម្រូវឲ្យលោកត្រូវតែបង្ហាញខ្លួនដល់សមត្ថកិច្ចមូលដ្ឋានរៀងរាល់ ២ខែម្តងជាដើម។ តែលោក មាជ សុវណ្ណរ៉ា យល់ថា ការដាក់លក្ខខណ្ឌបែបនេះធ្វើឲ្យប៉ះពាល់ដល់សេរីភាពនៃការធ្វើនយោបាយក្នុងឋានៈលោកជាប្រធានគណបក្សនៅក្រៅរដ្ឋាភិបាល៕
អ្នកបង្កើតមាតិកាលើបណ្តាញសង្គម លោក អេង ប៊ុនគា បានចាប់យកអាជីពផលិតវីដេអូ ដោយម្ចាស់ការលើខ្លួន ទាំងចំណូល- ចំណាយ និងការគ្រប់គ្រង។ ការផលិតវីដេអូគឺជាចំណង់ចំណូលចិត្តរបស់យុវជនអាយុ២៩ឆ្នាំរូបនេះ បើទោះជាការងារនេះ មិនចំមុខជំនាញដែលរូបគេបានប្រើពេលសិក្សា៤ឆ្នាំក៏ដោយ។ លោក ប៊ុនគា បានអះអាងថា ខ្លួនបានចាយពេលវេលាអស់៣ឆ្នាំ ដោយធ្វើការងារដែលខ្លួនមិនចូលចិត្ត គឺមិនមានការរីកចម្រើនឡើយ។
អ្នកសារព័ត៌មានឯករាជ្យ លោក ម៉ិច ដារ៉ា ដែលត្រូវអាជ្ញាធរខ្មែរចាប់ខ្លួនកាលពីថ្ងៃទី៣០ កញ្ញាកំពុងឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារខេត្តកណ្តាល។ តាមរយៈបទចោទប្រកាន់ញុះញង់បង្កភាពវឹកវរក្នុងសង្គមពីតុលាការ លោកម៉ិច ដារ៉ាអាចជាប់ក្នុងពន្ធនាគារចំនួន២ឆ្នាំ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនាថ្ងៃសុក្រ ទី០៤ តុលានេះ លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) បានអះអាងថា សមាគមបានផ្តល់មេធាវីជួយលោកម៉ិច ដារ៉ាផ្នែកច្បាប់។ ទោះជាយ៉ាងណា លោក ណុប វីនៅតែមានក្តីសង្ឃឹមថា តុលាការនឹងទម្លាក់ចោលបទចោទលើលោក ម៉ិច ដារ៉ាដោយសារតែអ្នកសារព័ត៌មានឯករាជ្យរូបនេះធ្លាប់មានគុណសម្បត្តិទាក់ទងនឹងការរាយការណ៍ពីបញ្ហាជួញដូរមនុស្ស និងការឆបោកតាមអនឡាញ។
From the publisher's feed
បទសម្ភាសជាមួយអ្នកនយោបាយ តំណាងសង្គមស៊ីវិល ឬអ្នកឯកទេសផ្សេងៗ ដើម្បីនិយាយពីព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។

14 Listeners

108 Listeners

0 Listeners

0 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

0 Listeners

3 Listeners

1 Listeners

0 Listeners

13 Listeners

6 Listeners

14 Listeners