
Sign up to save your podcasts
Or


ក្រសួងទេសចរណ៍កម្ពុជាកំពុងត្រៀមបញ្ចប់សំណង់សាលាវិជ្ជាជីវៈវិស័យទេសចរណ៍ចំនួន២កន្លែង ដែលទី១ស្ថិតនៅក្នុងរាជធានីភ្នំពេញ និងទី២ស្ថិតនៅក្នុងខេត្តព្រះសីហនុ។ សាលាទាំង២នេះ នឹងបើកដំណើរការក្នុងពេលដ៏ខ្លីខាងមុខ។ សំណង់សាលាវិជ្ជាជីវៈទេសចរណ៍ទាំងពីរ ធ្វើឡើងក្រោមជំនួយឥណទានរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) ក្នុងទឹកប្រាក់ ១១លានអឺរ៉ូ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍បានថ្លែងថា សាលាវិជ្ជាជីវៈវិស័យទេសចរណ៍ទាំងពីរនេះមានសារៈសំខាន់ណាស់សម្រាប់ជួយលើកស្ទួយវិស័យទេសចរណ៍កម្ពុជា៕
ប្រឈមនឹងការឆ្លងរីករាលដាលមេរោគ Mpox ទម្រង់ថ្មី Clad1b ដែលប្រទេសថៃបានប្រកាសរកឃើញកាលពីសប្តាហ៍មុន ក្រសួងសុខាភិបាលបាន និងកំពុងអនុវត្តវិធានការរឹតបន្តឹងទប់ស្កាត់ការឆ្លងជំងឺនេះនៅតាមព្រំដែន និងច្រកចេញចូលប្រទេសកម្ពុជា។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោកវេជ្ជបណ្ឌិតលី សូវ៉ាន់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង CDC បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ សីហា កម្ពុជានៅមិនទាន់រកឃើញករណី Mpox ទម្រង់ថ្មី Clad1b នៅឡើយទេ ខណៈករណីសង្ស័យជាច្រើនត្រូវបានធ្វើតេស្តអវិជ្ជមានទាំងអស់។ ទោះជាយ៉ាងណា លោកវេជ្ជបណ្ឌិតលី សូវ៉ាន់ជឿជាក់ថា ក្រសួងសុខាភិបាលកម្ពុជានឹងអាចទប់ស្កាត់ការឆ្លងរាលដាល Mpox បានដោយជោគជ័យដូចគ្រាជំងឺកូវីដ១៩៕
រំលងគ្នាត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ មន្ត្រីប៉ូលីស២នាក់ ត្រូវបានសម្លាប់នៅក្នុងទីក្រុងភ្នំពេញតាមរយៈហេតុការណ៍ពីរផ្សេងគ្នា ដែលមានការប្រើអាវុធបាញ់ប្រហារ និងចាក់ដោយកាំបិត។ ករណីចុងក្រោយដែលកើតឡើងកាលពីថ្ងៃទី២៩ ខែសីហា បង្ហាញថាមន្ត្រីប៉ូលីសក្នុងខណ្ឌបឹងកេងកងម្នាក់ត្រូវបុរសញៀនគ្រឿងញៀនម្នាក់ចាក់សម្លាប់ ខណៈដែលមន្ត្រីប៉ូលីសរូបនោះមានកាំភ្លើងខ្លីនៅនឹងដៃ តែមិនបានបាញ់ការពារខ្លួន។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបន្ទោសទៅលើចំណាត់ការរបស់មេប៉ូលីសមូលដ្ឋាន ដែលមានការថ្លោះធ្លោយចំពោះសភាពការណ៍។
មជ្ឈមណ្ឌលសម្រាប់ការងារមនុស្សធម៌ និងសង្គមអាស៊ី(CAPS) និងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា(NGOF) កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានរួមគ្នាបង្ហាញលទ្ធផលអនុវត្តការងាររបស់ប្រទេសកម្ពុជានៅក្នុងរបាយការណ៍«សន្ទស្សន៍ប្រតិបត្តិល្អឆ្នាំ ២០២៤»។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ លោក ម៉ារ សុផល ប្រធានកម្មវិធីវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាថ្លែងថា និន្នាការប្រទេសកម្ពុជានាដំណាក់កាលចុងក្រោយហាក់ដូចផ្ទុយគ្នា ពោលសេដ្ឋកិច្ចកម្ពុជាបានរីកចម្រើន តែជំនួយពីបរទេសសម្រាប់អង្គការសង្គមស៊ីវិលបែរជាថយចុះជាបណ្តើរៗ។ ទោះយ៉ាងណា លោក ម៉ារ សុផល បញ្ជាក់ថាតាមរយៈសន្ទស្សន៍ប្រតិបត្តិល្អ ក្រុមអង្គការសង្គមស៊ីវិលនៅតែមានឱកាសដើម្បីទាញយកការគាំទ្រពីសប្បុរសជននៅក្នុងប្រទេស ដើម្បីដំណើរការសកម្មភាពរបស់ខ្លួន។
ក្នុងនាមជាអ្នកជំនួញលើវិស័យអចលនទ្រព្យលោកឧកញ៉ា គីម ហ៊ាង បានផ្តល់ការអនុគ្រោះច្រើនដល់អតិថិជនដែលបានទិញផ្ទះនៅក្នុងបុរីរបស់លោក ហើយមិនមានលទ្ធភាពបង់ប្រាក់អំឡុងពេលកម្ពុជារងនូវវិបត្តិសេដ្ឋកិច្ចក្រោយកូវីដ-១៩។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ លោកឧកញ៉ា គីម ហ៊ាង ស្ថាបនិកបុរីវិមានសំណាង និងជាប្រធាន KW Cambodia រំពឹងថាវិស័យអចលនទ្រព្យកម្ពុជាអាចនឹងងើបឡើងវិញ ប្រសិនបើលោក ដូណាល់ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកជាថ្មីនៅចុងឆ្នាំ២០២៤នេះ។ ការអះអាងរបស់លោក គីម ហ៊ាង ដូច្នេះគឺដោយលោកយល់ថាលោក ដូណាល់ ត្រាំ ជាអ្នកជំនួញវិស័យអចលនទ្រព្យ ហើយវិស័យអចលនទ្រព្យកម្ពុជាក៏អាស្រ័យលើការងើបឡើងវិញនៃវិស័យអចលនទ្រព្យរបស់អាមេរិក ចិន ជប៉ុន កូរ៉េ និងបណ្តាប្រទេសផ្សេងៗទៀត។
នៅថ្ងៃទី២០សីហានេះ រដ្ឋបាលខេត្តកណ្តាលបានចេញលិខិតព្រមានលោកស្រី ចាន់ ណារី ម្ចាស់អាជីវកម្មទឹកស្អាតនៅស្រុកស្អាង និងក្រុងតាខ្មៅ ដោយទុករយៈពេល១ខែដើម្បីឱ្យម្ចាស់អាជីវកម្មនេះកែលម្អបញ្ហានិងភាពអសកម្មរបស់ខ្លួន។ ក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ នៅថ្ងៃទី២០សីហានេះដែរ លោក ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាលបានលើកឡើងថា ការចេញលិខិតព្រមាននេះ គឺបន្ទាប់ពីរដ្ឋបាលខេត្តរកឃើញថា អាជីវកម្មផលិតទឹកស្អាតមួយនេះបានផលិតទឹកគ្មានគុណភាព ទឹកល្អក់ និងប្រើប្រាស់មិនគ្រប់គ្រាន់។ល។ ចំពោះលោក ឌឹម បូរ៉ា ទឹកស្អាតគឺត្រូវតែមានគុណភាព មិនមែនបូមយកទឹកទន្លេ មកលក់ឱ្យពលរដ្ឋនោះទេ។ ដូច្នេះ រដ្ឋបាលខេត្តកណ្តាលនឹងចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន ពោលគឺ អាចឈានដល់ការបិទអាជីវកម្មចោលតែម្តង ប្រសិនបើអាជីវកម្មទឹកស្អាតមួយនេះមិនអាចបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋ ក្នុងរយៈពេលនៃការដាក់ឱសាទវាទ១ខែ។
យុវជនយ៉ាងតិច៣១នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្នុងបទចោទប្រកាន់ថា ពាក់ព័ន្ធនឹងផែនការធ្វើបាតុកម្ម ទាមទារឲ្យរដ្ឋាភិបាលដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV) ទៅតាមការ«ញុះញង់»ពីអ្នកនៅក្រៅប្រទេស។ ជាមួយគ្នានេះ នៅថ្ងៃទី១៨ ខែសីហា ក៏មានយុវជន ៤នាក់ ដែលជាសមាជិកសមាគមនិស្សិតបញ្ញវន្តខ្មែរ ក៏ត្រូវបានចាប់ខ្លួន ចំណែកទីស្នាក់ការរបស់សមាគមក៏ត្រូវបញ្ជាឲ្យបិទទ្វារថែមទៀត។ ក្នុងបទសម្ភាសន៍ ជាមួយវិទ្យុបារាំងអន្តរជាតិRFI លោក នី សុខា ប្រធានសមាគម អាដហុក សំដែងការព្រួយបារម្ភថា ការចាប់ខ្លួនយុវជន ដោយមិនប្រាប់ពីមូលហេតុ និងករណីខ្លះមិនមានដីកាផងនោះ គឺជាការបំភិតបំភ័យដល់ពលរដ្ឋផ្សេងទៀត និងជាការបំពានច្បាប់។
គម្រោងបាតុកម្មស្នើសុំឲ្យរដ្ឋាភិបាលដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ(CLV) អាចនឹងធ្វើឡើងនៅថ្ងៃទី១៨សីហាខាងមុខ។ នៅចំពោះមុខនៃបាតុកម្មដែលអាចកើតឡើងនៅកណ្តាលទីក្រុងភ្នំពេញក្នុងពេលខាងមុខនេះ សមត្ថកិច្ច កងកម្លាំងគ្រប់ជាន់ថ្នាក់ បានត្រៀមយ៉ាងរួចរាល់ ដើម្បីទប់ស្កាត់កុំឲ្យមានភាពចលាចលក្នុងសង្គម។ យ៉ាងណាមិញនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ នៅថ្ងៃសុក្រ ទី១៦សីហានេះ លោក ហៃ វណ្ណា តំណាងបាតុករ នៅប្រទេសជប៉ុន បានបញ្ជាក់ថា ការធ្វើបាតុកម្មនៅថ្ងៃទី១៨សីហាខាងមុខ ជាការជួបជុំសម្តែងមតិដោយអហិង្សា ដើម្បីស្នើឲ្យរដ្ឋាភិបាលដកខ្លួនពីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ (CLV)។ ក៏ប៉ុន្តែ ភាគីរដ្ឋាភិបាលបានមើលឃើញផ្ទុយពីអ្វីដែលក្រុមបាតុករបានអះអាង។ ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិដែរនោះ លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គម្រោងបាតុកម្មថ្ងៃទី១៨សីហា ជាគម្រោងធ្វើបដិវត្តន៍ពណ៌ មានចេតនាផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ដែលត្រូវតែបង្រា្កបឲ្យខាងតែបាន។
បេសកកម្ម «២៥ថ្ងៃ ២៥ខេត្តក្រុង ដើម្បីលើកកម្ពស់ការអាននៅតាមសហគមន៍» ចាប់ធ្វើឡើង ពីថ្ងៃទី១០សីហារហូតដល់ថ្ងៃទី១០កញ្ញា ឆ្នាំ២០២៤ នៅក្នុងគោលដៅ ចែកសៀវភៅដល់យុវជនតាមសហគមន៍ និងស្វែងរកជើងឯកអំណានប្រចាំខេត្តនីមួយ។ «២៥ថ្ងៃ ២៥ខេត្តក្រុង ដើម្បីលើកកម្ពស់ការអាននៅតាមសហគមន៍» ជាបេសសកម្មមួយក្នុងយុទ្ធនាការ«សៀវភៅមួយសហគមន៍មួយ»ដែលបានបង្កើតឡើងកាលពី២ឆ្នាំមុន។ នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ Rfi នៅថ្ងៃទី១៣សីហានេះ អ្នកស្រី ហ៊ាង វត្តី សហស្ថាបនិកយុទ្ធនាការលើកឡើងថា គំនិតផ្តួចផ្តើមបង្កើតយុទ្ធនាការនេះឡើង គឺនៅបន្ទាប់ពីមើលឃើញថា យុវជនខ្មែរហាក់នៅពុំទាន់ទទួលបានការលើកទឹកចិត្ត និងគ្មានសៀវភៅអានគ្រប់គ្រាន់ ដែលជាកត្តាមួយរុញឱ្យពួកគេងាកទៅកាន់ទូរស័ព្ទ។ តាមលោកស្រី ហ៊ាង វត្តី «យុទ្ធនាការសៀវភៅមួយសហគមន៍មួយ» នឹងបណ្តុះវប្បធម៌អាន និងការរៀនសូត្រឯករាជ្យ នៅក្នុងចំណោមយុវជនខ្មែរ។
សិទ្ធិជាមូលដ្ឋាន និងយុត្តិធម៌សង្គម, សិទ្ធិបរិស្ថាន និងការការពារធនធានធម្មជាតិ, អក្ខរកម្មឌីជីថល និងសេរីភាពបញ្ចេញមតិ និង ទស្សនទានយុវជនចំពោះអំពើពុករលួយ ទាំងនេះ គឺជាប្រធានបទដែលត្រូវបានលើកឡើងនៅក្នុងវេទិកា យុវជនកម្ពុជាលើកទី២ ដែលរៀបចំកាលពីថ្ងៃទី១១សីហា ឆ្នាំ២០២៤។ ក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក ហេង គឹមហុង ប្រធានប្រតិបត្តិសមាគមបណ្តាញយុវជនកម្ពុជា លើកឡើងថា គេគួរលើកទឹកចិត្តឲ្យយុវជនហ៊ាននិយាយការពិតដើម្បីអាចកសាងធនធានមនុស្សមួយរឹងមាំទៅថ្ងៃអនាគត។
From the publisher's feed
បទសម្ភាសជាមួយអ្នកនយោបាយ តំណាងសង្គមស៊ីវិល ឬអ្នកឯកទេសផ្សេងៗ ដើម្បីនិយាយពីព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។

14 Listeners

108 Listeners

0 Listeners

0 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

0 Listeners

3 Listeners

1 Listeners

0 Listeners

13 Listeners

6 Listeners

14 Listeners