
Sign up to save your podcasts
Or


នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិបានចុះទៅដល់តំបន់ដែលឧទ្ធម្ភាគចក្រយោធាមួយគ្រឿងបានបាត់ការទាក់ទងកាលពីថ្ងៃទី១២ ខែកក្កដានៅក្នុងតំបន់ជួរភ្នំក្រវាញនៃខេត្តពោធិ៍សាត់។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១៧ ខែកក្កដានេះ នាយឧត្តមសេនីយ៍ឈុំ សុជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិលោក ទៀ សីហា បានជំរុញឲ្យក្រុមការងារប្រឹងប្រែងបន្ថែមទៀតក្នុងការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹងឲ្យបានឆាប់ បើទោះណាជាស្ថានភាពភូមិសាស្ត្រមានការលំបាកក៏ដោយ៕
ព្រះតេជគុណ សាំង រិទ្ធី ត្រូវបានគណៈកម្មការវត្តដំរីស ក្រុងបាត់ដំបង បណ្ដេញចេញពីវត្តនៅថ្ងៃទី១៥កក្កដាម្សិលមិញ បន្ទាប់ពីព្រះសង្ឃអង្គនេះបានចូលរួមដង្ហែក្បួនធម្មយាត្រា ក្នុងគោលដៅលើកកំពស់ពុទ្ធសាសនាសីល៥ កាន់ទុកលោកបណ្ឌិត កែម ឡី និងរំលឹកគុណវីរជន និងវីរសង្ឃខ្មែរមួយចំនួន។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី១៦កក្កដានេះ លោក អ៊ិន គង់ជិត ប្រធានការិយាល័យអង្គការលីកាដូប្រចាំនៅខេត្តបន្ទាយមានជ័យចាត់ទុកការបណ្តេញព្រះសង្ឃ សាំង រិទ្ធី ចេញពីវត្តជារឿងមិនសមហេតុផល។ មិនសមហេតុផលដោយសារតែគណៈកម្មការវត្តដំរីសបានសម្រេចបណ្តេញព្រះសង្ឃ សាំង រិទ្ធីចេញពីវត្តទាំងយប់ ក្រោយព្រះសង្ឃអង្គនេះមិនព្រមធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពធ្វើធម្មយាត្រារបស់ព្រះអង្គ។
អគ្គលេខាធិការគណបក្សភ្លើងទៀនលោក លី សុធារ៉ាយុត្តិបានចាត់ទុកថា ការប្តឹងទាមទារសំណងជំងឺចិត្តពី លោក ទាវ វណ្ណុល ១,៥ លានដុល្លារពីសំណាក់មេធាវីការពារក្តីឲ្យរដ្ឋាភិបាលកម្ពុជាគឺ «ធ្ងន់ធ្ងរពេក»។ លោក លី សុធារ៉ាយុត្តិ បានលើកឡើងដូចនេះនៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI ក្នុងថ្ងៃទី ៩ កក្កដានេះ។ តាមអគ្គលេខាធិការគណបក្សភ្លើងទៀនរូបនេះ អ្វីដែលប្រធានគណបក្សភ្លើងទៀនបានប្រាប់សារព័ត៌មានជប៉ុនកន្លងមក គឺជាសេរីភាពបញ្ចេញមតិ ដោយយោងលើស្ថានភាពពិតនៅកម្ពុជា៕
អភិបាលខេត្តតាកែវថ្មី លោក វ៉ី សំណាង បានប្រកាសនៅក្នុងកិច្ចប្រជុំលើកដំបូងរបស់គណៈបញ្ជាការឯកភាពខេត្តឲ្យស្ថាប័នពាក់ព័ន្ធដោះផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរចោលទាំងអស់នៅក្នុងភូមិសាស្រ្តខេត្តតាកែវ។ អតីតអភិបាលខេត្តកំពង់ស្ពឺ ដែលទើបតែងតាំងជាអភិបាលខេត្តតាកែវសម្រាប់អាណត្តិថ្មីកាលពីថ្ងៃទី០១ ខែកក្កដានេះ ក៏ធ្លាប់ចេញបទបញ្ជាដូចគ្នានេះនៅខេត្តកំពង់ស្ពឺផងដែរ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងនាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤នេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាពឲ្យដឹងថាចំណាត់ការរបស់លោកអភិបាលខេត្តតាកែវគឺជារឿងមួយគួរឲ្យស្វាគមន៍ ព្រមទាំងទទូចឲ្យខេត្តផ្សេងៗទៀតអនុវត្តដូចខេត្តតាកែវផងដែរ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រកាសក្នុងថ្ងៃទី០៣ កក្កដាពីដំណើរត្រលប់មកកម្ពុជាវិញនូវវត្ថុបុរាណខ្មែរចំនួន១៤ ពីសារមន្ទីរ Metropolitan សហរដ្ឋអាមេរិក។ វត្ថុបុរាណទាំង ១៤ រួមមាន រូបចម្លាក់ទេពស្រី ឬនាងឧមា រូបចម្លាក់បដិមាព្រះលោកកេសូ និងព្រះកេសព្រះលោកេសូធ្វើពីសំរិទ្ធ។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនាថ្ងៃទី៤ កក្កដា លោកឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរបានបញ្ជាក់ថា ការទទួលបានវិញនូវវត្ថុបុរាណខ្មែរពីអាមេរិកពេលនេះជាលទ្ធផលនៃការចរចាដោយផ្ទាល់ និងដោយប្រយោលរវាងកម្ពុជា និងអាមេរិក។ គិតមកទល់ពេលនេះ កម្ពុជាបានទទួលមកវិញនូវវត្ថុបុរាណរបស់ខ្លួនប្រមាណជាង ៨០០។ តាមលោកឆាយ វិសុទ្ធ កម្ពុជានឹងបន្តទាមទារយកវត្ថុបុរាណខ្មែរដែលបាត់បង់ទៅក្រៅប្រទេសដោយមិនព្រងើយកន្តើយឡើយ។
ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤នេះ ជាខួប៧៣ឆ្នាំ ដែលប្រទេសកម្ពុជាចូលជាសមាជិកអង្គការ UNESCO កាលពីឆ្នាំ១៩៥១។ ក្នុងនាមជាសមាជិក UNESCO រយៈពេល ៧៣ឆ្នាំកន្លងទៅ ប្រទេសកម្ពុជាបានចុះបញ្ជីសម្បតិ្តបេតិកភណ្ឌរូបី អរូបី និងបញ្ជីស្មារតីចងចាំនៃពិភពលោកសរុបចំនួនជាង១០។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤នេះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកឡើងថា កម្ពុជាទទួលបានអត្ថប្រយោជន៍ជាច្រើនពីសមាជិកភាពអង្គការ UNESCO។ តាមលោកស្រីរដ្ឋមន្ត្រី កម្ពុជាទទួលបានការគាំទ្រនូវគម្រោងនានាក្នុងការថែរក្សា និងជួសជុលប្រាសាទ ការចែករំលែកបទពិសោធន៍ ផ្លាស់ប្តូរចំណេះដឹង ការស្រាវជ្រាវ និងគាស់កកាយឡើងវិញនូវអ្វីដែលស្ថិតក្នុងភាពគ្រោះថ្នាក់ និងបាត់បង់ជាដើម៕
នៅថ្ងៃទី២ កក្កដានេះ សកម្មជនចលនាមាតាធម្មជាតិចំនួន១០នាក់ រួមទាំងលោក អាឡិច ហ្គន់សាឡេស ដេវិតសុន ស្ថាបនិកអង្គការចលនាមាតាធម្មជាតិត្រូវបានសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមកាត់ទោសចន្លោះពី៦ឆ្នាំទៅ៨ឆ្នាំ ក្នុងនោះ មាន៤នាក់ត្រូវបានចាប់ខ្លួនភ្លាមៗនៅក្រោយប្រកាសសាលក្រម។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២ កក្កដានេះ លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ ចាត់ទុក ការកាត់ទោសសកម្មជនចលនាមាតាធម្មជាតិពេលនេះថា ជាការបំបាក់ស្មារតីអ្នកចេញមុខការពារបរិស្ថាន៕
ការទាមទារឲ្យមានការបកស្រាយពន្យល់លម្អិតទៅលើខ្លឹមសារនៅក្នុងរបាយការណ៍របស់អង្គការសង់ត្រាល់កំពុងបន្តកើតមានពីសំណាក់សហជីពមួយចំនួនដែលមាននិន្នាការរដ្ឋាភិបាល។ តែសង់ត្រាល់បានចេញសេចក្តីថ្លែងការណ៍មួយក្នុងថ្ងៃពុធ ទី២៦ មិថុនាដោយបំភ្លឺថា របាយការណ៍របស់ខ្លួននៅមានកម្រិត និងមិនតំណាងឲ្យភាពជាក់ស្តែងនៃកម្មករ និងសហជីពទាំងអស់នៅកម្ពុជានៅឡើយទេ។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃព្រហស្បតិ៍ ទី២៧ មិថុនានេះ លោក ឃុន ថារ៉ូ ប្រធានគ្រប់គ្រងកម្មវិធីការងារអង្គការសង់ត្រាល់លើកឡើងថា ភាគីពាក់ព័ន្ធ និងសហជីពដែលមិនពេញចិត្តនឹងរបាយការណ៍សង់ត្រាល់គួរតែសិក្សាស្រាវជ្រាវរករបាយការណ៍ថ្មីដើម្បីបញ្ជាក់ថា អ្វីដែលសង់ត្រាល់រកឃើញមិនមែនជាការពិត។
ក្រោយមានហេតុការណ៍អវិជ្ជមានជាបន្តបន្ទាប់ទាក់ទងនឹងបុគ្គលដែលមានគោរមងារឧកញ៉ា សមាគមឧកញ៉ាកម្ពុជាបានចាប់អារម្មណ៍យ៉ាងខ្លាំង និងមានការស្រាវជ្រាវជាបន្ទាន់ពីប្រវត្តិជាក់ស្តែងរបស់បុគ្គលពាក់ព័ន្ធជាពិសេសអតីតឧកញ៉ាស្រី ស៊ីណា ដែលបានសម្លាប់មនុស្ស២នាក់យ៉ាងឃៅរឃៅកាលពីសប្តាហ៍មុន។ អតីតឧកញ៉ា ស្រី ស៊ីណា មិនមែនជាសមាជិកសមាគមឧកញ៉ាកម្ពុជា និងក៏គ្មានអាជីវកម្មច្បាស់លាស់ដែរ។ ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៦ មិថុនានេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ អ្នកនាំពាក្យសមាគមឧកញ៉ាកម្ពុជានៅតែមានក្តីកង្វល់ ប្រសិនបើមានឧកញ៉ាច្រើនបន្តស្ថិតនៅក្រៅការគ្រប់គ្រងរបស់សមាគម ខណៈឧកញ៉ាដែលចូលជាសមាជិកពេលនេះមានតែជាង ៣០០នាក់ក្នុងចំណោមឧកញ៉ាសរុបជាង ១ ៤០០នាក់៕
ប្រៃសណីយ៍កម្ពុជាកំពុងតែសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីបង្កើនសេវាសាធារណៈមួយនេះឱ្យកាន់តែលឿន និងមានប្រសិទ្ធភាពខ្ពស់។ នេះជាការអះអាងរបស់លោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជានៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI ក្នុងថ្ងៃអង្គារ ទី២៥ មិថុនា។ តាមលោក ថេន សំវិសុទ្ធ សេវាកម្ម «កញ្ចប់បញ្ញើ» ថ្មីនេះជាការសហការជាមួយការិយាល័យច្រកចេញ-ចូលតែមួយរបស់រដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ មានន័យថា ពលរដ្ឋអាចប្រើសេវាកម្មរបស់ប្រៃសណីយ៍កម្ពុជាដោយមិនចំណាយពេលធ្វើដំណើរទៅ-មកដើម្បីយកឯកសារដែលពួកគាត់ត្រូវការ៕
From the publisher's feed
បទសម្ភាសជាមួយអ្នកនយោបាយ តំណាងសង្គមស៊ីវិល ឬអ្នកឯកទេសផ្សេងៗ ដើម្បីនិយាយពីព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។

14 Listeners

108 Listeners

0 Listeners

0 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

0 Listeners

3 Listeners

1 Listeners

0 Listeners

13 Listeners

6 Listeners

14 Listeners