
Sign up to save your podcasts
Or


លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ បានលើកឡើងថា មានពលរដ្ឋខ្មែរចំនួន ១៦ម៉ឺននាក់បានលក់ដីដើម្បីដោះបំណុលនៅក្នុងចំណោមកម្ចីជាង២លានករណី។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក អំ សំអាត ចាត់ទុកបញ្ហានេះថាជាការរំលោភសិទ្ធិមនុស្ស ដោយសារតែកូនបំណុលខ្លះត្រូវបង្ខំចិត្តឈប់រៀនទៅធ្វើការដើម្បីដោះបំណុល និងកាត់បន្ថយរបបអាហារប្រចាំថ្ងៃ។ នៅក្នុងន័យនេះ អង្គការលីកាដូ ទទូចឲ្យអង្គការសហប្រជាជាតិរំឭករដ្ឋាភិបាលកម្ពុជាពីបញ្ហាបំណុលនេះ ខណៈស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជានឹងត្រូវលើកទៅត្រួតពិនិត្យនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ដោយក្រុមប្រឹក្សាសិទិ្ធមនុស្សអង្គការសហប្រជាជាតិ។
បន្ទាប់ពីខកខានឃើញទឹកភ្លៀងសូម្បីតែភ្លៀងកក់ខែអស់រយៈពេល៦ខែមក ទឹកភ្លៀងបានចាប់ផ្តើមធ្លាក់បណ្តើរៗនៅតាមតំបន់មួយចំនួនចាប់ពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ នេះទៅ។ តែវាគ្រាន់ជាភ្លៀងកក់ខែប៉ុណ្ណោះ ខណៈរដូវវស្សាពិតប្រាកដនឹងឈានមកដល់នៅសប្តាហ៍ទី៤ នៃខែឧសភានេះ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី០៣ ខែឧសភានេះ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយមបានបញ្ជាក់ថា ដោយសារភ្លៀងចាប់ផ្តើមធ្លាក់រាយប៉ាយ សីតុណ្ហភាពអតិប្បរមានឹងធ្លាក់ចុះមកនៅចន្លោះពី៣៦ ទៅ ៣៨អង្សារសេ ចាប់ពីថ្ងៃទី០៥ ខែឧសភាខាងមុខ។
ថ្ងៃទី ០៣ ឧសភាជាខួបលើកទី៣១នៃទិវាសេរីភាពសារព័ត៌មានពិភពលោក។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ លោក ប៉ាទ្រីក ម័រហ្វី ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាបានលើកឡើងពីសារៈសំខាន់ និងបញ្ហាប្រឈមនៃការប្រកបអាជីពសារព័ត៌មាន។ តែលោកកត់សម្គាល់ឃើញថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា និងនៅលើពិភពលោកកំពុងធ្លាក់ចុះ និងស្ថិតក្រោមការឡោមព័ទ្ធ។ សម្រាប់កម្ពុជា លោកប៉ាទ្រីក ម័រហ្វីបានមើលឃើញថា ការបិទស្ថាប័នសារព័ត៌មានឯករាជ្យមួយចំនួន ដូចជាសំឡេងប្រជាធិបតេយ្យ ឌឹខេមបូឌាដេលី និងវិទ្យុអាស៊ីសេរីបានឲ្យធ្វើឲ្យពលរដ្ឋមានការនឹកនា ព្រោះជាប្រភពព័ត៌មានដ៏ល្អ។ តាមលោកប៉ាទ្រីក ម័រហ្វី ការបើកលំហសេរីភាពសារព័ត៌មានជារឿងល្អសម្រាប់លទ្ធិប្រជាធិបតេយ្យដើម្បីឆ្លុះបញ្ចាំងពីទំនួលខុសត្រូវរបស់រដ្ឋាភិបាល។
ប្រឈមនឹងអាកាសធាតុដែលកំពុងឡើងកម្តៅខ្លាំង មានប្រទេសអាស៊ីមួយចំនួនបានសម្រេចបិទសាលារៀន។ នៅកម្ពុជា ក្រសួងអប់រំតាមរយៈអ្នកនាំពាក្យ លោកស្រី ឃួន វិច្ឆិកា បានបញ្ជាក់ពីការពិចារណាលើវិធានការដូចគ្នានេះ តែថាស្ថានភាពនៅកម្ពុជាមិនទាន់ឈានដល់កម្រិតនៃការបិទសាលារៀននៅឡើយទេ។ តាម លោកស្រី ឃួន វិច្ឆិកា ក្រសួងអប់រំ បានដាក់ចេញនូវវិធានការចាំបាច់ដូចជាឲ្យអ្នកពាក់ព័ន្ធរាយការណ៍ជាប្រចាំដើម្បីដឹងពីស្ថានភាពសិស្សនៅតាមសាលារៀនក្នុងគ្រាដែលអាកាសធាតុកំពុងតែឡើងកម្តៅ។ អ្នកនាំពាក្យក្រសួងអប់រំរូបនេះ ដដែលបានបន្ថែមថា ក្នុងករណីដែលសាលារៀនមិនអាចទប់ទល់នឹងស្ថានភាពកម្តៅបាន គឺត្រូវរាយការណ៍ជាបន្ទាន់ទៅមន្ទីរអប់រំនៅតាម រាជធានី និងខេត្ត។
សីតុណ្ហភាពនៅក្នុងប្រទេសកម្ពុជានៅតែបន្តឡើងកំដៅខ្លាំងខុសពីឆ្នាំមុនៗ។ ស្ថានភាពនេះធ្វើឲ្យតំបន់មួយចំនួនប្រឈមនឹងគ្រោះរាំងស្ងួត និងកង្វះខាតទឹកសម្រាប់ប្រើប្រាស់ជាបណ្តើរៗ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថាលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញបទបញ្ជានៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រនេះ ឲ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដឹកនាំអន្តរាគមន៍ចំពោះការខ្វះខាតទឹករបស់ប្រជាពលរដ្ឋជាបន្ទាន់។
គណបក្សកម្លាំងជាតិបានធ្វើបាតុកម្មតែមួយព្រឹកថ្ងៃទី២២ ខែមេសានេះ រួចក៏រំសាយទៅវិញ ខណៈតាមគម្រោងត្រូវធ្វើចំនួន៣ថ្ងៃជាប់ៗគ្នាចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមេសា។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក ស៊ុន ចន្ធី បានអះអាងថា ការរំសាយបាតុកម្មគឺដោយសារតែអាកាសធាតុក្តៅខ្លាំងពេក។ ទោះជាយ៉ាងណា ប្រធានគណបក្សកម្លាំងជាតិរូបនេះ នៅតែរក្សាជំហរទាមទារឲ្យដោះលែងសមាជិកជាន់ខ្ពស់២រូប គឺ លោក អ៊ុំ វីរ:រដ្ឋ និងលោក មឺ សេងហ៊ និងចង់ឃើញរដ្ឋាភិបាលមានយន្តការសម្របសម្រួលវិវាទនយោបាយនៅក្រៅប្រព័ន្ធតុលាការ៕
កាលពីថ្ងៃទី១២ ខែមេសាកន្លងទៅ ក្រសួងមហាផ្ទៃបានសម្រេចចុះឈ្មោះ «គណបក្សជំនាន់ថ្មី» នៅក្នុងបញ្ជីគណបក្សនយោបាយ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI ក្នុងថ្ងៃសុក្រ ទី១៩ ខែមេសានេះ លោក ប៉ាត មុន្នី ស្ថាបនិកគណបក្សជំនាន់ថ្មីបានអះអាងថា ការបង្កើតគណបក្សជំនាន់ថ្មីនេះឡើង គឺដើម្បីឆ្លើយតបទៅនឹងបំណងរបស់ប្រជាពលរដ្ឋដែលចង់បាននូវលទ្ធិប្រជាធិបតេយ្យ និងការបង្រួបបង្រួមពិតប្រាកដ។ តាមស្ថាបនិកគណបក្សរូបនេះដដែល ធនធានសម្រាប់ដំណើរការគណបក្សគឺបានមកពីការចូលរួមពីសំណាក់សមាជិក និងការគាំទ្រពីប្រជាពលរដ្ឋ៕
សីតុណ្ហភាពអតិបរមាក្នុងប្រទេសកម្ពុជានៅរដូវប្រាំងនេះ បានកើនឡើងពី៣៩ រហូតដល់ជាង៤០អង្សារសេ។ អាកាសធាតុក្តៅបែបនេះ នៅតែបន្តកើតមានរហូតដល់បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅ នៅចុងសប្តាហ៍នេះ និងដើមសប្តាហ៍ក្រោយ។ ទោះយ៉ាងណា នៅមិនទាន់មាននរណាម្នាក់រងគ្រោះ ឬការប្រឈមនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ដោយសារតែរលកកំដៅដ៏ខ្ពស់នៅខែមេសានេះនៅឡើយ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃអង្គារ ទី០៩ ខែមេសានេះ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយមបានថ្លែងថាការទទួលរងឥទ្ធិពលនៃរលកកំដៅដ៏ខ្ពស់នេះ មិនមែនមានតែកម្ពុជាទេ ពោលប្រទេសជាច្រើននៅក្នុងតំបន់អាស៊ី និងអឺរ៉ុបក៏កំពុងរងការឡើងកម្តៅផងដែរ។
អ្នកជំនាញខាងថាមពល អះអាងថា នៅរដូវក្តៅនេះ កម្ពុជាមានលទ្ធភាពផ្គត់ផ្គង់អគ្គិសនីបានគ្រប់គ្រាន់ ខណៈតម្រូវការប្រើប្រាស់កើនឡើង៣០%។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI អនុរដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល លោក វិចទ័រ ហ្សូនា បញ្ជាក់ថា រោងចក្រផលិតអគ្គិសនីដោយប្រើប្រេងខ្មៅ នៅខេត្តកណ្តាលនឹងផលិតអគ្គិសនីដើម្បីបំពេញចន្លោះខ្វះខាត។ បើតាមអនុរដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល កម្ពុជាមានលទ្ធភាពផលិតអគ្គិសនីខ្លួនឯងបាន៧៥% ពោលគឺត្រូវការទិញពីប្រទេសជិតខាងតែ២៥%ប៉ុណ្ណោះ ខណៈកម្ពុជាក៏មានគម្រោងលក់អគ្គិសនីទៅឲ្យសិង្ហបុរីនៅពេលខាងមុខ។
ភ្ញៀវរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី០៥ មេសានេះ គឺលោកគង់ មុនីកា សមាជិកព្រឹទ្ធសភាមកពីគណបក្សឆន្ទៈខ្មែរដែលទទួលបាន ៣អសនៈនៅក្នុងព្រឹទ្ធសភានីតិកាលទី៥។ នៅក្នុងសម័យប្រជុំដំបូង កាលពីថ្ងៃទី០៣ មេសា សមាជិកព្រឹទ្ធសភាទាំង៦២រូបបានបោះឆ្នោតគាំទ្រជាឯកច្ឆ័នឲ្យលោកហ៊ុន សែនធ្វើជាប្រធានព្រឹទ្ធសភា។ ក្នុងសំឡេងគាំទ្រក៏មាន ៣សំឡេងជារបស់គណបក្សឆន្ទៈខ្មែរ។ ការណ៍នេះបានញ៉ាំងឲ្យអ្នកគាំទ្រគណបក្សឆន្ទៈខ្មែរសម្តែងការមិនពេញចិត្ត ពិសេសអង្គបោះឆ្នោត។ លោកគង់ មុនីកាបានទទួលស្គាល់ពីក្តីបារម្ភរបស់អង្គបោះឆ្នោត និងថា ការបោះឆ្នោតគាំទ្រលោក ហ៊ុន សែនជាការបត់បែនតាមស្ថានការណ៍នយោបាយជាក់ស្តែង។ តាមលោក គង់ មុនីកា វាគ្រាន់ជាការផ្លាស់ប្តូរយុទ្ធវិធីរបស់បក្សឆន្ទៈខ្មែរប៉ុណ្ណោះ។
From the publisher's feed
បទសម្ភាសជាមួយអ្នកនយោបាយ តំណាងសង្គមស៊ីវិល ឬអ្នកឯកទេសផ្សេងៗ ដើម្បីនិយាយពីព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។

14 Listeners

108 Listeners

0 Listeners

0 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

0 Listeners

3 Listeners

1 Listeners

0 Listeners

13 Listeners

6 Listeners

14 Listeners