
Sign up to save your podcasts
Or


ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែតបានបញ្ជាក់ក្នុងសារពិសេសមួយកាលពីថ្ងៃទី២៨ មករាថា រដ្ឋាភិបាលត្រៀមអនុវត្តកម្មវិធី «ផ្តល់ដី ការពារព្រៃ» ជូនពលរដ្ឋក្រីក្រដែលគ្មានដីធ្វើផ្ទះចាប់ពីខែកុម្ភៈទៅ។ តាមអ្នកតាមដានសង្គម យន្តការរបស់រដ្ឋពេលនេះជាយន្តការល្អប្រសើរដើម្បីជួយទប់ស្កាត់ការទន្រ្ទានដីព្រៃដោយខុសច្បាប់ និងជួយដោះស្រាយជីវភាពពលរដ្ឋក្រីក្រដែលគ្មានដីពិតប្រាកដ។ តែតាមអ្នកតាមដានសង្គមមិនភ្លេចបញ្ជាក់ថា ដើម្បីឲ្យការអនុវត្តយន្តការមួយនេះសម្រេចបានជោគជ័យ និងមានតម្លាភាព រដ្ឋាភិបាលត្រូវមានគោលការណ៍ និងការធានាច្បាស់លាស់។
នាប៉ុន្មានថ្ងៃកន្លងទៅនេះ មានប្រតិកម្មពីសំណាក់ស្ថាប័នព្រះពុទ្ធសាសនាទៅលើបុគ្គលដែលហៅខ្លួនឯងថា «សាស្តា សក្ខី ភគវន្ត»។ បុគ្គលរូបនេះបានធ្វើសកម្មភាពតាមរយៈ «សមាគម ទេវ សក្ខី ភគវន្ត» ដោយដើរពន្យល់ធម៌ទៅកាន់ប្រជាពលរដ្ឋខ្មែរ។ ស្ថាប័នព្រះពុទ្ធសាសនាបានចាត់ទុកសកម្មភាពនេះថាប្រាសចាកខ្លឹមសារដើមនៃព្រះពុទ្ធវចនៈ និងបានបំភាន់ជំនឿធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា។ តែក្នុងពេលជាមួយគ្នានេះ ក៏មានបុគ្គលខ្លះចេញមុខការពារសកម្មភាពរបស់ «សាស្តា សក្ខី ភគវន្ត» ដែរ។ ហេតុអ្វីមានការផ្ទុះឡើងនូវរឿងចម្រូងចម្រាសផ្នែកសាសនាក្នុងសង្គមខ្មែរ?
នៅក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡាបានផ្អាកការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសក្នុងឆ្នាំសិក្សា២០២៤-២០២៥។ ការផ្អាកនេះត្រូវបានក្រសួងផ្ដល់ហេតុផលយ៉ាងខ្លីថា គឺមានភាពចាំបាច់។ តែទន្ទឹមគ្នានេះ ក្រសួងបានអនុញ្ញាតឲ្យបណ្ដារាជធានី-ខេត្តរៀបចំការប្រឡងសិស្សពូកែប្រចាំរាជធានី-ខេត្តរបស់ខ្លួនតាមលទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ សូមបញ្ជាក់ថា ក្រសួងតែងតែរៀបចំការប្រឡងសិស្សពូកែទូទាំងប្រទេសជារៀងរាល់ឆ្នាំ។ ចុះហេតុអ្វីបានជាសម្រេចផ្អាកសម្រាប់ឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នេះទៅវិញ?
សន្និបាតរបស់គណបក្សប្រជាជនកម្ពុជាលើកទី៤៥ ដែលបិទបញ្ចប់នៅថ្ងៃទី២៦ មករា ឆ្នាំ២០២៥ បានវាយតម្លៃថា ការដឹកនាំរបស់រដ្ឋាភិបាលឈាមថ្មីរយៈពេល ១ឆ្នាំ និង៧ខែកន្លងទៅ បានធ្វើឲ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចល្អ ពោលមានកំណើនដូចមុនកូវីដ១៩ និងថា ប្រទេសកម្ពុជាទទួលបានកេរ្តិ៍ឈ្មោះខ្ពស់ត្រដែតនៅលើឆាកអន្តរជាតិ។ តើការវាយតម្លៃបែបនេះរបស់គណបក្សកាន់អំណាចឆ្លុះបញ្ចាំងយ៉ាងដូចម្តេចខ្លះ?
កាលពីថ្ងៃទី ២៤ មករា រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តសេចក្តីព្រាងច្បាប់ថ្មីជំនួសច្បាប់ចាស់ ស្តីពីការប្រឆាំងនឹងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម និងអំពើប្រល័យពូជសាសន៍នៅក្នុងរបបប្រជាធិបតេយ្យ។ រដ្ឋាភិបាលកម្ពុជាអះអាងថា ការដំឡើងកម្រិតទោសដែលមានចែងក្នុងច្បាប់ថ្មី មានគោលដៅធានាសេចក្តីសម្រេចស្ថាពរ និងបេសកកម្មជាប្រវត្តិសាស្ត្ររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ពិសេសគឺផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះអាចវិលត្រឡប់មកកម្ពុជាសាជាថ្មី។ ប៉ុន្តែ អ្នកតាមដានសង្គម និងអ្នកនយោបាយក្រៅរដ្ឋាភិបាល យល់ថាសេចក្តីព្រាងច្បាប់ថ្មីនេះធ្វើឡើងក្នុងចេតនាបំបិទសិទ្ធិសេរីភាព និងបង្ខំឲ្យសាធារណជនត្រូវតែជឿនិងទទួលស្គាល់ថា ឧក្រិដ្ឋកម្មសម្លាប់រង្គាលធ្លាប់កើតមាននៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
ភ្លាមៗបន្ទាប់ពីត្រលប់មកកាន់តំណែងជា ប្រធានាធិបតីអាមេរិកក្នុងអាណត្តិទី២ លោក ដូណាល់ ត្រាំ បានប្រកាសបង្កក ឬផ្អាកផ្ដល់ជំនួយអភិវឌ្ឍន៍អន្ដរជាតិ ក្រោមគម្រោងUSAID ដល់ពិភពលោក។ យោងតាមការប្រកាសរបស់សេតវិមាន លោកដូណាល់ ត្រាំ កាលពីថ្ងៃស្បថចូលកាន់តំណែង ថ្ងៃទី២០មករា ដើមសប្តាហ៍នេះ បានបញ្ជាឲ្យគេផ្អាកគម្រោងផ្តល់ជំនួយបរទេស USAID ក្នុងរយៈពេល៩០ថ្ងៃ ដើម្បីត្រួតពិនិត្យមើលឡើងវិញពីប្រសិទ្ធភាព និងភាពស៊ីសង្វាក់នៃគោលនយោបាយការបទេសរបស់លោក។ គម្រោងUSAID បានត្រលប់មកផ្ដល់ជំនួយដល់កម្ពុជាសាជាថ្មី នៅឆ្នាំ១៩៩២។ ក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ USAID បានវិនិយោគ ផ្តល់ជំនួយប្រមាណ ២ពាន់លានដុល្លារ លើវិស័យអប់រំ សុខភាព សិទ្ធិមនុស្ស ប្រព័ន្ធផ្សព្វផ្សាយ និងបរិស្ថាន ក្នុងប្រទេសកម្ពុជា។ ដូច្នេះសួរថា បន្ទាប់ពីលោកដូណាល់ ត្រាំប្រកាសបង្កកជំនួយ ឬផ្អាកកម្មវិធីផ្ដល់ជំនួយអភិវឌ្ឍន៍អន្ដរជាតិ តើកម្ពុជានឹងអាចទទួលផលប៉ះពាល់កម្រិតណា?
របាយការណ៍របស់ក្រសួងបរិស្ថានចេញផ្សាយនៅព្រឹកថ្ងៃសុក្រ ទី២៤ មករានេះឲ្យដឹងថា គុណភាពខ្យល់ក្នុងប្រទេសកម្ពុជាមានភាពល្អប្រសើរ។ តែរាជធានីភ្នំពេញ និងខេត្តចំនួនកំពុងប្រឈមនឹងបញ្ហាខ្យល់ពុល ពិសេសរាជធានីភ្នំពេញដែលស្ថិតក្នុងស្ថានភាពពណ៌ក្រហមដោយមានការកើនឡើងនូវកំហាប់ភាគល្អិតនិចលដែលមានវិជ្ឈមាត្រតូចជាង ឬ ស្មើ ២,៥មីក្រូម៉ែត្រ (PM2.5) នៅក្នុងបរិយាកាស។ ការវាយតម្លៃគុណភាពខ្យល់របស់ក្រសួងបរិស្ថានពេលនេះធ្វើឡើង ក្រោយមានការរិះគន់តាមបណ្តាញសង្គមថា ការផ្តល់ព័ត៌មានស្តីពីគុណភាពខ្យល់មានភាពយឺតយ៉ាវដែលអាចនាំឲ្យមានហានិភ័យដល់សុខភាពប្រជាពលរដ្ឋ។ ក្នុងន័យនេះ អ្នកពាក់ព័ន្ធក្នុងការងារបរិស្ថាន និងអភិវឌ្ឍន៍ស្នើឲ្យរដ្ឋាភិបាលផ្តល់ព័ត៌មានឲ្យបានរហស័ និងច្បាស់លាស់។
គិតត្រឹមរសៀលថ្ងៃទី២៣ មករា មានមនុស្សស្លាប់យ៉ាងហោច ៤នាក់ និងរបួស៥នាក់នៅក្នុងហេតុការណ៍ប្រជ្រៀតគ្នាយកអាំងប៉ាវ ឬអំណោយចំនួន ៤ម៉ឺនរៀល និងអង្ករ ២គីឡូក្រាមពីអ្នកឧកញ៉ា សុខ គង់។ ឧបទ្ទវហេតុនេះនាំឱ្យមានការចោទសួរពីការរៀបចំសន្តិសុខសណ្តាប់ធ្នាប់របស់អ្នកឧកញ៉ា សុខ គង់ និងកត្តាដែលនាំឱ្យពលរដ្ឋខ្មែរប្រជ្រៀតគ្នាដោយគ្មានសណ្តាប់ធ្នាប់ដើម្បីទទួលអំណោយ។ សម្រាប់អ្នកតាមដានសង្គម ហេតុការណ៍នេះបង្ហាញ និងឆ្លុះបញ្ចាំងថា ពលរដ្ឋខ្មែរមួយចំនួនកំពុងតែមានជីវភាពខ្វះខាតនៅឡើយ។
លោក ដូណាល់ ត្រាំ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិកកាលពីថ្ងៃទី២០ មករា សម្រាប់រយៈពេល ៤ឆ្នាំ។ នៅក្នុងពិធីស្បថចូលកាន់តំណែង លោក ដូណាល់ ត្រាំបានផ្ញើសារជាច្រើនទៅកាន់ពលរដ្ឋអាមេរិក និងពិភពលោក។ អ្វីដែលគ្រប់គ្នាកំពុងចាំមើលពេលនេះ គឺទំនាក់ទំនងរវាងអាមេរិកក្នុងជំនាន់លោកត្រាំ ជាមួយបណ្តាប្រទេសក្នុងលោក ដែលលោកត្រាំ បានគិតប្រយោជន៍អាមេរិកជាចម្បង។ តែជាមួយកម្ពុជា ត្រូវបានអ្នកតាមដានភូមិសាស្ត្រនយោបាយនានាមើលឃើញថា គឺមិនមានអ្វីប្រែប្រួលលើសពីអ្វីដែលកម្ពុជា និងអាមេរិកធ្លាប់មានកន្លងមកនោះទេ។
ប្រមុខរដ្ឋាភិបាលកម្ពុជាកំពុងជំរុញគោលនយោបាយបង្កើតសហគមន៍កសិកម្មទំនើប តាមរយៈការចងក្រងកសិករដែលមានដីដាំដុះកសិកម្មឲ្យដាំដុះរួមគ្នាជាលក្ខណៈសហគមន៍ដោយមានការគាំទ្រផ្នែកបច្ចេកទេស ទុន និងទីផ្សារ។ តាមមន្ត្រីក្រសួងកសិកម្ម សហគមន៍កសិកម្មទំនើបនឹងជួយឱ្យកសិករកាត់បន្ថយថ្លៃដើមផលិត មិនប្រឈមបញ្ហាកង្វះទុន និងមិនបារម្ភពីបញ្ហាគុណភាពក្រោយប្រមូលផលបាន ពិសេសមានទីផ្សារសម្រាប់លក់មួយច្បាស់លាស់។ អ្នកជំនាញផ្នែកកសិកម្មបង្ហាញជំហរគាំទ្រគោលនយោបាយបង្កើតសហគមន៍កសិកម្មទំនើប តែបានស្នើឱ្យរដ្ឋាភិបាលមានឆន្ទៈជួយកសិករឱ្យបានផុលផុស៕
From the publisher's feed

14 Listeners

1,104 Listeners

108 Listeners

3 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

13 Listeners

0 Listeners

14 Listeners

0 Listeners

5 Listeners