
Sign up to save your podcasts
Or


នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ច្បាប់ចរាចរណ៍ផ្លូវគោកត្រូវបានក្រសួងមហាផ្ទៃសម្រេចបន្ថែមមាត្រាថ្មី និងកែសម្រួលចំនួន ៥២មាត្រាក្នុងចំណោម ៩២មាត្រា។ តាមក្រសួងមហាផ្ទៃ ការបន្ថែមមាត្រាថ្មី និងការកែសម្រួលលើមាត្រាដែលមានស្រាប់ធ្វើឡើងដោយមានការសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងក្រសួងយុត្តិធម៌។ ចំណែកការបន្ថែមមាត្រាថ្មី និងការកែសម្រួលលើមាត្រាមួយចំនួននៃច្បាប់ចរាចរណ៍ផ្លូវគោកនេះត្រូវបានក្រសួងមហាផ្ទៃបញ្ជាក់ថា គឺដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ខណៈនៅឆមាសទី១ ឆ្នាំ២០២៤ អត្រាមនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍បានកើនចំនួន ៥% និងអ្នករងរបួសកើន២%៕
អ្នកធ្វើការខាងសេដ្ឋកិច្ចក្រៅប្រព័ន្ធចង់ឃើញរដ្ឋាភិបាលកម្ពុជាបញ្ជាក់ដាច់ណាត់ថា «មិនអនុញ្ញតជារៀងរហូតឲ្យក្រុមហ៊ុនបរទេសមករត់តាក់ស៊ីអគ្គិសនីនៅកម្ពុជា»។ ការចង់ឃើញជំហរដាច់ណាត់នេះ គឺបន្ទាប់ពីប្រមុខរដ្ឋាភិបាលបានចេញប្រកាសផ្ទាល់មាត់ថា មិនបានអនុញ្ញាតឲ្យក្រុមហ៊ុនវៀតណាម ឬក្រុមហ៊ុនបរទេសណា មកវិនិយោគរត់តាក់ស៊ីរថយន្តអគ្គិសនីនៅកម្ពុជាទេ។ គឺជាការអះអាងបន្ទាប់ពីមានប្រតិកម្មពីអ្នកប្រកបរបររត់តាក់ស៊ីមួយចំនួន។ សម្រាប់ អ្នកប្រកបរបរសេដ្ឋកិច្ចប្រព័ន្ធ ការមិនអនុញ្ញាតឲ្យក្រុមហ៊ុន បរទេសមកដណ្តើមមុខរបរពលរដ្ឋកម្ពុជា គួរតែត្រូវបានចែងក្នុងគោលនយោបាយជាតិ ដោយគ្មានការប្រែប្រួលនៅពេលខាងមុខ។
តាមរយៈឧបទ្ទវហេតុបាត់បង់ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រខេត្តពោធិសាត់ និងកោះកុង ការផ្សព្វផ្សាយមួយចំនួនតាមបណ្តាញសង្គមក៏បានកើតឡើងដំណាលគ្នាដែរ។ ជាការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបែបបំពុល ដោយមានការកាត់តរូបភាពពីការរកឃើញបំណែកឧទ្ធម្ភាកចក្រជាដើម។ ជាញឹកញាប់មាតិការព័ត៌មានដែលមានលក្ខណៈបំពុលសង្គមតែងកើតមានជាហូរហែរ។ ការផ្សព្វផ្សាយបែបរកលុយពីបណ្តាញសង្គម(MMO)ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនដូច្នេះ បានរងនូវប្រតិកម្ម និងចំណាត់ការពីសំណាក់សមត្ថកិច្ចផងដែរ។ ក៏ប៉ុន្តែអ្នកជំនាញខាងសារព័ត៌មានខ្លះយល់ថាការអប់រំនៅតែជាកិច្ចការអាទិភាពនៅឡើយ។
ពលរដ្ឋខ្មែរកម្ពុជាក្រោមជាច្រើននាក់ រួមទាំងសមាគមខ្មែរកម្ពុជាក្រោមផង បានប្រតិកម្មព្រោងព្រាតលើពាក្យសម្ដី របស់ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលបានចាត់ទុកខ្មែរកម្ពុជាក្រោមទាំងអស់ ថាជាជនជាតិវៀតណាម បន្ទាប់ពីបារាំងប្រគល់ទឹកដីកូសាំស៊ីនឱ្យវៀតណាមនៅឆ្នាំ១៩៤៩មក។ ពលរដ្ឋខ្មែរកម្ពុជាក្រោមទាំងនោះ ទោះខ្លះជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា តែក៏ប្រតិកម្មនឹងការលើកឡើងរបស់ លោក សុខ ឥសាន ដែរ ដោយពួគគេគិតថា នេះជាការបង្កើតឲ្យមានការយល់ច្រលំពីប្រវត្តិសាស្ត្រ។
រដ្ឋមន្ត្រីមហាផ្ទៃកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ជំរុញឲ្យអាជ្ញាធររាជធានី ខេត្ត បង្កើតមណ្ឌលបន្សាបគ្រឿងញៀននៅគ្រប់រាជធានី-ខេត្ត នៅក្រោមហេតុផល«សង្គ្រោះជនរងគ្រោះដែលប្រើគ្រឿងញៀន»។ បើតាមប្រមុខក្រសួងមហាផ្ទៃ យន្តការនេះមានភាគរយខ្ពស់បំផុតក្នុងការប្រែក្លាយជនរងគ្រោះឲ្យផ្ដាច់គ្រឿងញៀនបានជោគជ័យ។ សម្រាប់អ្នកជំនាញខាងគ្រឿងញៀនគាំទ្រឲ្យមានយន្តការនេះ តែអ្នកធ្វើការងារសង្គមចង់ឃើញរដ្ឋបង្កើតមណ្ឌលបន្សាបគ្រឿងញៀនដោយមិនបង់ប្រាក់។
នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ លោក តូ ឡឹម ប្រធានរដ្ឋវៀតណាម បានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅ ប្រទេសកម្ពុជា តបតាមការអញ្ចើញរបស់ព្រះមហាក្សត្រកម្ពុជា។ តាមក្រសួងការបរទេសកម្ពុជា លោក តូ ឡឹម នឹងមានជំនួបផងដែរជាមួយប្រធានព្រឹទ្ធសភា រដ្ឋសភា និងនាយករដ្ឋមន្ដ្រី ដោយជំនួបនេះរំពឹងថានឹងគ្របដណ្ដប់លើកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីដែលផ្អែកលើភាពជាអ្នកជិតខាងល្អ និងគ្រប់ជ្រុងជ្រោយ។ ជាការកត់សម្គាល់មួយរយៈពេលចុងក្រោយនេះ មេដឹកនាំកម្ពុជា និងវៀតណាមមានជំនួបជាមួយគ្នាញឹកញាប់តាមរយៈមន្ដ្រីនៃប្រទេសទាំងពីរចេញចូលបំពេញទស្សនកិច្ចរវាងគ្នាទៅវិញទៅមក។ អ្នកតាមដានភូមិសាស្ដ្រនយោបាយមើលឃើញថា ភាពញឹកញាប់នៃជំនួបរវាងប្រទេសទាំងពីរ អាចជាក្ដីបារម្ភរបស់វៀតណាមអំពីទំនាក់ទំនងរវាងកម្ពុជា និងចិនលើទំនោរភូមិសាស្ដ្រនយោបាយ និងជាការស្អំចិត្តវៀតណាមលើគម្រោងព្រែកជីកផងដែរ។
កាលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) រួមនឹងសមត្ថកិច្ចពាក់ព័ន្ធ បានរកឃើញសាច់បង្កកខូចគុណភាព និងផ្ទុកពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសចំនួនជាង១៧តោន នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល។ សាច់បង្កកទាំងនេះ រួមមានចុងស្លាបមាន់ គល់ស្លាបមាន់ត្រូវបានគេនាំចូលតាមរថយន្តចំនួន ៥គ្រឿងពីប្រទេសជិតខាងកម្ពុជា។ អ្នកតាមដានសង្គមនានាមើលឃើញថាការហូរចូលជាញឹកញាប់ជាច្រើនតោននូវសាច់បង្កក ស្លាបមាន់ និងជង្គង់មាន់គ្រឿងក្នុងសត្វខូចគុណភាព ធ្វើឲ្យពលរដ្ឋខ្មែរប្រឈមនឹងបញ្ហាសុខភាព និងបង្ហាញពីកំសោយនៃការអនុវត្តន៍ច្បាប់ផងដែរ។
ក្រុមការងារផ្នែកទេសចរណ៍កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ បានជួបប្រជុំគ្នាដោយមានការចូលរួមពីភាគីពាក់ព័ន្ធ និងក្រសួងទេសចរណ៍ ដើម្បីជជែកពីស្ថានភាពទេសចរណ៍នៅក្នុងប្រទេសកម្ពុជា។ កិច្ចប្រជុំនេះធ្វើឡើង បន្ទាប់ពីភាពចម្រូងចម្រាសនៅតាមបណ្តាញសង្គមយ៉ាងផុសផុលរវាងមហាជន និងអ្នកដឹកនាំរដ្ឋផ្នែកទេសចរណ៍។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំង RFI នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជាយល់ឃើញថា កម្ពុជាគួរតែមានខ្នាតគំរូមួយសម្រាប់ភាគីពាក់ព័ន្ធវិស័យទេសចរណ៍អនុវត្តជារួម ដើម្បីងាយស្រួលដាក់ទោសទៅលើអ្នកប្រព្រឹត្តខុសចៀសវាងការវាយបំបែកឆ្នាំងបាយរួម៕
១០ កក្កដា ២០១៦-១០ កក្កដា ២០២៤ ថ្ងៃនេះជាខួប ៨ឆ្នាំនៃឃាតកម្មសម្លាប់លោក កែម ឡី។ សង្គមស៊ីវិល និងគណបក្សនយោបាយមួយចំនួនបានចេញសេចក្ដីថ្លែងការណ៍ដោយស្នើឱ្យរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីស្វែងវែកមុខឃាតករពិត និងអ្នកនៅពីក្រោយ។ គួររម្លឹកថា នៅក្នុងឃាតកម្មកាលពី ៨ឆ្នាំមួយនេះ អាជ្ញាធរបានឃាត់ខ្លួនឃាតករម្នាក់ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ក្នុងឆ្នាំ ២០១៩ និងបានកាត់ទោសរូបគេឲ្យជាប់គុកមួយជីវិត។ តែសង្គមស៊ីវិល និងគណបក្សនយោបាយមួយចំនួននៅតែជឿជាក់ថា តុលាការខ្មែរនៅមិនទាន់បានវែកមុខឃាតករពិត និងអ្នកនៅពីក្រោយនៅឡើយទេ។ ការលើកឡើងយ៉ាងដូច្នេះត្រូវបានក្រសួងយុត្តិធម៌ តាមរយៈអ្នកនាំពាក្យ លោកជិន ម៉ាលីន ចាត់ទុកថាជារបៀបវារៈនយោបាយ និងថា យុត្តិធម៌ពិតត្រូវបានផ្តល់ជូនក្រុមគ្រួសារបណ្ឌិតកែម ឡី រួចហើយ។
នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី២ នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថាប្រទេសកម្ពុជាទទួលបានការវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេនៅអំឡុងទសវត្សរ៍ចុងក្រោយក្នុងចំណោមប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច។ ជាក់ស្តែងក្នុងឆ្នាំ ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានអនុម័តលើគម្រោងវិនិយោគចំនួន២៦៨ ដែលមានទំហំទឹកប្រាក់ជិត ៤,៩ពាន់លានដុល្លារ។ អ្នកជំនាញសេដ្ឋកិច្ចនានាមើលឃើញថា នេះជាសញ្ញាវិជ្ជមានមួយសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា តែវាក៏មិនមែនជាហេតុផលតែមួយគត់នោះដែរ។
From the publisher's feed

14 Listeners

1,111 Listeners

108 Listeners

3 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

13 Listeners

0 Listeners

14 Listeners

0 Listeners

5 Listeners