
Sign up to save your podcasts
Or


នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ព្រះមហាក្សត្រកម្ពុជាបានចេញព្រះរាជក្រឹត្យតែងតាំង និងផ្ទេរមុខតំណែងមន្ដ្រីថ្នាក់ក្រោមជាតិចំនួន១២រូប។ ក្នុងចំណោមនោះ ៤រូបត្រូវបានប្តូរពីតំណែងអភិបាលខេត្តទៅធ្វើជារដ្ឋលេខាធិការនៅក្រសួងមហាផ្ទៃ និង៨នាក់ទៀត ជាអភិបាលនិងអភិបាលរងខេត្តដែលត្រូវប្តូរផ្លាស់ទៅដឹកនាំនៅក្នុងខេត្តផ្សេង។ ខេត្តដែលនឹងផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំលើកនេះរួមមានខេត្តកណ្ដាល ព្រះសីហនុកំពង់ស្ពឺ កំពង់ធំ តាកែវ ត្បូងឃ្មុំ ស្ទឹងត្រែង និងឧត្តរមានជ័យ។ អ្នកតាមដានសង្គមមិនជំទាស់នឹងការតែងតាំង និងដោះដូរនេះទេ តែពួកគេចង់ឃើញមន្ត្រីរដ្ឋទាំងនោះមានឆន្ទៈបម្រើរាស្ត្រនៅតាមមូលដ្ឋាន។
ឃ្លីបវីដេអូខ្លីដែលបង្ហាញពីអតីតឧកញ៉ា ស្រី ស៊ីណា បាញ់ទៅលើគូរស្នេហ៍មួយគូនៅរាជធានីភ្នំពេញកាលពីសប្តាហ៍មុនកំពុងត្រូវបានបន្តផ្សព្វផ្សាយ និងចែករំលែកតៗគ្នានៅឡើយ។ ក្រសួងព័ត៌មានកាលពីពេលថ្មីៗនេះបានស្នើឲ្យសារព័ត៌មាន និងមហាជនបញ្ឈប់ផ្សព្វផ្សាយ និងចែកចាយវីដេអូដ៏ឃោរឃៅមួយនេះតាមបណ្តាញសង្គម។ ទង្វើរបស់អតីតឧកញ៉ា ស្រី ស៊ីណា អាចត្រូវផ្តន្ទាទោសដាក់គុកអតិបរមាពី១០ ទៅ១៥ឆ្នាំ។ គឺជាទំហំទោសដែលមហាជនមិនពេញចិត្ត និងយល់ឃើញថា មិនសក្តិសមនឹងទង្វើដ៏ព្រៃផ្សៃរបស់ជនល្មើស។ ចំណែកអ្នកតាមដានសង្គមនានាយល់ឃើញថាបញ្ហានេះ គេត្រូវមានការថ្លឹងថ្លែងរវាងក្រមសីលធម៌ និងយុត្តិធម៌សង្គមផងដែរ។
នៅទីបំផុត អតីតឧកញ៉ា ស្រី ស៊ីណា ត្រូវអយ្យការអមសាលាដំបូងក្រុងភ្នំពេញសម្រេចចោទប្រកាន់ពីបទឃាតកម្ម និងប៉ុនប៉ងឃាតកម្ម។ ការសម្រេចនេះធ្វើឡើង ក្រោយអតីតឧកញ៉ារូបនេះបានប្រព្រឹត្តិបទល្មើសបាញ់ប្រហារមួយនៅខណ្ឌច្បារអំពៅដោយបណ្តាលឲ្យមនុស្ស២នាក់បាត់បង់ជីវិត និង២នាក់ទៀតរងរបួស។ ជាមួយនឹងបទចោទប្រកាន់នេះ អតីតឧកញ៉ា ស្រី ស៊ីណា អាចនឹងដេកក្នុងគុកយ៉ាងតិច ៣០ឆ្នាំ។ តែចំពោះអ្នកឃ្លាំមើលសង្គម ទោះត្រូវដេកក្នុងគុក ៣០ឆ្នាំ ក៏មិនសមនឹងទង្វើបាញ់ប្រហារដ៏អមនុស្សធម៌របស់លោក ស្រី ស៊ីណា ដែរ។ សូមស្តាប់សេចក្តីរាយការណ៍របស់ ជួប នរក្សា៖
ធនាគារពិភពលោក នៅថ្ងៃព្រហស្បតិ៍ទី២០មិថុនា បានអនុម័តនូវកញ្ចប់ហិរញ្ញប្បទានចំនួន២៧៥លានដុល្លារអាមេរិក សម្រាប់ការទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជាទៅពេលអនាគត។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក ហិរញ្ញប្បទានទឹកប្រាក់ជិត៣០០លានដុល្លារអាមេរិកនេះ ត្រូវយកទៅប្រើសម្រាប់ដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលកម្ពុជាកំពុងប្រឈម តួយ៉ាងផ្នែកផលិតកម្ម ការអភិវឌ្ឍធនធានមនុស្ស និងការប្រកួតប្រជែងរបស់វិស័យឯកជន។ អ្នកជំនាញផ្នែកសេដ្ឋកិច្ច យល់ឃើញថា ហិរញ្ញប្បទានរបស់ធនាគារពិភពលោកពេលនេះ ជាឱកាសល្អសម្រាប់ឲ្យកម្ពុជារុញកំណើននិងភាពធន់សេដ្ឋកិច្ចរបស់ខ្លួន។ ដូច្នេះ តើហិរញ្ញប្បទានស្ថាប័នអន្តរជាតិ អាចជួយអ្វីខ្លះដល់កំណើននិងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា?
នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃបានប្រកាសដាក់ឱ្យសាកល្បងនូវសេវាធ្វើលិខិតឆ្លងដែនតាមអនឡាញ។ សេវាបន្ថែមមួយនេះត្រូវបានក្រសួងមហាផ្ទៃអះអាងថា ជាការបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាឱ្យកាន់តែល្អ ជូនប្រជាពលរដ្ឋស្របតាមយុទ្ធសាស្ដ្របញ្ចកោណរបស់រដ្ឋាភិបាល។ គួរបញ្ជាក់ថា នៅក្នុងរឿងធ្វើលិខិតឆ្លងដែននេះ គេតែងឮប្រជាពលរដ្ឋខ្លះលើកឡើងពីការចំណាយពេលរង់ចាំយូរ និងការចំណាយថវិកាបន្ថែមដើម្បីពឹងឱ្យមន្ដ្រីជួយបំពេញឯកសារ និងរត់ការបានលឿន។ រូបភាពនេះត្រូវបានអ្នកតាមដានសង្គមចាត់ទុកជាអំពើពុករលួយមួយ។
ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត ទើបបញ្ចប់ទស្សនកិច្ចនៅសិង្ហបុរីកាលពីថ្ងៃពុធ ទី១៩ ខែមិថុនាម្សិលមិញ។ ជាទស្សនកិច្ចផ្លូវការដែលរដ្ឋាភិបាលកម្ពុជាប្រកាសថា ទទួលបានជោគជ័យដ៏ត្រចះត្រចង់។ ត្រចះត្រចង់ ដោយសារតែកម្ពុជាបានស្វែងយល់ពីគំរូដឹកនាំប្រទេសប្រកបដោយភាពរុងរឿងរបស់សិង្ហបុរី ហើយរំពឹងថាកម្ពុជានឹងឈានទៅដល់កំរិតជឿនលឿនដូចសិង្ហបុរី នាថ្ងៃអនាគត។ ក៏ប៉ុន្តែបរិបទ និងប្រព័ន្ធដឹកនាំប្រទេសរបស់កម្ពុជាត្រូវគេមើលឃើញថា នៅមានទម្លាប់ចាស់ ស្មុគ្រស្មាញ និងពិបាកដោះស្រាយ។ តើអាចទេថា កម្ពុជានឹងមានភ័ព្វសំណាងដូចសិង្ហបុរីនៅថ្ងៃអនាគត?
ថ្មីៗនេះរដ្ឋាភិបាលនៃប្រទេសជិតខាងទាំង៣ កម្ពុជា វៀតណាម ថៃបានប្រកាសបង្កើតកិច្ចសហប្រតិបត្តិការនៅក្នុងគម្រោងផ្លូវសមុទ្រតភ្ជាប់ខេត្តព្រះសីហនុជាមួយខេត្តត្រាតរបស់ថៃ និងខេត្តគៀនយ៉ាងរបស់វៀតណាម ដើម្បីជំរុញវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។ អ្នកជំនាញលើវិស័យទេសចរណ៍រំពឹងថា ការរួមគ្នារបស់ប្រទេសទាំង៣ នឹងធ្វើឱ្យកម្ពុជាទទួលបានផលប្រយោជន៍ច្រើន ពិសេសលើវិស័យទេសចរណ៍ និងការដឹកជញ្ចូន។ បើតាមអ្នកជំនាញ វិស័យទេសចរណ៍កម្ពុជានឹងកាន់តែរីកចម្រើនទៅមុខ ហើយអាចប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់បាន ព្រោះថា ខេត្តព្រះសីហនុសក្តិសម ទាំងកត្តាភូមិសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធនានា។
មួយរយៈពេលចុងក្រោយនេះ ហេតុការណ៍បាញ់សម្លាប់គ្នាហាក់កក្រើកឡើងខ្លាំង ដែលបង្កឱ្យមានវិបត្តិអសន្តិសុខក្នុងសង្គម។ ករណីបាញ់សម្លាប់គ្នាភាគច្រើន កើតចេញពីទំនាស់បុគ្គល អំពើហិង្សាក្នុងគ្រួសារ និងករណីជម្លោះពាក់ព័ន្ធនឹងទ្រព្យសម្បត្តិ។ បញ្ហាទាំងអស់នេះបានធ្វើឲ្យអ្នកវិភាគសង្គមភាគច្រើនព្រួយបារម្ភពីអសន្តិសុខ ភាពគ្មានសណ្តាប់ធ្នាប់ក្នុងសង្គម ពិសេសការប្រើប្រាស់អាវុធគ្រឿងផ្ទុះដោយខុសច្បាប់ដើម្បីប្រព្រឹត្តអំពើឃាតកម្ម។ បើតាមក្រុមអ្នកវិភាគសង្គម រដ្ឋាភិបាលត្រូវតែអនុវត្តច្បាប់ឱ្យបានតឹងរឹង ដើម្បីបញ្ចប់វិបត្តិសង្គមមួយនេះឱ្យបានឆាប់។
វិបត្តិអចលទ្រព្យនៅក្នុងប្រទេសកម្ពុជាត្រូវគេមើលឃើញថានៅបន្តអូសបន្លាយមកដល់ឆ្នាំ២០២៤ នេះ បើទោះបីជាកម្ពុជាមានស្ថានភាពសេដ្ឋកិច្ចងើបឡើងវិញចាប់តាំងពីឆ្នាំ២០២២ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ។ សកម្មភាពទិញដូរអចលនទ្រព្យពីសំណាក់ពលរដ្ឋខ្មែរមិនមានភាពសកម្ម បន្ទាប់ពីការសាងសង់ផ្ទះ និងបុរីកន្លងមកមានសន្ទុះខ្លាំង។ វិបត្តិអចលនទ្រព្យកំពុងបន្តមាននៅកម្ពុជាដូចនេះ ត្រូវបានអ្នកជំនាញផ្នែកសេដ្ឋកិច្ច និងអចលនទ្រព្យមើលឃើញផ្សេងៗគ្នាថា វាជាការជាប់គាំង និងជាការផ្គត់ផ្គង់លើសពីតម្រូវការផងដែរ៕
ក្រុមសហជីពមួយដែលអះអាងថា មានសមាជិក៤ម៉ឺននាក់ បានធ្វើបាតុកម្មនៅមុខមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស(សង់ត្រាល់) កាលពីថ្ងៃទី១៤ខែមិថុនា និងបានដាក់ញ្ញត្តិទៅក្រសួងមហាផ្ទៃឲ្យត្រួតពិនិត្យសកម្មភាពរបស់អង្គការមួយនេះ។ ក្រុមសហជីពដែលគេស្គាល់ថា មានទំនោរទៅរករដ្ឋាភិបាលនេះ បានចោទប្រកាន់អង្គការសង់ត្រាល់ថា ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់កម្មករ និងអ្នកវិនិយោគ បន្ទាប់ពីអង្គការសង់ត្រាល់ចេញ«របាយការណ៍ស្រមោល»មួយទាក់ទងនឹងសេរីភាពសហជីពនៅកម្ពុជា។
From the publisher's feed

14 Listeners

1,111 Listeners

108 Listeners

3 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

13 Listeners

0 Listeners

14 Listeners

0 Listeners

5 Listeners