
Sign up to save your podcasts
Or


ដូចរាល់សព្វដង ការដេញដោល ការវាយតម្លៃរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីបញ្ហាសិទ្ធិមនុស្សកម្ពុជា ត្រូវបានភាគីរដ្ឋាភិបាលកម្ពុជា បដិសេធទាត់ចោល។ ជាក់ស្តែង នៅថ្ងៃសុក្រទី២៦កក្កដា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានច្រានចោលជាបន្ទាន់របាយការណ៍របស់អ្នកជំនាញអង្គការសហប្រជាជាតិ លោក វីធិត ម៉ាន់តាផន ដែលបានរកឃើញថា លំហពលរដ្ឋ នយោបាយ និងសិទ្ធិមនុស្សកម្ពុជា មិនទាន់ល្អប្រសើរ។ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចាត់ទុករបាយការណ៍របស់អ្នករាយការណ៍អង្គការសហប្រជាជាតិថា ផ្អែកទៅលើព័ត៌មានតែមួយជ្រុង និងគ្មានផ្ទៀងផ្ទាត់ព័ត៌មានឲ្យបានត្រឹមត្រូវ។ ហេតុអ្វីបានជាការបកស្រាយស្តីពីបញ្ហាសិទ្ធិមនុស្ស ពីសំណាក់រដ្ឋាភិបាលកម្ពុជា និងអ្នករាយការណ៍ពិសេស តែងតែខ្វែង ផ្ទុយគ្នា?
រយៈពេល១០ឆ្នាំចុងក្រោយនេះ វិស័យអប់រំកម្ពុជា ពិសេសកំរិតបឋមភូមិ និងកំរិតទុតិយភូមិមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ នេះបើតាមការអះអាងរបស់រដ្ឋាភិបាល។ តែនៅក្នុងក្រសែភ្នែកអ្នកពាក់ព័ន្ធនឹងការសិក្សាអប់រំមួយចំនួនវិញ វិស័យអប់រំកម្ពុជានៅមានភាពយឺតយ៉ាវជាងគេ ធៀបនឹងប្រទេសមួយចំនួននៅក្នុងតំបន់។ លោកគ្រូ អ្នកគ្រូសម្រាប់ថ្នាក់ក្រោមឧត្តមសិក្សានៅតែចល័តពីសាលារដ្ឋទៅបំពេញបន្ថែមម៉ោងបង្រៀននៅតាមបណ្តាសាលាឯកជនដើម្បីបំប៉នសេដ្ឋកិច្ចគ្រួសារ។ ទង្វើបែបនេះត្រូវបានរិះគន់ពីគុណភាពបង្រៀនរបស់លោកគ្រូ អ្នកគ្រូនៅសាលារដ្ឋ។ តើល្មមដល់ពេលដែលត្រូវញែកឲ្យដាច់រវាងគ្រូបង្រៀននៅសាលារដ្ឋ និងសាលាឯកជនដើម្បីធានាគុណភាពអប់រំ ឬយ៉ាងណា?
ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ត្រូវបានតុលាការផ្តន្ទាទោសពីបទបរិហារកេរ្តិ៍ជាសាធារណៈនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ ហើយត្រូវបានបង្គាប់ឲ្យសងសំណងខូចខាតសរុបជាទឹកប្រាក់ ១,៥លានដុល្លារទៅឲ្យរដ្ឋាភិបាលដែលជាភាគីដើមបណ្តឹង។ រឿងរ៉ាវស្រដៀងគ្នានេះធ្លាប់កើតកាលពីឆ្នាំ២០២២ ដោយតុលាការបានបង្គាប់ឲ្យលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនសងសំណងខូចខាតសរុបប្រមាណ ១លានដុល្លាទៅឲ្យគណបក្សប្រជាជន។ អ្នកវិភាគនយោបាយ និងសង្គមមានយោបល់ខុសគ្នាដោយចោទសួរថា តើការប្តឹងទារសំណងជំងឺចិត្តរាប់លានដុល្លារជាយុទ្ធសាស្ត្ររបស់បក្សកាន់អំណាចដើម្បីផ្តាច់ច្រកនយោបាយ និងហិរញ្ញវត្ថុរបស់បក្សប្រឆាំង ឬយ៉ាងណា?
ទោះបីមានការចេញមុខពន្យល់បកស្រាយរបស់ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែនជុំវិញការបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ វៀតណាមដែលហៅកាត់ CLV ក៏ដោយក៏មានអ្នកខ្លះកំពុងបន្តសម្តែងក្តីកង្វល់ និងការបារម្ភដដែល។ ពួកគេកង្វល់ និងបារម្ភពីការបាត់បង់ទឹកដីដោយខ្លាចខេត្តទាំង ៤របស់កម្ពុជាមានវាសនាដូចទឹកដីខ្មែរកម្ពុជាក្រោម។ តែតាមលោកហ៊ុន សែន កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនឹងជួយដល់កិច្ចការសន្តិសុខជាតិ រួមមានទប់ស្កាត់ការជួញដូរមនុស្ស ការរត់ពន្ធឈើ និងទប់ស្កាត់ចលនាប្រដាប់អាវុធ។ ដូច្នេះដើម្បីរំងាប់ក្តីកង្វល់ និងការបារម្ភរបស់ពលរដ្ឋ តើរដ្ឋាភិបាលគួរធ្វើអ្វីបន្ថែមទៀត?
តំបន់អភិវឌ្ឍន៍ត្រីកោណបីរវាងកម្ពុជា ឡាវ និងវៀតណាមកំពុងក្លាយជាប្រធានបទរសើប និងពុះកញ្ជ្រោលខ្លាំង ខណៈប្រជាពលរដ្ឋខ្មែរកំពុងបន្តប្រតិកម្មមិនទទួលស្គាល់ និងស្នើឱ្យរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណនេះ។ អ្នកវិភាគសង្គមមួយចំនួនមើលឃើញថា បើកម្ពុជាបន្តស្ថិតក្នុងកិច្ចសហប្រតិបត្តិការមួយនេះ កម្ពុជាអាចប្រឈមនឹងការបាត់បង់ទឹកដី ហើយខេត្ត៤ របស់កម្ពុជាអាចមានវាសនាដូចកម្ពុជាក្រោម។ ក៏ប៉ុន្តែ ប្រធានព្រឹទ្ធសភាលោកហ៊ុន សែនបានថ្លែងនៅរសៀលថ្ងៃទី២៣ កក្កដានេះថា រដ្ឋាភិបាលកម្ពុជាមិនបានកាត់ខេត្ត៤ ឱ្យទៅវៀតណាមទេ និងថា នៅក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណនេះ កម្ពុជាទទួលបានផលប្រយោជន៍ច្រើនជាងឡាវ និងវៀតណាម៕
លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើង នៅក្នុងឱកាសនៃពិធីសម្ពោធអគារនាយកដ្ឋានអង្គរក្សក្រសួងមហាផ្ទៃកាលពីពេលថ្មីៗនេះថា ក្រសួងនឹងចាប់ផ្តើមប្រមូលមន្ត្រីប៉ូលីសដែលបានទៅបំរើការងារជាមួយបុគ្គល និងអង្គភាពផ្សេងឲ្យត្រលប់មកវិញ។ អ្នកតាមដានបញ្ហាសង្គម និងនយោបាយនានាមើលឃើញពីផលប៉ះពាល់អវិជ្ជមាននៅពេលកងកម្លាំងរបស់រដ្ឋ ពិសេសកងអង្គរក្សត្រូវបានអនុញ្ញាតឲ្យទៅបំរើការងារឲ្យបុគ្គលឯកជន ឬស្ថាប័នផ្សេងក្រោមរូបភាពខ្ចី ឬជួលដែលការណ៍នេះធ្វើឲ្យប៉ះពាល់ដល់តម្លៃ និងកិត្តិយសរបស់រដ្ឋ។
យុទ្ធនាការទម្លាក់ចោលស្លាកផ្សាយពាណិជ្ជកម្មស្រាបៀរ បានបន្តរាលដាលពីខេត្តមួយទៅខេត្តមួយទៀតនារយៈពេលចុងក្រោយនេះ បន្ទាប់ពីមានការជំរុញពីរដ្ឋមន្ត្រីមហាផ្ទៃ ឲ្យចាត់វិធានការរឿងនេះ ដោយសំអាងថា «ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្មានប្រយោជន៍ដល់សង្គម តែបានបំផ្លាញអាយុជីវិតពលរដ្ឋទៅវិញ»។ អ្នកធ្វើការប្រយុទ្ធប្រឆាំងនឹងគ្រឿងស្រវឺងបានគាំទ្រចំណាត់ការនេះ តែថា ការទម្លាក់ស្លាកស្រាបៀរតែមួយមុខនៅមិនទាន់គ្រប់គ្រាន់ទេ។ អ្វីដែលសំខាន់ គឺការចេញច្បាប់ឲ្យអនុវត្តន៍ជាទូទៅ ដោយកំណត់អាយុអ្នកសេពគ្រឿងស្រវឹង និងតម្លើងពន្ធឲ្យខ្ពស់លើគ្រឿងស្រវឹងជាដើម។
នៅក្នុងរបាយការណ៍ស្តីពីបរិយាកាសវិនិយោគនៅកម្ពុជាឆ្នាំ២០២៤ សហរដ្ឋអាមេរិកបាន លើកឡើងថា ទោះបីជាកម្ពុជាមានការលើកទឹកចិត្ត ការវិនិយោគផ្ទាល់ពីបរទេស (FDI) រួមទាំង អនុញ្ញាតឲ្យជនបរទេសកាន់កាប់ភាគហ៊ុន១០០ ភាគរយ កាត់បន្ថយអត្រាពន្ធសាជីវកម្ម ការនាំចូលទំនិញមូលធនដោយមិនបង់ពន្ធ ជាដើម ក៏កម្ពុជានៅតែពិបាកទាញអ្នកវិនិយោគពីសហរដ្ឋអាមេរិក បើធៀបនឹងប្រទេសជិតខាងក្នុងតំបន់។ មូលហេតុដែលអាមេរិកលើកឡើងដូច្នេះ ដោយសំអាងថា កម្ពុជាមានទំហំទីផ្សារតូច មានអំពើពុករលួយជាប្រព័ន្ធ ការគេចពន្ធ កម្លាំងពលកម្មជំនាញនៅតិច ខ្វះហេដ្ឋារចនាសម្ព័ន្ធ និងកង្វះតម្លាភាពក្នុងដំណើរការអនុម័តគម្រោង។ តែមន្ត្រីរដ្ឋាភិបាលអះអាងថា កម្ពុជាបានធ្វើឲ្យប្រសើរឡើងច្រើនលើបញ្ហាទាំងអស់នេះ ហើយថា សហរដ្ឋអាមេរិកក៏បានទទួលស្គាល់ពីការខិតខំប្រឺងប្រែងនោះដែរ។
នៅថ្ងៃព្រហស្បតិ៍ ទី១៨កក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងអំពីបញ្ហាកាត់ទឹកចំពោះលុយដុល្លារដែលមានសភាពដាច់រហែក ឬប្រឡាក់តិចតួច។ តាមលោកនាយករដ្ឋមន្ត្រី នេះគឺជារំខានចិត្ត និងប៉ះពាល់អារម្មណ៍ដល់ភ្ញៀវទេសចរមកកម្សាន្តនៅកម្ពុជា។ លោក ហ៊ុន ម៉ាណែត បានបញ្ជាឲ្យធនាគារជាតិកម្ពុជាដោះស្រាយបញ្ហានេះជាបន្ទាន់ ដោយទម្លាក់ចោលលក្ខខណ្ឌកាត់ទឹកចំពោះប្រាក់ដុល្លារដែលដាច់រហែក ឬប្រឡាក់បន្តិចបន្តួច។ អ្នកឃ្លាំមើលសង្គម បានសាទរការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី។ បើតាមអ្នកឃ្លាំមើលសង្គម ការដោះស្រាយបញ្ហាកាត់ទឹកប្រាក់ដុល្លារដាច់រហែកអាចជាផ្នែកមួយជួយដល់វិស័យទេសចរណ៍កម្ពុជាបានមួយកម្រិត។
កាលពីរាត្រីថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្លៀកពាក់តុបតែងបន្លំខ្លួនជាពលរដ្ឋសាមញ្ញធ្វើដំណើរទៅកាន់ផ្សាររាត្រី (Pub Street) ស្ថិតនៅក្នុងខេត្តសៀមរាប។ វត្តមានរបស់ប្រមុខរដ្ឋាភិបាលនៅទីសាធារណៈដោយលាក់បាំងអត្តសញ្ញាណ និងមិនឲ្យដំណឹងមុនដូច្នេះ គឺដើម្បីជួបសំណេះសំណាលជាលក្ខណៈឯកជន និងស្វែងយល់ការពិតដោយផ្ទាល់ជុំវិញស្ថានភាពរបស់ពលរដ្ឋ និងអាជីវករ។ អ្នកតាមដានសង្គមនានាបានគាំទ្រនូវកាយវិការរបស់លោកនាយករដ្ឋមន្ត្រី ក្នុងការចុះទៅផ្ទៀងផ្ទាត់ព័ត៌មានដោយសម្ងាត់ជាពិសេសបញ្ហាទេសចរណ៍ដែលមានភាពចម្រូងចម្រាស។
From the publisher's feed

14 Listeners

1,111 Listeners

108 Listeners

3 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

13 Listeners

0 Listeners

14 Listeners

0 Listeners

5 Listeners