
Sign up to save your podcasts
Or


ភូមិអូរបីជាន់ ស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនប្រទេសថៃ ហាក់មិនត្រូវចាត់ទុកជាតំបន់ជម្លោះដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារសង្គ្រាមកម្ពុជា-ថៃ ដូចនៅក្នុងតំបន់សមរភូមិប្រយុទ្ធនៃភូមិជោគជ័យ និងភូមិព្រៃចាន់ឡើយ។ នៅក្រោយបទឈប់បាញ់រយៈពេលជាង ២ខែមកនេះ ពលរដ្ឋក្នុងភូមិអូរបីជាន់ប្រមាណជាង ៩០% បានវិលត្រឡប់ចូលមករស់នៅក្នុងផ្ទះសម្បែងរបស់ខ្លួន ដើម្បីប្រកបរបររកស៊ី និងចិញ្ចឹមជីវិតធម្មតាវិញ។ ការវិលត្រឡប់មករស់នៅរបស់ពលរដ្ឋក្បែរតំបន់ជម្លោះកៀកព្រំដែនប្រទេសថៃនេះ ធ្វើឡើងជាមួយនឹងការភ័យខ្លាចខ្លះដែរ ដ្បិតតំបន់ខ្លះនៅកៀកតំបន់ដែលយោធាថៃរាយបន្លាលួស និងដាក់កុងតឺន័រ។
នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦នេះ ក្រុមអង្គការសង្គមស៊ីវិលចំនួន ២៤ស្ថាប័ន បានប្រារព្ធខួបទី១១៥ នៃទិវានារីអន្តរជាតិ ក្រោមប្រធានបទ៖«អនុវត្តសិទ្ធិសេរីភាព ដើម្បីយុត្តិធម៌ និងសេចក្តីថ្លៃថ្នូរ សម្រាប់ស្ត្រី និងក្មេងស្រី» នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។ ក្នុងឱកាសនោះ អង្គការស៊ីវិលបានលើកឡើងពីបញ្ហាប្រឈមនានា ដែលស្ត្រីនៅបន្តជួបប្រទះក្នុងសង្គមកម្ពុជា។ ក្នុងន័យនេះ ក្រុមអង្គការស៊ីវិលបានលើកឡើងអនុសាសន៍ចំនួន ១៦ចំណុច ដាក់ជូនរដ្ឋាភិបាល ដើម្បីផ្តល់ឱកាសដល់ស្រ្តីក្នុងការចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងធានាសិទ្ធិសេរីភាពសម្រាប់ស្ត្រីស្របទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល។
វត្ថុបុរាណខ្មែរចំនួន ៧៤រូប ដែលមានអាយុកាលចាប់ពីសម័យមុនអង្គរ និងសម័យអង្គរត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។ វត្ថុបុរាណទាំងនេះត្រូវបានក្រសួងវប្បធម៌កម្ពុជាទាមទារពីគ្រួសារអ្នកជួញដូរសិល្បៈបុរាណ លោក ឌូគ្លាស ឡាចហ្វដ Douglas Latchford។ លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរបញ្ជាក់ថា បច្ចុប្បន្ន វត្ថុបុរាណទាំងនេះកំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់អ្នកជំនាញនៅសារមន្ទីរជាតិកម្ពុជា មុននឹងដាក់តាំងបង្ហាញជាសាធារណៈដើម្បីឲ្យប្រជាពលរដ្ឋ និងអ្នកស្រាវជ្រាវបានសិក្សាអំពីតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌របស់ខ្មែរ។
នៅថ្ងៃទី0៥ មីនានេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានរៀបចំប្រារព្ធទិវានារីអន្តរជាតិឆ្នាំ២០២៦។ កម្មវិធីនេះបានផ្តល់ឱកាសឱ្យសកម្មជនសិទ្ធិមនុស្ស ២រូបគឺលោក យី សុខសាន្ត និងអ្នកស្រី ឃ្លាំង សុបិន្ត រម្លឹកពីការរស់នៅដ៏លំបាកក្នុងបន្ទប់តូចចង្អៀត និងបរិយាកាសអាប់អួរនៅក្នុងមន្ទីរឃុំឃាំង។ ចំពោះអ្នកទោសមនសិការទាំង ២រូប ចង់ឃើញអាជ្ញាធរកែលម្អលក្ខខណ្ឌមន្ទីរឃុំឃាំង និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដើម្បីឱ្យអ្នកទោសអាចកែប្រែខ្លួន និងវិលត្រឡប់ទៅរស់នៅក្នុងសង្គមវិញ។
ស្ថិតនៅក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ជាទីកន្លែងដែលជម្រកបណ្តោះអាសន្នថ្មីសម្រាប់ជនភៀសសឹកកំពុងត្រូវបានសាងសង់យ៉ាងមមាញឹក។ យ៉ាងហោចណាស់ជម្រកផ្ទះថ្មីចំនួន ៣ពាន់ខ្នងដែលសង់លើផ្ទៃដីប្រមាណ ៤០០ហិកតាកំពុងត្រូវបានពន្លឿនការសាងសង់យ៉ាងឆាប់រហ័ស ដើម្បីទទួលជនភៀសសឹកដែលរងគ្រោះដោយការបំផ្លិចបំផ្លាញផ្ទះសម្បែង និងការឡោមព័ទ្ធរបស់យោធាថៃក្នុងខេត្តបន្ទាយមានជ័យ។ ជម្រកថ្មីនេះរំពឹងថានឹងអាចបញ្ចប់ការសាងសង់នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ ឬមុនការមកដល់នៃរដូវវស្សាខាងមុខ។
បច្ចុប្បន្ន សិប្បកម្មប្រពៃណីខ្មែរមួយចំនួនដូចជាគំនូរ ចម្លាក់ ស្មូន ឬតម្បាញដែលជាមរតកសម័យដូនតាកំពុងជួបបញ្ហា ឬក៏ថានៅមិនទាន់មានការផ្ទេរចំណេះដឹង ជំនាញ និងបច្ចេកទេសទៅឲ្យមនុស្សជំនាន់ក្រោយឲ្យបានទូលំទូលាយនៅឡើយទេ។ ទោះជាយ៉ាងណា អ្នកផលិត និងអ្នកប្រើប្រាស់យល់ថា ការបន្តអភិរក្សសិប្បកម្មដូនតាទាំងនេះប្រកបដោយការច្នៃប្រឌិតជាដំណោះស្រាយមួយក្នុងការពង្រឹងទីផ្សារសព្វថ្ងៃ និងក៏ជាការជួយជ្រោមជ្រែងវប្បធម៌ខ្មែរដែរ។
«គំនូរសិល្បៈដើម្បីសន្តិភាព» ឬ Art for Peace ជាផ្ទាំងគំនូរដែលឆ្លុះបញ្ចាំងអំពីទុក្ខវេទនារបស់ជនស៊ីវិល និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងបេតិកភណ្ឌរបស់កម្ពុជាក្នុងជម្លោះព្រំដែនជាមួយថៃ។ លេចរូបរាងជាលើកទី ២ ផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាពបានញ៉ាំងចិត្តសិល្បករ និងអ្នកទស្សនាឱ្យមានភាពសោកសង្រេងពីការបាត់បង់ និងខូចខាតសម្បត្តិបេតិកភណ្ឌជាតិ និងនឹកអាណិតពលរដ្ឋភៀសសឹកដែលរងទុក្ខវេទនាពីការវាយប្រហារមិនរើសមុខរបស់យោធាថៃក្នុងសង្គ្រាមដ៏តានតឹងចំនួន២លើកកាលពីឆ្នាំ២០២៥។ អ្វីដែលពលរដ្ឋខ្មែរចង់បានគឺសន្តិភាព និងការវិលទៅរកសភាពដើមវិញដោយគ្មានការគំរាមកំហែងពីសំណាក់កងកម្លាំងយោធាថៃ។
ចាប់តាំងពីសង្គ្រាមផ្ទុះឡើងរវាងកម្ពុជា-ថៃនៅតាមព្រំដែនប្រទេសទាំងពីរ នៅអំឡុងខែកក្កដានិងខែធ្នូ ឆ្នាំ២០២៥ រហូតដល់មានបទឈប់បាញ់រយៈពេលជាងពីរខែនេះ ជនភៀសសឹកកម្ពុជារាប់ម៉ឺននាក់នៅតែបន្តបន្លាស់ទីដ៏លំបាក រស់នៅក្នុងជំរំភៀសសឹកជាបណ្តោះអាសន្ន។ ស្ទើរតែជារៀងរាល់ខែ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខ្មែរ-បារាំងមួយក្រុម តែងតែចុះបំពេញបេសកកម្មមនុស្សធម៌វេជ្ជសាស្ត្រស្ម័គ្រចិត្តបន្ទាន់មួយ ដើម្បីជួយដល់ជនភៀសសឹកដែលបន្តស្នាក់នៅក្នុងជំរំបណ្តោះអាសន្ន ដូចជានៅក្នុងខេត្តបន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងព្រះវិហារជាដើម។ គោលបំណងសំខាន់នៃប្រតិបត្តិការមនុស្សធម៌នេះមិនត្រឹមតែផ្តល់នូវការថែទាំសុខភាព ការព្យាបាលបន្ទាន់ និងការផ្តល់ថ្នាំសង្កូវផ្សេងៗប៉ុណ្ណោះទេ តែក៏ថែមបានផ្តល់នូវភាពកក់ក្តៅនិងការគាំទ្រផ្នែកផ្លូវចិត្តផងដែរ។
ជាអ្នកជំនាញប្រព័ន្ធផែនទីភូមិសាស្ត្រ អ្នកស្រី គង់ សុផលរចនា បានជួយបណ្ដុះបណ្ដាលសហគមន៍ព្រៃឈើមួយចំនួន ឲ្យចេះប្រើប្រាស់កម្មវិធីទូរស័ព្ទដៃទំនើប Smart Mobile ដើម្បីតាមដាន និងប្រយុទ្ធប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ។ ថ្វីបើកម្មវិធីទូរស័ព្ទដៃ Smart Mobile ជាឧបករណ៍ថ្មីក្នុងការតាមដានបទល្មើសព្រៃឈើ ប៉ុន្តែសកម្មភាពជាក់ស្តែងរបស់សហគមន៍មូលដ្ឋាននៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារព្រៃឈើរបស់ពួកគេ៕
រស់នៅក្នុងតំបន់អង្គរ ខេត្ដសៀមរាប លោក រុន នព័ន្ធបានស្នងជំនាញផលិតគ្រឿងសាស្ដ្រាវុធបុរាណពីជីតា ក្នុងកាលមួយដែលការគាំទ្រមរតកវប្បធម៌មួយនេះមានកាន់តិចទៅៗ។ លោក រុន នព័ន្ធ អះអាងថា ការបន្តអាជីពធ្វើគ្រឿងសាស្ត្រាវុធបុរាណបានក្លាយជាកាព្វកិច្ចមួយ។ យុវជនរូបនេះសង្ឃឹមថា នឹងអាចប្រើប្រាស់ឡដែក កេរមរតកពីជីតា ដើម្បីថែរក្សា អភិរក្សជំនាញដ៏ចំណាស់មួយនេះឱ្យនៅមានជីវិតបន្តទៅទៀត។
From the publisher's feed
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ…

10 Listeners

108 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

8 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

5 Listeners

28 Listeners

0 Listeners

1 Listeners

0 Listeners