
Sign up to save your podcasts
Or


រដ្ឋមន្ត្រីក្រសួងសន្តិសុខថៃ បានឯកភាពសិក្សាគម្រោងសង់របងនៅតាមព្រំដែនជាមួយកម្ពុជាប្រវែង៥៥គីឡូម៉ែត្រ ក្នុងខេត្តស្រះកែវ ជាប់នឹងខេត្តបន្ទាយមានជ័យរបស់កម្ពុជា ដោយគ្រោងចំណាយទឹកប្រាក់ប្រមាណ១១លានដុល្លារ។ នេះបើតាមសារព័ត៌មានថៃ Thai PBS ផ្សាយថ្ងៃទី១២ កុម្ភៈ ២០២៥។ តែអ្នកតាមដានសង្គម យល់ថា គម្រោងសង់របងការពារព្រំដែននេះទំនងជាមិនអាចធ្វើទៅបានឡើយ និងថានេះគ្រាន់តែជាសារនយោបាយរបស់ភាគីថៃតែប៉ុណ្ណោះ៕
ការបង្កើតមាតិកាវីដេអូដាក់លើបណ្តាញសង្គមដោយគ្មានសីលធម៌កំពុងកើនឡើងរហូតក្លាយជាបញ្ហាដ៏គួរឲ្យបារម្ភ។ នេះបើតាមការកត់សម្គាល់របស់ក្រុមអ្នកជំនាញផ្នែកសីលធម៌ និងប្រព័ន្ធផ្សព្វផ្សាយ។ ករណីចុងក្រោយថ្មីៗនេះ គឺការផលិតមាតិកាវីដេអូជាលក្ខណៈលេងសើចលើកុមារីលក់សណ្តែកដីមួយរូប។ ក្រុមអ្នកជំនាញយល់ថា ក្រសួងពាក់ព័ន្ធត្រូវមានវិធានការជាបន្ទាន់ដោយកោះហៅក្រុមផលិតវីដេអូដោយគ្មានសីលធម៌ទាំងនោះមកអប់រំ។
ក្នុងពិធីបិទសន្និបាតការងាររបស់ក្រសួងអប់រំនាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានជំរុញឱ្យក្រសួងអប់រំយកគ្រូបង្រៀនចូលនិវត្តន៍មកបម្រើការងារឡើងវិញ។ លោក ហ៊ុន ម៉ាណែតពន្យល់ថា លោកមិនចង់បាត់បង់ធនធានគ្រូបង្រៀនដែលមានសមត្ថភាព និងបទពិសោធន៍ ខណៈគ្រូបង្រៀនចូលនិវត្តន៍មួយចំនួនបានទៅមកបម្រើការងារនៅគ្រឹះស្ថានឯកជន។ តែអ្នកជំនាញវិស័យអប់រំមិនបានគាំទ្រលើការជំរុញរបស់លោក ហ៊ុន ម៉ាណែតទេដោយពួកគេយល់ថា យុវជនជំនាន់ក្រោយដែលចង់ក្លាយជាគ្រូបង្រៀននឹងបាត់បង់ឱកាស។ ហេតុអ្វីរដ្ឋាភិបាលជំរុញឱ្យក្រសួងអប់រំយកគ្រូបង្រៀនចូលនិវត្តន៍មកបម្រើការងារឡើងវិញ?
នៅថ្ងៃសុក្រទី២១កុម្ភៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីណែនាំដល់កម្មករនិងម្ចាស់សហគ្រាសរោងចក្រអំពីយន្តការលើកកម្ពស់ឥរិយាបថរស់នៅប្រកបដោយសុខុមាលភាព។ ការណែនាំនេះធ្វើឡើងដោយក្រសួងការងារយល់ឃើញពីហានិភ័យនៃការកើតឡើងជំងឺមិនឆ្លងទៅលើកម្មករនិយោជិត។តំណាងសហជីពយល់ថា ការណែនាំរបស់ក្រសួងការងារជាយន្តការល្អ តែពួកគេបារម្ភអំពីប្រសិទ្ធិភាព ប្រសិនបើគ្មានយន្តការតាមដានច្បាស់លាស់។
នាយឧត្តមសេនីយ៍ រ៉ូណាល់ ក្លាក មេបញ្ជាការកងទ័ពជើងគោកអាមេរិកប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិកបានធ្វើទស្សនកិច្ចរយៈពេល២ថ្ងៃនៅកម្ពុជាគឺថ្ងៃទី២៤ និង២៥ ខែកុម្ភៈ ឆ្នាំ២០២៥។ អំឡុងទស្សនកិច្ច លោក ក្លាក បានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រដ្ឋមន្ត្រីការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា។ មេបញ្ជាការកងទ័ពអាមេរិក និងថ្នាក់ដឹកនាំកម្ពុជាបានពិភាក្សាគ្នាលើប្រធានបទសំខាន់ៗមួយចំនួនដូចជាការពង្រឹងពង្រីកទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរ ការបណ្តុះបណ្តាលរយៈពេលខ្លីដល់នាយទាហានកម្ពុជា ការពិនិត្យ និងពិភាក្សាពីលទ្ធភាពធ្វើសមយុទ្ធឆ្មាំអង្គរឡើងវិញ និងការបន្តបេសកកម្មរុករកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួននៅកម្ពុជា។ អ្នកវិភាគនយោបាយភាគច្រើនបានមើលឃើញថា ជំនួបរវាងមេទ័ពអាមេរិកប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងថ្នាក់ដឹកនាំកម្ពុជាបានបង្ហាញសញ្ញាវិជ្ជមានច្រើនក្នុងការស្តារទំនាក់ទំនងយោធារវាងប្រទេសទាំងពីរ។
ថ្មីៗនេះ ករណីអគ្គិភ័យបានកើតមានញឹកញាប់ក្នុងប្រទេសកម្ពុជា មិនថានៅតាមរោងចក្រ អគារ ឬតាមតំបន់ព្រៃភ្នំ។ ការណ៍នេះបានបណ្ដាលឱ្យប៉ះពាល់ដល់ជីវិតមនុស្ស ទ្រព្យសម្បត្តិ ឬបរិស្ថាន។ ក្នុងឆ្នាំ២០១៣ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់នូវច្បាប់ស្ដីពីការបង្ការ និងពន្លត់អគ្គិភ័យ រួមទាំងកំណត់ទោសបញ្ញត្តិដល់ជនដែលបង្កឱ្យមានអគ្គិភ័យ។ សម្រាប់អ្នកតាមដានសង្គម និងអ្នកបរិស្ថាន ច្បាប់គ្រប់គ្រងអគ្គិភ័យនេះមិនទាន់ត្រូវបានផ្សព្វផ្សាយបានទូលំទូលាយនៅឡើយ ទើបនាំឱ្យកម្ពុជាមានអគ្គិភ័យញឹកញាប់។ តែនាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការនគរបាលជាតិបញ្ជាក់ថា គឺមកពីច្បាប់នេះមានអាយុកាលច្រើនឆ្នាំទើបមានការឆកល្វែង និងថា ក្រសួងមហាផ្ទៃកំពុងធ្វើវិសោធនកម្មច្បាប់ឆ្នាំ២០១៣។
នៅថ្ងៃអាទិត្យទី២៣កុម្ភៈនេះ ពលរដ្ឋខ្មែរមកពីជុំវិញពិភពលោក និងពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី បានជួបជុំគ្នាសម្តែងមតិដើម្បីលើកនិយាយពីបញ្ហានយោបាយ និងសង្គមកម្ពុជា។ ពលរដ្ឋខ្មែររស់នៅបរទេស បានស្នើឡើង៣ចំណុច ដើម្បីឲ្យរដ្ឋាភិបាលដោះស្រាយជាបន្ទាន់ នោះគឺការទាមទារចំណែកគ្រប់គ្រងកោះគុត ការរកយុត្តិធម៌ជូនអតីតតំណាងរាស្ត្រលោក លិម គិមយ៉ា និងការដោះលែងអ្នកទោសនយោបាយទាំងអស់ដោយគ្មានលក្ខខណ្ឌ។ អ្នកតាមដាននយោបាយយល់ថា ការស្នើរបស់ពលរដ្ឋរស់នៅក្រៅប្រទេស គ្រាន់ជាសិទ្ធិសម្តែងមតិ តែគ្មានឥទ្ធិពលលើការសម្រេចរបស់រដ្ឋាភិបាលឡើយ។
ប្រមុខរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានលើកទឹកចិត្តឱ្យពលរដ្ឋរាយការណ៍ ប្រសិនបើមានការរើសអើង នៅពេលប្រើបណ្ណបេឡាជាតិសន្ដិសុខសង្គម(ប.ស.ស) បណ្ណសមធម៌ និងបណ្ណងាយរងហានិភ័យ ដើម្បីទទួលការព្យាបាលជំងឺនៅមន្ទីរពេទ្យ។ ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត ធ្វើឡើង បន្ទាប់ពីមានករណីស្ត្រីម្នាក់ស្លាប់កូនក្នុងផ្ទៃ នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។ គ្រួសាររបស់ស្រ្តីរងគ្រោះអះអាងថា រឿងនេះកើតឡើងដោយសារ មកពីគ្រូពេទ្យរើសអើងពួកគេដែលប្រើបណ្ណ ប.ស.ស នៅពេលចូលទៅទទួលការព្យាបាលនៅមន្ទីរពេទ្យ។ តើត្រូវមានយន្តការអ្វីខ្លះដើម្បីធានាថា គ្មានការរើសអើងចំពោះអ្នកជំងឺប្រើបណ្ណ.បស.ស?
សារព័ត៌មានថៃ The Nation នៅថ្ងៃព្រហស្បតិ៍ទី២០កុម្ភៈ បានចុះផ្សាយព័ត៌មានស្តីពីភាពតានតឹងនៅឯប្រាសាទតាមាន់ធំ ដោយថា ភាគីនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែតបានទាក់ទងទៅរដ្ឋមន្ត្រីការពារជាតិថៃ លោក ភូមថាំ វីឆាយ៉ាឆៃ ដើម្បីនិយាយសុំទោស។ នៅក្នុងអត្ថបទចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ លោក ភូមថាំ វីឆាយ៉ាឆៃ រដ្ឋមន្រ្តីការពារជាតិថៃបានបដិសេធ ច្រានចោលដោយថា ព័ត៌មានរបស់កាសែត The Nationជាព័ត៌មានមិនពិត។ អ្នកតាមដានសង្គម យល់ថា ការផ្សព្វផ្សាយព័ត៌មានខុសពីសំណាក់សារព័ត៌មានថៃ អាចនាំឲ្យបញ្ហាប្រឈមមុខដាក់គ្នារវាងកម្ពុជា-ថៃ នៅឯប្រាសាទតាមាន់ធំ កាន់តែតានតឹង។
សភាវៀតណាមកាលពីថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០២៥កន្លងទៅ បានបោះឆ្នោតអនុម័តច្បាប់រៀបចំរដ្ឋាភិបាលថ្មី ដែលនៅក្នុងនោះ បក្សកុម្មុយនិស្តវៀតណាមគ្រោងកាត់បន្ថយការចំណាយរបស់រដ្ឋពី១៥ ទៅ ២៥ % និងលុបចោលក្រសួងចំនួន៤។ តាមរយៈការអនុម័តច្បាប់រៀបចំរដ្ឋាភិបាលថ្មីដែលនឹងចូលជាធរមាននៅថ្ងៃទី ១ ខែមីនាខាងមុខ រដ្ឋាភិបាលវៀតណាមមានក្រសួងតែចំនួន១៤ប៉ុណ្ណោះ។ កម្ពុជាឯណេះវិញដែលជាប្រទេសជិតខាង មានក្រសួងចំនួន២៨ ពោលគឺទ្វេដងបើប្រៀបធៀបនឹងវៀតណាម ។ ចំពោះអ្នកជំនាញផ្នែកអភិបាលកិច្ច និងគោលនយោបាយ បរិបទនៅប្រទេសកម្ពុជា ខុសគ្នាពីប្រទេសវៀតណាម ព្រោះថា ការបង្កើតក្រសួងស្ថាប័នផ្អែកទៅលើតម្រូវការរបស់ប្រទេសកម្ពុជា។ ទោះជាយ៉ាងណាក្តី អ្នកជំនាញចង់ឃើញរដ្ឋាភិបាលពង្រឹងប្រសិទ្ធភាពការងារនៅតាមក្រសួងដែលមានស្រាប់ និងត្រូវរំសាយមន្ត្រីណាដែលមានត្រឹមតែឈ្មោះ ហើយគ្មានតួនាទីការងារត្រឹមត្រូវ។ ការមានមន្រ្តីដែលមានតែឈ្មោះនេះបានធ្វើឲ្យរដ្ឋចំណាយថវិកាអស់ច្រើន និងមិនចំគោលដៅ។
From the publisher's feed

14 Listeners

1,104 Listeners

108 Listeners

3 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

13 Listeners

0 Listeners

14 Listeners

0 Listeners

5 Listeners