
Sign up to save your podcasts
Or


របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយទីផ្សារអន្តរជាតិរយៈពេល២ខែដើមឆ្នាំ២០២៥ មានប្រមាណ ៩,៤ពាន់លានដុល្លារ ពោលកើនចំនួន ១៦,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ អ្នកជំនាញសេដ្ឋកិច្ចខ្លះមើលឃើញថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅដើមឆ្នាំ២០២៥ នេះ ជាលទ្ធផលនៃការប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់សេដ្ឋកិច្ច។ តែអ្នកជំនាញសេដ្ឋកិច្ចខ្លះទៀតយល់ថា តុល្យភាពនៃជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជាជាមួយអន្តរជាតិនៅមិនទាន់ល្អនៅឡើយទេ៕
សហភាពសហព័ន្ធយុវជនកម្ពុជាបានប្រកាសជាផ្លូវការនៅថ្ងៃទី៩ ខែមីនាពីការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»។ ព្រឹត្តិការណ៍នេះនឹងរៀបចំធ្វើនៅខេត្តសៀមរាបរយៈពេល ៣ថ្ងៃពីថ្ងៃទី ១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២៥។ មានមតិខ្លះលើកឡើងថា ការរៀបចំព្រឹត្តិការណ៍នេះ គឺជាការចំណាយថវិកាខ្ជះខ្ជាយ និងជាការបង្កើតព្រឹត្តិការណ៍ដើម្បីបង្វែរព្រឹត្តិការណ៍។ តែនៅព្រឹកថ្ងៃទី១១ ខែមីនា ប្រមុខរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បានការពារផែនការរៀបចំព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» ថា គឺជាការទាក់ទាញភ្ញៀវទេសចរ និងមិនមែនជាការបង្កើតព្រឹត្តិការណ៍ដើម្បីបង្វែរព្រឹត្តិការណ៍នោះទេ។
នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជាបានចេញសារសំឡេងមួយពាក់ព័ន្ធនឹងការរៀបចំចរាចរណ៍នៅពេលមានក្បួនរថយន្តធ្វើដំណើរតាមផ្លូវរបស់ថ្នាក់ដឹកនាំ។ តាមលោក ហ៊ុន ម៉ាណែត កងកម្លាំងរក្សាសណ្ដាប់ធ្នាប់គួរតែកាត់បន្ថយរយៈពេលនៃការបិទផ្លូវ និងមិនចាំបាច់បិទផ្លូវទាំងអស់ទេ។ ចំណែកករណីមានឡានសឺរ៉ែន គឺត្រូវសម្រួលឱ្យធ្វើដំណើរទៅមុន។ អ្នកតាមដានសង្គមយល់ថា ដើម្បីកុំឱ្យមានការកកស្ទះចរាចរណ៍ គឺទាល់តែកងកម្លាំងកុំបិទផ្លូវទុកមុនយូរពេក និងថា រដ្ឋគួរកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុងបន្ថែមទៀត មិនថាផ្លូវអាកាស ឬផ្លូវក្រោមដី។
សេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើការគោរពសិទិ្ធមនុស្ស និងសិទ្ធិស្រ្តី ចេញផ្សាយថ្ងៃទី៨ មីនា បានលើកឡើងពីសំណូមពរឲ្យភាគីក្រុមហ៊ុននិយោជកចូលតុចរចាជាមួយកម្មករ និងសហជីពដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងករណីកេងបន្លំប្រាក់ឈ្នួល និងអត្ថប្រយោជន៍នានាក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩ជាពិសេសក្នុងករណីដែលរោងចក្របញ្ឈប់ប្រតិបត្តិការ។ មេដឹកនាំសហជីពបានបញ្ជាក់ថា ក្រុមហ៊ុនម៉ាកយីហោមួយចំនួនបានបិទទ្វារ ដោយមិនបានទូទាត់ប្រាក់សំណងត្រឹមត្រូវតាមច្បាប់ការងារ។ក្នុងន័យនេះ ក្រុមមេដឹកនាំសហជីពចង់ឃើញភាគីក្រុមហ៊ុនម៉ាយីហោ និងក្រសួងការងារចេញមុខដោះស្រាយបញ្ហាទាំងនេះ ដើម្បីផ្តល់អត្ថប្រយោជន៍ផ្សេងៗដែលបាត់បង់ ជូនកម្មករនិយោជិតវិញ។
ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ជាទិវាអន្ដរជាតិនារីលើកទី១១៤ ។ អ្នកធ្វើការពាក់ព័ន្ធនឹងការលើកកម្ពស់សមភាពយែនឌ័របានសម្លឹងឃើញថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ សមភាពយេនឌ័រ នៅកម្ពុជាមានការរវិវត្តគួរឱ្យកត់សម្គាល់។ ប៉ុន្តែទន្ទឹមនឹងការប្រែប្រួលជាវិជ្ជមាន អ្នកធ្វើការក្នុងផ្នែកនេះក៏សង្កេតឃើញថា ការប្រឈមរបស់ស្ដ្រី និងក្មេងស្រីក្នុងផ្នែកយេនឌ័រ ក៏នៅតែបន្ដមាន ដែលទាមទារឱ្យមានដំណោះស្រាយ។ ក្រសួងកិច្ចការនារីបានបញ្ជាក់ថា ក្រសួង និងស្ថាប័នពាក់ព័ន្ធនឹងបន្ដចូលរួមលើកកម្ពស់សមភាពយេនឌ័រ ដើម្បីឱ្យស្ដ្រីនិងក្មេងស្រីគ្រប់រូបទទួលបានសិទ្ធិ សមភាព និងការអភិវឌ្ឍន៍ខ្លួន។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបានប្រាប់ទៅអង្គសភារបស់ថៃកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ថា ថៃនឹងពិភាក្សាជាមួយឥណ្ឌា និងវៀតណាម ស្តីពីដំណោះស្រាយជាយុទ្ធសាស្ត្រ ដើម្បីឆ្លើយតបទៅនឹងការធ្លាក់ថ្លៃអង្ករនៅលើទីផ្សារអន្តរជាតិ។ អ្នកជំនាញផ្នែកវិស័យស្រូវអង្ករ និងសេដ្ឋកិច្ចនានា បានមើលឃើញថា អង្ករកម្ពុជា ដែលនាំចេញទៅលក់នៅទីផ្សារអន្តរជាតិ នឹងមិនរងផលប៉ះពាល់អ្វីទេ ប្រសិនបើប្រទេសទាំងបីខាងលើដែលមានសក្តានុពលជាងគេខាងនាំចេញអង្ករ បានជួបគ្នាកំណត់តម្លៃអង្ករនាំចេញទៅទីផ្សារពិភពលោក។
នៅក្នុងជំនួបសំណេះសំណាលជាមួយសិល្បៈករ សិល្បៈការិនីនាថ្ងៃទី៥ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានឱ្យដឹងថា រដ្ឋាភិបាលកម្ពុជាកំពុងរៀបចំគិតគូរដាក់បញ្ចូល «សង្ក្រាន្ត» ទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីរបស់នៃអង្គការយូណេស្កូនាពេលឆាប់ៗ។ ការប្រកាសរបស់លោក ហ៊ុន ម៉ាណែតយ៉ាងដូចនេះធ្វើឡើង បន្ទាប់ពីថៃបានបញ្ចូន « សង្ក្រាន្ត » ទៅដាក់ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។ សម្រាប់អ្នកជំនាញ កម្ពុជាត្រូវពន្លឿនដាក់សម្បត្តិវប្បធម៌ខ្មែរទាំងរូបី និងអរូបីទៅក្នុងបញ្ជីរបស់អង្គការយូណេស្កូ។ តែមន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ពន្យល់ថា ការចុះបញ្ជីត្រូវធ្វើតាមលំដាប់លំដោយ ដោយមិនអាចបង្ខំភ្លាមៗបានទេ។
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបានលើកឡើងនៅក្នុងសន្និបាតនាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ថា ប៉ុន្មានឆ្នាំតទៅមុខ ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និងយុទ្ធសាស្ត្ររវាងមហាអំណាចធំៗនឹងកំណត់អំពីការប្រែប្រួលនៃស្ថានការណ៍តំបន់ និងពិភពលោក។ រូបភាពនេះក៏នឹងដាក់សម្ពាធដោយផ្ទាល់ ឬដោយប្រយោលលើប្រទេសអំណាចកណ្តាល ឬតូចតាច ដូចកម្ពុជាដែរ។ អ្នកវិភាគនយោបាយ និងភូមិសាស្ត្រនយោបាយខ្លះយល់ថាកម្ពុជាចាំបាច់ត្រូវធ្វើដំណើរទៅមុខប្រកបដោយភាពប្រយ័ត្នប្រយែង និងខ្លះទៀតថាការប្រកាន់ខ្ជាប់នូវខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស គឺជាមធ្យោបាយដ៏ល្អ។
របាយការណ៍ដែលផ្សព្វផ្សាយនៅក្នុងសន្និបាតក្រសួងសុខាភិបាលនាថ្ងៃទី៣ ខែមីនា ២០២៥ បានបង្ហាញថា ការពិនិត្យជំងឺផ្លូវចិត្តនៅឆ្នាំ២០២៤ មានចំនួន ២៨២.៦១៥ ករណី គឺកើនឡើងចំនួន១៩៧.៨២% ខណៈអ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន ៨.៧៩២នាក់ គឺកើនឡើងចំនួន ២៨.៥២% បើធៀបនឹងឆ្នាំ២០២៣។ អ្នកជំនាញសុខភាព លើកឡើងថា វិបត្តិសេដ្ឋកិច្ច វិបត្តិគ្រួសារ សម្ពាធការងារ និងការប្រកួតប្រជែងផ្នែកសម្ភារៈនិយម សុទ្ធសឹងជាកត្តាដែលនាំឲ្យកើតជំងឺផ្លូវចិត្ត។ តើនឹងមានផលប៉ះពាល់អ្វីខ្លះដល់សង្គមកម្ពុជានៅពេលដែលជំងឺផ្លូវចិត្តកើនឡើង?
ថ្មីៗនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែតបានឲ្យក្រសួងអប់រំយកចិត្តទុកដាក់លើរបបអាហាររបស់សិស្សតូចៗ ពិសេសទាក់ទងនឹងភេសជ្ជៈផ្អែមខ្លាំង និងភេសជ្ជៈប៉ូវកម្លាំង។ តាមលោក ហ៊ុន ម៉ាណែតការទទួលទានភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំងនេះជាបញ្ហាដែលត្រូវប្រកាសអាសន្ន ព្រោះកុមារតូចៗជាច្រើនកំពុងមានជំងឺទឹកនោមផ្អែម។ អ្នកជំនាញសុខភាពយល់ឃើញដូចគ្នានិងស្នើឲ្យរដ្ឋាភិបាលចាត់វិធានការម៉ឺងម៉ាត់ជាមួយភាគីពាក់ព័ន្ធ ពិសេសជាមួយក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង។ តើរដ្ឋាភិបាលគួរមានអនុសាសន៍និងវិធានការអ្វីខ្លះដើម្បីទប់ស្កាត់ការទទួលទានភេសជ្ជៈផ្អែម និងប៉ូវកម្លាំង?
From the publisher's feed

14 Listeners

1,104 Listeners

108 Listeners

3 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

13 Listeners

0 Listeners

14 Listeners

0 Listeners

5 Listeners