
Sign up to save your podcasts
Or


នៅល្ងាចថ្ងៃទី១៦ ឧសភា ឆ្នាំ២០២៥ មានករណីបាតុភូតធម្មជាតិរន្ទះបាញ់នៅតំបន់ប្រាសាទអង្គរវត្ត ដែលបានបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសមួយចំនួនផងដែរ។ ក្រោយកើតហេតុភា្លមៗ មន្ត្រីរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនបានអំពាវនាវកុំឲ្យផ្សាយរូបភាពនានា ដែលកើតឡើងនៅប្រាសាទអង្គរវត្ត ដោយចាត់ទុកថា គ្មានអ្វីចំណេញនោះឡើយ។ តែអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ យល់ថា ការហាមឃាត់មិនឲ្យផ្សព្វផ្សាយព័ត៌មានពិត គឺធ្វើឲ្យប៉ះពាល់ដល់សេរីភាពអ្នកសារព័ត៌មាន និងការទទួលបានដំណឹងរបស់ពលរដ្ឋ។
កាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ មន្ត្រីនគរបាលម្នាក់មានឋានៈជាប្រធានការិយាល័យទទួលបន្ទុកផ្នែកភស្តុភារនៃស្នងការដ្ឋាននគរបាលក្រុងភ្នំពេញបានបើកបររថយន្តក្រោមឥទ្ធិពលនៃជាតិស្រវឹងទៅបុករះយានផ្សេងៗទៀតនៅតាមដងផ្លូវក្នុងក្រុងភ្នំពេញដោយបណ្តាលឲ្យមានមនុស្សម្នាក់ស្លាប់ ២នាក់រងរបួសធ្ងន់ និងខូចខាតសម្ភារៈមួយចំនួន។ ហេតុការណ៍នេះត្រូវបានមហាជនក៏ដូចជាអ្នកតាមដានសង្គមរិះគន់ថា មន្ត្រីដែលជាគំរូ និងជាអ្នកអប់រំពលរដ្ឋបែរជាបានប្រព្រឹត្តល្មើសច្បាប់ទៅវិញ។ ក្នុងន័យនេះពួកគេទទូចឲ្យមានការដាក់ទោសធ្ងន់ធ្ងរដល់មន្ត្រីដែលបំពានច្បាប់ដើម្បីព្រមានដល់មន្ត្រីផ្សេងៗទៀតដែលមិនគោរពច្បាប់។
ការផ្សងគោឧសភរាជតាមរយៈព្រះរាជពិធីច្រត់ព្រះនង្គ័លនៅឆ្នាំ២០២៥នេះ បានបង្ហាញថា ស្រូវ ពោត និងសណ្តែកឆ្នាំនេះទទួលបានផលល្អប្រសើរ។ នៅក្នុងចំណោមអាហារ៧មុខ គោឧសភរាជបានបរិភោគ មានស្រូវ៩៥% ពោត៩៥% និងសណ្តែក៨០%។ អ្នកជំនាញខាងប្រពៃណី វប្បធម៌ខ្មែរនានាកត់សម្គាល់ឃើញថា ពិធីផ្សងគោឧសភរាជតាមរយៈព្រះរាជពិធីច្រត់ព្រះនង្គ័លនេះមិនប្រាកដ ១០០ភាគរយទេ ធៀបនឹងស្ថានភាពជាក់ស្តែង។ តែទោះយ៉ាងណា ពិធីមួយនេះដែលមានតាំងពីបរមបុរាណមកគឺជាការសម្គាល់ថា រដូវធ្វើស្រែចម្ការបានឈានចូលមកដល់ហើយ។
នៅថ្ងៃទី១៣ ខែឧសភា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានចេញគោលការណ៍ណែនាំដល់មន្ត្រីគយនៅតាមព្រំដែនទាំងអស់ឲ្យទប់ស្កាត់ការនាំចូលផ្លែទុរេនប្រើសារធាតុគីមី និងខូចគុណភាពដែលនាំឲ្យប៉ះពាល់ដល់សុខភាពពលរដ្ឋ។ អ្នកតាមដានសង្គមសាទរចំពោះវិធានការមួយនេះ និងបានផ្តល់ជាអនុសាសន៍បន្ថែមដល់រដ្ឋាភិបាល ពិសេសក្រសួងកសិកម្មឲ្យបន្ថែមការត្រួតពិនិត្យលើការនាំចូលបន្លែផ្លែឈើពីក្រៅប្រទេសផងដែរ។
កងទ័ពកម្ពុជា និងកងទ័ពចិនចាប់ផ្តើមធ្វើ«សមយុទ្ធនាគមាស-២០២៥» ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ«ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»។ សមយុទ្ធនាគមាសកម្ពុជា-ចិន បានពង្រីកកាន់តែធំទៅៗពីមួយឆ្នាំទៅមួយឆ្នាំដោយឆ្នាំនេះមានកងទ័ពកម្ពុជា-ចិន ចូលរួមសរុបជាង ២ ០០០នាក់ មានសព្វាវុធ និងឧបករណ៍យោធាកាន់តែទំនើប ក្នុងនោះក៏មានការប្រើបញ្ញាសិប្បនិម្មិត(AI)ដែរ។ អ្នកវិភាគនានាមើលឃើញថា ការបង្កើនសមយុទ្ធយោធាកម្ពុជា-ចិនកាន់តែធំ គឺជាការបង្កើនសមត្ថភាពការពារជាតិរបស់កម្ពុជាស្របទៅនឹងច្បាប់របស់ប្រទេស និងស្របទៅនឹងបរិបទនៃការប្រែប្រួលភូមិសាស្ត្រនយោបាយ។
តាមគម្រោង សមាជរួមគ្នារវាងរដ្ឋសភា និងព្រឹទ្ធសភានឹងធ្វើឡើងរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី២ ដល់ទី៣ ខែមិថុនាឆ្នាំ២០២៥។ កម្មវត្ថុ គឺបើកផ្លូវឲ្យមានការពិភាក្សារវាងសភាទាំងពីរដើម្បីរកដំណោះស្រាយឲ្យបញ្ហាសំខាន់ៗនានាជូនប្រទេសជាតិ។ អ្នកនយោបាយ និងអ្នកសង្កេតការណ៍បានគាំទ្រឲ្យមានការរៀបចំសមាជបែបនេះ ដោយពួកគេឆ្លៀតរំលេចពីបញ្ហាធំៗមួយចំនួនរបស់ជាតិដែលជាការចង់បានរបស់ពលរដ្ឋដើម្បីយកទៅពិភាក្សារកដំណោះស្រាយ។
នាប៉ុន្មានថ្ងៃមកនេះ មានការជជែកយ៉ាងផុលផុសនៅតាមបណ្តាញសង្គមអំពីជំនឿអរូបិយ ឬមន្តអាគម ខណៈដែលតារាចម្រៀងល្បីឈ្មោះ មាស សុខសោភា ប្រកាសចែកផ្លូវគ្នាជាមួយស្វាមី បន្ទាប់ពីនាងមានជំនឿទៅលើបុរសម្នាក់ដែលតាំងខ្លួនឯងជា«តាបស»នៅលើភ្នំត្បែង។ មាស សុខសោភា បានអំពាវនាវឲ្យអតីតស្វាមីរបស់ខ្លួនដកពាក្យបណ្តឹងដែលប្តឹង«បុរសដែលតាំងខ្លួនជាតាបស»នោះ ពីបទឆបោកប្រាក់២៣ម៉ឺនដុល្លារ។ អ្នកតាមដានសង្គម លើកនូវពាក្យស្លោកបុរាណរបស់ខ្មែរមករម្លឹកថា «មន្តអាគមផ្សំជីវិត តែបើជឿមិនចេះគិតធ្វើឲ្យជីវិតអន្តរាយ»។
នៅថ្ងៃសៅរ៍និងអាទិត្យចុងសប្តាហ៍ ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក បានបន្តជួបជុំធ្វើបាតុកម្ម ដើម្បីទាមទារឲ្យរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយ ស្តារលទ្ធិប្រជាធិបតេយ្យ និងលើកយកបញ្ហាអធិបតេយ្យភាពកោះគុតប្តឹងទៅតុលាការអន្តរជាតិ។ អ្នកនយោបាយនៅក្រៅប្រទេសថា ការបន្តធ្វើបាតុកម្មនេះ គឺដើម្បីដាក់សម្ពាធរដ្ឋាភិបាលកម្ពុជា ឲ្យគិតគូពីបញ្ហានយោបាយនិងបញ្ហាព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង។ តើការបន្តធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរក្រៅប្រទេសអាចដាក់សម្ពាធរដ្ឋាភិបាលកម្ពុជាកម្រិតណា?
គេសង្កេតឃើញជាទូទៅថា ការប្រើប្រាស់បណ្តាញសង្គមដោយគ្មានសីលធម៌ ទាំងនយោបាយ និងសង្គមវប្បធម៌បាន និងកំពុងកើតឡើងជារៀងរាល់ថ្ងៃនៅក្នុងប្រទេសកម្ពុជា។ ការជេរបញ្ចោរ ការហែកហួរគ្នា ការប្រព្រឹត្តអំពើអាក្រក់ ការកាត់តរូបភាព វីដេអូ និងសម្លេងជាដើមសុទ្ធសឹងជារូបភាពដែលបានកើតឡើងនៅលើបណ្តាញសង្គម ពិសេសហ្វេសប៊ុក។ បញ្ហានេះត្រូវបានអ្នកតាមដានសង្គមខ្លះមើលឃើញថា គឺធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់ខ្មែរ តែមេដឹកនាំខ្មែរមិនចាត់ទុកថាវាជាការឆ្លុះបញ្ចាំងឲ្យប្រទេសទាំងមូលទេ។
ប្រធានាធិបតីទីម័រខាងកើត លោក ចូសេ រ៉ាម៉ូស ហ័រតា(José Ramos-Horta) បានទទួលបដិសណ្ឋារកិច្ច និងបើករថយន្តដោយផ្ទាល់ជូនលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានបំពេញទស្សនកិច្ចនៅទីម័រខាងកើតនាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។ កាយវិការរបស់ លោក ចូសេ រ៉ាម៉ូស ហ័រតា ចំពោះលោក ហ៊ុន សែន ដូចនេះជាសក្ខីកម្មបង្ហាញថា មេដឹកនាំនៃប្រទេសទាំងពីរមានភាពស្និទ្ធស្នាលនឹងគ្នាយ៉ាងខ្លាំង។ តើកម្ពុជា និងទីម័រខាងកើតមានផលប្រយោជន៍អ្វីខ្លះរវាងគ្នា?
From the publisher's feed

14 Listeners

1,104 Listeners

108 Listeners

3 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

13 Listeners

0 Listeners

14 Listeners

0 Listeners

5 Listeners