
Sign up to save your podcasts
Or


នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហ៊ីម ក្នុងឋានៈជាប្រធានអាស៊ានប្តូរវេនបានប្រកាសនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ នាថ្ងៃទី២៦ ខែឧសភាថា ម៉ាឡេស៊ីនឹងគាំទ្រប្រទេសទីម័រខាងកើតឲ្យបានចូលជាសមាជិកអាស៊ានពេញសិទ្ធិនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នាខែតុលា ឆ្នាំ២០២៥ ខាងមុខ។ អ្នកវិភាគនយោបាយ និងទំនាក់ទំនងអន្តរជាតិនានាមើលឃើញថា វត្តមានរបស់ទីម័រខាងកើតក្នុងនាមជាសមាជិកអាស៊ានទី១១ នឹងមានផលវិជ្ជមានផង និងអវិជ្ជមានផង ខណៈប្រទេសសមាជិកអាស៊ានបច្ចុប្បន្នពិបាករកចំណុចឯកភាពគ្នាស្តីពីសំណុំរឿងធំៗទាំងក្នុងតំបន់ និងអន្តរជាតិ។
អតីតឧកញ៉ា លោក ហេង សិទ្ធី ត្រូវបានអាជ្ញាធររុស្ស៊ីចាប់បញ្ជូនមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ តាមសំណើរបស់ក្រសួងយុត្តិធម៌កម្ពុជា។ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសថា ឈ្មោះ ហេង សិទ្ធី ត្រូវបានចោទប្រកាន់ពីបទ «គំរាមហែកកេរ្តិ៍ មានស្ថានទម្ងន់ទោស»។ ចំណាត់ការនេះកើតឡើង បន្ទាប់ពី លោក ហេង សិទ្ធីបានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបរិហារលើមន្ត្រីជាន់ខ្ពស់កម្ពុជាមួយចំនួនរួមនឹងឧកញ៉ាខ្លះពីបទប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធក្នុងអំពើឆបោកតាមអនឡាញនៅកម្ពុជា។
សមាជិករដ្ឋសភាជប៉ុន លោក ណាអូតូ សាកាហ្គុជិ បានអះអាងនៅក្នុងកិច្ចប្រជុំរដ្ឋសភាជប៉ុនកាលពីថ្ងៃទី២១ឧសភាថា ខ្លួនបានរងការគំរាមកំហែងសិទ្ធិសេរីភាព ពីសំណាក់ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន។ មកទល់ពេលនេះ នៅមិនទាន់មានការឆ្លើយតបជាផ្លូវការពីសំណាក់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងក្រសួងការបរទេសកម្ពុជានៅឡើយ។ ក៏ប៉ុន្តែមន្ត្រីបក្សកាន់អំណាច យល់ថា ការលើកឡើងរបស់សមាជិករដ្ឋសភាជប៉ុន គ្រាន់ជាសេរីភាពបញ្ចេញមតិ ខណៈដែលឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ក៏មានសិទ្ធិការពារអធិបតេយ្យភាពកម្ពុជា។
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ប្រមុខរដ្ឋាភិបាលកម្ពុជា បានណែនាំឲ្យក្រសួងធម្មការ និងសាសនា ទប់ស្កាត់សកម្មភាពរបស់បុគ្គលមួយចំនួនដែលតាំងខ្លួនជាអ្នកមានបារមី និងដែលបាន និងកំពុងតែប្រើប្រាស់បណ្តាញសង្គមដើម្បី បង្ហាញពីសកម្មភាពរបស់ពួកគេ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចាត់ទុកសកម្មភាពនេះថាបង្កឲ្យមានភាពច្របូលច្របល់ក្នុងសង្គម។ ហេតុអ្វីសកម្មភាពបុគ្គលដែលតាំងខ្លួនជា«គ្រូបារមី»នៅតែបន្តកើតមាន ខណៈដែលវិធានការត្រូវបានដាក់ចេញជាបន្តបន្ទាប់នាពេលកន្លងមក?
នៅថ្ងៃសុក្រ ទី២៣ ឧសភានេះ បណ្តាញអាស៊ីសម្រាប់ការបោះឆ្នោតដោយសេរី (ANFREL) បានចេញផ្សាយរបាយការណ៍មួយដោយអះអាងថា ដំណើរការលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាត្រូវបានបដិសេធ។ តាម ANFREL គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សគ្រប់គ្រងអំណាចយ៉ាងតឹងរឹង បើទោះបីជាបច្ចុប្បន្ន រដ្ឋសភា និងព្រឹទ្ធសភាមានសមាជិកមកពីគណបក្សនយោបាយផ្សេងក៏ដោយ។ អ្នកជំនាញផ្នែកប្រជាធិបតេយ្យយល់ឃើញថា របាយការណ៍ ANFREL បានឆ្លុះបញ្ចាំងពីការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ តែអ្នកនាំពាក្យគណបក្សកាន់អំណាចបានទាត់ចោលទាំងស្រុង និងឆ្លើយបកវិញថា គឺអ្នកធ្វើរបាយការណ៍ទៅវិញទេទើបជាអ្នកគ្មានប្រជាធិបតេយ្យ។
នៅក្នុងប្រទេសសិង្ហបុរី គណៈរដ្ឋមន្ត្រីថ្មីដែលមានសមាជិកចំនួន ១៧នាក់ល្បីល្បាញខាងពូកែធ្វើការ។ តែសមាសភាពគណៈរដ្ឋមន្ត្រីថ្មីរបស់ប្រទេសសមាជិកអាស៊ានដែលមានប្រជាជន ៦លាននាក់ និងផ្ទៃដីតែជាង៧០០គីឡូម៉ែត្រការ៉េមួយនេះ ត្រូវបានមហាជនលើកយកមកជជែកគ្នាតាមបណ្តាញសង្គម និងផ្សព្វផ្សាយតាមបណ្តាញព័ត៌មានក្នុងប្រទេសកម្ពុជាផងដែរ។ សិង្ហបុរីមាន GDP ចំនួន ៨៦ ០០០ដុល្លារ ហើយកម្ពុជាមាន GDP ជាង២០០០ដុល្លារសម្រាប់មនុស្សម្នាក់។ នៅកម្ពុជា គណៈរដ្ឋមន្ត្រីថ្មីមានសមាជិកជាង៥០នាក់ តែបើគិតទាំងមន្ត្រីនយោបាយ(រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ) គឺមានដល់ជាង ១ពាន់នាក់។ អ្នកវិភាគនានាយល់ឃើញថា កម្ពុជា និងសិង្ហបុរីមានស្ថានភាពខុសគ្នាជាច្រើនដែលគេមិនអាចប្រៀបធៀបគ្នាបានទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងក្នុងថ្ងៃទី២១ ខែឧសភាថា គុណភាពអប់រំកម្ពុជាខ្លាំង លុះត្រាតែរដ្ឋាភិបាលអាចទាក់ទាញគ្រូបង្រៀនមកសាលារដ្ឋឱ្យបានច្រើន។ ការលើកឡើងយ៉ាងដូច្នេះរបស់លោក ហ៊ុន ម៉ាណែតត្រូវបានអ្នកជំនាញផ្នែកសង្គម និងអប់រំខ្លះចាត់ទុកជារឿងមិនខុសឡើយ។ តែអ្នកជំនាញខ្លះទៀតយល់ថា ការទាក់ទាញគ្រូបង្រៀនមកសាលារដ្ឋច្រើនក៏នៅមិនទាន់គ្រប់គ្រាន់ដែរ ពោលរដ្ឋាភិបាល តាមរយៈក្រសួងអប់រំត្រូវផ្តោតលើការពង្រឹងសមត្ថភាព និងគុណភាពរបស់គ្រូបង្រៀនបន្ថែមទៀត។
ជារឿយៗ មិនថានៅភ្នំពេញ ឬនៅតាមបណ្តាខេត្តមួយចំនួននៅកម្ពុជា គេតែងឃើញមានអ្នកលោត ឬធ្លាក់ពីលើអគារខ្ពស់ដែលភាគច្រើនជាជនបរទេស។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២០ ខែឧសភានេះ មានជនបរទេសម្នាក់បានធ្លាក់ពីលើសណ្ឋាគារមួយនៅសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានីភ្នំពេញបណ្តាលឲ្យស្លាប់ភា្លមៗ។ នៅប៉ុន្មានថ្ងៃមុននេះ មានស្ត្រីជនជាតិចិន និងខ្មែរបានធ្លាក់ពីលើអគារខ្ពស់ស្លាប់នៅភ្នំពេញដែរ។ ករណីនេះត្រូវបានអ្នកតាមដានសង្គមមើលឃើញថា គឺជារឿងគួរឲ្យភា្ញក់ផ្អើល និងត្រូវមានការស៊ើបអង្កេតឲ្យបានជាក់លាក់ដើម្បីទប់ស្កាត់ និងរកយុត្តិធម៌ជូនជនរងគ្រោះ ប្រសិនបើជារឿងឃាតកម្ម។
តាមគម្រោង ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត នឹងទៅប្រទេសជប៉ុននាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ដើម្បីចូលរួមនៅក្នុងសន្និសីទអន្តរជាតិ។ ជាការកត់សម្គាល់ នៅពេលដែលមានមេដឹកនាំកម្ពុជាចេញទៅក្រៅប្រទេសម្តងៗ គេសង្កេតឃើញមានពលរដ្ឋខ្មែរមួយក្រុមចេញមុខប្រកាសទទួលស្វាគមន៍ ខណៈមានពលរដ្ឋខ្មែរមួយក្រុមទៀតដែលនៅក្រៅប្រទេសស្រាប់ចេញមុខប្រកាសធ្វើបាតុកម្ម។ តើសកម្មភាពទាំងពីរនេះឆ្លុះបញ្ចាំងយ៉ាងណាពីស្ថានភាពប្រទេសកម្ពុជាបច្ចុប្បន្ន និងថា តើសកម្មភាពទាំងពីរនេះចំណេញ ឬខាតសម្រាប់កម្ពុជា?
នៅថ្ងៃទី១៥ ខែឧសភា កម្ពុជា និងអាមេរិក បានបញ្ចប់ការចរចាជុំទី១ លើការដំឡើងពន្ធរបស់អាមេរិករហូតដល់៤៩%លើទំនិញពីកម្ពុជា ខណៈការចរចាជុំទី២គ្រោងធ្វើនៅសប្តាហ៍ទី១ក្នុងខែមិថុនា។ នៅក្នុងសេចក្តីប្រកាសរបស់រដ្ឋាភិបាលកម្ពុជាមិនបានបង្ហាញពីលទ្ធផលយ៉ាងណាលើការចរចាសុំបញ្ចុះពន្ធនេះទេ តែបានគូសបញ្ជាក់ថាភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាត្រង់ទៅត្រង់មកដើម្បីពង្រឹងបន្ថែមទំនាក់ទំនងពាណិជ្ជកម្ម និងបានពិភាក្សាគ្នាស៊ីជម្រៅលើសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ។ តើអ្វីទៅជាលទ្ធផលជាក់ស្តែងដែលកើតចេញពីការចរចាពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិកក្នុងជុំទី១?
From the publisher's feed

14 Listeners

1,104 Listeners

108 Listeners

3 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

13 Listeners

0 Listeners

14 Listeners

0 Listeners

5 Listeners