
Sign up to save your podcasts
Or


បេតែលជូសមានម៉ាស់ធំជាងព្រះអាទិត្យរបស់យើង ប្រហែលពី ១០ដង ទៅ ១៥ដង ហើយបើទោះជាវាទើបនឹងមានអាយុត្រឹមប្រមាណជា ១០លានឆ្នាំ ក៏ប៉ុន្តែ បេតែលជូសកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជីវិត ដែលអាចនឹងត្រូវផ្ទុះទៅជាស៊ូពើណូវ៉ាបានគ្រប់ពេលទាំងអស់។ នៅពេលដែលផ្កាយបេតែលជូសត្រូវផ្ទុះទៅជាស៊ូពើណូវ៉ា តើភពផែនដីអាចនឹងត្រូវរងនូវផលប៉ះពាល់អ្វីខ្លះ?
នៅក្នុងចក្រវាលរបស់យើងនេះ ក្រៅពីបន្ទុះប៊ីកប៊ែង និងបន្ទុះកាំរស្មីហ្កាម៉ា ដែលគេហៅជាភាសាអង់គ្លេសថា Gama-ray burst, ស៊ូពើណូវ៉ា គឺជាការផ្ទុះដ៏ខ្លាំងបំផុតមួយ គឺខ្លាំងជាងគ្រប់អ្វីៗផ្សេងទៀតទាំងអស់ ដែលមនុស្សយើងធ្លាប់ស្គាល់។ នៅពេលដែលផ្កាយមួយផ្ទុះទៅជាស៊ូពើណូវ៉ា វាបញ្ចេញពន្លឺភ្លឺខ្លាំងជាងកាឡាក់ស៊ីមួយទាំងមូលទៅទៀត ហើយកម្លាំងផ្ទុះរបស់វាអាចធ្វើឲ្យសារធាតុដែលនៅស្រទាប់ខាងក្រៅរបស់ផ្កាយ ត្រូវសាយភាយចេញទៅក្រៅ កាត់តាមលម្ហអវកាស ក្នុងល្បឿនរហូតដល់ទៅប្រមាណពី ១ម៉ឺន៥ពាន់ ទៅ ៤ម៉ឺនគីឡូម៉ែត្រក្នុងមួយវិនាទី ពោលគឺ រហូតដល់ទៅជាង ១០%ឯណោះ នៃល្បឿនរបស់ពន្លឺ។
គិតមកទល់នឹងសព្វថ្ងៃនេះ អ្នកវិទ្យាសាស្រ្តបានប៉ាន់ស្មានថា ស៊ូពើណូវ៉ាដែលកើតឡើង នៅក្នុងចម្ងាយត្រឹមប្រមាណជា ៥០ឆ្នាំពន្លឺពីយើង វាអាចនឹងធ្វើឲ្យស្រទាប់បរិយាកាសជុំវិញភពផែនដីរបស់យើងនេះត្រូវបាត់បង់ទាំងស្រុង ហើយជីវិតរបស់មនុស្សយើង ក៏ដូចជាគ្រប់ភារៈរស់ផ្សេងទៀត នៅលើភពផែនដីរបស់យើងនេះ អាចនឹងត្រូវស្លាប់ផុតពូជទាំងអស់។ ការសិក្សាខ្លះបង្ហាញថា ផលប៉ះពាល់ដល់ជីវិត ដោយសារបាតុភូតស៊ូពើណូវ៉ា អាចកើតឡើងរហូតដល់ទៅចម្ងាយប្រមាណជា ១៥០ឆ្នាំពន្លឺឯណោះ។
ទោះជាយ៉ាងណា ផ្កាយបេតែលជូសស្ថិតនៅចម្ងាយរហូតដល់ទៅប្រមាណជា ៦៥០ឆ្នាំ ទៅ ៧០០ឆ្នាំពន្លឺឯណោះពីភពផែនដីរបស់យើង។ ដូច្នេះ នៅពេលដែលបេតែលជូសផ្ទុះទៅជាស៊ូពើណូវ៉ា វានឹងមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតលើភពផែនដីរបស់យើងនោះទេ។ ក៏ប៉ុន្តែ គេរំពឹងថា វានឹងបង្កើតជាទស្សនីយភាពដ៏អស្ចារ្យមួយ នៅលើផ្ទៃមេឃ ពីព្រោះថា នៅពេលដែលបេតែលជូសផ្ទុះជាស៊ូពើណូវ៉ា វានឹងជះពន្លឺដ៏ខ្លាំង ដែលយើងអាចមើលឃើញសូម្បីតែនៅពេលថ្ងៃ ចំណែកនៅពេលយប់វិញ ពន្លឺស៊ូពើណូវ៉ានេះនឹងត្រូវកើនឡើងបន្តិចម្តងៗ រហូតអាចនឹងត្រូវភ្លឺប្រហាក់ប្រហែលនឹងព្រះចន្ទពេញវង់ ដោយវានឹងភ្លឺក្នុងរយៈពេលរហូតដល់ទៅរាប់ខែឯណោះ មុននឹងត្រូវថមថយពន្លឺទៅវិញបន្តិចម្តងៗ រហូតដល់ពេលមួយ បេតែលជូសនឹងត្រូវបាត់ពីផ្ទៃមេឃរបស់យើងជារៀងរហូត។
អ្នកវិទ្យាសាស្ត្របានព្យាករថា ការផ្ទុះជាស៊ូពើណូវ៉ារបស់បេតែលជូសនេះអាចនឹងកើតឡើង នៅក្នុងរយៈពេលប្រមាណជា ១០ម៉ឺនឆ្នាំទៀត ឬក៏វាអាចកើតឡើងនៅថ្ងៃស្អែក ឬក៏វាអាចកើតឡើងរួចទៅហើយក៏អាចថាបាន គ្រាន់តែយើងមិនទាន់អាចមើលឃើញតែប៉ុណ្ណោះ។ នេះគឺដោយសារតែបេតែលជូសស្ថិតនៅចម្ងាយរហូតដល់ទៅប្រមាណជា ៧០០ឆ្នាំពន្លឺពីយើង ហើយចាប់ពីពេលផ្ទុះជាស៊ូពើណូវ៉ា ពន្លឺចេញពីស៊ូពើណូវ៉ានេះ ត្រូវការពេលរហូតដល់ទៅ ៧០០ឆ្នាំឯណោះ ទើបធ្វើដំណើរមកដល់ផែនដី ហើយអាចឲ្យយើងមើលឃើញវាបាន៕
នៅក្នុងចក្រវាលរបស់យើងនេះ ក្រៅតែពីបន្ទុះប៊ីកប៊ែង (Big Bang) មានតែបាតុភូតពីរទៀតប៉ុណ្ណោះ ដែលមានកម្លាំងផ្ទុះដ៏ខ្លាំងមហិមាបំផុត គឺការផ្ទុះកាំរស្មីហ្កាម៉ា (Gamma-ray burst) និងបាតុភូត "ស៊ូពើណូវ៉ា" (Supernova)។ តើបាតុភូត "ស៊ូពើណូវ៉ា" នេះគឺជាអ្វី? តើវាកើតឡើងដោយរបៀបណា? ហេតុអ្វីបានជាគេឲ្យឈ្មោះបាតុភូតនេះថា "ស៊ូពើណូវ៉ា"?
យប់មួយ នៅក្នុងឆ្នាំ១៦០៤ តារាវិទូអាល្លឺម៉ង់ យ៉ូហាណេស កេព្ល័រ (Johannes Kepler) បានសង្កេតឃើញផ្កាយដ៏ចម្លែកមួយដួង នៅចន្លោះផ្កាយវិច្ឆិកា (Scorpius) និងផ្កាយធ្នូ (Sagittarius) ជាផ្កាយថ្មីមួយ ដែលគេមិនធ្លាប់ឃើញមានសោះកាលពីមុន ក៏ស្រាប់តែលេចមុខឡើង ហើយពីយប់មួយទៅយប់មួយ វាមានពន្លឺកាន់តែភ្លឺខ្លាំងឡើងៗ រហូតកើនឡើងហួសកម្រិតពន្លឺរបស់ផ្កាយព្រហស្បតិ៍ ក្នុងរយៈពេលត្រឹមតែប៉ុន្មានយប់តែប៉ុណ្ណោះ។
កាលពីប្រមាណជា ៣០ឆ្នាំមុន យ៉ូហាណេស កេព្ល័រ តារាវិទូដ៏ល្បីល្បាញមួយរូបទៀត គឺតារាវិទូដាណឺម៉ាក ទីកូ ប្រាហេ (Tycho Brahe) ក៏ធ្លាប់សង្កេតឃើញបាតុភូតស្រដៀងគ្នានេះដែរ នៅក្នុងបណ្តុំផ្កាយ “កាស្យូពេ” (Cassiopeia)។ ទាំង កេព្ល័រ និង ទាំង ទីកូ ប្រាហេ សុទ្ធតែនាំគ្នាកំណត់ថា ផ្កាយដែលគេមិនធ្លាប់ឃើញសោះ ហើយក៏ស្រាប់តែលេចមុខឡើង ក្នុងពន្លឺចែងចាំងភ្លាមៗបែបនេះ គឺប្រាកដជាផ្កាយ ដែលទើបនឹងចាប់កំណើតឡើងថ្មី ហើយបានហៅផ្កាយទាំងនេះថា « Stella Nova »។ តាមភាសាឡាតាំង « Stella » គឺ “ផ្កាយ” ហើយ « Nova » គឺមានន័យថា “ថ្មី”។
ជាច្រើនឆ្នាំក្រោយៗមកទៀត អ្នកវិទ្យាសាស្រ្តបានរកឃើញថា បាតុភូត ដែលយ៉ូហាណេស កេព្ល័រ និងទីកូ ប្រាហេ ហៅថា « Stella Nova » នេះ តាមការពិតទៅ មិនមែនជាការចាប់កំណើតផ្កាយថ្មី នោះទេ ផ្ទុយទៅវិញ គឺជាការស្លាប់របស់ផ្កាយ នៅក្នុងហេតុការណ៍ផ្ទុះដ៏សម្បើមបំផុតមួយនៅក្នុងចក្រវាល។ មកទល់នឹងពេលនេះ បាតុភូតនេះនៅតែបន្តជាប់ឈ្មោះថា « Nova » ដដែល គឺ “ស៊ូពើណូវ៉ា” (Supernova)។
ផ្កាយ គឺជាដុំស៊្វែរឧស្ម័ន ដែលមានម៉ាស់យ៉ាងសម្បើមៗ រហូតបង្កើតជាសម្ពាធ និងសីតុណ្ហភាពរាប់លានអង្សា នាំឲ្យមានប្រតិកម្មនុយក្លេអ៊ែរ (ហ្វុយស្យុងនុយក្លេអ៊ែរ) នៅក្នុងស្នូលរបស់ផ្កាយ។ ហ្វុយស្យុងនុយក្លេអ៊ែរនេះហើយ ដែលធ្វើឲ្យផ្កាយ ដូចជាព្រះអាទិត្យរបស់យើងជាដើម អាចបញ្ចេញថាមពល និងពន្លឺជាប់ជាប់ជាប្រចាំឥតដាច់ ក្នុងរយៈពេលរហូតដល់ទៅរាប់ពាន់លានឆ្នាំ។ ថាមពលដែលចេញពីប្រតិកម្មនុយក្លេអ៊ែរក្នុងស្នូលនេះ វាក៏បង្កើតឲ្យមានផងដែរនូវកម្លាំងរុញចេញពីស្នូលសំដៅទៅស្រទាប់ខាងក្រៅរបស់ផ្កាយ។
នៅក្នុងដំណាក់កាលធម្មតានៃជីវិតរបស់ផ្កាយ ដែលគេហៅជាភាសាអង់គ្លេសថា « Main sequence star » ផ្កាយស្ថិតនៅក្នុងស្ថានភាពលំនឹងមួយ គឺថាមពលដែលចេញពីប្រតិកម្មនុយក្លេអ៊ែរនៅក្នុងស្នូលរបស់ផ្កាយបង្កើតបានជាកម្លាំងរុញទៅខាងក្រៅ ក្នុងកម្រិតមួយល្មមគ្រប់គ្រាន់អាចទប់ជាមួយនឹងកម្លាំងទំនាញ ដែលទាញសារធាតុសំដៅទៅកាន់ស្នូល។
នៅពេលដែលប្រតិកម្មនុយក្លេអ៊ែរនេះប្រើអស់សារធាតុអ៊ីដ្រូសែន ផ្កាយត្រូវចូលដំណាក់កាលចុងក្រោយនៃជីវិត ដោយដំបូងត្រូវរីកប៉ោងក្លាយជា "ផ្កាយយក្សក្រហម" ហើយបន្ទាប់មកទៀត សម្រាប់ផ្កាយដែលមានម៉ាស់ក្នុងចន្លោះ ពី ៨ដង ទៅ ១៥ដងនៃម៉ាស់របស់ព្រះអាទិត្យ វានឹងត្រូវផ្ទុះជាស៊ូពើណូវ៉ា រួចហើយបន្សល់ទុកតែស្នូលខាងក្នុង ដែលត្រូវក្លាយទៅជាផ្កាយដែលផ្សំឡើងដោយណឺត្រុងសុទ្ធសាធ ហើយដែលគេឲ្យឈ្មោះថា "ផ្កាយណឺត្រុង" (Neutron star)៕
ពហុចក្រវាល ឬហៅជាភាសាអង់គ្លេសថា « Multiverse » គឺជាប្រធានបទដ៏ពេញនិយមមួយ នៅក្នុងការជជែកវែកញែកគ្នា ក៏ដូចជានៅក្នុងរឿងប្រលោមលោក ឬខ្សែភាពយន្ត។ ថ្វីដ្បិតតែមកទល់នឹងសព្វថ្ងៃនេះ គ្មានភស្តុតាងណាមួយដែលអាចបញ្ជាក់បានពិតប្រាកដ ក៏ប៉ុន្តែ ពហុចក្រវាលនេះមិនមែនជារឿងប្រឌិតសុទ្ធសាធនោះតែ តែវាមានមូលដ្ឋានលើទ្រឹស្តីវិទ្យាសាស្រ្តចម្បងមួយ គឺចេញពីទ្រឹស្តីរូបវិទ្យាកង់ទិក។
តើចក្រវាលមានតែមួយគត់ ឬក៏ក្រៅពីចក្រវាលរបស់យើងនេះ នៅមានចក្រវាលច្រើនផ្សេងទៀត? តើអាចជារឿងទៅរួចទេ ដែលអ្វីៗដែលមាននៅក្នុងចក្រវាលរបស់យើងនេះ (កាឡាក់ស៊ី ភពផែនដី មនុស្សយើង) អាចមានស្រដៀងគ្នានៅក្នុងចក្រវាលជាច្រើនផ្សេងទៀត? តើអាចទេ ដែលមនុស្សម្នាក់ៗអាចមានវត្តមាន នៅក្នុងចក្រវាលច្រើនផ្សេងៗគ្នា ក៏ប៉ុន្តែ មានជោគវាសនា មានគន្លងជីវិតខុសៗគ្នា?
យោងតាមទ្រឹស្តីរូបវិទ្យាកង់ទិក អាតូម ក៏ដូចជាភាគល្អិតផ្សេងទៀត នៅក្នុងពិភពកង់ទិក អាចស្ថិតនៅក្នុងទីតាំងច្រើនផ្សេងគ្នា ឬក្នុងសភាពខុសៗគ្នាក្នុងពេលតែមួយ ដែលគេហៅជាភាសាអង់គ្លេសថា « Superposition »។ នេះជាលក្ខណៈដ៏ចម្លែកមួយនៃរូបវិទ្យាកង់ទិក ដែលជាទូទៅត្រូវបានលើកបង្ហាញតាមរយៈពិសោធន៍អំពីសត្វឆ្មារបស់ Erwin Schrödinger។
យោងតាមពិសោធន៍នេះ សត្វឆ្មាដែលស្ថិតនៅក្នុងហឹបបិទជិតត្រូវស្ថិតក្នុងស្ថានភាព Superposition គឺស្លាប់ផង និងរស់ផង ក្នុងពេលតែមួយ។ រហូតទាល់តែក្រោយពេលដែលយើងបើកហឹបនេះមើល ទើបជោគវាសនារបស់សត្វឆ្មាត្រូវបានកំណត់ គឺឬមួយឆ្មាស្លាប់ ឬមួយឆ្មានៅរស់។
យោងតាមបិតាស្ថាបនិករូបវិទ្យាកង់ទិកពីររូប គឺ Niels Bohr និង Werner Heisenberg ចំណុចគន្លឹះ ដែលនាំឲ្យ Superposition របស់សត្វឆ្មាត្រូវបញ្ចប់ គឺការសង្កេត និងវាស់វែង។ មុនពេលមានការសង្កេត និងវាស់វែង គ្រប់អ្វីៗទាំងអស់នៅជារលកនៃប្រូបាប៊ីលីតេ (Quantum Wave Function) ដោយគោរពទៅតាមសមីការ Schrödinger។ នៅពេលដែលមានការសង្កេត និងវាស់វែងមើល វាតម្រូវឲ្យរលកនៃប្រូបាប៊ីលីតេត្រូវបញ្ចប់ (Wave function collapse) ហើយតម្រូវឲ្យអាតូម ឬក៏ភាគល្អិតក្រោមអាតូមត្រូវមានអត្ថិភាពនៅក្នុងទីតាំងណាមួយ ឬនៅក្នុងស្ថានភាពណាមួយជាក់លាក់។ នេះជាការបកស្រាយមួយ ទៅលើទ្រឹស្តីរូបវិទ្យាកង់ទិក ដែលគេច្រើនហៅជាភាសាអង់គ្លេសថា Copenhagen interpretation។
ក៏ប៉ុន្តែ យោងតាមការបកស្រាយមួយទៀត ដែលស្នើឡើងដោយរូបវិទូអាមេរិក Hugh Everett Superposition នៃមេកានិកកង់ទិក ត្រូវបន្តទៅមុខជាអចិន្ត្រៃយ៍ ដោយមិនត្រូវបញ្ចប់ដោយការសង្កេត និងវាស់វែងណាមួយនោះទេ ហើយរលកកង់ទិក ឬ Wave Function គឺជាគោលការណ៍គ្រឹះនៃមេកានិកកង់ទិក ដែលមានលក្ខណៈអចិន្ត្រៃយ៍ ដោយគ្មានការបញ្ចប់ (Wave function collapse) ដូចការបកស្រាយទៅតាម Copenhagen interpretation នោះទេ។
នៅក្នុងករណី Schrödinger’s Cat បើយោងទៅតាមការបកស្រាយរបស់ Hugh Everett គេមិនអាចបែងចែកដាច់ពីគ្នា រវាងអ្វីដែលនៅក្នុងហឹបថាជាមេកានិកកង់ទិក ហើយអ្វីដែលនៅក្រៅហឹបថាជាមេកានិកក្លាស៊ិកបាននោះទេ។ ឆ្មា និងអាតូមដែលនៅក្នុងហឹបស្ថិតក្រោមច្បាប់កង់ទិក មនុស្សយើងដែលនៅក្រៅហឹប ហើយដែលផ្សំឡើងពីអាតូម និងភាគល្អិតក្រោមអាតូមដូចគ្នា ក៏ត្រូវតែស្ថិតក្រោមច្បាប់កង់ទិកដូចគ្នានេះដែរ។ ដូចគ្នាដែរចំពោះបរិស្ថានដែលនៅជុំវិញ ទាំងបរិស្ថាននៅក្នុងហឹប និងបរិស្ថាននៅក្រៅហឹប ដែលសុទ្ធតែផ្សំឡើងដោយអាតូម និងភាគល្អិតក្រោមអាតូម ក៏សុទ្ធតែត្រូវស្ថិតក្រោមច្បាប់កង់ទិកដូចគ្នាទាំងអស់។
ដូច្នេះ បើឆ្មាដែលនៅក្នុងហឹបស្ថិតក្នុងស្ថានភាព Superposition នៅពេលដែលយើងបើកហឹបនេះមើល យើងក៏ស្ថិតក្នុងស្ថានភាព Superposition នៃមេកានិកកង់ទិកនេះដូចគ្នា។ Superposition របស់ឆ្មា គឺឆ្មាស្លាប់ផង និងឆ្មានៅរស់ផងក្នុងពេលតែមួយ ហើយ Superposition របស់យើង គឺយើងបើកហឹបមើលឃើញឆ្មាស្លាប់ផង និងយើងឃើញឆ្មានៅរស់ផង ក្នុងពេលតែមួយ។
ក៏ប៉ុន្តែ នៅក្នុងស្ថានភាពជាក់ស្តែង យើងមិនអាចដឹងខ្លួនថា យើងមើលឃើញឆ្មាស្លាប់ផង និងឆ្មានៅរស់ផង ពីព្រោះថា យោងទៅតាមគោលការណ៍ពីរទៀតនៃមេកានិកកង់ទិក គោលការណ៍ដែលគេហៅជាភាសាអង់គ្លេសថា Quantum Decoherence និង Quantum Entanglement ទាំងឆ្មា ទាំងយើង និងទាំងបរិស្ថានដែលនៅជុំវិញខ្លួនយើង ត្រូវស្ថិតក្នុងស្ថានភាព Superposition ដែលបែកខ្នែងចេញទៅជាពិភពពីរដាច់ពីគ្នា ឯករាជ្យដាច់ចេញពីគ្នា ដោយគ្មានព័ត៌មានឆ្លងគ្នាពីពិភពមួយទៅពិភពមួយទៀតបាននោះទេ។
ដូច្នេះ បើយោងទៅតាមការបកស្រាយរបស់ Hugh Everett នៅក្នុងពិភពមួយ ឬចក្រវាលមួយ យើងបើកហឹបមើលឃើញឆ្មាស្លាប់ ហើយនៅក្នុងពេលទន្ទឹមគ្នានេះ នៅក្នុងចក្រវាលមួយផ្សេងទៀត យើងបើកហឹបមើលឃើញឆ្មានៅរស់ ហើយចក្រវាលទាំងពីរនេះ ថ្វីដ្បិតតែស្ថិតនៅទន្ទឹមគ្នា ក្នុងពេលតែមួយ ក៏ប៉ុន្តែ ឯករាជ្យដាច់ចេញពីគ្នា។
ការបកស្រាយរបស់ Hugh Everett ទៅលើរូបវិទ្យាកង់ទិកនេះ ត្រូវបានគេស្គាល់ជាទូទៅជាភាសាអង់គ្លេសថា Many-worlds interpretation ហើយការបកស្រាយនេះហើយ ដែលជាមូលដ្ឋានគ្រឹះមួយ ដែលកំណត់ថា ចក្រវាលត្រូវមានច្រើន គឺអាចមានចំនួនច្រើនដោយគ្មានដែនកំណត់៕
នៅឆ្នាំ១៩២៤ អ្នកប្រាជ្ញរូបវិទ្យាបារាំង Louis de Broglie បានរកឃើញទ្រឹស្តី ដែលលើកឡើងថា អេឡិចត្រុងគឺជារលកផង និងជាភាគល្អិតផង (Wave-particle duality) ហើយពីរឆ្នាំក្រោយមកទៀត អ្នកប្រាជ្ញរូបវិទ្យាអូទ្រីស Erwin Schrödinger បានរកឃើញសមីការ ដែលបញ្ជាក់អំពីរលកកង់ទិក ហើយដែលជាមូលដ្ឋានគ្រឹះនៃរូបវិទ្យាកង់ទិក។ ក៏ប៉ុន្តែ មិនយូរប៉ុន្មានក្រោយមក Schrödinger បានសង្កេតឃើញភាពចម្លែកនៃទ្រឹស្តីកង់ទិកនេះ ហើយបានបញ្ជាក់ អំពីភាពចម្លែកនេះ តាមរយៈឧទាហរណ៍អំពីសត្វឆ្មារ (Schrödinger's cat)។
ជិត២០ឆ្នាំក្រោយពីអាញស្តាញចុះផ្សាយទ្រឹស្តី ដែលបង្ហាញថា ពន្លឺ ដែលកាលពីមុនគេធ្លាប់តែគិតថាជារលក ត្រូវផ្សំឡើងដោយបណ្តុំថាមពលជាភាគល្អិត គឺហ្វូតុង នៅឆ្នាំ១៩២៤ រូបវិទូបារាំងឈ្មោះ ល្វី ដឺប្រឺយ (Louis de Broglie) នៅក្នុងនិក្ខេបបទបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត បានលើកឡើងនូវទ្រឹស្តីមួយថា អេឡិចត្រុង ដែលគេស្គាល់តាំងពីដើមមកថាជាភាគល្អិតនោះ បែរជាមានលក្ខណៈជារលកទៅវិញ។ មែនទែនទៅ យោងតាមទ្រឹស្តីរបស់ ល្វី ដឺប្រឺយ អេឡិចត្រុង ក៏ដូចជាភាគល្អិតផ្សេងទៀតដែរ គឺមានលក្ខណៈជាភាគល្អិតផង និងជារលកផង ទ្រឹស្តី ដែលគេហៅជាភាសាអង់គ្លេសថា Wave-particle duality។
នៅឆ្នាំ១៩២៦ រូបវិទូអូទ្រីសឈ្មោះ Erwin Schrödinger បានសិក្សាស្រាវជ្រាវលម្អិត ទៅលើទ្រឹស្តីរលកអេឡិចត្រុងរបស់ ល្វី ដឺប្រឺយ ហើយបានរកឃើញសមីការ ដែលអាចពិពណ៌នា និងព្យាករអំពីដំណើរវិវឌ្ឍរបស់រលកអេឡិចត្រុង ក៏ដូចជា ភាគល្អិតផ្សេងទៀត នៅក្នុងកម្រិតកង់ទិក។ សមីការនេះត្រូវបានស្គាល់ជាទូទៅថា “សមីការ Schrödinger” (Schrödinger equation) ហើយដែលជាមូលដ្ឋានគ្រឹះចម្បងបំផុតនៃរូបវិទ្យាកង់ទិក។
គេអាចនិយាយដោយប្រៀបធៀបគ្នាបានថា ច្បាប់ចលនានៃមេកានិកក្លាស៊ិក គឺមានសមីការរបស់អ៊ីសាក់ញូតុនជាមូលដ្ឋានគ្រឹះ រីឯមេកានិកកង់ទិកវិញ សមីការជាមូលដ្ឋានគ្រឹះចម្បងបំផុត គឺសមីការរបស់ Schrödinger។ នៅក្នុងមេកានិកក្លាស៊ិក សមីការរបស់ញូតុន ជាគន្លឹះក្នុងការពិពណ៌នា និងព្យាករយ៉ាងសុក្រឹត អំពីចលនារបស់ភព ផ្កាយ និងកាឡាក់ស៊ី ចំណែកនៅក្នុងមេកានិកកង់ទិកវិញ សមីការរបស់ Schrödinger គឺជាគន្លឹះក្នុងការពិពណ៌នា និងព្យាករ អំពីអាតូម និងភាគល្អិតក្រោមអាតូម។
ក៏ប៉ុន្តែ ផ្ទុយស្រឡះពីមេកានិកក្លាស៊ិក ដែលការព្យាករអាចធ្វើឡើងបានយ៉ាងជាក់លាក់ នៅក្នុងមេកានិកកង់ទិកវិញ សមីការរលកកង់ទិកអាចឲ្យគេព្យាករបានត្រឹមតែជាប្រូបាប៊ីលីតេតែប៉ុណ្ណោះ មានន័យថា នៅក្នុងពិភពកង់ទិក អេឡិចត្រុង ក៏ដូចជាភាគល្អិតផ្សេងទៀតដែរ មិនមានអត្ថិភាពពិតប្រាកដនោះទេ ដោយគេមិនអាចកំណត់បានច្បាស់លាស់ថា វាមានចលនាបែបណា ទៅទិសខាងណា ឬស្ថិតនៅទីតាំងណាមួយពិតប្រាកដនោះទេ។ មែនទែនទៅ គេមិនត្រឹមតែមិនអាចដឹងថា អេឡិចត្រុងស្ថិតនៅទីតាំងណាមួយ ឬក្នុងសភាពបែបណាមួយពិតប្រាកដនោះទេ ក៏ប៉ុន្តែ ទៅតាមគោលការណ៍នៃមេកានិកកង់ទិក អេឡិចត្រុងអាចស្ថិតនៅក្នុងទីតាំងច្រើនផ្សេងគ្នា ឬក្នុងសភាពខុសគ្នាក្នុងពេលតែមួយ ដែលគេហៅជាភាសាអង់គ្លេសថា « Superposition »។
នេះគឺជាភាពចម្លែក ដែលសូម្បីតែ Erwin Schrödinger ខ្លួនឯងផ្ទាល់ ក៏ពិបាកនឹងទទួលយក ហើយដើម្បីបង្ហាញពីភាពចម្លែកនេះ Erwin Schrödinger បានលើកឡើង អំពីពិសោធន៍ទៅលើសត្វឆ្មារ ដែលគេតែងតែស្គាល់ជាភាសាអង់គ្លេសថា Schrödinger's cat។
នៅក្នុងពិសោធន៍របស់ Schrödinger នេះ គេយកសត្វឆ្មារមួយក្បាលទៅដាក់នៅក្នុងហឹបបិទជិត ដោយនៅក្នុងហឹបនោះ មានផ្ទុកសារធាតុវិទ្យុសកម្ម ដែលអាតូមរបស់វាអាចមានបម្រែបម្រួលវិទ្យុសកម្ម (Radioactive decay) ក្នុងប្រូបាប៊ីលីតេ ៥០%-៥០% ពោលគឺ ប្រូបាប៊ីលីតេ ៥០% ដែលវាបំភាយវិទ្យុសកម្ម ហើយ ៥០% មិនបំភាយវិទ្យុសកម្ម។
នៅក្នុងហឹបនោះដែរ គេដាក់ដបឧស្ម័នពុល ដោយមានយន្តការពិសេស ភ្ជាប់ជាមួយនឹងឧបករណ៍ចាប់សញ្ញាវិទ្យុសកម្ម។ ប្រសិនបើមានការបំភាយវិទ្យុសកម្ម យន្តការពិសេសនឹងបញ្ចេញឧស្ម័នពុល ហើយសត្វឆ្មារនឹងត្រូវស្លាប់។ ផ្ទុយទៅវិញ បើសិនជាគ្មានការបំភាយវិទ្យុសកម្មទេ ឧស្ម័នពុលក៏នឹងមិនត្រូវបំភាយចេញ ហើយសត្វឆ្មារត្រូវនៅរស់។ និយាយជារួម ជោគវាសនារបស់សត្វឆ្មារត្រូវផ្សាភ្ជាប់ទៅនឹងអាតូម គឺមានប្រូបាប៊ីលីតេ ៥០% ឆ្មារត្រូវស្លាប់ ហើយ ៥០% ឆ្មារនៅរស់។
យោងទៅតាមគោលការណ៍នៃរូបវិទ្យាកង់ទិក ដរាបណាគេមិនទាន់បើកហឹបនេះមើលទេ អាតូមត្រូវស្ថិតនៅក្នុងស្ថានភាពពីរក្នុងពេលតែមួយ គឺបំភាយវិទ្យុសកម្ម និងមិនបំភាយវិទ្យុសកម្ម ហើយដោយសារតែជោគវាសនារបស់សត្វឆ្មារត្រូវផ្សាភ្ជាប់នឹងអាតូម ដូច្នេះ សត្វឆ្មារក៏ត្រូវស្ថិតក្នុងស្ថានភាពពីរក្នុងពេលតែមួយដូចគ្នា គឺស្លាប់ផង និងនៅរស់ផង។ រហូតទាល់តែដល់ពេលដែលគេបើកហឹបនោះមើល ទើបគេឃើញឆ្មារស្លាប់ ឬឆ្មារនៅរស់។
ស្ថានភាព Superposition គឺ ឆ្មារអាចនៅរស់ផង និងស្លាប់ផង ក្នុងពេលតែមួយនេះហើយ ដែលជារឿងដ៏សែនចម្លែក ដែល Erwin Schrödinger គិតថា វាគឺជារឿងដែលមិនសមហេតុផល ហើយមិនអាចទៅរួច៕
យោងតាមទ្រឹស្តីកង់ទិក គ្រប់អ្វីៗទាំងអស់ ដែលស្ថិតក្នុងកម្រិតអាតូម ឬក្រោមអាតូម ដរាបណាគេនៅមិនទាន់សង្កេត និងវាស់វែងមើលទេនោះ វាមិនមានអត្ថិភាពពិតប្រាកដនោះទេ ដោយអ្វីៗមានត្រឹមតែជារលកនៃប្រូបាប៊ីលីតេតែប៉ុណ្ណោះ។ នេះហើយជាភាពចម្លែកដែលអ្នកវិទ្យាសាស្រ្តជាបិតាស្ថាបនិករូបវិទ្យាកង់ទិច តែងតែបានលើកឡើងជាសង្ខេបថា គ្រប់អ្វីៗដែលយើងកំណត់ថាជាវត្ថុពិត អាចមើលឃើញ អាចពាល់បាន ក៏ប៉ុន្តែ ត្រូវផ្សំឡើងដោយភាគល្អិត ដែលទៅតាមលក្ខណៈធម្មជាតិ មិនអាចជាវត្ថុពិត។
យោងតាមទ្រឹស្តីរបស់អាញស្តាញ និងការពិសោធន៍ជាក់ស្តែងទៅលើឥទ្ធពលហ្វូតូអេឡិចទ្រិក ពន្លឺគឺជាភាគល្អិត ដែលគេឲ្យឈ្មោះថា “ហ្វូតុង”។ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា ការពិសោធន៍ជាច្រើនផ្សេងទៀត ក៏សុទ្ធតែបង្ហាញផងដែរថា ពន្លឺគឺជារលក គឺរលកអេឡិចត្រូម៉ាញេទិក។ បើដូច្នេះ តើពន្លឺគឺជាអ្វីពិតប្រាកដ? ជារលក (Wave) ឬក៏ជាភាគល្អិត (Particle)?
ប៉ុន្មានឆ្នាំក្រោយការចេញផ្សាយទ្រឹស្តីរបស់អាញស្តាញ ភាពចម្លែកមួយទៀតក៏កើតមានឡើង ដោយលើកនេះ ទាក់ទងនឹងភាគល្អិតវិញម្តង គឺអេឡិចត្រុង។
នៅក្នុងការធ្វើពិសោធន៍ទៅលើអេឡិចត្រុងនេះ ដែលគេហៅថា “Double-slit experiment” គេបង្កើតចន្លោះពីរ មានរាងបញ្ឈរ ហើយស្ថិតនៅទន្ទឹមគ្នា រួចហើយបញ្ជូនអេឡិចត្រុងឲ្យឆ្លងកាត់ចន្លោះទាំងពីរនេះ ទៅប៉ះនឹងផ្ទាំងដែលនៅខាងក្រោយ។ ដោយសារតែតាមការយល់ដឹងពីមុនមក គេដឹងថា អេឡិចត្រុងគឺជាភាគល្អិត ដូច្នេះ អេឡិចត្រុងនីមួយៗគួរតែធ្វើដំណើរឆ្លងកាត់ចន្លោះណាមួយក្នុងចំណោមចន្លោះទាំងពីរ ហើយទៅប៉ះនឹងផ្ទាំងដែលនៅខាងក្រោយ បង្កើតជាគំនូសបញ្ឈរពីរទន្ទឹមគ្នា។
ក៏ប៉ុន្តែ ខុសពីការរំពឹងទុក នៅក្នុងការធ្វើពិសោធន៍ជាក់ស្តែង គេសង្កេតឃើញថា នៅលើផ្ទាំងដែលស្ថិតនៅខាងក្រោយនោះ អេឡិចត្រុងមិនបង្កើតត្រឹមតែបន្ទាត់បញ្ឈរពីរនោះទេ តែបង្កើតជាបន្ទាត់ច្រើនបញ្ឈរតម្រៀបគ្នា គឺក្នុងទម្រង់ដូចគ្នាទាំងស្រុងទៅនឹងការពិសោធន៍ Double-slit experiemnt ទៅលើរលក។
នេះគឺជាចំណុចរបត់ដ៏ចម្បងមួយ នៅក្នុងវិស័យវិទ្យាសាស្រ្តសម័យទំនើប ហើយជាការរុះរើឡើងវិញទាំងស្រុង នូវចំណេះដឹងវិទ្យាសាស្រ្ត ដែលមនុស្សយើងធ្លាប់មានកាលពីមុន។ កាលពីមុន ពន្លឺ ដែលយើងធ្លាប់តែដឹងថា គឺជារលក ក៏ប៉ុន្តែ ត្រូវបានគេរកឃើញថា ត្រូវផ្សំឡើងដោយភាគល្អិត គឺ ហ្វូតុង។ ចំណែកអេឡិចត្រុងវិញ ដែលយើងធ្លាប់តែដឹងថា គឺជាភាគល្អិត ឥឡូវ ត្រូវបានគេធ្វើពិសោធន៍ឃើញមានលក្ខណៈជារលកទៅវិញ។
ដើម្បីពន្យល់អំពីភាពចម្លែកនេះ Niels Bohr អ្នកប្រាជ្ញរូបវិទ្យាដាណឺម៉ាក និងអ្នកប្រាជ្ញមួយចំនួនផ្សេងទៀត នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩២០ រួមមានដូចជា Erwin Schrödinger, Paul Dirac និង Werner Heisenberg ក៏បានបង្កើតទ្រឹស្តីថ្មី គឺទ្រឹស្តីរូបវិទ្យាកង់ទិក។
យោងតាមទ្រឹស្តីរូបវិទ្យាកង់ទិក នៅក្នុងពិសោធន៍ Double-slit experiment អេឡិចត្រុងនៅពេលកំពុងធ្វើដំណើរ មិនមានរូបរាង ឬក៏ទីតាំងជាក់លាក់នោះទេ គឺគ្រាន់តែជារលកនៃប្រូបាប៊ីលីតេតែប៉ុណ្ណោះ។ អេឡិចត្រុងជារលកនេះ ឆ្លងកាត់តាមចន្លោះទាំងពីរ នៅក្នុងពេលតែមួយ បង្កើតជារលកពីរដាច់ពីគ្នា ហើយមានឥទ្ធិពលលើគ្នាទៅវិញទៅមក បង្កើតទៅជាទម្រង់នៃប្រូបាប៊ីលីតេថ្មីមួយទៀត ហើយទាល់តែនៅពេលដែលរលកនេះធ្វើដំណើរទៅប៉ះនឹងផ្ទាំងដែលនៅខាងក្រោយ ទើបអ្វីៗដែលត្រឹមតែជារលកនៃប្រូបាប៊ីលីតេត្រូវប្រែក្លាយខ្លួនជាចំណុចនៃភាគល្អិតមួយ នៅត្រង់ទីតាំងណាមួយ អាស្រ័យទៅតាមប្រូបាប៊ីលីតេ។
ទៅតាមទ្រឹស្តីកង់ទិកនេះ គ្រប់អ្វីៗទាំងអស់ ដែលស្ថិតក្នុងកម្រិតអាតូម ឬក្រោមអាតូម ដរាបណាគេនៅមិនទាន់សង្កេត និងវាស់វែងមើលទេនោះ វាមិនមានអត្ថិភាពពិតប្រាកដនោះទេ។ គ្មានទីតាំងជាក់លាក់ ហើយក៏គ្មានរូបរាងជាក់លាក់នោះដែរ ដោយអ្វីៗមានត្រឹមតែជារលកនៃប្រូបាប៊ីលីតេតែប៉ុណ្ណោះ រហូតទាល់តែគេវាស់មើល ទើបអ្វីដែលជារលកនៃប្រូបាប៊ីលីតេនេះត្រូវមានរូបរាង និងទីតាំងពិតប្រាកដ៕
អាល់ប៊ែរ អាញស្តាញ (Albert Einstein) ត្រូវបានគេស្គាល់ជាទូទៅ តាមរយៈទ្រឹស្តី Relativity ក៏ប៉ុន្តែ របកគំហើញ ដែលធ្វើឲ្យអាញស្តាញបានទទួលរង្វាន់ណូបែលរូបវិទ្យា គឺទាក់ទងនឹងឥទ្ធិពលហ្វូតូអេឡិចទ្រិក (Photoelectric effect) ហើយដែលនាំទៅដល់ទ្រឹស្តីដ៏ចម្បងមួយ នៅក្នុងរូបវិទ្យាកង់ទិក គឺទ្រឹស្តីដែលថា ពន្លឺត្រូវផ្សំឡើងដោយភាគល្អិត ដែលគេហៅថា "កង់តា" ហើយដែលក្រោយមកត្រូវបានគេហៅថា "ហ្វូតុង" (Photon)។
នៅក្នុងអំឡុងឆ្នាំ១៩០០ អ្នកប្រាជ្ញអាល្លឺម៉ង់ ឈ្មោះ Max Planck ដែលសិក្សាទៅលើភាពចម្លែក នៅក្នុងទំនាក់ទំនង រវាងសីតុណ្ហភាព ហ្វ្រេកង់ និងពណ៌របស់ពន្លឺ បានរកឃើញសមីការ និងទ្រឹស្តីមួយ ដែលគេឲ្យឈ្មោះថា Planck’s Law ហើយដែលកំណត់ថា ថាមពល (ដូចជាថាមពលដែលចេញពីពន្លឺជាដើម) មិនមែនជាលំហូរជាប់គ្នាឥតដាច់នោះទេ ផ្ទុយទៅវិញ គឺផ្សំឡើងដោយបណ្តុំថាមពលដាច់ៗពីគ្នា ដែលគេឲ្យឈ្មោះថា “កង់តា” (Quanta)។
ទ្រឹស្តីនេះបានស្រាយចម្ងល់ទាក់ទងនឹងសីតុណ្ហភាព និងពណ៌របស់ពន្លឺ (Ultraviolet Catastrophe) ក៏ប៉ុន្តែ វាបង្កើតជាចម្ងល់ថ្មីមួយទៀត ទាក់ទងទៅនឹងធម្មជាតិរបស់ពន្លឺដោយផ្ទាល់។
គិតមកទល់នឹងដើមសតវត្សរ៍ទី២០នោះ អ្នកវិទ្យាសាស្រ្តជាទូទៅជឿថា ពន្លឺគឺជាលំហូរឥតដាច់។ ពន្លឺជារលកដែលបង្កើតជាហ្វ្រេកង់ខុសៗគ្នា។ “ពន្លឺជារលក” មិនត្រឹមតែជាទ្រឹស្តីនោះទេ ក៏ប៉ុន្តែ ក៏ត្រូវបានបង្ហាញឲ្យឃើញផងដែរ នៅក្នុងការសង្កេត និងការធ្វើពិសោធន៍ជាក់ស្តែង ដោយអ្នកវិទ្យាសាស្រ្តមុនៗ។
អាញស្តាញវិញ នៅក្នុងការសិក្សាចុះផ្សាយនៅឆ្នាំ១៩០៥ បានរុះរើឡើងវិញទាំងស្រុងនូវទ្រឹស្តីវិទ្យាសាស្រ្តតាំងពីរាប់រយឆ្នាំមុន ដោយបានកំណត់ថា ពន្លឺគឺផ្សំឡើងដោយបណ្តុំថាមពលដាច់ៗពីគ្នា ប្រៀបដូចជាភាគល្អិត ដែលនៅពេលនោះ គេហៅថា “កង់តាពន្លឺ” ហើយដែលបច្ចុប្បន្ននេះ គេស្គាល់ជាទូទៅថា “ហ្វូតុង”។
តាមរយៈទ្រឹស្តី អំពី “កង់តាពន្លឺ” នេះ អ្វីដែល Max Planck បានរកឃើញត្រឹមជាសមីការគណិតវិទ្យា ត្រូវបានពន្យល់បកស្រាយទៅតាមលក្ខណៈរូបវិទ្យាដោយអាល់ប៊ែរ អាញស្តាញ ហើយទ្រឹស្តី “កង់តាពន្លឺ” នេះ គឺជាចំណុចរបត់ដ៏ចម្បងមួយ នៅក្នុងការយល់ដឹងរបស់យើងទៅលើពន្លឺ ហើយក៏ជាដំណើរវិវឌ្ឍដ៏ចម្បងមួយផងដែរ នៃទ្រឹស្តីរូបវិទ្យាកង់ទិក៕
ទ្រឹស្តីរូបវិទ្យាកង់ទិក ថ្វីដ្បិតតែស្មុគស្មាញ និងពោរពេញទៅដោយភាពចម្លែក ក៏ប៉ុន្តែ ជាទ្រឹស្តីមួយដែលមានផលប្រយោជន៍បំផុត នៅក្នុងការអនុវត្តជាក់ស្តែង ហើយក៏មានឥទ្ធិពលយ៉ាងខ្លាំងផងដែរទៅលើជីវិតរស់នៅប្រចាំថ្ងៃរបស់យើង នៅក្នុងពេលបច្ចុប្បន្ននេះ។ បច្ចេកវិទ្យាជាច្រើន រាប់ចាប់តាំងពីកាំរស្មីឡាស៊ែរ នៅក្នុងវិស័យវេជ្ជសាស្រ្ត រហូតទៅដល់ទូរសព្ទដៃ កុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិចជាច្រើនផ្សេងទៀតដែលយើងប្រើជាប្រចាំសព្វថ្ងៃនេះ មិនអាចកើតមានបានទេ ប្រសិនបើគ្មានទ្រឹស្តីរូបវិទ្យាកង់ទិក។
នៅក្នុងរូបវិទ្យាសម័យទំនើបបច្ចុប្បន្ននេះ គេឃើញមានទ្រឹស្តីចម្បងៗចំនួនពីរ៖ ទីមួយ Relativity ជាទ្រឹស្តីដែលគ្រប់គ្រងទៅលើអ្វីៗដែលមានទំហំធំ និងចម្ងាយឆ្ងាយសម្បើមៗ ដូចជា ភព ផ្កាយ កាឡាក់ស៊ី ប៊្លែកហូល ជាដើម និងទីពីរ ទ្រឹស្តីកង់ទិច ដែលគ្រប់គ្រងទៅលើអ្វីដែលមានទំហំដ៏តូចល្អិត រហូតកម្រិតអាតូម ឬក្រោមអាតូម។
ចំណុចចាប់ផ្តើម ដែលនាំទៅដល់ការរកឃើញទ្រឹស្តីរូបវិទ្យាកង់ទិច គឺកើតចេញពីការសិក្សាទៅលើវត្ថុដ៏សាមញ្ញមួយ កាលពីជាងមួយសតវត្សរ៍មុន គឺការសិក្សាទៅលើអំពូលភ្លើង។ គេដឹងថា អំពូលភ្លើងមានពន្លឺ នៅពេលដែលមានចរន្តអគ្គិសនីឆ្លងកាត់រេស៊ីស្តង់ដ៏តូចឆ្មារនៅក្នុងអំពូល ដែលធ្វើឲ្យរេស៊ីស្តង់ឡើងកម្តៅ ហើយបញ្ចេញពន្លឺ។ តាមការសង្កេតជាក់ស្តែង គេឃើញថា ពណ៌នៃពន្លឺបញ្ចេញដោយរេស៊ីស្តង់អំពូលភ្លើងនេះ គឺវាប្រែប្រួលអាស្រ័យទៅលើសីតុណ្ហភាព ក៏ប៉ុន្តែ យន្តការរូបវិទ្យានៅពីក្រោយការផ្លាស់ប្តូរពណ៌នៃពន្លឺនេះ គឺនៅតែជាអាថ៌កំបាំងដ៏ធំមួយ ដែលគេនៅមិនទាន់អាចយល់បាននៅឡើយ។
នៅឆ្នាំ១៩០០ អ្នកប្រាជ្ញអាល្លឺម៉ង់ ឈ្មោះ Max Planck បានផ្តោតការសិក្សាទៅលើសំណួរចម្បងមួយថា តើហេតុអ្វីបានជានៅពេលដែលរេស៊ីស្តង់អំពូលភ្លើងកាន់តែក្តៅ ពន្លឺដែលបញ្ចេញដោយរេស៊ីស្តង់នោះត្រូវផ្លាស់ប្តូរពណ៌? រឹតតែចម្លែកជាងនេះទៅទៀត តើហេតុអ្វីបានជាការប្រែប្រួលពណ៌នៃពន្លឺនេះត្រូវបញ្ចប់ត្រឹមពណ៌ ស?
គេដឹងថា នៅក្នុងវិសាលគមន៍នៃពន្លឺ ដែលយើងអាចមើលឃើញដោយភ្នែកទទេ ពណ៌នៃពន្លឺគឺត្រូវកំណត់ដោយហ្វ្រេកង់ គឺពន្លឺដែលមានហ្វ្រេកង់ទាបមានពណ៌ក្រហម ហើយពន្លឺដែលមានហ្វ្រេកង់ខ្ពស់មានពណ៌ខៀវ ឬកាន់តែខ្ពស់ទៅទៀត រហូតដល់ពណ៌ស្វាយ។
ក៏ប៉ុន្តែ នៅក្នុងករណីអំពូលភ្លើង បើទោះជាគេបង្កើនថាមពលអគ្គិសនី ធ្វើឲ្យកម្តៅរេស៊ីស្តង់កាន់តែក្តៅយ៉ាងណា គេក៏មិនអាចធ្វើឲ្យពន្លឺត្រូវផ្លាស់ប្តូរពណ៌ទៅជាពណ៌ខៀវ ឬពណ៌ស្វាយបាននោះទេ ដោយអាចបង្កើតបានត្រឹមតែពន្លឺពណ៌ ស តែប៉ុណ្ណោះ។ មែនទែនទៅ សូម្បីតែពន្លឺព្រះអាទិត្យ ដែលសីតុណ្ហភាពនៅលើផ្ទៃខាងលើមានរហូតដល់ទៅជាង ៥ពាន់អង្សានោះ ក៏បញ្ចេញពន្លឺភាគច្រើន ជាពន្លឺពណ៌ ស នេះដែរ ដោយមានពន្លឺពណ៌ខៀវ និងពណ៌ស្វាយក្នុងកម្រិតតិចតួចតែប៉ុណ្ណោះ ហើយពន្លឺប្រភេទអ៊ុលត្រាវីយ៉ូឡេ វិញ គឺរឹតតែតិចទៅទៀត។
តើហេតុអ្វីបានជាប្រភេទពន្លឺដែលមានកម្រិតថាមពល និងហ្វ្រេកង់ខ្ពស់ ដូចជាអ៊ុលត្រាវីយ៉ូឡេនេះ សូម្បីតែចេញពីវត្ថុដែលមានសីតុណ្ហភាពខ្ពស់រហូតដល់ទៅរាប់ពាន់អង្សាដូចជាព្រះអាទិត្យ ក៏នៅតែកម្រនឹងឃើញមានបែបនេះទៅវិញ? នេះគឺជាអាថ៌កំបាំងដ៏ធំមួយ សម្រាប់អ្នកវិទ្យាសាស្រ្ត នៅក្នុងអំឡុងដើមសតវត្សរ៍ទី២០ ភាពចម្លែកនេះត្រូវបានគេស្គាល់ជាទូទៅជាភាសាអង់គ្លេសថា « Ultraviolet Catastrophe »។
នៅក្នុងការសិក្សាស្រាវជ្រាវ ដើម្បីស្រាយចម្ងល់នេះ Max Planck បានរកឃើញសមីការគណិតវិទ្យា ដែលអាចកំណត់យ៉ាងសុក្រឹត អំពីទំនាក់ទំនង រវាងហ្វ្រេកង់ ពណ៌ និងកម្រិតថាមពលរបស់ពន្លឺ ដោយនៅក្នុងសមីការនោះ Max Planck បានបន្ថែមកុងស្តង់មួយ ដែលគេហៅជាទូទៅថា “កុងស្តង់ផ្លាងខ៍” (Planck constant)។
ចេញសមីការនេះ Max Planck បានសន្និដ្ឋានថា ថាមពល (ដូចជាថាមពលដែលចេញពីពន្លឺជាដើម) វាមិនមែនជាលំហូរជាប់ឥតដាច់នោះទេ ផ្ទុយទៅវិញ គឺផ្សំឡើងដោយបណ្តុំថាមពលដាច់ៗពីគ្នា។ បណ្តុំថាមពល ប្រៀបបានដូចជាភាគល្អិត ហើយដែលក្រោយមកត្រូវបានគេឲ្យឈ្មោះថា “កង់តា” (Quanta)។
ទ្រឹស្តីរូបវិទ្យាជុំវិញកង់តានេះហើយ ដែលក្រោយមក ត្រូវបានគេឲ្យឈ្មោះថា រូបវិទ្យាកង់ទិច ឬ មេកានិកកង់ទិច ហើយដែលជាទូទៅ Max Planck ត្រូវបានគេចាត់ទុកថាជាបិតាស្ថាបនិកមួយរូប រួមជាមួយនឹងអ្នកប្រាជ្ញល្បីៗមួយចំនួនផ្សេងទៀត នៅក្នុងអំឡុងពេលនោះ រួមមានជាអាទិ៍ Albert Einstein និងអ្នកប្រាជ្ញដាណឺម៉ាក Niels Bohr ក៏ដូចជាអ្នកប្រាជ្ញសំខាន់ៗមួយចំនួនក្រោយៗមកទៀត រួមមាន អ្នកប្រាជ្ញបារាំង Louis de Broglie អ្នកប្រាជ្ញអង់គ្លេស Paul Dirac អ្នកប្រាជ្ញអូទ្រីស Erwin Schrödinger និងអ្នកប្រាជ្ញអាល្លឺម៉ង់ Werner Heisenberg៕
តាមរយៈការសិក្សាយ៉ាងស៊ីជម្រៅ កាលពីពេលកន្លងមក ដោយមានទាំងការបញ្ជូនយានទៅចុះចតដោយផ្ទាល់ផង យើងអាចដឹងបានថា ភពអង្គារ នៅក្នុងពេលបច្ចុប្បន្ននេះ មិនមានលក្ខខណ្ឌអំណោយផលនោះទេ សម្រាប់ជីវិតមនុស្សយើងរស់នៅ។ទោះជាយ៉ាងណា មានអ្នកវិទ្យាសាស្រ្តមួយចំនួន ធ្លាប់បានលើកឡើងថា សម្រាប់រយៈពេលវែងទៅមុខ គេអាចកែប្រែបរិស្ថានរបស់ភពអង្គារនេះ ឲ្យក្លាយជាភព ដែលមានលក្ខខណ្ឌ សម្រាប់ឲ្យមនុស្សយើងរស់នៅបាន គឺកែប្រែទៅតាមយន្តការ ដែលហៅជាភាសាអង់គ្លេសថា « Terraforming »។
នៅក្នុងដំណើការកែប្រែបរិស្ថានភពអង្គារឲ្យមានលក្ខខណ្ឌអំណោយផលសម្រាប់ជីវិតនេះ ចំណុចគន្លឹះទីមួយ ដែលគេត្រូវមើល គឺស្រទាប់បរិយាកាស។
បច្ចុប្បន្ននេះ ភពអង្គារមានស្រទាប់បរិយាកាសយ៉ាងស្តើង ត្រឹមតែប្រមាណជា ១% ប៉ុណ្ណោះ នៃស្រទាប់បរិយាកាសរបស់ភពផែនដី។ ការបង្កើនស្រទាប់បរិយាកាសនេះ អាចបង្កើតនូវលក្ខខណ្ឌវិជ្ជមានចម្បងចំនួនពីរ សម្រាប់ជីវិត។
ទីមួយ នៅពេលដែលស្រទាប់បរិយាកាសមានកាន់តែក្រាស់ សម្ពាធនៅលើផ្ទៃដីភពអង្គារក៏មានកាន់តែខ្ពស់ ហើយនៅពេលដែលសម្ពាធកាន់តែខ្ពស់ មនុស្សអាចដើរចេញពីទីជម្រកមកខាងក្រៅបាន ដោយមិនចាំបាច់មានសម្លៀកបំពាក់អវកាស ហើយម្យ៉ាងទៀត សម្ពាធខ្ពស់ វាក៏ជាលក្ខខណ្ឌចាំបាច់មួយផងដែរ ដើម្បីឲ្យទឹកអាចស្ថិតនៅជាសភាពរាវ ដោយមិនត្រូវហួតទៅជាចំហាយទឹក។
ទីពីរ ស្រទាប់បរិយាកាសក្រាស់អាចជួយទប់ស្កាត់វិទ្យុសកម្មពីព្រះអាទិត្យបានមួយផ្នែក ហើយបន្ថែមពីលើនេះទៅទៀត វាអាចជួយទប់កម្តៅព្រះអាទិត្យមិនឲ្យភាយចេញទៅវិញ ហើយអាចបង្កើនសីតុណ្ហភាពនៅលើភពអង្គារ។
នៅពេលដែលសីតុណ្ហភាពកើនឡើង រូបកាយរបស់មនុស្សយើងក៏ងាយនឹងរស់នៅ ហើយកាន់តែសំខាន់ជាងនេះទៅទៀត សីតុណ្ហភាពកើនឡើង បូករួមជាមួយនឹងកំណើននៃសម្ពាធបរិយាកាស វាជាលក្ខខណ្ឌផ្សំគ្នា អាចធ្វើឲ្យទឹកស្ថិតនៅជាសភាពរាវ ដែលជាលក្ខខណ្ឌចាំបាច់បំផុតមួយ សម្រាប់ជីវិត។
កន្លងមក លោក អេឡន មើស្ក៍ ម្ចាស់ក្រុមហ៊ុន SpaceX ដែលមានគម្រោងបញ្ជូនមនុស្សឲ្យទៅរស់នៅលើភពអង្គារ ធ្លាប់បានលើកឡើងជាច្រើនលើកថា វិធីសាស្រ្តដែលអាចបង្កើនស្រទាប់បរិយាកាស និងបង្កើនសីតុណ្ហភាពលើភពអង្គារបានលឿនបំផុត គឺបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ នៅត្រង់តំបន់ប៉ូលរបស់ភពអង្គារ ដើម្បីធ្វើឲ្យផ្ទាំងទឹកកកនៅតំបន់ប៉ូលនេះត្រូវរលាយ ហើយបញ្ចេញចំហាយទឹក និងឧស្ម័នកាបូនិកទៅក្នុងបរិយាកាស។
ក៏ប៉ុន្ត មានអ្នកវិទ្យាសាស្រ្តជាច្រើនយល់ថា គេអាចមានវិធីសាស្រ្តមួយទៀត ដែលអាចបង្កើនបរិមាណឧស្ម័នផ្ទះកញ្ចក់នៅក្នុងបរិយាកាសភពអង្គារបាន ដោយមិនចាំបាច់ប្រើអាវុធនុយក្លេអ៊ែរ។
ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធ្វើឲ្យភពឡើងកម្តៅនេះ វាគឺជាជំនាញរបស់មនុស្សយើងស្រាប់ទៅហើយ។ ដូច្នេះ យើងអាចយកបទពិសោធន៍នៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ នាំឲ្យផែនដីឡើងកម្តៅបច្ចុប្បន្ននេះ ទៅអនុវត្តនៅលើភពអង្គារ ធ្វើឲ្យភពអង្គារត្រូវឡើងកម្តៅបន្តិចម្តងៗ រហូតដល់កម្រិតមួយ ទឹកកក និងឧស្ម័នកាបូនិកដែលកកជាប់ក្នុងផ្ទាំងទឹកកកក៏ត្រូវរលាយ ហើយបញ្ចេញចំហាយទឹក និងឧស្ម័នកាបូនិកកាន់តែច្រើនទៅក្នុងបរិយាកាស នាំឲ្យសីតុណ្ហភាពត្រូវកើនឡើងកាន់តែលឿនថែមទៀត ចំណែកស្រទាប់បរិយាកាសក៏មានកាន់តែក្រាស់។
ក្រោយពីសីតុណ្ហភាព និងសម្ពាធកើនឡើង ដល់កម្រិតមួយសមស្រប ដែលអាចឲ្យទឹកស្ថិតនៅជាសភាពរាវបាន ទឹកកកដែលរលាយ បូករួមជាមួយនឹងចំហាយទឹកនៅក្នុងបរិយាកាសដែលអាចបង្កើតជាទឹកភ្លៀងធ្លាក់ចុះមកវិញ ក៏អាចផ្សំគ្នាបន្តិចម្តងៗអាចធ្វើឲ្យផ្ទៃដីភពអង្គារត្រូវគ្របដណ្តប់ទៅដោយទឹករាវ។
ដំណាក់កាលបន្ទាប់ គឺត្រូវប្រែក្លាយបរិយាកាសភពអង្គារ ឲ្យទៅជាខ្យល់ដែលមានអុកស៊ីសែនក្នុងអត្រាមួយគ្រាប់គ្រាន់ អាចឲ្យយើងដកដង្ហើមបាន ដូចនៅលើភពផែនដីរបស់យើង។ នៅក្នុងដំណាក់កាលនេះ យើងក៏អាចយកមេរៀនពីផែនដីរបស់យើងនេះទៅអនុវត្តលើភពអង្គារបានដែរ ពីព្រោះថា កាលពីប្រមាណជាង ៣ពាន់លានឆ្នាំមុន ផែនដីរបស់យើងក៏ធ្លាប់ជាភពដែលមានបរិយាកាសសម្បូរទៅដោយឧស្ម័នកាបូនិកដូចគ្នានេះដែរ ចំណែកឯអុកស៊ីសែនវិញ មានតិចតួចតែប៉ុណ្ណោះ។
កត្តាចម្បង ដែលបានប្រែក្លាយបរិយាកាសផែនដីឲ្យមានពេញទៅដោយអុកស៊ីសែនដូចជាសព្វថ្ងៃ គឺបាក់តេរីមួយប្រភេទ ដែលគេហៅជាភាសាអង់គ្លេសថា Cyanobacteria។ ដូច្នេះ គេអាចបញ្ជូនបាក់តេរីប្រភេទនេះពីផែនដីឲ្យទៅរស់នៅលើភពអង្គារ ដើម្បីធ្វើរស្មីសំយោគ ប្រែក្លាយបរិយាកាសដែលពោរពេញទៅដោយឧស្ម័នកាបូនិក ឲ្យទៅជាបរិយាកាសដែលសម្បូរអុកស៊ីសែន ដូចអ្វីដែលកើតឡើង នៅលើភពផែនដីរបស់យើង។
ជាការពិតណាស់ថា ទាំងអស់នេះ គឺគ្រាន់តែជាទ្រឹស្តីតែប៉ុណ្ណោះ។ មកទល់នឹងពេលនេះ មនុស្សយើងមិនទាន់ដែលបានយកវិធីសាស្រ្តអស់ទាំងនេះទៅអនុវត្តជាក់ស្តែង នៅកន្លែងណាមួយ ក្រៅពីភពផែនដីរបស់យើងនៅឡើយនោះទេ។ ដូច្នេះ គ្មានអ្នកណាម្នាក់អាចដឹងឲ្យប្រាកដបានទេថា យើងពិតជាអាចកែប្រែបរិស្ថានភពអង្គារ ហើយបង្កើតលក្ខខណ្ឌដែលអាចឲ្យមនុស្សយើងរស់នៅបានពិតប្រាកដ។ ហើយទៅតាមបច្ចេកវិទ្យាដែលយើងមានបច្ចុប្បន្ននេះ បើទោះជាអាចធ្វើទៅបាន ក៏វាប្រាកដជានឹងត្រូវចំណាយពេលយ៉ាងយូរនោះដែរ គឺអាចយូររហូតដល់ទៅរាប់រយឆ្នាំ ឬក៏អាចយូរជាងនេះទៅទៀត ទើបអាចកែប្រែបរិស្ថានលើភពអង្គារ ពីភពហួតហែងបច្ចុប្បន្ននេះ ឲ្យទៅជាភាពដែលមានលក្ខខណ្ឌអំណោយផល សម្រាប់ឲ្យមនុស្សយើងរស់នៅជាលក្ខណៈធម្មជាតិបាន៕
មានអ្នកខ្លះគិតថា មនុស្សយើងគួរស្វែងរកភពថ្មី ដើម្បីធ្វើជាជម្រកបន្ថែមពីលើផែនដី ចៀសវាងរស់នៅកន្លែងតែមួយ នាំឲ្យពូជមនុស្សត្រូវប្រឈមនឹងការស្លាប់ផុតពូជ ដោយហេតុការណ៍ដែលយើងមិនអាចទប់ទល់បាន ដូចជា ការបុកទង្គិចជាមួយអាចម៍ផ្កាយជាដើម។ នៅក្នុងបច្ចេកវិទ្យាដែលយើងមានបច្ចុប្បន្ន គេសំឡឹងឃើញមានតែភពអង្គារមួយប៉ុណ្ណោះ ដែលអាចមានអំណោយផលជាងគេ ហើយអ្នកខ្លះថែមទាំងមានគម្រោងបញ្ជូនមនុស្សទៅរស់នៅលើនោះថែមទៀត។ ក៏ប៉ុន្តែ សួរថា តើភពអង្គារនេះពិតជាមានលក្ខខណ្ឌអំណោយផល ដែលអាចឲ្យមនុស្សយើងទៅរស់នៅបានមែនឬក៏យ៉ាងណា?
នៅក្នុងបច្ចេកវិទ្យាដែលមនុស្សយើងមានសព្វថ្ងៃនេះ បើចង់ធ្វើដំណើរចេញពីប្រព័ន្ធព្រះអាទិត្យទៅប្រព័ន្ធផ្កាយផ្សេង វាគឺជារឿងស្មុគស្មាញខ្លាំង ដែលពិបាកនឹងអាចទៅរួច។ ដូច្នេះ លទ្ធភាពបច្ចុប្បន្ន គឺមានត្រឹមតែនៅក្នុងប្រព័ន្ធព្រះអាទិត្យនេះប៉ុណ្ណោះ។
បើគិតតែក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងនេះ យើងឃើញថា ភពអង្គារ គឺអាចរាប់ថាជាភពដែលមានលក្ខខណ្ឌអំណោយផលជាងគេ សម្រាប់ធ្វើជាទីជម្រកទីពីររបស់មនុស្សយើង។
ក៏ប៉ុន្តែ សួរថា តើមនុស្សយើងពិតជាអាចរស់នៅលើភពអង្គារបានមែនឬក៏យ៉ាងណា? លក្ខខណ្ឌអាចមានអំណោយផល បើធៀបនឹងភពផ្សេងទៀត ក៏ប៉ុន្តែ បើធៀបនឹងលក្ខខណ្ឌនៃជីវិត ដែលយើងមានលើភពផែនដីរបស់យើងនេះវិញ វាគឺជារឿងផ្សេង។
ភពអង្គារគឺជាភពហួតហែង គ្មានទឹករាវនៅលើដី ដែលអាចឲ្យមនុស្សយកមកប្រើប្រាស់បាននោះទេ ចំណែកស្រទាប់បរិយាកាសវិញមានយ៉ាងស្តើងបំផុត គឺមានត្រឹមតែប្រមាណជា ១% ប៉ុណ្ណោះនៃស្រទាប់បរិយាកាសផែនដី។ ស្រទាប់បរិយាកាសស្តើង បូករួមជាមួយនឹងកម្លាំងទំនាញក៏ខ្សោយ (ត្រឹមប្រហែល ៤០% នៃកម្លាំងទំនាញផែនដី) សម្ពាធបរិយាកាសនៅលើដីភពអង្គារក៏មានកម្រិតយ៉ាងសែនទាបផងដែរ គឺទាបជាងសម្ពាធនៅលើភពផែនដីរហូតដល់ទៅ ១០០ដងឯណោះ។
លើសពីនេះទៅទៀត បរិយាកាសនៅលើភពអង្គារនេះទៀតសោត មិនមានអុកស៊ីសែនឲ្យយើងដកដង្ហើមបាននោះដែរ ដោយនៅក្នុងខ្យល់លើភពអង្គារ មានរហូតដល់ទៅ ៩៥% គឺជាឧស្ម័នកាបូនិក។
និយាយពីសីតុណ្ហភាពវិញ ភពអង្គារមានសីតុណ្ហភាពត្រជាក់ខ្លាំង បើធៀបនឹងភពផែនដីរបស់យើង ដោយសីតុណ្ហភាពខ្ពស់បំផុតអាចមានត្រឹម ២០អង្សា ចំណែកត្រជាក់បំផុត អាចចុះរហូតដល់ទៅ -១២០អង្សាឯណោះ ហើយបើគិតជាសីតុណ្ហភាពមធ្យម គឺក្នុងរង្វង់ -៦០អង្សា (សីតុណ្ហភាពមធ្យមលើភពផែនដីរបស់យើង គឺ ១៥អង្សា)។
ម្យ៉ាងទៀត ការប្រែប្រួលនៃសីតុណ្ហភាព រវាងពេលថ្ងៃ និងពេលយប់ នៅលើភពអង្គារ ក៏មានគម្លាតគ្នាយ៉ាងដាច់ឆ្ងាយផងដែរ ដោយនៅក្នុងអំឡុងរដូវក្តៅ នៅតំបន់អេក្វាទ័រលើភពងអង្គារ សីតុណ្ហភាពពេលថ្ងៃអាចឡើងដល់ ២០អង្សា ចំណែកពេលយប់អាចចុះត្រជាក់រហូតដល់ទៅ -៧០អង្សា។
ការគំរាមកំហែងដ៏ធំមួយទៀត នៅលើភពអង្គារ គឺវិទ្យុសកម្មមកពីព្រះអាទិត្យ ពីព្រោះថា ភពអង្គារ ក្រៅពីមានស្រទាប់បរិយាកាសស្តើង គឺគ្មានខែលម៉ាញេទិកជាខែលការពារ ដូចជានៅលើភពផែនដីរបស់យើងនោះទេ។ វិទ្យុសកម្មពីព្រះអាទិត្យនេះ អាចបង្កនូវផលប៉ពាល់ទាំងចំពោះឧបករណ៍ប្រើប្រាស់ ជាពិសេស ប្រព័ន្ធអេឡិចត្រូនិច ហើយជាពិសេស គឺបង្កនូវផលប៉ះពាល់ទៅដល់ជីវិត ទាំងអាយុជីវិតរបស់មនុស្ស និងទាំងជីវិតសត្វ រុក្ខជាតិ ដែលជាធនធានចាំបាច់ សម្រាប់ការរស់នៅរបស់មនុស្សយើង។
ដូច្នេះ ជារួមមកវិញ មនុស្សមិនអាចរស់លើភពអង្គារបាន ដូចជានៅលើភពផែនដីរបស់យើងនោះទេ។ អាចរស់នៅបានទាល់តែមានការរៀបចំរចនាសម្ព័ន្ធពិសេស៖ មានទីជម្រក ដែលអាចការពារវិទ្យុសកម្មពីព្រះអាទិត្យពីខាងក្រៅ ចំណែកនៅខាងក្នុងត្រូវមានប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែន និងប្រព័ន្ធរក្សាសម្ពាធឲ្យស្មើនឹងកម្រិតសម្ពាធធម្មតាលើផែនដី៕
ទិន្នន័យជាច្រើនបង្ហាញថា ភពអង្គារធ្លាប់ជាភពដែលមានទឹក ក្នុងបរិមាណដ៏ច្រើន ដែលបង្កើតជាបឹង ទន្លេ សមុទ្រ... ហើយទឹកលើផ្ទៃដីភពអង្គារនេះ ធ្លាប់មានក្នុងរយៈពេលយូររហូតដល់ទៅរាប់ពាន់លានឆ្នាំឯណោះ។ តើមូលហេតុអ្វីបានជាភពអង្គារលែងមានទឹក ហើយក្លាយជាភពស្ងួតហួតហែងបច្ចុប្បន្ននេះ?
គិតមកទល់នឹងពេលបច្ចុប្បន្ននេះ ថ្វីដ្បិតតែគេនៅមិនទាន់មានភស្តុតាងជាក់លាក់ បញ្ជាក់អំពីវត្តមាននៃជីវិត ឬលក្ខខណ្ឌអំណោយផលដល់ជីវិតនៅលើភពអង្គារ ក៏ប៉ុន្តែ ទិន្នន័យដែលគេប្រមូលបាន អាចបញ្ជាក់យ៉ាងច្បាស់ថា នៅលើផ្ទៃដីភពអង្គារធ្លាប់មានទឹករាវ ក្នុងបរិមាណដ៏ច្រើន ដែលបង្កើតទៅជាទន្លេ និងសមុទ្រ ហើយការសិក្សាចុងក្រោយបង្អស់កាលពីពេលថ្មីៗនេះក៏បានបង្ហាញផងដែរថា ទឹកនៅលើផ្ទៃដីភពអង្គារនេះមិនមែនមានតែមួយរយៈពេលខ្លីនោះទេ ផ្ទុយទៅវិញ គឺធ្លាប់មានក្នុងរយៈពេលយូរ រហូតដល់ទៅរាប់ពាន់លានឆ្នាំឯណោះ។
សំណួរត្រូវចោទឡើងថា តើទឹកអស់ទាំងនោះត្រូវបាត់ទៅណា? ហេតុអ្វីបានជាភពអង្គារត្រូវវិវឌ្ឍទៅជាភពហួតហែងគ្មានទឹកបែបនេះទៅវិញ?
ចម្លើយ គឺចេញមកពីព្រះអាទិត្យ! នៅស្នូលខាងក្នុងព្រះអាទិត្យ កន្លែងដែលជាប្រភពនៃប្រតិកម្មនុយក្លេអ៊ែរ និងជាប្រភពនៃថាមពលព្រះអាទិត្យ សីតុណ្ហភាពមានរហូតដល់ទៅប្រមាណជា ១៥លានអង្សា។ មកដល់ផ្ទៃខាងលើរបស់ព្រះអាទិត្យ សីតុណ្ហភាពមានត្រឹមប្រមាណជា ៦ពាន់អង្សា ក៏ប៉ុន្តែ ចេញផុតពីផ្ទៃព្រះអាទិត្យ ចូលទៅដល់ក្នុងស្រទាប់បរិយាកាសផ្នែកខាងលើវិញ ដែលគេឲ្យឈ្មោះថា « Corona » សីតុណ្ហភាពមានរហូតដល់ទៅជាង ១លានអង្សា បង្កើតទៅជាខ្យល់ព្រះអាទិត្យ (ឬ Solarwind) ដែលពេលខ្លះមានល្បឿនរហូតដល់ទៅប្រមាណជា ៨០០គីឡូម៉ែត្រក្នុងមួយវិនាទី សាយភាយចេញពីព្រះអាទិត្យ សំដៅទៅប៉ែកខាងក្រៅប្រព័ន្ធព្រះអាទិត្យ ដោយត្រូវឆ្លងកាត់តាមគន្លងរបស់ភព។
ខុសពីភពផែនដី ដែលមានដែនម៉ាញេទិកជាខែលការពារ ភពអង្គារបានបាត់បង់ដែនម៉ាញេទិក តាំងពីរាប់ពាន់លានឆ្នាំមុនមកម៉្លេះ ហើយនៅពេលដែលលែងមានដែនម៉ាញេទិកជាខែលការពារ ស្រទាប់បរិយាកាស រួមទាំងម៉ូលេគុលទឹកនៅលើភពអង្គារក៏ត្រូវបាត់បង់បន្តិចម្តងៗ ដោយត្រូវរងនូវកម្លាំងខ្យល់ព្រះអាទិត្យ។
បន្ថែមពីលើនេះទៅទៀត ការបាត់បង់ស្រទាប់បរិយាកាស ត្រូវធ្វើឲ្យសីតុណ្ហភាព និងសម្ពាធនៅលើដីភពអង្គារក៏ត្រូវធ្លាក់ចុះខ្លាំងផងដែរ ដែលជាហេតុធ្វើឲ្យទឹកមិនអាចស្ថិតនៅជាសភាពរាវនៅលើដីបាន ដោយមួយផ្នែកត្រូវក្លាយជាចំហាយទឹក ភាយចេញទៅក្នុងបរិយាកាស បន្ទាប់មកត្រូវខ្យល់ព្រះអាទិត្យបក់នាំចេញទៅក្នុងទីអវកាស ចំណែកមួយផ្នែកទៀតត្រូវក្លាយជាទឹកកក ឬត្រូវរលាយចូលជាមួយរ៉ែក្រោមដី។
ហេតុដូច្នេះហើយបានជា ភពអង្គារត្រូវក្លាយជាភពដែលមានស្រទាប់បរិយាកាសយ៉ាងស្តើង គឺស្តើងជាងបរិយាកាសផែនដីរហូតដល់ទៅប្រមាណជា ១០០ដង ចំណែកនៅលើដីភពអង្គារវិញ ក៏លែងមានទឹក បន្សល់ទុកនូវផ្ទៃដីស្ងួតហែងរហូតមកទល់នឹងពេលបច្ចុប្បន្ន៕
From the publisher's feed

14 Listeners

108 Listeners

0 Listeners

0 Listeners

0 Listeners

1 Listeners

0 Listeners

0 Listeners

1 Listeners

2 Listeners

0 Listeners

0 Listeners

7 Listeners