សមត្ថកិច្ចកម្ពុជាកាលពីថ្ងៃម្សិលមិញ បានបង្ក្រាប និងរឹបអូសគ្រឿងញៀនប្រភេទមេតំហ្វេតាម៉ីនបានចំនួនជិត១តោន នៅខេត្តព្រះសីហនុ។ គឺជាការបង្ក្រាបគ្រឿងញៀនដ៏ធំលើកទីពីរ បន្ទាប់ពីសមត្ថកិច្ចខេត្តទេសចរណ៍មាត់សមុទ្រមួយនេះ បង្ក្រាបបានបរិមាណប្រហាក់ប្រហែលគ្នាកាលពីខែសីហាកន្លងទៅ។នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ បានថ្លែងថាករណីជួញដូរគ្រឿងញៀនក្នុងរូបភាពកាន់តែធំទៅៗដូច្នេះ ក៏ព្រោះតែខេត្តព្រះសីហនុមានការរីកចំរើនផ្នែកសេដ្ឋកិច្ច ហើយការជួញដូរគ្រឿងញៀននេះ គឺផ្តោតទៅលើតំបន់ណាដែលមានសេដ្ឋកិច្ចរីកចំរើន ងាយស្រួលនឹងកើបលុយ។ លោកថាគ្រឿងញៀនដែលសមត្ថកិច្ចបង្ក្រាបនិងរឹបអូសបាននៅឆ្នាំ ២០២២នេះ គឺប្រហាក់ប្រហែលនឹងឆ្នាំមុនគឺជាង៥ពាន់គីឡូក្រាម ឬជាង៥តោន។